Thursday, April 25, 2024
Homeព័ត៌មានជាតិជន​ជាតិ​ដើម​ភាគ​តិច អំពាវ​នាវ​ឱ្យ គោរព​សិទ្ធិ​ដីធ្លី

ជន​ជាតិ​ដើម​ភាគ​តិច អំពាវ​នាវ​ឱ្យ គោរព​សិទ្ធិ​ដីធ្លី

ភ្នំពេញ ៖ ជនជាតិដើមភាគតិច កាលពី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ធ្វើសន្និសីទសារ ព័ត៌មាន និងចេញសេចក្តីថ្លែងការណ៍ អំពាវនាវ ឱ្យមានការគោរពសិទ្ធិដីធ្លីជាបន្ទាន់ ដោយបាន លើកឡើង២ប្រធានបទ គឺទី១ ផលប៉ះពាល់ ពីគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងជនជាតិដើមភាគតិច និងទី២ ការបណ្តេញជនជាតិដើមភាគតិចកួយដោយបង្ខំ និងប្រើអំពើហិង្សានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅ ទីតាំងតំបន់អូរពង្រ ភូមិបុះធំ ឃុំប្រមេរ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ។

ជាដំបូង នៃសន្និសីទសារព័ត៌មាននោះ តំណាងសហគមន៍ជនជាតិដើមភាគតិច បានឡើង អានសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដែលមានខ្លឹមសារថា “ជាបឋម យើងខ្ញុំសូមអរព្រះគុណ និងអរគុណព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដែលបានដាក់បញ្ចូលសិទ្ធិជនជាតិដើមភាគតិច ទៅក្នុងច្បាប់ និងគោលនយោបាយ និងបាន អនុវត្តរហូតមកដល់ពេលនេះ។

ចាប់តាំងពីឆ្នាំ២០០១មក រាជរដ្ឋាភិបាល បែរជាកំណត់គោលនយោបាយ ចាត់ទុកថា សហគមន៍ ជនជាតិដើមភាគតិច ជាក្រុមមនុស្ស រស់នៅលើដីរដ្ឋ (ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ) នៅមុនពេលទទួលបានបណ្ណ កម្មសិទ្ធិដីសមូហភាព។

យោងតាមមាត្រា៣៤ ភូមិបាល ជនដែល រស់នៅលើដីរដ្ឋខុសច្បាប់ អាចមានទោសតាម មត្រា២៥៩។ តាមការសម្រេចក្នុងគោលនយោ បាយនេះ វាជាការរើសអើងដោយផ្ទាល់ និង បានប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ការសម្រេចផ្នែក គោលនយោបាយ គឺដូចជាការបដិសេធសិទ្ធិ ប្រពៃណី ក្នុងការកាន់កាប់ដីនិងប្រើប្រាស់ជា លក្ខណៈប្រពៃណី ហើយបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សិទ្ធិស្វ័យសម្រេចក្នុងការអភិវឌ្ឍក្នុងសហគមន៍របស់ខ្លួន។

ក្នុងពេលរង់ចាំនីតិវិធីចុះបញ្ជីដីជាកម្មសិទ្ធិ សមូហភាព តាមគោលនយោបាយបច្ចុប្បន្ន នេះ សហគមន៍ជនជាតិដើមភាគតិចច្រើនណាស់ ដែលរងផលប៉ះពាល់ដោយការលក់ដូរ ឬផ្ទេរសិទ្ធិ លើដីសហគមន៍ទៅឱ្យអ្នកខាងក្រៅ ដែលសហគមន៍ទាំងនោះ ប្រឈមនឹងការបាត់បង់សង្គម វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ពួកគេ ក្រោយបាត់បង់សិទ្ធិដីធ្លីជាសហគមន៍។

បច្ចេកទេសនៃការចុះបញ្ជីបច្ចុប្បន្ន បាន បង្រួញសិទ្ធិប្រពៃណី និងទំនៀមទម្លាប់កាន់ កាប់ និងប្រើប្រាស់ដីជាសមូហភាព ដែលធានា ដោយច្បាប់ភូមិបាល និងច្បាប់ស្តីពីព្រៃឈើ ដូចជាការកម្រិតសិទ្ធិជំនឿសហគមន៍ជនជាតិ ដើមភាគតិច មកនៅត្រឹម៧ហិកតារ ជាដើម។

ប៉ះពាល់ដល់សិទ្ធិទទួលបានសំណងសម  ស្របជាមុន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាល នៅពេលដែលសិទ្ធិលើដី របស់ខ្លួន មានការប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ នានារបស់វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាល។ ដោយសារតែដីសមស្របចុះបញ្ជីជាដីរដ្ឋ ពួកគាត់ មិនមានសិទ្ទិទាមទារសំណងពីការខូចខាតសិទ្ធិ ទាំងនោះ តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

សំណើ និងការទាមទារ សុំឱ្យរាជរដ្ឋាភិបាល ពិនិត្យឡើងវិញ នូវការសម្រេចផ្នែកគោល នយោបាយ ដែលបានប៉ះពាល់ដល់សិទ្ធិជនជាតិ ដើមភាគតិច កន្លងមកនេះ និងទាមទារសំណង ដល់សមាជិកសហគមន៍ទាំងអស់ ដែលបាន ទទួលរងផលប៉ះពាល់ពីការអនុវត្តគោលនយោបាយនេះ ដូចខាងក្រោម ៖

.គោលនយោបាយ ត្រូវចាត់ទុក “សង្គម សហគមន៍ជនជាតិដើមភាគតិច ជាសង្គមអចិន្ត្រៃយ៍” ដែលមិនមែនជាសង្គមបណ្តោះអាសន្ន ដែលត្រូវធ្វើសមាហរណកម្មរួចរលាយខ្លួនបាត់ ដោយគោលនយោបាយ និងការអភិវឌ្ឍនោះ ឡើយ។

.ចេញបណ្ណសម្គាល់កម្មសិទ្ធិសមូហភាព (ប្លង់ដីកម្មសិទ្ធិសមូហភាព) ក្នុងរូបភាពជាផែន ទីសហគមន៍ បង្ហាញពីផែនដីសហគមន៍ទាំងមូល រួច សឹមកាត់ចំណែកឯកជនចេញជាក្រោយ រួមទាំងការកំណត់ទំហំដី ដែលស្ថិតក្នុងនិយមន័យ ជាដីសាធារណៈរបស់រដ្ឋជាក្រោយ។

ទទួលស្គាល់សិទ្ធិភោគ ៖ (កាន់កាប់) ជាលក្ខណៈសហគមន៍រួមគ្នា ក្នុងដែនដីរបស់ ពួកយើងខ្ញុំក្នុងពេលមិនទាន់មានបណ្ណកម្មសិទ្ធិ ដីសមូហភាព។ សុំទាមទារដាក់បញ្ចូលព្រៃ សហគមន៍ ដែលជាដីសាធារណៈរបស់រដ្ឋក្នុង តំបន់នោះក្នុងផែនទីបណ្ណកម្មសិទ្ធិដីសមូហភាព ដូចមានចែងក្នុងមាត្រា៣៧ នៃច្បាប់ស្តីពីព្រៃ ឈើ។

ធានាសិទ្ធិទទួលបានសំណងសមស្រប និងមានការព្រមព្រៀងតាមច្បាប់ក្នុងករណីមាន ការប៉ះពាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផល សេដ្ឋកិច្ច និងសិទ្ធិភោគៈលើដីជាសហគមន៍ របស់ជនជាតិដើមភាគតិច។

រាជរដ្ឋាភិបាល ត្រូវតែផ្អាកសកម្មភាព របស់ក្រុមហ៊ុនទាំងឡាយណា ដែលកំពុងតែ បង្កផលប៉ះពាល់ដល់សិទ្ធិលើដីធ្លី សេដ្ឋកិច្ច សង្គមកិច្ច និងសិទ្ធិវប្បធម៌។

ទាមទារឱ្យរាជរដ្ឋាភិបាល ទទួលខុសត្រូវ និងសងរាល់ការខូចខាតដែលបានកើតចេញពី ការអនុវត្តគោលនយោបាយរបស់ខ្លួនកន្លងមក រហូតដល់ពេលបច្ចុប្បន្ននេះ”។

បន្ថែមលើសេចក្តីថ្លែងការណ៍រួមខាងលើ នេះ តំណាងសហគមន៍ជនជាតិដើមភាគតិច ទាំងនោះ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា ពួកគាត់ពិតជាត្រូវឱ្យរាជរដ្ឋាភិបាល ដោះស្រាយជូនពួកគាត់ ដើម្បីឱ្យពួកគាត់បាន រស់នៅដោយយុត្តិធម៌។

អ្នកស្រីទេព ទីម ជនជាតិដើមភាគតិច កួយ មកពីសសហគមន៍ប្រមេរ ខេត្តព្រះវិហារ បានបញ្ជាក់ថា សហគមន៍ពួកគាត់រស់នៅលើ ដីរបស់ខ្លួន តាំងពីដូនតាមក មិនគួរណារាជរដ្ឋាភិបាលថា ពួកគាត់រស់នៅលើដីរដ្ឋនោះទេ ហើយបានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគស្ករអំពៅ ធ្វើឱ្យរងផលប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់។

អ្នកស្រីទេព ទីម មានប្រសាសន៍ថា “ឃុំ ប្រមេររបស់យើងខ្ញុំ រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ១គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដីសម្បទានសេដ្ឋកិច្ច ឱ្យក្រុមឡាំហ្វេង រ៉ូយហ្វេង បង្ក ផលប៉ះពាល់ជនជាតិដើមភាគតិច ធ្វើឱ្យបាត់ បង់មុខរបរស្រែចម្ការ ព្រៃជំនឿ ព្រៃរុករកផល អនុផលព្រៃឈើ ហើយនិងមានការគំរាមកំហែង ប្រជាពលរដ្ឋ ប្រមាថ វ៉ៃដាក់ខ្នោះ ចាប់បោះដាក់ ឡាន ដូចជាករណីថ្មីៗនេះ មានការរើរុះផ្ទះ ហើយនិងប្រើអំពើហិង្សាទៅលើស្ត្រីភេទ។ នេះ ជាការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរអំពីសំណាក់អាជ្ញាធរ ថ្នាក់ក្រោមជាតិ។ អ៊ីចឹងអ្វីដែលខ្ញុំនិយាយថ្ងៃ នេះ ជារឿងពិត ចង់ឱ្យសាធារណជនទាំងអស់ បានដឹងឮពីអ្វីដែលជនជាតិដើមភាគតិចបាន បង្ហាញអំពីជីវភាព វប្បធម៌ សេដ្ឋកិច្ច ទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណ ហើយនិងសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ ដីធ្លី និងការប្រឈម។ អ៊ីចឹងសង្ឃឹមថា យើងនឹងទទួលបានគំនិត និង ការគាំទ្រថ្មីៗពីសារធាណជនទាំងអស់ ដើម្បី អភិវឌ្ឍន៍ជនជាតិដើមភាគតិច។ រាជរដ្ឋាភិបាលមិន ត្រូវបណ្តេញចេញជនជាតិដើមភាគតិច ដែល រស់នៅលើដីរបស់ខ្លួននោះទេ ព្រោះជនជាតិ ដើមភាគតិចជាកុលសម្ព័ន្ធ ដែលរស់នៅតំបន់ ព្រៃភ្នំជាយូរលង់មកហើយៗយើងមិនដែលព្រួយ បារម្ភថា យើងនឹងអស់ដី អស់ព្រៃ ហើយយើង នឹងបាត់បង់វប្បធម៌ទេ យើងតែងតែស្រមៃថា ជនជាតិដើមភាគតិច នឹងមានភាពរីកចម្រើន គង់វង្ស ស្ថិតស្ថេរជារៀងរហូតទៅ។ ប៉ុន្តែរូបភាពផ្សេងៗដែលពួកខ្ញុំបានធ្វើកន្លងមក  ពិសេស ឃុំប្រមេរ តាំងពីឆ្នាំ២០១២ រហូតដល់២០១៦ នេះ គឺយើងមានការចរចាច្រើនជាមួយក្រុមហ៊ុន ការទប់ស្កាត់បទល្មើស ការឈូសឆាយ ការជួប ព្រះរាជអាជ្ញា តុលាការ ដាក់ពាក្យបណ្តឹង មាន ការដោះស្រាយ ជួបអភិបាលខេត្ត ជួបតំណាងរាស្ត្រ ដើម្បីរកដំណោះស្រាយឱ្យជនជាតិដើម ភាគតិចយើងខ្ញុំ គឺគ្មានទេ។ អ៊ីចឹងសង្ឃឹមថា សំឡេងរបស់ជនជាតិដើមភាគតិច នាថ្ងៃនេះ នឹងលេចឮដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីទទួលបានមកវិញនូវដំណោះស្រាយសមស្របដែលពួកខ្ញុំ នឹងអាចទទួលយក បាន”។

អ្នកស្រីសាឡាង ជាជនជាតិដើមភាគ តិចព្នង នៃសមាគមព្នង មកពីតំបន់រងគ្រោះ សេសាន ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ពួកគាត់ ត្រូវគេបណ្តេញចេញ តែពួកគាត់មិនព្រមចាក ចេញនោះទេ ព្រោះថា ដីដែលេពួគាត់ធ្លាប់រស់នៅ ល្អបំផុត សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត និងទុកឱ្យកូនចៅជំនាន់ក្រោយ។

អ្នកស្រីសាឡាង មានប្រសាសន៍ថា “ទីទួលសុវត្ថិភាពរដ្ឋថា ជាដីរបស់រដ្ឋ ហើយពួក គាត់ហ្នឹងជាម្ចាស់ដែនដីកំណើតនៅទីនោះ ប្រែ ទៅរស់នៅលើដីរដ្ឋ ប្រៀបដូចជាសត្វស្វា។ ទោះរាជរដ្ឋាភិបាល បង្កើតទំនប់វារីអគ្គិសនីសេសានក្រោម២ក៏ដោយ ក៏ពួកគាត់សុខចិត្តស្លាប់ នៅតំបន់ចាស់ ហើយនិងមិនព្រមប្រគល់ទ្រព្យសម្បត្តិ ដែលពួកគាត់ធ្លាប់មានកន្លងមក ទៅឱ្យ ក្រុមហ៊ុន និងរាជរដ្ឋាភិបាល បណ្តេញចេញដោយ បង្ខំដោយមិនបានឯកភាពពីពួកគាត់នោះឡើយ”។

អ្នកស្រីយឹម ម៉ាណេ ប្រធានអង្គការជនជាតិដើមភាគតិច បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនគួរកំណត់ដីព្រៃអារក្ស និងដីព្រៃកប់ខ្មោច របស់សហគមន៍ជនជាតិដើមភាគតិចនោះទេ គឺគួរទុកឱ្យមានជាក់ស្តែង។

អ្នកស្រីយឹម ម៉ាណេ មានប្រសាសន៍ថា “យើងស្វាគមន៍រាល់កា់រអភិវឌ្ឍទៅដល់ជនជាតិដើមភាគតិច ដើម្បីឱ្យរស់នៅមានសេចក្តីសុខ មានសេចកក្តីថ្លៃថ្នូរ មានសុខភាព មាន ជីវភាពរស់នៅសមរម្យ ក៏ប៉ុន្តែយើងក៏មិនចង់ ឃើញមានការបាត់បង់ដី។ ដូច្នេះសុំសំណូមពរ ទៅដល់រាជរដ្ឋាភិបាល នៅពេលអភិវឌ្ឍន៍ត្រូវ ធានាថា មិនមានប៉ះពាល់ទៅដល់ពួកគាត់ធានា ថា បញ្ចៀសផលប៉ះពាល់ ហើយមានការអភិវឌ្ឍ ទៅទទួលបានយើងទាំងអស់គ្នា”។

មេធាវីជនជាតិដើមភាគតិច លោកសេក សុភ័ណ បញ្ជាក់ថា លោកនឹងជួយព្យាយាម ជួយអន្តរាគមន៍ពីរឿងនេះ ព្រោះលោកមើល ឃើញថា ជនជាតិដើមពិតជាទទួលរងគ្រោះខ្លាំង នៃគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

លោកសេក សុភ័ណ មានប្រសាសន៍ថា “ការយល់ឃើញរបស់ខ្ញុំ គោលនយោបាយនេះ ចាត់ទុកជនជាតិដើមភាគតិចទាំងអស់ នៅក្នុង ព្រះរាជណាចក្រកម្ពុជា ជាក្រុមអត់មានសិទ្ធិ លើដី ប្រសិនបើរដ្ឋមិនទាន់ប្រគល់កម្មសិទ្ធិឱ្យ។ អ៊ីចឹង គោលនយោបាយនេះ មានបញ្ហាផ្លូវច្បាប់ និងបញ្ហាសិទ្ធិមនុស្សដែលនាំឱ្យជះឥទ្ធិពលអវិជ្ជមានខ្លាំងទៅលើសិទ្ធិ ជាពិសេសសិទ្ធិជាសមូហភាព ក៏ដូចជាសិទ្ធិឯកជនរបស់ពួកគាត់”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES