Friday, March 29, 2024
Homeសេដ្ឋកិច្ចជាតិប្រធាន​CVEA បុរីដែល​ផ្តល់​ឥណ​ទាន ដោយ​ខ្លួន​ឯង​បង្ក​ហា​និ​ភ័យ​ក្នុង​វិស័យ​អចលន​វត្ថុ

ប្រធាន​CVEA បុរីដែល​ផ្តល់​ឥណ​ទាន ដោយ​ខ្លួន​ឯង​បង្ក​ហា​និ​ភ័យ​ក្នុង​វិស័យ​អចលន​វត្ថុ

ភ្នំពេញ ៖ សមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុ ហៅកាត់CVEA បានរិះគន់ម្ចាស់បុរីមួយចំនួន ដែលបានផ្តល់ឥណទានដោយខ្លួនឯងដល់អតិថិជនរបស់ខ្លួន ដោយលោកលើកឡើងថា និន្នាការបែបនេះធ្វើឲ្យមានហានិភ័យខ្ពស់ក្នុងវិស័យអចលនវត្ថុកម្ពុជា។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ សីហានេះថា លោកមិនគាំទ្រចំពោះក្រុមហ៊ុនសាងសង់បុរីមួយចំនួនដែលធ្វើការសាងសង់ផង លក់ខ្លួនឯងផង ម៉ៅការខ្លួនឯងផង ផ្តល់ឥណទានខ្លួនឯងផង និងនាំចូលសម្ភារៈសំណង់ខ្លួនឯងផងនោះទេ។លោកបន្តថា ប្រសិនជាអ្នកវិនិយោគទាំងអស់ ក្តាប់ការងារខ្លួនឯងទាំងអស់បែបនេះ នៅពេលដួលរលំមិនមានអ្នកណាទប់នោះទេ ដូច្នេះគំរោងវិនិយោគគួរតែចែកការងារគ្នាធ្វើទើបទទួលបានជោគជ័យទាំងអស់គ្នា និងចែករំលែកហានិភ័យគ្នា ជាជាងដោះស្រាយឬប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង។

លោកបន្តថា “ករណីម្ចាស់បុរីនានាផ្តល់ឥណទាន ឬឲ្យអតិថិជនបង់រំលោះជាមួយម្ចាស់បុរីប្រចាំខែជាហានិភ័យមួយ ប្រសិនជាមានករណីពួកគេបាត់បង់ចំណូលមិនអាចបង់ប្រាក់បាន វានឹងបង្កើតជាជំងឺសង្គម”។លោកបន្តថា “អ្នកវិនិយោគធ្វើបែបនេះ ប្រៀបបីដូចជាមនុស្សរៀនជំនាញពេទ្យសត្វទៅចាក់ថ្នាំឲ្យមនុស្សអញ្ចឹង ដូច្នេះមានតែការបែកចែកការងារគ្នាធ្វើ បែងចែកប្រាក់ចំណេញជាមួយគ្នា និងចែកហានិភ័យជាមួយគ្នា ទើបការអភិវឌ្ឍន៍មាននិរន្តរភាព”។

លោកគីម ហ៊ាងបានបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ គួរពិនិត្យមើល និងចាត់វិធានការចំពោះបញ្ហាទាំងនេះ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ក្នុងវិស័យនេះ ទទួលបានផលប្រយោជន៍ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្នាក់ងារអចលនវត្ថុ។

លោកស្រីចាន់ សុជាតាប្រធានការិយាល័យផ្នែកផ្តល់អាជ្ញាប័ណ្ណអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់បញ្ហានេះ ដោយលោកស្រីបានលើកឡើងថា ការដែលម្ចាស់បុរីនានាធ្វើការផ្តល់ឥណទាន ឬបង់រំលោះដល់ អតិថិជន គឺជាហានិភ័យមួយ។ ម្ចាស់បុរីនានាអនុវត្តន៍បែបនេះ ប្រៀបបីដូចជាធនាគារអញ្ចឹង ប៉ុន្តែពួកគេគ្មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងពីធនាគារជាតិនៃកម្ពុជានោះទេ។លោកស្រីបន្តថា ក្រសួងកំពុងធ្វើការងារនេះរួមគ្នាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយសមស្របណាមួយ ដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននានា។

ទោះជាយ៉ាងណាលោកង៉ែត ពិសិដ្ឋជំនួយការអគ្គនាយកបុរីពិភពថ្មីបានថ្លែងថា ការដែលបុរីរបស់លោកអនុញ្ញាត្តឲ្យអតិថិជនបង់ប្រាក់ប្រចាំខែ រយៈពេលវែងមិនមែនជាហានិភ័យដល់អតិថិជននោះទេ គឺជាហានិភ័យរបស់ម្ចាស់បុរីទៅវិញទេ ដែលត្រូវរកប្រាក់រាប់លានដុល្លារ ដើម្បីសាងសង់បុរីបង់ប្រចាំខែដល់អតិថិជន។លោកបន្តថា អតិថិជនបង់ប្រាក់ត្រឹម៥០០ដុល្លារក្នុងមួយខែ ក្នុងរយៈពេលមួយឆ្នាំគឺស្មើទឹកប្រាក់៦ម៉ឺនដុល្លារប៉ុណ្ណោះ ពួកគេអាចចូលរស់នៅក្នុងលំនៅដ្ឋានបានហើយ ប៉ុន្តែម្ចាស់បុរីត្រូវរកប្រាក់យ៉ាងហោចណាស់២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះប្រភេទអឺហ្សេរ៉ូមួយបាន។

លោកបន្តថា ករណីអ្នកធ្វើការដែលបាត់បង់ការងារ មិនអាចបង់ប្រាក់បន្តបាន បុរីមិនអាចរឹបអូសលំនៅដ្ឋានពួកគេបាននោះទេ គឺអ្នកវិនិយោគអាចឲ្យគាត់លក់លំនៅដ្ឋានរបស់ខ្លួនយកមកសងបុរីវិញ ឬមានវិធីសាស្រ្តផ្សេងពីនេះ។លោកបន្តថា អតិថិជនអាចជ្រើសរើសបាន ប្រសិនជាពួកគេមិនចង់បង់ប្រាក់ជាមួយបុរី ពួកគេអាចប្រើប្រាស់ឥណទានជាមួយធនាគារបាន គឺយើងជាអ្នកអភិវឌ្ឍន៍មិនបង្ខំពួកគេនោះទេ៕

ដោយ ៖ គង់ លាងហួរ

 

RELATED ARTICLES