Thursday, April 25, 2024
Homeកីឡាជាតិតើ​គោ​ព្រៃ​ជំទង់​កម្ពុជា​ អាច​ត​ទល់​ជាមួយ​ដំរី​ ចម្បាំង​ថៃ​ រក​កៅអី​មួយ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ បានឬអត់?

តើ​គោ​ព្រៃ​ជំទង់​កម្ពុជា​ អាច​ត​ទល់​ជាមួយ​ដំរី​ ចម្បាំង​ថៃ​ រក​កៅអី​មួយ​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ បានឬអត់?

ឆ្លងកាត់ព្យុះភ្លៀង ២ប្រកួតកន្លងមក ក្រុមគោព្រៃជំទង់កម្ពុជាអាយុក្រោម១៦ឆ្នាំ(U16)  រកបាន៦ពិន្ទុ ពេញក្រោយ ពីយកឈ្នះ២ប្រកួតជាប់ៗគ្នាគឺឈ្នះ ក្រុម U16 ឡាវ ដោយលទ្ធផល ៣-១ និងឈ្នះU16ព្រុយណេ ២-០ កាលពីរាត្រីថ្ងៃពុធ ទី១៣ កក្កដា ២០១៦ កន្លងទៅនេះ។ សម្រាប់២ប្រកួត ក្នុងពូលB ចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា មានការព្រួយបារម្ភខ្លាំង ក្នុងជំនួបជាមួយ ក្រុមម្ចាស់ជើងឯកថៃ ខណៈ ក្រុម ទីម័រមិនមែនជាបន្លា ក្នុងកែវភ្នែករបស់គោព្រៃកម្ពុជា នោះទេ។ ប្រវត្តិU16  កម្ពុជាធ្លាប់ប៉ះ U16 ថៃ ពីរលើករួចមកហើយនៅក្នុងការប្រកួត AFF U16 Championship គឺចាញ់ ៨-០ ឆ្នាំ២០០៩ នៅក្នុងទឹកដី ថៃនិងចាញ់ត្រឹមតែ ១-០ ប៉ុណ្ណោះ កាលពីឆ្នាំទៅមិញ ក្នុងនាមជាម្ចាស់ផ្ទះ។ ទោះជាយ៉ាងណាក្តី សម្រាប់ជំនួបគ្នាឆ្នាំនេះ សង្ឃឹមថា U16 របស់កម្ពុជា នឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ។

ក្រុមយុវជនអាយុ១៦ឆ្នាំកម្ពុជា ដែលកំពុងត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ពីទម្រង់លេង ដ៏ល្អនាពេលកន្លងមកនោះ ត្រូវជួបជាមួយ ក្រុមការពារជើងឯកថៃ នៅថ្ងៃអាទិត្យទី ១៧ កក្កដា មុននឹងប៉ះទីម័រលែស នៅថ្ងៃអង្គារទី ១៩ កក្កដា ២០១៦ ដែលជាការប្រកួតចុងក្រោយ។

តាមការសង្កេតទិដ្ឋភាពនៅក្នុងពហុកីឡដ្ឋាន កន្លងមក អ្នកគាំទ្រ ហាក់ដូចជាមិនទាន់បាន ចូលរួមលើកទឹកចិតិ្ត ឲ្យបានច្រើនកុះករ ដូចក្រុមជម្រើសជាតិឈុតធំ នៅឡើយទេ។ជាការអំពាវនាវ សូមអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់ រួមនឹងបណ្តាក្រុមហ៊ុនឧបត្ថម្ភនានា ងាកមកចាប់អារម្មណ៍ និងគាំទ្រឲ្យបានច្រើន ដើម្បីផ្តល់កម្លាំងចិត្តដល់ធនធានកីឡាករជាតិរបស់យើងផង។

គួរំលឹកថាការប្រកួតAFF U16 Championship 2016 នេះមាន១៦ប្រទេស ចូលរួមបែងចែកជាពីរពូល AនិងB ។ពូលA មាន6ប្រទេសនិងពូលBមាន៥ ប្រទេស ចម្រញ់យក៤ក្រុម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

តារាងពូល B AFF-U16
តារាងពូល B (AFF-U16)

ដោយ៖ ហេង ដេត

RELATED ARTICLES