Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិដំណាច់​ត្រី​មាស​ទី៣ តម្រូវ​ការ​អា​ផាត​ម៉ិន​មាន​កំណើន​តិច​តួច

ដំណាច់​ត្រី​មាស​ទី៣ តម្រូវ​ការ​អា​ផាត​ម៉ិន​មាន​កំណើន​តិច​តួច

       ភ្នំពេញ ៖ តម្រូវការអាផាតម៉ិនមានកំណើនតិចតួចនៅឆ្នាំនេះ ដោយសារការផ្គង់ផ្គង់មានការកើនឡើង ធៀបនឹងតម្រូវការជាក់ស្តែងក្នុងវិស័យនេះ។

លោកប៉ូ អ៊ាវគង់ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនFocus Propertyបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ប្រសិនជាពិនិត្យមើលតាំងពីដើមឆ្នាំនេះមក វិស័យនេះត្រូវបានមើលឃើញថា ការជួលអាផាតម៉ិនកំណើនតិចតួចប៉ុណ្ណោះ ទោះបីជាចំនួនភ្ញៀវកើនឡើងក្តី ប៉ុន្តែចំនួនអាផាតម៉ិនផ្គត់ផ្គង់ចូលទីផ្សារក៏មានការកើនឡើងខ្ពស់ផងដែរ ដែលបាបធ្វើឲ្យតំលៃជួលអាផាតម៉ិនធ្លាក់ចុះចន្លោះពី៥ ទៅ១០ភាគរយ និងអត្រាគ្របដណ្តប់នៃការប្រើប្រាស់អាផាតម៉ិន បានធ្លាក់ចុះក្នុងរង្វង់១០ភាគរយផងដែរ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា តំបន់ពេញនិយមសម្រាប់អាផាតម៉ិន នៅតែស្ថិតក្នុងសង្កាត់បឹងកេងកង១ សង្កាត់ទន្លេបាសាក់ និងអាផាតម៉ិនកម្រិតBស្ថិតនៅតំបន់ទួលទំពូង ផ្សារដើមថ្កូវ និងតំបន់បឹងត្របែក។លោកបន្តថា ទោះជាយ៉ាងណាអត្រាគ្របដណ្តប់នៃការប្រើប្រាស់អាផាតម៉ិនសរុបនៅតែមានកម្រិតខ្ពស់នៅឡើយ ដោយគ្របដណ្តប់ចន្លោះពី៨០ទៅ៩០ភាគរយ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះអាផាតម៉ិនចំនួន១៧គំរោង ស្មើនឹងផ្ទះចំនួន៨០០យូនីតទៀត នឹងដាក់ចូលក្នុងទីផ្សារនៅដំណាច់ឆ្នាំនេះ ខណៈបច្ចុប្បន្នមានអាផាតម៉ិនចំនួន៦៥០០យូនីត និងខុនដូចំនួន២៩០០យូនីតបាននិងកំពុងដំណើរការនៅលើទីផ្សាររួចហើយ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យកម្ពុជា CPLលោកសេង សុភ័ក្របានថ្លែងឲ្យដឹងផងដែរថា តម្រូវការអាផាតម៉ិនហាក់ស្ថិតក្នុងសភាពទ្រឹង ដោយសារការផ្គត់ផ្គង់អាផាតម៉ិនថ្មីៗចូលទីផ្សារមានការកើនឡើងខ្ពស់ និងចំនួនខុនដូដាក់ចូលទីផ្សារកាន់តែច្រើន ដែលធ្វើឲ្យមានការប្រកួតប្រជែងតានតឹងជាងមុននៅក្នុងវិស័យនេះ។លោកបន្តថា ចំនួនភ្ញៀវត្រូវការជួលអាផាតម៉ិន ពិតជាមានការកើនឡើងតែការផ្គត់ផ្គង់អាផាតម៉ិនមានលើសតម្រូវការជាក់ស្តែង។

លោកបន្តថា “នៅពេលទីផ្សារមានស្ថានភាពបែបនេះ ទាមទារឲ្យម្ចាស់អាផាតម៉ិនចាស់ៗធ្វើបច្ចុប្បន្នភាពសេវាកម្ម ការបំពាក់សម្ភារៈបរិក្ខា និងគិតពីសោភ័ណភាពអាគារឲ្យបានទាន់សម័យ ដើម្បីរក្សាអតិថិជនរបស់ពួកគេ”។លោកបន្តថា “ចំពោះម្ចាស់អាផាតម៉ិនថ្មីៗ មិនសូវប្រឈមមុខនឹងបញ្ហានោះទេ ដោយសារការបំ ពាក់សេវាកម្មក្នុងអាគាររបស់ពួកគេមានភាពទាន់សម័យ និងឆ្លើយតបតម្រូវការអ្នកជួលបានច្រើន”។

លោកសេង សុភ័ក្របានបន្តថា អ្នកវិនិយោគអាផាតម៉ិនថ្មីៗ គួរមានការពិចារណាឲ្យបានច្រើន ដោយសាររយៈពេលពីរទៅបីឆ្នាំខាងមុខ ចំនួនខុនដូដាក់ចូលទីផ្សារនឹងមានចំនួនកាន់តែច្រើន ដែលធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដូច្នេះការពង្រឹងគុណភាព និងសេវាកម្មក្នុងអាគាររបស់ខ្លួនជារឿងត្រូវយកចិត្តទុកដាក់ឲ្យបានជាអាទិភាព៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES