Friday, April 19, 2024
Homeកីឡាជាតិអ៊ុង​ វិរៈ​ ប៉ះ​ដៃ​គូ​ជើង​ខ្លំាង​ថៃ​ Kheng Ka រីឯ​ចាន់​ ស៊ីណាត​ ជួប​ To​ To​ នា​យប់​ថ្ងៃ​សុក្រ​សង្វៀន SEATV

អ៊ុង​ វិរៈ​ ប៉ះ​ដៃ​គូ​ជើង​ខ្លំាង​ថៃ​ Kheng Ka រីឯ​ចាន់​ ស៊ីណាត​ ជួប​ To​ To​ នា​យប់​ថ្ងៃ​សុក្រ​សង្វៀន SEATV

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំង អ៊ុង វិរៈ ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃ Kheng Ka ប្រកួតគ្នាក្នុងទម្ងន់៧៥គីឡូក្រាម ខណៈអ្នកប្រដាល់ចាន់ ស៊ីណាត ក្លឹបនិរោធមានជ័យប៉ះអ្នកប្រដាល់ថៃ To To ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម នាយប់ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦នេះ នៅលើសង្វៀន SEATV។

លោក ញាណ សុធី អ្នកគ្រប់គ្រងការប្រកួតសង្វៀន SEATV បានឲ្យដឹងថា Kheng Ka ជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ ដែលមានប្រវត្តិប្រកួតមិនតិចជាងមួយរយដងនោះទេ។ អ្នកប្រដាល់ថៃរូបនេះ មិនធម្មតាទេ ជាជើងខ្លាំងមួយរូបនៅស្រុកថៃ ចំពោះអ៊ុង វិរៈ មានផ្លែកណ្ដាប់ដៃ និងជង្គង់ល្អណាស់ ហើយថែមទាំងមានកម្លាំងកាយសម្បទាល្អរឹងមាំ មិនចាញ់អ្នកប្រដាល់បរទេសឡើយ ហើយបើប្រកួតជាមួយខ្មែរគ្នាឯងវិញ អ៊ុង វិរៈ ហាក់ដូចជារកដៃគូមិនបាននោះទេ ដោយឈ្នះរហូត។

អ៊ុង វិរៈ មានចិត្តប្រដាល់ធំ មិនចេះខ្លាច មិនចេះញញើត គ្រាន់តែគេខ្វះល្បិចកលក្នុងការផ្ដួលគូប្រកួតតែប៉ុណ្ណោះ ទោះជាយ៉ាងនេះក្តី អ្នកប្រដាល់ថៃ Kheng Ka មិនប្រាកដថាអាចយកឈ្នះលើអ៊ុង វិរៈ បាននោះឡើយ។ អ៊ុង វិរៈ មានប្រវត្តិប្រកួត៨៨លើក វាយឈ្នះ៧៦លើក ចាញ់៩លើក និងស្មើ៣លើក ហើយគេក៏ជាម្ចាស់ខ្សែក្រវាត់មួយដែរនៅក្នុងស្រុកខ្មែរនេះ។

ចំណែក អ្នកប្រដាល់ ចាន់ ស៊ីណាត ក្លិបនិរោធមានជ័យប៉ះអ្នកប្រដាល់ថៃ To To ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ថៃ To To ជាជើងខ្លាំងប្រចាំនៅស្រុកថៃ ដែរ រូបគេចាញ់តែកំណត់ត្រាប្រកួតរបស់ ចាន់ ស៊ីណាត បន្តិចតែប៉ុណ្ណោះ។ អ្នកប្រដាល់ថៃនេះ មានប្រវត្តិប្រកួត៦៥លើក វាយឈ្នះ៤៥លើក ចាញ់១៩លើក និងស្មើ១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់១៣លើក។ ប្រៀបជាមួយ ស៊ីណាត នោះ គឺតិចជាង ៨ លើកតែប៉ុណ្ណោះ ចាន់ ស៊ីណាត មានប្រវត្តិប្រកួត៧៣លើក វាយឈ្នះ៦៥លើក ចាញ់៦លើក ស្មើ២លើក និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន២២លើក។

ចំពោះការប្រកួតរួមជាតិវិញអ្នកប្រដាល់ ណាង សម្បត្តិ ក្លិបដួងសែនសុខគុនខ្មែរប្រកួតអ្នកប្រដាល់ ណន រដ្ឋា ក្លិបក្រុងប៉ោយប៉ែត ប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម រីឯអ្នកប្រដាល់ សេក គឹមហង្ស ក្លិបអង្គរមានជ័យខេត្តសៀមរាប ប៉ះជាមួយអ្នកប្រដាល់ឡៅ រតនា ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទម្ងន់៥១គីឡូក្រាម ចំណែកអ្នកប្រដាល់ ពុទ្ធ ចាន់ធី ក្លិបពុទ្ធសេរីវង្សកីឡាជួបប្រកួតជាមួយអ្នកប្រដាល់ ឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធប្រកួតគ្នាក្នុងទម្ងន់ ៥៤គីឡូក្រាម៕

 

 

RELATED ARTICLES