Friday, July 4, 2025
Homeព័ត៌មានជាតិដកហូតសញ្ជាតិខ្មែរ អ្នកវិភាគថា មិនអាចអនុវត្តលើជនជាតិខ្មែរ មានសញ្ជាតិខ្មែរពីកំណើត

ដកហូតសញ្ជាតិខ្មែរ អ្នកវិភាគថា មិនអាចអនុវត្តលើជនជាតិខ្មែរ មានសញ្ជាតិខ្មែរពីកំណើត

ភ្នំពេញ ៖ អ្នកវិភាគ អ្នកច្បាប់ អ្នកតាមដានសង្គម អ្នកតស៊ូមតិ និងអ្នកឃ្លាំមើលកម្ពុជា បានលើកឡើងថា ជនជាតិខ្មែរ មានសញ្ជាតិខ្មែរពីកំណើត មិនអាចដកហូតសញ្ជាតិខ្មែរ បាននោះទេ ព្រោះវាប្រឆាំងនឹងច្បាប់សញ្ជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះមុនពេលសម្រេចចិត្តធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា លើចំណុចនេះ គួរពិចារណាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ឲ្យបានគ្រប់ជ្រុងជ្រោយ ។

លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា “ការដកហូតសញ្ជាតិខ្មែរ ៖ ការដកហូតសញ្ជាតិខ្មែរ អាចអនុវត្តបានតែចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ តាមរយៈការផ្ដល់សញ្ជាតូបនីយកម្ម បើបានរកឃើញថា ធ្លាប់ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់ដល់កិត្តិយសជាតិខ្មែរ។ សម្រាប់ជនជាតិខ្មែរ ដែលមានសញ្ជាតិតាំងពីដើមកំណើត មិនអាចដកហូតសញ្ជាតិបានឡើយ ព្រោះវាប្រឆាំងនឹងច្បាប់សញ្ជាតិ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅមុនពេលសម្រេចចិត្តកែរដ្ឋធម្មនុញ្ញកម្ពុជា លើចំណុចនេះ គួរពិចារណាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅក្នុងការដកហូតសញ្ជាតិនេះ មិនមែនជារឿងមួយដែលត្រូវធ្វើនៅក្នុងស្ថានភាពនេះទេ ហើយបញ្ហាទាំងអស់នេះ គួរតែធ្វើការពិចារណាដោយឈរទៅលើភាពចាស់ទុំ និងពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយ ទាក់ទងជាមួយរដ្ឋធម្មនុញ្ញ ព្រោះការកែរដ្ឋធម្មនុញ្ញ ញឹកញាប់ពេក ក៏មិនមែនជាជម្រើសល្អសម្រាប់ប្រទេសជាតិមួយដែរ ។ អ្វីសំខាន់ គួរធ្វើប្រជាមតិពីសំណាក់ប្រជាពលរដ្ឋ ដោយឈរទៅលើគោលការណ៍ស្មើភាព តម្លាភាពជាមុនសិន ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ទាក់ទងជាមួយនឹងការដកហូតសញ្ជាតិនេះ ខ្ញុំគិតថា បើសិនជាដកចំពោះជនបរទេសដែលមកស្នើសុំសញ្ជាតិខ្មែរ ហើយគាត់បានទទួលហើយ ប៉ុន្តែគាត់ត្រូវបានរកឃើញថាមានទោសកំហុសណាមួយដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជាតិ ហើយគាត់មិនអាចអនុវត្ត ឬក៏គាត់ប្រព្រឹត្តអំពើណាមួយដែលល្មើសពីច្បាប់ជាតិ និងអន្តរជាតិ គឺគួរតែពិចារណានៅក្នុងការដកសញ្ជាតិ ហើយចំពោះជនជាតិខ្មែរ ដែលកើតមកមានសញ្ជាតិពីកំណើតទៅហើយ ហើយបើសិនជាក្នុងករណីយើងព្យាយាមកែរដ្ឋធម្មនុញ្ញ បើសិនជាក្នុងករណីទៅបង្កើតច្បាប់ណាមួយ ដោយដកហូតសញ្ជាតិរបស់គាត់ តើឲ្យគាត់ក្លាយទៅជាជនជាតិអ្វី? រស់នៅយ៉ាងម៉េច? អ៊ីចឹងបើសិនជាមនុស្សដែលត្រូវបានដកសញ្ជាតិ អ៊ីចឹងវាអត់ខុសអ្វីពីសត្វទេ អ៊ីចឹងក៏មិនអាចរស់នៅក្នុងសង្គមដែរ ពីព្រោះសង្គម នឹងមិនរាប់រក ហើយសង្គម ក៏មិនឲ្យតម្លៃដែរ ពីព្រោះមនុស្សគ្មានសញ្ជាតិ មិនដឹងថាជាជនជាតិអី ហើយមិនដឹងទៅធ្វើការអីយ៉ាងម៉េច ដើម្បីរស់នោះទេ ។ ដូច្នេះរាល់ចំណុចដែលសំខាន់ៗ ដែលពាក់ព័ន្ធជាមួយការដកសញ្ជាតិនេះ គួរតែពិចារណា ហើយគួរតែស្វែងរកមធ្យោបាយផ្សេង ហើយជាពិសេសនៅក្នុងច្បាប់របស់សង្គម និងប្រទេសជាតិរបស់យើង គឺវាមានរួចទៅហើយ នៅក្នុងការដាក់ទោសអ្នកដែលមានទោស រហូតដល់មានទោសក្បត់ជាតិ មានទោសធំៗជាច្រើនផ្សេងទៀត គឺត្រូវបានកំណត់ថា នឹងអាចមានការជាប់ពន្ធនាគារ អស់មួយជីវិតអីអ៊ីចឹងជាដើម“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅក្នុងការផ្លាស់ប្ដូរសញ្ជាតិ ឬក៏ដកហូតសញ្ជាតិនេះ គឺមិនមែនជារឿងមួយដែលត្រូវធ្វើនៅក្នុងស្ថានភាពនេះនោះទេ ហើយបញ្ហាទាំងអស់ហ្នឹងគួរតែធ្វើការពិចារណា ដោយឈរទៅលើភាពចាស់ទុំ ហើយនិងពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយ ទាក់ទងជាមួយរដ្ឋធម្មនុញ្ញ ការកែរដ្ឋធម្មនុញ្ញញឹកញាប់ពេក ក៏មិនមែនជាជម្រើសល្អសម្រាប់ប្រទេសជាតិមួយផងដែរ ។ ដូច្នេះគួរតែធ្វើការត្រិះរិះនិងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ហើយនិងធ្វើការសិក្សា ឬក៏ធ្វើប្រជាមតិពីសំណាក់ប្រជាពលរដ្ឋ ដោយឈរទៅលើគោលការណ៍ស្មើភាព តម្លាភាពជាមុនសិន ទើបអាចចាត់ទុកថាវាមានគុណតម្លៃសម្រាប់ការត្រិះរិះពិចារណា គួរតែបង្កើត ឬក៏មិនគួរបង្កើត ហើយបើសិនជាសម្រាប់ខ្ញុំ យល់ថា បញ្ហាក្នុងនាមជាជាតិសាសន៍រួមតែមួយ គួរតែអាចជជែកគ្នា គួរតែលើកបញ្ហាដាក់លើតុ មិនមែនជាការដាក់បន្ទុក ឬក៏ជាការទម្លាក់ ឬក៏ដកសញ្ជាតិ ដែលជាជនជាតិរបស់ខ្លួនឲ្យក្លាយទៅជាមនុស្សម្នាក់ដែលគ្មានសញ្ជាតិរបស់ខ្លួនដែលទទួលបានពីកំណើតដើមនោះទេ“ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គម បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា លោកមិនលើកទឹកចិត្តឲ្យមានការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរទេ ដោយមូលហេតុយើងមានច្បាប់ដទៃគ្រប់គ្រាន់សម្រាប់ដាក់ទោសទណ្ឌលើបុគ្គលដែលប្រព្រឹត្តខុសលើបញ្ហានេះរួចហើយ តែប្រសិនបើមានពេល គួរពិនិត្យលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់សម្រាប់ចូលសញ្ជាតិផង ព្រោះអាចមានភាពចន្លោះប្រហោងច្រើន ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកយោបល់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេស ក្នុងចេតនាបំផ្លាញជាតិ ប្រឆាំងនឹងប្រយោជន៍ជាតិ។ 

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ អំពីសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហើយជាលទ្ធផល បានអនុម័តយល់ព្រមចំនួន ០៩សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទាំងមូល ថាវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា៣៣ ដើម្បីដកសញ្ជាតិខ្មែរនោះ អាចធ្វើទៅបាន ។

ជុំវិញបញ្ហានេះ លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា “ផ្អែកលើមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ គ្មានបុគ្គលឬស្ថាប័នណាមួយ អាចដកសញ្ជាតិពលរដ្ឋខ្មែរពីកំណើតបានឡើយ។ ការប៉ុនប៉ងដកសញ្ជាតិ តាមរយៈការធ្វើវិសោធនកម្ម មិនត្រឹមតែរំលោភរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ថែមទាំងទាត់ចោលស្មារតីបង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរ ។ បើជោគជ័យពិត ទង្វើបែបនេះ ស្មើនឹង «ក្បត់ជាតិ» និង «បង្កការបែកបាក់ជាតិខ្មែរ» ហើយនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រជាតិខ្មែរ នាពេលអនាគត“ ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ជាកំហុសធ្ងន់ធ្ងរ៣ បើសិនជាកែប្រែមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ស្ដីពីការដកសញ្ជាតិខ្មែរ គឺទី១ ខុសពីក្រឹត្យក្រមធម្មជាតិ ទី២ ខុសពីគោលការណ៍ច្បាប់អន្តរជាតិ និងផ្ទុយស្មារតីរដ្ឋធម្មនុញ្ញដើម និងទី៣ ខុសពីកត្តាសត្យានុម័តរបស់សង្គម ។

លោកម៉ែន ណាត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា “ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានកោះប្រជុំបន្ទាន់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ រួចប្រកាសថា មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ស្តីពីការដកហូតសញ្ជាតិប្រជាពលរដ្ឋខ្មែរ «អាចធ្វើទៅបាន»។

យោបល់ ÷ សូមក្រុមមេដឹកនាំមានអំណាចនៅកម្ពុជា មេត្តាពិចារណាឡើងវិញ គឺមិនត្រូវកែប្រែរដ្ឋធម្មនុញ្ញ មាត្រា ៣៣ ជាដាច់ខាត។ ករណីរឿងនេះ បើនៅតែនាំគ្នាមានះតាមទំនើងចិត្ត កែប្រែមាត្រា ៣៣ មែននោះ គឺជាកំហុសធ្ងន់ធ្ងរ ÷

ទី១. បើកែប្រែមាត្រា ៣៣ គឺខុសពីក្រឹត្យក្រមធម្មជាតិ ពីព្រោះពលរដ្ឋខ្មែរ មានកំណើតនៅលើទឹកដីខ្មែរតាំងពីជីដូនជីតាមក និងមានឈាមជ័រជាខ្មែរ ដ៏យូរលង់ផង។ សូម្បីជនជាតិខ្មែរ រស់នៅបរទេស ហើយមានកូនៗកើតនៅបរទេស កូនៗរបស់ពួកគេ គឺទទួលបានសញ្ជាតិខ្មែរ ដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ដោយឡែក ៖ សូម្បីតែសត្វខ្លាដ៏កាចសាហាវ ក៏វាការពារពូជអំបូរវាដែរ។ សូម្បីតែសត្វកញ្ជ្រោង ក៏ដូចជាសត្វខ្លាផងដែរ គឺវាការពារពូជអំបូររបស់វាពេញលេញណាស់។ ដូច្នេះក្នុងន័យនេះ មនុស្សខ្មែរ ជាពិសេសមេដឹកនាំខ្មែរ រឹតតែត្រូវការពារពូជអំបូរខ្មែរគ្នាឯង និងខិតខំផ្សះផ្សាស្មារតីជាតិខ្មែរគ្នាឯង ខណៈពេលដែលបរទេសជិតខាង កំពុងមានល្បិចកលគ្រប់បែបយ៉ាង ក្នុងការឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា។

ទី២. បើកែប្រែមាត្រា ៣៣ គឺខុសពីគោលការណ៍ច្បាប់អន្តរជាតិ និងផ្ទុយស្មារតីរដ្ឋធម្មនុញ្ញដើម ជាពិសេសនៅត្រង់កថាខណ្ឌទី៣ នៃបុព្វកថា ដែលតម្រូវឲ្យ «មានការឯកភាពជាតិរវាងខ្មែរនិងខ្មែរ រួមគ្នាការពារបូរណភាពទឹកដី ឲ្យស្ថិតស្ថេររុងរឿង»។

ទី៣. បើកែប្រែមាត្រា ៣៣ គឺខុសពីកត្តាសត្យានុម័តរបស់សង្គម។ រឿងនេះ មិនមែនចេះតែអត្តនោម័តដូចការលើកឡើងរបស់មេបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីចុងសប្តាហ៍មុននោះទេ ពីព្រោះថា លោក ហ៊ុន សែន ក៏ជាពលរដ្ឋខ្មែរ តាំងពីជីដូនជីតា រីឯពលរដ្ឋខ្មែរ ដទៃទៀត ក៏ជាពលរដ្ឋខ្មែរ តាំងពីជីដូនជីតាដូចគ្នាដែរ។ ដូច្នេះសិទ្ធិទទួលបានសញ្ជាតិខ្មែរនេះ គឺជាកត្តាតំណពូជរបស់ខ្មែរ មិនត្រូវបានដកហូតតាមទំនើងចិត្តឡើយ។ នោះគឺកត្តាសត្យាអនុម័តរបស់សង្គម ដែលមិនអាចបដិសេធបានទេ“ ៕ កុលបុត្រ

RELATED ARTICLES