Wednesday, April 24, 2024
Homeបរិយាយតិរច្ឆាន មាន​ន័យ​ដូច​ម្តេច?

តិរច្ឆាន មាន​ន័យ​ដូច​ម្តេច?

ដោយសារនិន្នាការនយោបាយប្រទង់ប្រទាញ ទើបគ្រាន់តែពាក្យ “តិរច្ឆាន” ឃើញមានការបកស្រាយខុសៗគ្នា ពោលគឺ សម្រាប់មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្របក្សកាន់អំណាច បកស្រាយផ្សេង ឯមន្ត្រីបក្សប្រឆាំង ក៏ដូចអ្នកគាំទ្របក្សប្រឆាំង ពន្យល់ពាក្យនេះទៅតាមទស្សនៈរៀងៗខ្លួន។ សូម្បីវិទ្យុ និងសារព័ត៌មានក្នុងស្រុកខ្លះ បានយកពាក្យ “តិរច្ឆាន” ឆ្លើយឆ្លងគ្នា មិនទាន់ចប់ផង ហើយសុទ្ធតែកាន់ជើងម្ខាងៗ ទើប “នគរធំ” សូមលើក “តិរច្ឆាន មានន័យដូចម្តេច?” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

ពាក្យ “តិរច្ឆាន” (អានថា ដេរ៉ាច់ឆាន ឬដិរ៉ាច់ឆាន) ជាភាសាបាលី-សំស្ក្រឹត មានន័យថា “សត្វដែលមានរាងកាយ ចម្រើនឡើងដោយទទឹង” ដូចយ៉ាង គោ ក្របី ដំរី សេះ វាធំធាត់ដោយផ្តេក ឬទទឹង ផ្ទុយពីមនុស្សដែលរីកចម្រើនធំធាត់ ដោយបញ្ឈរ ឬបណ្តោយ។ សូម្បីដើមឈើ ក៏លូតលាស់ដោយបញ្ឈរដែរ ខុសពីតិរច្ឆានគ្រប់ប្រភេទ សូម្បីសត្វស្លាប ក៏ធំ- ធាត់ដោយទទឹង នេះបើយោងតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជជួន ណាត។ បើបរិយាយឱ្យច្បាស់ ជាងនេះ ជាតិជា តិរច្ឆាន ឋិតនៅក្នុងអបាយភូមិទាំង៤ គឺ នរក, ប្រេត, តិរច្ឆាន និងអសុរកាយ ពោលគឺ មកពីមានកម្មពៀរ ទើបបានទៅកើតជាសត្វតិរច្ឆាន។ រីឯមនុស្សដែលកំពុងសន្សំបាបកម្ម ប្រព្រឹត្តអំពើសាហាវយង់ឃ្នង ក៏មានឈ្មោះថា “មនុស្ស តិរច្ឆានោ” ដែលជាប្រភេទមនុស្សព្រៃផ្សៃជាងគេ ក្នុងជំពូកមនុស្ស៤ ប្រភេទ គឺ “មនុស្សទេវោ” (មនុស្សមានចរិតដូចទេវតា), “មនុស្សមនុស្សោ” (មនុស្សមានចរិតជាមនុស្ស ស្គាល់បុណ្យបាប), “មនុស្សបេតោ” (មនុស្សមានចរិតដូចប្រេត) និង “មនុស្ស តិរច្ឆានោ” (មនុស្សមានចរិតដូចសត្វតិរច្ឆាន)។ ពាក្យតិរច្ឆាន ត្រូវបានយកទៅភ្ជាប់ពីក្រោយកម្មបទ ដូចជា “ក្រុមតិរច្ឆាន” (ក្រុមចោរឧត្បាត), “ភូមិតិរច្ឆាន” (ភូមិដែលមានមនុស្សព្រៃផ្សៃ), “របបតិរច្ឆាន” (របៀបរបបសាហាវយង់ឃ្នង), “សង្គម តិរច្ឆាន” (ការប្រមូលផ្តុំមនុស្សសាងអំពើអាក្រក់), “លោកតិរច្ឆាន” (យុគសម័យដែលមនុស្សកាប់សម្លាប់គ្នា លែងស្គាល់បុណ្យ បាប)។

កាលពីពេលថ្មីៗនេះ លោកហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ បានហៅការដឹកនាំនៅកម្ពុជា ថា “របបតិរច្ឆាន” បន្ទាប់មក ទ្រង់ស៊ីសុវត្តិ ធម្មិកោ ក៏បានបន្ថែមរបោយថា ការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជា “របប តិរច្ឆាន”។ ការរិះគន់នេះ ប្រៀបបាននឹងព្យុះបោកបក់មកលើបក្សកាន់អំណាច ដោយមានការឆ្លើយតបភ្លាម។ ជាពិសេស ក្រសួងការបរទេសកម្ពុជា បានប្រកាសបិទផ្លូវមិនអនុញ្ញាតឱ្យលោកហុង លីម ចូលកម្ពុជា ទន្ទឹមនោះ ជភភ កំពុងពិនិត្យ វិធានការផ្លូវច្បាប់ប្រឆាំងនឹងទ្រង់ធម្មិកោ។ ស្របពេលនោះដែរ កញ្ញាធី សុវណ្ណថា បានចោទលោកសម រង្ស៊ី និងលោកកឹម សុខា ថាជា “មនុស្សតិរច្ឆាន” ប៉ុន្តែ មន្ត្រីបក្សប្រឆាំង គ្មានប្រតិកម្មអ្វីឡើយ ដោយចាត់ទុកថា ជាសេរីភាពនៃការបញ្ចោញ មតិ។

ដូច្នេះពាក្យថា “របបតិរច្ឆាន”, “សង្គមតិរច្ឆាន”, “លោកតិរច្ឆាន” បើសិក្សាឱ្យល្អិតល្អន់ទៅ វាមានន័យខុសគ្នាស្រឡះ។ “របប” ជាភាសាអង់គ្លេសថា Regime ភាសាបារាំង Régime មានន័យថា “របៀបរៀបរយ, សណ្តាប់ធ្នាប់, ដែលស្រុះស្រួល ព្រមគ្នា។ បើប្រើក្នុងនយោបាយ សំដៅដល់របៀបដឹកនាំប្រទេស តាមមនោគមន៍វិជ្ជាណាមួយ ដូចជា “របបសេរីនិយម”, “របបសង្គមនិយម”, “របបកុម្មុយនិស្តនិយម”, “របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ”, “របបសម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” ជាដើម។ អ្នកដឹកនាំរបប គឺសំដៅដល់ “អ្នកកាន់អំណាចនីតិប្រតិបត្តិ” ដែលប្រៀបបាននឹងក្បាលម៉ាស៊ីន បើដឹកនាំខុស ដូចរបបប៉ុល ពត ជាដើម គេទម្លាក់កំហុសតែលើបុគ្គលមេខ្មែរក្រហមប៉ុន្មាននាក់ហ្នឹង។ ជាក់ស្តែង តុលាការសាលាក្តីខ្មែរក្រហម បានដាក់ កំហុសតែលើប៉ុល ពត, អៀង សារី, នួន ជា, ខៀវ សំផន, ឌុច, ខៀវ ធីរិទ្ធ ដែលសព្វថ្ងៃជនជាប់ចោទ ស្លាប់ចង់អស់ទៅ ហើយ។ ករណីជនបរទេសមួយចំនួនចោទប្រកាន់សម្តេចឪ ព្រះបរមរតនកោដ្ឋ, សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, សម្តេច ហ៊ុន សែន ដែលនៅក្នុងរបបកុម្មុយនិស្តប៉ុល ពត នោះ មិនត្រឹមត្រូវទេ ព្រោះព្រះអង្គ និងសម្តេចទាំងប៉ុន្មានរូបនេះ មិនមែន ជាអ្នកដឹកនាំរបប។

ផ្ទុយទៅវិញ “សង្គមតិរច្ឆាន” គឺការប្រមូលផ្តុំមនុស្សមួយប្រទេស ត្រូវរ៉ាប់រងកំហុសទាំងអស់គ្នាចៀសមិនរួច។ “សង្គម” ជាភាសាអង់គ្លេស ថា Society ជាភាសាបារាំង ថា Social ដែលមានន័យថា ការជួបជុំគ្នា, ការរ៉ាប់រងគ្នា, ការប្រមូលផ្តុំ មនុស្ស ឬសត្វ។ ដូច្នេះ ប្រទេសមួយឈ្មោះថា សង្គមមួយ ដោយមានមនុស្សរស់នៅក្នុងសង្គមគ្រប់វណ្ណៈ ពណ៌សម្បុរ គិត តាំងពីព្រះមហាក្សត្រ នាហ្មឺនសព្វមុខមន្ត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ បើមានការចោទប្រកាន់ថា “សង្គម តិរច្ឆាន” គឺមានន័យថា មនុស្ស១នគរហ្នឹង សុទ្ធតែសត្វ ប៉ុន្តែ បើគេចោទថា “របបតិរច្ឆាន” មិនចំទាំងអស់គ្នាទេ គឺប៉ះតែ  រដ្ឋាភិបាលប៉ុណ្ណោះ ប្រៀបដូចរបបប៉ុល ពត ប៉ះតែប៉ុល ពត, នួន ជា, អៀង សារី មិនប៉ះដល់សម្តេចឪ ឬសម្តេចទាំង៣ នៃ គណបក្សប្រជាជនកម្ពុជា នោះទេ។ ដូច្នេះ ការបដិសេធចូលបំភ្លឺនៅសាលាក្តីខ្មែរក្រហម តាមការកោះហៅរបស់ចៅក្រម អន្តរជាតិនោះ គឺមកពីសម្តេចហេង សំរិន សម្តេចហ៊ុន សែន មិនបានសមគំនិតក្នុងឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍ ទោះជា “សម្តេចនៅក្នុងរបបនោះក្តី”។

ចំណែកពាក្យថា “លោកតិរច្ឆាន” គឺសំដៅដល់មនុស្សក្នុងលោកនេះ មានអាយុក្ខ័យ ចុះដល់១០ឆ្នាំ ស្រីមានអាយុ៥ឆ្នាំ នឹងមានប្តី បណ្តាលឱ្យកុសលកម្មបថ១០សាបសូន្យអស់ទៅ អកុសលកម្មបថ ក៏ចម្រើនឡើង។ ពេលនោះ មនុស្សក្នុងលោក លែងស្គាល់គុណឪពុកម្តាយ ប្រព្រឹត្តខ្លួនដូចសត្វតិរច្ឆាន ពេលឃើញគ្នា ក៏ស្ទុះទៅកាប់ចាក់គ្នា កើតបានជា “សត្ថន្តរកប្ប” តែ រវាង៧ថ្ងៃប៉ុណ្ណោះ សូន្យមនុស្សក្នុងលោក លើផែនដីប្រឡាក់សុទ្ធតែឈាម។ បន្ទាប់ពីការវិនាសនោះ អាយុមនុស្សក៏ខ័យ ឡើងទៅលើវិញ រហូតដល់ “ព្រះសិអារ្យមេត្រី” បានត្រាស់ដឹងជាព្រះពុទ្ធ។ មានន័យថា “លោកតិរច្ឆាន” សំដៅដល់ក្នុង លោកមានមនុស្សរស់នៅដែរ តែដូចសត្វ នេះបើយោងតាមគម្ពីរ “កប្បកថា” ក្នុងព្រះពុទ្ធសាសនា។

ងាកមករឿងបច្ចុប្បន្នវិញ ការយកពាក្យ “តិរច្ឆាន” ឬ “របបតិរច្ឆាន” មកឆ្លើយឆ្លងដាក់សម្ពាធលើគ្នាទៅវិញទៅមក នោះ គួរបញ្ឈប់ទៅ ព្រោះពាក្យ “របប” និង “សង្គម” មានន័យខុសគ្នា។ ដូច “នគរធំ” បង្ហាញទឡ្ហីករណ៍ខាងលើរួចហើយ ថា ទោះជាសម្តេចហេង សំរិន សម្តេច ហ៊ុន សែន ជាអតីតមេបញ្ជាការយោធាថ្នាក់កងពល និងថ្នាក់កងវរសេនាធំ ក្រោម បញ្ជាមជ្ឈិមបក្ស ឬនៅក្នុងរបបប៉ុល ពត ក៏សម្តេច មិនពាក់ព័ន្ធក្នុងការប្រល័យពូជសាសន៍នោះទេ។ ដូច្នេះ ដើម្បីកុំឱ្យមាន អរិភាព គួរអ្នកនយោបាយសម័យនេះ កុំយកអង្គព្រះមហាក្សត្រ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដាក់បញ្ចូលក្នុង “របប” តែបើថា “សង្គម” មិនខុសអីទេ។ លោកហុង លីម ក៏ដូចទ្រង់ធម្មិកោ បានចោទប្រកាន់រដ្ឋាភិបាលថា ដឹកនាំ “របប តិរច្ឆាន” គួរយើងពិចារណាដែរ ព្រោះថា “បើមានគេស្អប់ ត្រូវពិនិត្យកំហុសខ្លួន” ដែលជាសុភាសិតមានអត្ថន័យសម្រាប់ អនុវត្ត។ ទ្រង់ធម្មិកោ បានការពារពាក្យរិះគន់នោះថា “ប្រទេស និងការដឹកនាំប្រទេស វាខុសគ្នា គឺរបបដឹកនាំដោយគណ- បក្សប្រជាជនកម្ពុជា”។ ការរិះគន់នេះ គឺមានន័យទម្លាក់កំហុសទៅលើអ្នកដឹកនាំរបប ដែលគួរយើងវិភាគឱ្យល្អិតល្អន់ ដូច ករណី “ភូមិតិរច្ឆាន” គឺសំដៅដល់អ្នកភូមិ “ក្រាំងលាវ” ដែលក្តៅចិត្តនឹងការទារពន្ធសង្កត់ករបស់បារាំង ក៏មានឃាតកម្ម លើរ៉េស៊ីដង់បារាំង លោកបារដែស (Bardez) កាលពីឆ្នាំ១៩១៦ វាមិនប៉ះពាល់ខ្មែរមួយប្រទេសនោះទេ។

សរុបទៅ “តិរច្ឆាន” មានន័យយ៉ាងនេះឯង បានក្លាយជារឿងក្តៅគគុក សម្រាប់អ្នកនយោបាយខ្មែរ យកមកប្រើ បណ្តាលឱ្យមានជម្លោះតឹងសរសៃក។ ដើម្បីបញ្ចប់អរិភាព ស្របតាមព្រះបណ្តាំសម្តេចឪ ព្រះបរមរតនកោដ្ឋ គួរតែអ្នកនយោបាយ គ្រប់និន្នាការ ឈប់យកពាក្យនេះមកប្រើ ឬចោទប្រកាន់គ្នា ប្តឹងផ្តល់គ្នា ដែលនាំឱ្យបែកបាក់ឯកភាពជាតិ។ ការដែលភាគី ម្ខាង យកពាក្យ “របបតិរច្ឆាន” ចោទប្រកាន់អ្នកដឹកនាំ ឯមន្ត្រីរដ្ឋាភិបាល ថាពាក្យរបប ប៉ះទាំងព្រះមហាក្សត្រ ទាំងរាស្ត្រ១ នគរនោះ មិនខុសពីសុភាសិតថា “សាប១ដៃ ប្រៃ១ចឹប” នោះឡើយ គួរតែអត់ឱនឱ្យគ្នា ទើបមានឈ្មោះថា ជាពុទ្ធសាសនិកជន៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES