ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលតាមការវាយតម្លៃរួមក្នុងរយៈពេល៧ខែ មកនេះ សម្រេចបានលទ្ធ ផល ៥៣ភាគរយ នៃផែនការ។

ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបានត្រឹមត្រូវ ធានាឱ្យបានតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៥ នេះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
១-ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន៨កងឯកភាព ដោយប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន២៨៦គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន៥កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន២០០គ្រឿង និងខេត្តរតនគិរី មាន៣កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន៨៦គ្រឿង។
២-ចំពោះការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរ លើផ្ទៃដីទំហំ ៤ ៤១៥ ០០០ម៉ែត្រការ៉េ ស្មើនឹង ៧០,៦៤ភាគរយ នៃផ្ទៃដីសរុប ដែលគ្រោងរាវរក ទំហំ ៦ ២៥០ ០០០ម៉ែត្រការ៉េ ដោយបានរក ឃើញគ្រាប់គ្រប់ប្រភេទ ចំនួន៧៩គ្រាប់ ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន៣៥គ្រាប់។
៣-ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ រួមមាន ៖ លូប្រអប់ សរុបចំនួន២៣កន្លែង ស្មើនឹង ២៣៦,៧០ម៉ែត្រ ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប១៧៨កន្លែង និងស្ថាបនាសម្រេចជាស្ថាពរនូវថ្នល់បេតុងបង្ហូរទឹក សរុបចំនួន១០កន្លែង ស្មើនឹង២២១,៨០ម៉ែត្រ។
៤-វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែន នៅក្នុងរយៈពេលប្រមាណ៧ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃ ទទឹង ៥ម៉ែត្រ បានប្រវែង ១៧៦,៥០គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង។ ឈូសផ្លូវ ទទឹង២០ម៉ែត្រ បានប្រវែង១៥១,២០គីឡូម៉ែត្រ សម្រាប់រក អ័ក្សផ្លូវ។ លុបជ្រលង-អូរ បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយបានប្រវែង១២៧,៨០គីឡូម៉ែត្រ។ ចិតជញ្ជាំងភ្នំ ធ្វើប្រឡាយបង្ហូរទឹកភ្លៀង កសាង នូវទំនប់សុវត្ថិភាព និងកសាងតួផ្លូវ បានប្រវែង១២៤,៨០គីឡូម៉ែត្រ។ និងក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរ ប្រវែង៨៥,៩០គីឡូម៉ែត្រ។ ជាលទ្ធផលរួម នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ៥៣,៣០ភាគរយ នៃផែនការរួម ក្នុងនោះខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦១គីឡូម៉ែត្រ ស្មើនឹង ៥៦,៦៤ភាគរយ និងរខត្តរតនគិរី បានប្រវែង ២៤,៩០គីឡូម៉ែត្រ ស្មើនឹង៤៨,៤៨ភាគរយ។
៥-ចំពោះមុខនេះ ជំរុញល្បឿនកសាងផ្លូវក្នុងរដូវវស្សា ក្រុមការងារកំពុងបន្តជំរុញការងារបោសសម្អាតមីន យុទ្ធ ភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត បន្តដោយធានាឱ្យបានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាព និង ភាពធន់នឹងអាកាសធាតុ បន្តជំរុញល្បឿននៃការកសាងសំណង់ សិល្បការ្យ ដោយពេលភ្លៀងធ្លាក់ខ្លាំង គឺសម្រាក និងពេលរាំងភ្លៀងបន្តអនុវត្តភារកិច្ចកសាងសំណង់។

៦-ក្រុមការងារចំពោះកិច្ច ក.គ.ម ប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែន តាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗ នៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជាបន្តបន្ទាប់៕