
ភ្នំពេញ ៖ បន្ទាប់ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ អំពីសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ (ការដកសញ្ជាតិខ្មែរ) អាចធ្វើទៅបាននោះមក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា លោកមិនមានអ្វីប្រតិកម្មទេ ដែលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរនេះ ប៉ុន្តែសុំកុំយកគំនុំបុគ្គលនយោបាយនៃអ្នកនយោបាយជំនាន់ចាស់ មកច្របូកច្របល់ជាមួយអ្នកនយោបាយជំនាន់ថ្មី ដែលគេមិនប្រាសចាកផ្ទុយនឹងច្បាប់របស់ប្រទេស មិនផ្ទុយរដ្ឋធម្មនុញ្ញ ។
លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថាក្នុងនាមជាប្រមុខនៃគណបក្សក្រៅរដ្ឋាភិបាល លោកមិនចង់ឃើញនូវច្បាប់ណាមួយដែលដាក់សម្ពាធ ឬក៏ជាច្បាប់ ចេញដើម្បីគ្រាន់តែជាគំនុំនៃបុគ្គល នៃអ្នកនយោបាយ ដើម្បីតម្កល់ផលប្រយោជន៍បុគ្គលនៃអ្នកមានអំណាច ឬក៏ស្អប់គ្នានៃគំនុំនយោបាយរបស់អ្នកនយោបាយខ្មែរ នោះទេ ហើយលោកក៏មិនចង់ឃើញរដ្ឋធម្មនុញ្ញដែលល្អឥតខ្ចោះ អនុលោមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បែរជាត្រូវបានយកមកជាន់ឈ្លី ដោយអ្នកនយោបាយនោះដែរ ។ ជាពិសេស លោកអត់ចង់ឲ្យសម្ពាធឥទ្ធិពលនយោបាយនៃគំនុំអ្នកនយោបាយ ចេះតែយកច្បាប់មកកែប្រែ ប្រាសចាកទៅនឹងច្បាប់អន្តរជាតិ សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាសិទ្ធិមនុស្សនិងសេរីភាពនៃពលរដ្ឋម្ចាស់ប្រទេសដែលគ្នាកើតមកជាជនជាតិខ្មែរហើយ ទៅដកសញ្ជាតិ ដែលវាជារឿងមួយដែលត្រូវពិចារណា គឺត្រូវចែកគ្នាឲ្យដាច់ កុំយកគំនុំបុគ្គលនយោបាយនៃអ្នកនយោបាយជំនាន់ចាស់ មកច្របូកច្របល់ជាមួយអ្នកនយោបាយជំនាន់ថ្មី ដែលគេមិនប្រាសចាកផ្ទុយនឹងច្បាប់របស់ប្រទេស មិនផ្ទុយរដ្ឋធម្មនុញ្ញ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំមិនមានប្រតិកម្មអីតបតទៅនឹងអ្វីដែលប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ពីជនដែលត្រូវបានចោទប្រកាន់ ចាត់ទុកថាជាបទឧក្រិដ្ឋក្បត់ជាតិ ដោយសារតែគប់គិតជាមួយនឹងរដ្ឋបរទេស ឬក៏ជនបរទេស ដើម្បីចង់បំផ្លាញប្រទេសកម្ពុជា ឬក៏ធ្វើវិទ្ធង្សនាណាដែលវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ប្រទេស ។ អ៊ីចឹងហើយ អ្វីដែលក្រុមប្រឹក្សាធម្មនុញ្ញ ថាជាការអាចកែប្រែបាន អាហ្នឹងវាជាអ្នកច្បាប់បញ្ជាក់នៅក្នុងតម្លាភាព ក្នុងនាមជាអ្នកច្បាប់ ឬក៏ក្នុងសម្ពាធនយោបាយ? ដែលយើងឃើញហើយថា ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកទាំង៩រូបនោះ យើងមើលឃើញថា តើពួកគាត់ចេញពីណា? ពីគណបក្សប្រជាជនកម្ពុជា ហើយសុទ្ធតែជាអតីត ឬក៏នៅមានឈ្មោះជាសមាជិកអចិន្រ្តៃយ៍បក្ស ឬក៏គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ។ អ៊ីចឹងហើយ ចង់មិនចង់ គឺគេតម្រូវតាមប្រធានគណបក្ស ឬក៏បក្សកាន់អំណាច របស់គណបក្សប្រជាជនកម្ពុជា ហៅកាត់ថា CPP តែចំពោះខ្ញុំ ក្នុងនាមជាប្រមុខនៃគណបក្សក្រៅរដ្ឋាភិបាល ខ្ញុំមិនចង់ឃើញនូវច្បាប់ណាមួយដែលដាក់សម្ពាធ ឬក៏ជាច្បាប់ ចេញដើម្បីគ្រាន់តែជាគំនុំនៃបុគ្គលនៃអ្នកនយោបាយ ដើម្បីតម្កល់ផលប្រយោជន៍បុគ្គលនៃអ្នកមានអំណាច ឬក៏ស្អប់គ្នានៃគំនុំនយោបាយរបស់អ្នកនយោបាយខ្មែរ ហើយយើងធ្វើឲ្យបញ្ហានេះ វាមានបញ្ហាអាចគ្រោះថ្នាក់ ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ផ្ទុយទៅនឹងច្បាប់ជាតិ ដែលរដ្ឋធម្មនុញ្ញកំពូលយើង ច្បាប់ព្រហ្មទណ្ឌយើងមានហើយ អាហ្នឹងទោសក្បត់ជាតិ យ៉ាងម៉េចៗ គឺថាយើងមានចែងនៅក្នុងមាត្រានៃព្រហ្មទណ្ឌកម្រិតធ្ងន់ៗបែបណា គឺច្បាប់មានទៅហើយ ហើយក៏ខ្ញុំមិនកាន់ជើងដល់ជនជ្រុលនិយមណាដែលមានមនោគមន៍វិជ្ជាជ្រុលនិយម ឬក៏ហិង្សា ឬក៏ទៅឱនក្បាលបម្រើបរទេស ដើម្បីតែផលប្រយោជន៍ខ្លួន ហើយបំផ្លាញជាតិខ្មែរ បំផ្លាញប្រជារាស្រ្តខ្មែរ ធ្វើឲ្យជាតិបែកបាក់ ធ្វើឲ្យជាតិរងទុក្ខ ធ្វើឲ្យប្រជារាស្រ្តរងទុក្ខវេទនាអីជាដើមហ្នឹង អាហ្នឹងក៏បក្សជំនាន់ថ្មី មិនទទួលយកបានដែរ ហើយគោលការណ៍ទាំង១០ នៃគណបក្សជំនាន់ថ្មី គឺថាមិនប្រើមនោគមន៍វិជ្ជាជ្រុលនិយម ឬហិង្សាណាដែលដើរផ្ទុយពីរដ្ឋធម្មនុញ្ញ ដើរផ្ទុយពីច្បាប់ជាតិ ហើយក៏មិនគាំទ្រនូវអ្នកនយោបាយខ្មែរណាដែលយកបរទេសជាចំណាប់ខ្មាំង ដើម្បីឲ្យជួយរក្សានូវអំណាចរបស់ខ្លួន ហើយបំផ្លាញជាតិសាសន៍ឯង ប្រទេសជាតិឯង ក៏គណបក្សជំនាន់ថ្មី មិនទទួលយកបានដែរ ផ្ទុយនឹងគោលការណ៍គន្លឹះទាំង១០ របស់គណបក្សជំនាន់ថ្មី“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងនិយាយរួមមកវិញ ខ្ញុំថា ទាំងរដ្ឋាភិបាល ទាំងបក្សកាន់អំណាច នៃប្រទេសកម្ពុជា ត្រូវគិតឡើងវិញ ចៀសវាងការគ្រោះថ្នាក់ អន្តរាយ ហានិភ័យដល់ជាតិ ទៅថ្ងៃអនាគត ហើយខ្ញុំក៏មិនទៅជំទាស់ ព្រោះប្រទេសមួយសុទ្ធតែមានក្រុមប្រឹក្សាធម្មនុញ្ញ អ្នកច្បាប់អី ក្រសួងយុត្តិធម៌អី គឺសុទ្ធតែធ្វើបានសម្រាប់អ្វីដែលអ្នកមានអំណាចចង់បាន ហើយខ្ញុំមិនចង់ឃើញរដ្ឋធម្មនុញ្ញ ដែលល្អឥតខ្ចោះ អនុលោមចេញពី២៣ តុលា ឆ្នាំ១៩៩១ បែរជាត្រូវបានយកមកជាន់ឈ្លីបែបណា ដោយអ្នកនយោបាយ ហើយរហូតមកដល់ឥឡូវ យើងឃើញថា បើសិនវិសោធនកម្មរដ្ឋធម្មនុញ្ញ ច្បាប់ដកសញ្ជាតិខ្មែរ ទៅទៀត គឺលើកទី១០ ឬលើកទី១១ ហើយ ។ អ៊ីចឹងហើយ ខ្ញុំអត់ចង់ឲ្យសម្ពាធឥទ្ធិពលនយោបាយនៃគំនុំអ្នកនយោបាយ ហើយយើងចេះតែយកច្បាប់មកកែប្រែ វាអាចប្រាសចាកទៅនឹងច្បាប់អន្តរជាតិ សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាសិទ្ធិមនុស្សនិងសេរីភាពនៃពលរដ្ឋម្ចាស់ប្រទេស ដែលគ្នាកើតមកជាជនជាតិខ្មែរហើយ ទៅដកសញ្ជាតិ អាហ្នឹងវាជារឿងមួយដែលត្រូវពិចារណា ។ ប៉ុន្តែក៏មិនគាំទ្រទៅនឹងអ្នកដែលត្រូវបានគេដកសញ្ជាតិ បើសិនមានច្បាប់កើតឡើង គឺថាត្រូវគិតឲ្យមែនទែនអំពីផលប្រយោជន៍ជាតិ តម្កល់ផលប្រយោជន៍ប្រជារាស្រ្តជាធំ ឬក៏គ្រាន់តែគំនុំនយោបាយដោយបុគ្គលអ្នកនយោបាយមួយចំនួន ដែលអតីតនាយករដ្ឋមន្រ្តីថានៅក្រៅប្រទេស សូមឲ្យចែកឲ្យដាច់ជាមួយនឹងអ្នកនយោបាយ ដែលគេគោរពច្បាប់រដ្ឋធម្មនុញ្ញ គោរពច្បាប់ប្រទេស ហើយជាអ្នកនយោបាយ ធ្វើនយោបាយប្រកួតប្រជែងគ្នាពីគោលនយោបាយ និងកម្មវិធីនយោបាយ ដោយមិនប្រាសចាក ដើរផ្ទុយពីលក្ខន្តិកៈ ច្បាប់បង្កើតគណបក្សនយោបាយ ច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ប្រទេស ក៏ដូចជាបទបញ្ជាផ្ទៃក្នុង លក្ខខណ្ឌរបស់គណបក្ស និងគោលការណ៍របស់គណបក្ស នៃបក្សដែលនៅក្រៅរដ្ឋាភិបាល ត្រៀមនឹងប្រកួតប្រជែងគ្នាជាមួយនឹងបក្សកាន់អំណាច នៅក្នុងប្រទេសកម្ពុជា ខ្ញុំថា ចែកគ្នាឲ្យដាច់ កុំយកគំនុំបុគ្គលនយោបាយនៃអ្នកនយោបាយជំនាន់ចាស់ យកមកច្របូកច្របល់ជាមួយអ្នកនយោបាយជំនាន់ថ្មី ដែលគេមិនប្រាសចាកផ្ទុយនឹងច្បាប់របស់ប្រទេស មិនផ្ទុយរដ្ឋធម្មនុញ្ញ ជាពិសេស ដែលយើងអនុលោមចេញពីសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា បានធ្វើឡើងក្រោយពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ អំពីសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ (ការដកសញ្ជាតិខ្មែរ) អាចធ្វើទៅបាន ។
សេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ លេខ ៤១/២០២៥ អ.កបធ.សជណ ចុះថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានខ្លឹមសារថា “អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៩:០០ នាទី នៅអគារ ស វិមានរដ្ឋចម្ការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ ពិភាក្សានិងរៀបចំសេចក្ដីក្រាបបង្គំទូលថ្វាយមតិចំពោះព្រះរាជសារ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្ដីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ ក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន»។
ទោះបីយ៉ាងណា ក្រោយបានឃើញសេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ខាងលើនេះ អ្នកនយោបាយប្រឆាំង និងមជ្ឈដ្ឋានអ្នកវិភាគតាមដាននយោបាយ និងសង្គមមួយចំនួន បានលើកឡើងថា ការដកសញ្ជាតិខ្មែរ មិនអាចធ្វើទៅបានទេ ព្រោះបុគ្គលគ្រប់រូប មានសិទ្ធិមានសញ្ជាតិ ក្នុងនាមជាសមាជិកនៃរដ្ឋជាក់លាក់មួយ។
លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ និងជាអតីតអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសព្វថ្ងៃកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងក្នុងន័យប្រតិកម្ម តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ថា “ក្តៀនយោបល់ហើយខ្ញុំ! ក្រុមប្រឹក្សាធម្មនុញ្ញ ថា “អាចធ្វើទៅបាន”។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញសព្វថ្ងៃនេះ គឺអតីតគ្រូរបស់ខ្ញុំផងដែរ។ មានតែមួយទេ លើលោកនេះ គឺមាតុភូមិកម្ពុជា នៃខ្ញុំ។ សូមអនុមោទនា…!“ ។

ចំណែកលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ថា ការប៉ុនប៉ងធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខែ្មរ ដែលក្រុមប្រឹក្សាធម្មនុញ្ញ ថាអាចធ្វើបាននេះ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដែលលោកមិនគាំទ្រនោះទេ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! យើងដឹងហើយ ក្រុមប្រឹក្សាធម្មនុញ្ញហ្នឹង ថ្ងៃនេះ (២ កក្កដា) បានប្រជុំ ហើយបកស្រាយថា រដ្ឋសភាហ្នឹង អាចធ្វើវិសោធនកម្មទៅលើមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញបាន ។ យើងដឹងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នទីងមោង ឬក៏ស្ថាប័នប្រថាប់ត្រាតែប៉ុណ្ណោះឯង ហើយការប៉ុនប៉ងធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខែ្មរនោះ ដែលក្រុមប្រឹក្សាធម្មនុញ្ញ បើកផ្លូវឲ្យរដ្ឋសភា ធ្វើហ្នឹង ខ្ញុំយល់ថា គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ហើយយើងដឹងហើយ រដ្ឋសភាកម្ពុជា គឺជារដ្ឋសភាដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំ២០២៣ ដោយការបោះឆ្នោតហ្នឹងបោះឆ្នោតបង្រ្គប់កិច្ច អត់មានគណបក្សប្រឆាំងពិតប្រាកដចូលរួមផងហ្នឹង គណបក្សភ្លើងទៀនក៏អត់ គណបក្សសង្រ្គោះជាតិ ក៏អត់ ។ ដូច្នេះនៅពេលដែលរដ្ឋសភាខុសច្បាប់នោះ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាហ្នឹងគឺជាទង្វើខុសច្បាប់ហើយ ។ ដូច្នេះលោកហ៊ុន សែន ចង់ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហ្នឹង ដើម្បីបើកផ្លូវឲ្យធ្វើច្បាប់ដកសញ្ជាតិខ្មែរពីកំណើត ហើយផ្ដល់សញ្ជាតិខ្មែរហ្នឹង ទៅឲ្យជនជាតិវៀតណាម ជំនួសវិញ ដើម្បីសម្រេចបំណងរបស់ហូ ជីមិញ នៃដំណើរឆ្ពោះមកទិសខាងលិច របស់ហូ ជីមិញ ហ្នឹង ដើម្បីទៅបង្កើតសហព័ន្ធឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម ឡាវ ជាប្រទេសតែមួយ នៅពេលអនាគត ព្រោះគាត់ធ្វើទុកឲ្យហើយ សុំទោស ពេលគាត់ស្លាប់ទៅ គាត់មិនបានធ្វើ អ៊ីចឹងគាត់មិនអាចសម្រេចក្ដីសុបិនរបស់ហូ ជីមិញ ក្នុងការបង្កើតសហព័ន្ធឥណ្ឌូចិន ។ ដូច្នេះខ្ញុំយល់ថា ការដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើតនេះ គឺជាអំពើប្រល័យពូជសាសន៍មួយ ហើយគឺជាការរំលាយជាតិសាសន៍ខ្មែរ ឲ្យសាបសូន្យ លុបបំបាត់ពូជសាសន៍ខ្មែរ ឲ្យសាបសូន្យ ដើម្បីផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម បង្កើតសហព័ន្ធឥណ្ឌូចិន ដោយយកម្ពុជា វៀតណាម ឡាវ ហ្នឹង ដាក់ទៅជាប្រទេសតែមួយ“ ។

ចំណែកលោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា “ មាត្រា១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ចែងថា : “មនុស្សគ្រប់រូប មានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មាននរណាម្នាក់ត្រូវដកហូតសញ្ជាតិ តាមអំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្តូរសញ្ជាតិបានឡើយ” ។ ក្នុងន័យនេះ បុគ្គលគ្រប់រូប មានសិទ្ធិមានសញ្ជាតិដែលផ្តល់ឱ្យពួកគេនូវការទទួលស្គាល់ និងការការពារស្របច្បាប់ ក្នុងនាមជាសមាជិកនៃរដ្ឋជាក់លាក់មួយ“ ។

ដោយឡែក លោកវ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា ក្នុងករណីដែលអ្នកកាន់អំណាច នៅតែចិញ្ចឹមចិត្តនៅក្នុងការធ្វើវិសោធនកម្មមាត្រាមួយនេះ (មាត្រា៣៣) អ្នកកាន់អំណាច អាចមានលទ្ធភាពពេញលេញនៅក្នុងការធ្វើវា ដោយមិនមានឧបសគ្គប្រឈមអ្វីនោះទេ ក៏ប៉ុន្តែបើមើលទៅលើចំណុចមួយចំនួន ដូចក្នុងករណីដែលថា រដ្ឋធម្មនុញ្ញមួយ ត្រូវបានធ្វើវិសោធនកម្មច្រើនពេក វានឹងប៉ះពាល់ទៅដល់គុណតម្លៃ និងឧត្ដមភាពនៃរដ្ឋធម្មនុញ្ញនោះ ហើយការដកសញ្ជាតិរបស់ជនជាតិខ្មែរ ដែលមានសញ្ជាតិខ្មែរ គឺវាខុសអំពីការដកសញ្ជាតិជនបរទេសដែលមានសញ្ជាតិខ្មែរ ។

លោកវ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ក្នុងករណីដែលអ្នកកាន់អំណាច នៅតែចិញ្ចឹមចិត្តនៅក្នុងការធ្វើវិសោធនកម្មមាត្រាមួយនេះ ខ្ញុំយល់ឃើញថា អ្នកកាន់អំណាច គឺអាចមានលទ្ធភាពពេញលេញនៅក្នុងការធ្វើវា ដោយមិនមានឧបសគ្គប្រឈមអ្វីនោះទេ ក៏ប៉ុន្តែបើយើងមើលទៅលើចំណុចមួយចំនួនដូចក្នុងករណីដែលថា រដ្ឋធម្មនុញ្ញមួយ ត្រូវបានធ្វើវិសោធនកម្មច្រើនពេក វានឹងប៉ះពាល់ទៅដល់គុណតម្លៃ ហើយនិងឧត្ដមភាពនៃរដ្ឋធម្មនុញ្ញនោះ ។ ទី២ ការដកសញ្ជាតិរបស់ជនជាតិខ្មែរ ដែលមានសញ្ជាតិខ្មែរ គឺវាខុសអំពីការដកសញ្ជាតិជនបរទេសដែលមានសញ្ជាតិខ្មែរ ។ អ៊ីចឹងត្រង់ករណីនេះ វាអាចជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់ជាតិសាសន៍មួយ ហើយជាពិសេសនោះ គឺទៅលើស្មារតីដើមនៃរដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋខ្មែរ គឺមិនអាចត្រូវបានដកសញ្ជាតិ ឬក៏និរទេសនោះទេ ។ ចំណុចទី៣ ខ្ញុំមើលឃើញពីចេតនានៃការចង់ធ្វើវិសោធនកម្មនេះ ទំនងជាជាការបន្លាចទៅនឹងក្រុមចលនាប្រឆាំងនៅក្រៅប្រទេស ដើម្បីកុំឲ្យប្រើឱកាសនេះ នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយខាងភាគីថៃ ដូចយើងដឹងហើយថា ក្នុងទំនាក់ទំនងថៃ ហើយនិងកម្ពុជា កំពុងតែមានភាពរកាំរកូស ។ ដូច្នេះងាយណាស់ ដែលភាគីថៃ នឹងបោះដៃទៅឲ្យក្រុមចលនាប្រឆាំងនៅក្រៅប្រទេស ដើម្បីប្រើប្រាស់នូវទឹកដីរបស់ខ្លួន នៅក្នុងការតស៊ូមតិ ហើយវាក៏ជាបញ្ហាប្រឈម ហើយនិងក្ដីកង្វល់ធំសម្រាប់អ្នកកាន់អំណាចនៃគណបក្សប្រជាជនកម្ពុជា ផងដែរ ។ មួយវិញទៀត បើយើងមើលទៅលើជ្រុងនយោបាយ គោលបំណងនៃការធ្វើវិសោធនកម្មច្បាប់សញ្ជាតិ ដែលអាចអនុញ្ញាតដកសញ្ជាតិពីជនជាតិខ្មែរបាននេះ វានឹងក្លាយទៅជាឧបករណ៍នយោបាយមួយដ៏ស័ក្ដិសិទ្ធិ ដើម្បីរាំងខ្ទប់នូវវត្តមាននយោបាយរបស់គណបក្សប្រឆាំង ត្រលប់មកកាន់សង្វៀននយោបាយនៅកម្ពុជា ឡើងវិញ ដូចក្នុងឆ្នាំ២០១៣ ឬក៏២០១៧ ។ ក៏ប៉ុន្តែបើយើងមើលអំពីផលប៉ះពាល់ក្នុងរយៈពេលវែង ពិតណាស់ ច្បាប់នេះ នឹងក្លាយទៅជាអាវុធមួយនៅក្នុងការកម្ទេចនូវសិទ្ធិមនុស្ស ឬក៏ជាច្បាប់មួយដែលមានគោលដៅរំលាយទៅដល់ជាតិសាសន៍ខ្លួនឯង “ ។
សូមបញ្ជាក់ថា នៅក្នុងមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានចែងថា «ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯងបរទេស ត្រូវបានរដ្ឋគាំពារ ។ ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់» ៕ កុលបុត្រ