Saturday, April 20, 2024
Homeបរិយាយស៊ីឆ្អែត​បាត់​ឃ្លាន

ស៊ីឆ្អែត​បាត់​ឃ្លាន

ករណីសហភាពអឺរ៉ុប ផ្តល់ជំនួយ១០លានអឺរ៉ូ ដែលស្មើនឹងជាង១០លានដុល្លារអាមេរិក ដល់ គ.ជ.ប គិតជាជំនួយ សម្ភារៈបច្ចេកទេស ក្នុងការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយភ្ជាប់លក្ខខណ្ឌសុំឱ្យដោះលែងមន្ត្រីបក្សប្រឆាំង និង សង្គមស៊ីវិល ដែលកំពុងជាប់ពន្ធនាគារនោះ ទំនងជារាជរដ្ឋាភិបាលកម្ពុជា មិនធ្វើតាមទេមើលទៅ? រឿងមិនធ្វើតាម គឺមក- ពីជំនួយនេះតិចតួចណាស់ មិនអាចធ្វើឱ្យ “អ្នកឆ្អែត” ត្រេកអរនោះឡើយ ទើប “នគរធំ” សូមលើកសុភាសិត “ស៊ីឆ្អែតបាត់ ឃ្លាន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ លោកចច អេដហ្គារ (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានថ្លែងនៅ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយមានកិច្ចសហប្រតិបត្តិការ រវាង គ.ជ.ប ជាមួយសហភាពអឺរ៉ុប និងជប៉ុន ដោយបានសម្តែងនូវការព្រួយបារម្ភទៅលើការប្រើប្រាស់ច្បាប់ទៅលើអ្នកនយោបាយប្រឆាំង ក៏ដូចមន្ត្រីអង្គការសង្គមស៊ីវិលនានា ដោយបញ្ជាក់ថា ការបោះឆ្នោតដែលអាចជឿទុកចិត្តបាន លុះត្រា តែមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនានា។ ជាការឆ្លើយតបវិញ លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបដិសេធនូវការដោះលែងអគ្គលេខាធិការរង គ.ជ.ប លោកនី ចរិយា ដោយលើកឡើងជាអាទិ៍ថា “គាត់ជា អគ្គលេខាធិការរងរបស់ គ.ជ.ប ទើបធ្វើបានប៉ុន្មានខែ ស្រាប់តែគាត់ទៅធ្វើសកម្មភាព ONG មិនមែនទៅធ្វើសកម្មភាព បោះឆ្នោត ទេ…”។ ស្របពេលនោះដែរ ក៏មានអ្នកវិភាគមួយចំនួនថា លុយជាង១០លានដុល្លារ ជាជំនួយបច្ចេកទេសចុះ ឈ្មោះបោះឆ្នោត នោះ គ្មានឥទ្ធិពល ឬសម្ពាធអ្វីទៅលើរាជរដ្ឋាភិបាល បានឡើយ ដោយសាររដ្ឋាភិបាលសព្វថ្ងៃ ជា “រដ្ឋា- ភិបាលឆ្អែត” ស្របនឹងសុភាសិតថា “ស៊ីឆ្អែតបាត់ឃ្លាន” នេះឯង។

សូមរំព្ញកថា បន្ទាប់ពីផ្តួលរំលំរបបប៉ុល ពត បានមក រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឡើងដឹកនាំ ដោយសម្តេចទាំង៣ នៃគណបក្សប្រជាជនកម្ពុជា។ មន្ត្រីក្នុងរបបនោះ តាំងពីលើដល់ក្រោម ទទួលបានជារបបអង្ករ ម្សៅពោត ក្រណាត់ សាប៊ូ ប្រេងកាត ខ្វះខាតផ្នែកជីវភាពខ្លាំងណាស់ សូម្បីឋានៈប្រធានមន្ទីរ-ការិយាល័យ ចេញពីធ្វើការ វិញ មានមួយចំនួនចុះទៅវាលស្រែ រាវខ្យង លូកក្តាម ដកព្រលិត ស្គន់ មកធ្វើម្ហូប ដោយមានបាយអង្ករក្រហមធុំក្លិនផ្អួរ។ នៅពេលបោះពុម្ពក្រដាសប្រាក់ដំបូងនោះ មន្ត្រីល្អិតល្អោចបានបៀវត្សតែ៩០រៀលប៉ុណ្ណោះ ខណៈដែលគុយទាវ១ចាន ថ្លៃ៥ រៀល ឃើញនៅតែខ្វះខាតដដែល។ រដ្ឋមន្ត្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជំនាន់នោះអត់ក្បាលពោះទេ ព្រោះមិនទាន់មាន     ស្រាបៀរ គឺមានតែទឹកត្នោតជូរ និងស្រា-ស ប៉ុណ្ណោះ ប៉ុន្តែ សព្វថ្ងៃមិនបាច់និយាយពីវរសេនីយ៍ ឧត្តមសេនីយ៍នោះទេ សូម្បី តែអ្នករកស៊ីរត់ម៉ូតូឌុប ក៏ដុះក្បាលពោះដែរ ព្រោះត្រូវស្រាបៀររាល់ថ្ងៃ ដោយមិននិយាយពីម្ហូបក្លែម។ ប្រភពចំណូលថវិកា ជាតិគ្រប់វិស័យ ក៏កើនឡើង ធ្វើឱ្យជីវភាពមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រែ- ប្រួល មិនស្រេកឃ្លានដូចមុនពេកទេ ស្របពេលដែលជំនួយពីប្រទេសចិន ហូរចូលសន្ធឹកសន្ធាប់ ដោយមិនគិតពីប្រាក់កម្ចី ឥណទាន គឺនិយាយតែសាច់ប្រាក់ដែលចិន ជួយមិនយកសំណង ខណៈដែលជប៉ុន ក៏ប្រឹងជួយខ្មែរខ្លាំងដែរ។

ដូច្នេះយើងឃើញថា រាជរដ្ឋាភិបាលសព្វថ្ងៃ ក៏ដូចមន្ត្រីរាជការ ឈានហួសរបបអង្ករក្រហម ម្សៅពោត ទៅហើយ ដោយ គ្រាន់តែចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មួយឆ្នាំៗ រាប់សិបលានដុល្លារ ហើយនៅចំណូលពន្ធដារត្រា- ភាស៊ីគ្រប់ច្រកនោះ ធ្វើឱ្យការស្រេកឃ្លានរលាយបាត់ទៅ។ ដូច្នេះ ប្រាក់ជំនួយ១០លានអឺរ៉ូ ដែលសហភាពអឺរ៉ុប បានជួយ គ.ជ.ប ភ្ជាប់លក្ខខណ្ឌដោះលែងមន្ត្រីបក្សប្រឆាំង អង្គការសង្គមស៊ីវិល ដែលកំពុងជាប់ពន្ធនាគារនោះ ដូចជាយ៉ាប់ណាស់។

យើងសូមលើកឧទាហរណ៍ឱ្យកាន់តែច្បាស់ជាងនេះ គឺខណៈដែលស្រុកភូមិមានទឹកជំនន់ លិចភ្លឺស្រែម្តងៗ ធ្វើឱ្យស្រមោច អណ្តែតពេញទឹក ក្លាយជាចំណីត្រី។ ពេលនោះមច្ឆាទាំងតូចទាំងធំ មានពោះប៉ោងបាត់ឃ្លាន ទោះជាវាឃើញនុយជន្លេន ឬ កូនក្អាត់ដែលអ្នកភូមិចងសន្ទូចរនង ឬដាក់បង្កៃ ក៏ត្រីមិនស៊ីនុយនោះទេ ដោយសារវាកំពុងឆ្អែតស្រងល់ពោះទៅហើយ។ ផ្ទុយ ទៅវិញ កាលត្រីនៅក្នុងត្រពាំងខ្សត់ចំណី ថ្ងៃណាក៏ស៊ីស្លែ ឬសារាយនោះ វាឃ្លានណាស់ បើមានអ្នកភូមិបោះសន្ទូចប្របក់ បិទនុយកូនកង្កែបទៅ ច្បាស់ជាអារ៉ស់ដេញត្របាក់នុយផ្លែសន្ទូចជាប់មាត់ ក្លាយជាចំណីមនុស្សមិនខាន។ ដោយឡែក កាល ពីទសវត្សឆ្នាំ១៩៨០ អាណិកជនខ្មែរដែលទៅរស់នៅអាមេរិក បារាំង អូស្ត្រាលី តែងផ្ញើលុយមកជូនឪពុកម្តាយបងប្អូននៅ ស្រុកខ្មែរ ជួយសម្រួលជីវភាព។ មាមីងខ្លះកំពុងដាច់បាយ បានជំនួយ១០ដុល្លារ ពីក្មួយនៅអាមេរិក គាត់ត្រេកអរស្ទើរហើប ជើងពីដី ប៉ុន្តែសព្វថ្ងៃ លុយ១០ដុល្លារ គ្រួសារខ្លះដែលធ្លាប់ក្រនោះ មិនយកភ្នែកមើលផង ដោយសារគាត់មានកូនចៅធ្វើធំ ឬមានកូនខ្លះទៅធ្វើការនៅកូរ៉េខាងត្បូង ផ្ញើលុយមកជូនម្តងៗរាប់ពាន់ដុល្លារ អាចសង់ផ្ទះថ្មបាន។

យ៉ាងណាមិញ រាជរដ្ឋាភិបាលសព្វថ្ងៃ ទំនងជាមិនត្រេកអរនឹងលុយ១០លានអឺរ៉ូ នោះប៉ុន្មានទេ ប៉ុន្តែ សហភាពអឺរ៉ុប ឱ្យទៅហើយក៏ចេះតែយកទៅ។ ទោះជាសហភាពអឺរ៉ុប មិនឱ្យលុយហ្នឹង ក៏រាជរដ្ឋាភិបាល អាចយកប្រាក់បដិភាគមួយផ្នែក មកប្រើការបានដែរ ឬថា គ្រាន់តែកាត់លុយមួយចំណែកពីចំណូលនៃការលក់សំបុត្រចូលទស្សនាអង្គរ ត្រឹម១០លានដុល្លារ នោះ ក៏អាចដោះស្រាយបានយ៉ាងងាយបំផុត។ ធម្មតាមនុស្សឆ្អែត គេមិនលើកម្ហូបទទួលទេ ឬឧបមាថា បុរសម្នាក់ ទើប ចេញពីហូបការ ក៏ឆៀងចូលលេងផ្ទះក្លើក្បែរផ្ទះការនោះ។ ក្លើនោះត្រូវយកបារី ឬស្លាម្លូ ដាក់ទទួលមិត្តទើបសម ប៉ុន្តែបើឃើញ មិត្តទៅដល់ ក៏ទាញដៃបង្ខំឱ្យចូលហូបបាយជាមួយខ្លួននោះ តើបានពោះឯណាដាក់? ដូច្នេះ ការដាក់បារី ស្លាម្លូ ដែលជាអាហារ ផ្សែង ឬអាហារស្តោះតាមទំនៀមទម្លាប់បុរាណនោះ វាប្រសើរជាងហៅហូបបាយ។ អ៊ីចឹងទេ ការបង្ខំពីសហភាពអឺរ៉ុប ឱ្យ ដោះលែងទណ្ឌិត ជាថ្នូរនឹងលុយ១០លានអឺរ៉ូនោះ ហាក់គ្មានឥទ្ធិពលអ្វីទៅលើ “រាជរដ្ឋាភិបាលឆ្អែត” បានឡើយ ប៉ុន្តែ សហ- ភាពអឺរ៉ុប អាចដាក់សំណើអ្វីផ្សេងពីនេះបាន ចៀសវាងលក្ខខណ្ឌធ្ងន់ពេក ដូចជាសម្របសម្រួលលួងលោម ហើយបើនិយាយ ស្រួល មិនចាំបាច់ជួយ១០លានអឺរ៉ូ ក៏រដ្ឋាភិបាលអាចធ្វើតាមបាន ឧបមាដូចបុរសចេញពីហូបការ អាចទទួលបារីជក់ ឬ ទទួលទានស្លាម្លូ តែបើក្លើបង្ខំឱ្យហូបបាយទៀតនោះ ទៅមិនរួចទេ។ ជួនកាលសត្វដែលស៊ីឆ្អែត បានយកចំណីរបស់ខ្លួនធ្វើ មិត្តក៏មានដែរ ដូចករណីសិង្ហតោ១ក្បាល ត្រូវគេចិញ្ចឹមក្នុងសួនសត្វ នាក្រុងព្រៃនគរ កាលពីជំនាន់បារាំង។ ថ្ងៃមួយ អ្នកឱ្យ ចំណីបានបោះសាច់គោឱ្យសិង្ហតោស៊ីឆ្អែត ក៏ស្រាប់តែឆ្មាំម្នាក់ទៀត យកឆ្កែតឿ១ក្បាល ទៅបោះឱ្យស៊ីបន្ថែម។ ដោយសារតោ កំពុងឆ្អែត ក៏ដេកធ្វើព្រងើយ មិនត្រេកអរនឹងចំណីនោះទេ លុះឆ្កែតឿចេះប្រើអណ្តាតជួយលិទ្ធសម្អាតរោមតោ ដែលប្រឡាក់ ឈាមសាច់គោ ធ្វើឱ្យតោស្រឡាញ់ យកគ្នាជាមិត្ត ទោះជាស្រកពោះ ក៏តោមិនស៊ីឆ្កែនោះទេ។ រំលងបាន១០ថ្ងៃ ឆ្កែតឿ       នោះ ឈឺងាប់ទៅ ធ្វើឱ្យតោកើតទុក្ខលែងស៊ីចំណី ឯអ្នកថែសត្វ ក៏រកឆ្កែតឿមួយបោះទៅឱ្យទៀត ស្រាប់តែតោលោតទៅ សង្គ្រប់ខាំងាប់ទៅ។ ទីបំផុត តោនោះក៏ងាប់ដែរ ព្រោះវាកើតទុក្ខស្តាយឆ្កែតឿជាមិត្ត ដែលជារឿងពិតកើតឡើងនៅសម័យ អាណានិគមបារាំង។ ដូច្នេះ សម្រាប់អ្នកឆ្អែត ឬស៊ីឆ្អែត រមែងបាត់ឃ្លានយ៉ាងនេះឯង ទោះជាបោះនុយ ឬចំណីឆ្ងាញ់ទៅឱ្យ ក៏មិនត្រេកអរដែរ។

សរុបទៅ “ស៊ីឆ្អែតបាត់ឃ្លាន” សំដៅដល់រាជរដ្ឋាភិបាល មិនត្រេកអរនឹងជំនួយ១០លានអឺរ៉ូ ភ្ជាប់លក្ខខណ្ឌរបស់សហភាពអឺរ៉ុប នោះទេ ប៉ុន្តែអ្វីៗអាចដោះស្រាយបានតាមរយៈការចរចានយោបាយ។ តាមការកត់សម្គាល់កន្លងមក ការដាក់ គុកអ្នកប្រឆាំង មិនដែលបានយូរទេ គង់តែដោះលែងវិញ ទោះជាគ្មានជំនួយក៏ដោយ ជាពិសេសមុនពេលបោះឆ្នោត សូម្បី លោកសម រង្ស៊ី មេបក្សប្រឆាំង ក៏មានព្រះរាជក្រឹត្យលើកលែងទោសដែរ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខ- រាជរដ្ឋាភិបាលកម្ពុជា ជួយធ្វើអន្តរាគមន៍៕

ដោយ  ៖ អាចារ្យថាំ

RELATED ARTICLES