Friday, April 19, 2024
Homeព័ត៌មានជាតិញត្តិ​បក្ស​ប្រឆាំង​ក្រសួង​មហា​ផ្ទៃ រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តី ៦​មឺុន​ស្នាម​មេ​ដៃ

ញត្តិ​បក្ស​ប្រឆាំង​ក្រសួង​មហា​ផ្ទៃ រក​ឃើញ​ភាព​មិន​ប្រ​ក្រ​តី ៦​មឺុន​ស្នាម​មេ​ដៃ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានធ្វើសន្និសីទ សារព័ត៌មាន ស្តីពីលទ្ធផលនៃការស្រាវជ្រាវ និងការធ្វើកោសល្យវិច័យលើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ  ដែលបានថ្វាយព្រះមហាក្សត្រ កាលពីពេលកន្លង ទៅ ដោយបញ្ជាក់ថា បានរកឃើញភាពមិនប្រក្រតីប្រមាណជាង៦ម៉ឺនស្នាមមេដៃ ដែល បានផ្តិតលើញត្តិទាំងនោះ។

អ្នកនាំពាក្យសួងមហាផ្ទៃ លោកខៀវ សុភ័គ បានថ្លែងនៅក្នុងសន្និសីទកាសែតនោះថា “នៅ ពេលនេះយើងនិយាយអំពីលទ្ធផលការធ្វើកោសល្យវិច័យរបស់គណបក្សសង្គ្រោះជាតិ ដើម្បី ស្រាវជ្រាវរកភាពមិនប្រក្រតីនៅលើញត្តិដែល គណបក្សសង្គ្រោះជាតិ បានដង្ហែថ្វាយព្រះមហាក្សត្រ។ ក្រសួងមហាផ្ទៃ តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មការស្រាវជ្រាវ។ តាមការដាក់ញត្តិរបស់គណបក្សសង្គ្រោះ- ជាតិ ញត្តិទាំងអស់នោះមាន១៨ដុំ មកពី២៥ រាជធានី-ខេត្ត និងមានឈ្មោះប្រជាពលរដ្ឋផ្តិត មេដៃ ចំនួន១៧៣១៤៥នាក់។ ប៉ុន្តែផ្អែកតាម ការពិនិត្យជាក់ស្តែងឃើញថា ញត្តិគឺមានចំនួន ១៨ដុំមែន និងមានឈ្មោះសរុបលើញត្តិតែ ១៦៦៦០៣នាក់។ តាមការផ្ទៀងផ្ទាត់ជាទូទៅ ឃើញថា ញត្តិខ្លះមានឈ្មោះ មានស្នាមមេដៃ  មានអាសយដ្ឋាន ខេត្ត-ក្រុង ស្រុក-ខណ្ឌ មាន ចំនួន១៤២៦៥០នាក់។ ដោយឡែកមានឈ្មោះ មានស្នាមមេដៃ តែគ្មានអាសយដ្ឋានសោះ មាន ចំនួន២៦៩៥៣នាក់។ ពាក់ព័ន្ធករណីនេះ ខ្ញុំសុំ បញ្ជាក់ពីបាតុភាពមួយចំនួន ដែលបានកើតឡើង យើងឃើញថា សកម្មជនមួយចំនួន ឬក៏មន្ត្រី ថ្នាក់ឃុំ-ស្រុកមួយចំនួន បានធ្វើការបំផុស និង ប្រើល្បិចលួងលោមប្រជាពលរដ្ឋនៅតាមភូមិ -ឃុំ ឱ្យផ្តិតមេដៃលើញត្តិ ដោយពលរដ្ឋមួយចំនួនបានផ្តិតមេដៃលើញត្តិ ដោយពុំបានយល់ពី ខ្លឹមសារទេ ដោយមិនយលពីគោលបំណង ខ្លះ ទៀតមិនចេះអក្សរ គឺគាត់ជឿតាមពាក្យដុក របស់អ្នកដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ដោយប្រាប់គាត់ផ្តិតមេដៃសុំជំនួយ…”។

លោកខៀវ សុភ័គ បន្តថា “សកម្មភាព អាជ្ញាធរមូលដ្ឋាន ក៏បានពន្យល់ប្រាបគាត់ឱ្យ យល់ពីបញ្ហាហ្នឹង ហើយស្នើសុំឱ្យសកម្មជន គណបក្សសង្គ្រោះជាតិ លោកបញ្ឈប់បោកប្រាស់ ពលរដ្ឋតទៅទៀត។ ជាលទ្ធផលឃើញថា យើង បានអញ្ជើញសកម្មជនរបស់គាត់ចំនួន៣៥១នាក់ មកធ្វើការអប់រំ។ បន្ទាប់ពីមានការផ្សព្វផ្សាយ អប់រំជូនប្រជាពលរដ្ឋ មានប្រជាពលចំនួន១២៧ នាក់ ក្នុងនោះមានស្រី៧៥នាក់ បានចេញមក ប្តឹងចំពោះអំពើបោកប្រាស់គណបក្សសង្គ្រោះជាតិ ហើយប្តឹងបដិសេធលើស្នាមមេដៃរបស់ ខ្លួន…”។

លោកខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា មានស្នាមមេដៃខ្លះដដែលៗ ផ្តិតលើញត្តិឈ្មោះ ផ្សេងគ្នារហូតដល់៨៨ស្នាមមេដៃ រីឯមនុស្ស ៤៣នាក់ ផ្តិតមេដៃម្នាក់១០ដង និងមនុស្ស ១០៣១៣នាក់ គ្មានអាសយដ្ឋានក្នុងមូលដ្ឋាន ដែលទង្វើរបស់គណបក្សសង្គ្រោះជាតិ បោកប្រាស់ប្រជាពលរដ្ឋបែបនេះ ជាការប្រមាថដល់ អង្គព្រះមហាក្សត្រ។

នាយឧត្តមសេនីយ៍ កង សុខន អនុប្រធាន គណៈកម្មការស្រាវជ្រាវស្នាមមេដៃ បានបញ្ជាក់ ដែរថា ក្រសួងមហាផ្ទៃនឹងចាត់ឱ្យអគ្គស្នងការ នគរបាលជាតិ ស៊ើបអង្កេតបន្ត លើលទ្ធផលនៃ ការស៊ើបអង្កេតរបស់គណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ របស់ក្រសួងមហាផ្ទៃ។

ទោះយ៉ាងណា ជាការឆ្លើយតប លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទទួលយកលទ្ធផលដែលក្រសួងមហាផ្ទៃ បានបង្ហាញអំពីការស្រាវជ្រាវ និងធ្វើកោសល្យវិច័យស្នាមមេដៃលើញត្តិនោះទេ ព្រោះពុំមាន តម្លាភាព ដោយសារគ្មានការចូលរួមពីគណបក្ស៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES