Saturday, April 20, 2024
Homeព័ត៌មានជាតិរត់​ម៉ូតូ​ឌុប​ដឹក​ប៉ះ​ចំ​ចោរ​ យក​កូន​កាំបិត​ភ្ជង់​ក ប្លន់​យក​ម៉ូតូ​​ទៅ​បាត់​

រត់​ម៉ូតូ​ឌុប​ដឹក​ប៉ះ​ចំ​ចោរ​ យក​កូន​កាំបិត​ភ្ជង់​ក ប្លន់​យក​ម៉ូតូ​​ទៅ​បាត់​

ភ្នំពេញ៖ អាងតែម៉ូតូកញ្ចាស់រត់ឌុបពេលយប់ ប៉ះចំជនសង្ស័យដាច់យ៉ៃហៅដឹកក្នុងតម្លៃ១ម៉ឺនរៀលបាននាំយកទៅភ្ជង់ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៣ ខែសីហា ស្ថិតនៅតាមផ្លូវបេតុង មុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ភិន ចន្តា ភេទប្រុស ប្រុសអាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិពងទឹក ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម៉ូតូ ដែលជនសង្ស័យប្រើកាំបិតភ្ជង់ប្លន់យកទៅបាត់ ម៉ាកវ៉េវអាល់ហ្វា សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-8486 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនត្រូវបានជនសង្ស័យម្នាក់ហៅឲ្យឌុបពីមុខផ្សារជម្ពូវ័ន ឆ្ពោះទៅបុរីសែនមនោរម្យ២ ស្ថិតក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ ដោយធ្វើដំណើរតាមតាមផ្លូវជាតិលេខ៣ ក្នុងតម្លៃ១ម៉ឺនរៀល ។ ខណៈ ពេលជនរងគ្រោះដឹកជនសង្ស័យជិះចូលទៅតាមផ្លូវបេតុងដល់មុខវត្តជន្លង់ម្លូ បែរជាជនសង្ស័យប្រាប់ឲ្យទៅតាមក្លោងទ្វារបុរីសែនមនោរម្យវិញ លុះជិះដល់ចំណុចខាងលើ ដែលជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យបានសួរថាស្ងាត់អញ្ចឹងអត់ខ្លាចខ្មោចលងទេ តែជនរង គ្រោះប្រាប់ថាអត់ខ្លាចទេ ភ្លាមៗនោះជនសង្ស័យបានដកកាំបិតចុងស្រួចមកភ្ជង់កជនរង គ្រោះឲ្យឈប់រួចបានប្រតាយប្រតប់គ្នាបណ្តសលឲ្យរបួសមុតដៃឆ្វេងបន្តិចនិងថ្ពាល់ឆ្វេង ហើយជនសង្ស័យហក់ឡើងម៉ូតូជិះចាកចេញទៅបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លើងឆេះរទេះ ដើម្បីឲ្យសមត្ថកិច្វជួយស្រាវជ្រាវរកមុខជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

ថោង ធីម

RELATED ARTICLES