Thursday, April 25, 2024
Homeព័ត៌មានជាតិរាស្ត្រ​ខ្មែរ​ចង​ចាំ​ព្រះ​រាជ​បណ្តាំ​ព្រះ​បរម​រតន​កោដ្ឋ

រាស្ត្រ​ខ្មែរ​ចង​ចាំ​ព្រះ​រាជ​បណ្តាំ​ព្រះ​បរម​រតន​កោដ្ឋ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្របពេលដែលប្រទេសកម្ពុជា បានរៀបចំ ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ៤ឆ្នាំនោះ ប្រជារាស្ត្រខ្មែរ ក៏នាំគ្នារំលឹកទៅដល់ ព្រះរាជឱង្ការដែលជាព្រះរាជបណ្តាំដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ព្រះករុណា ព្រះបរម រតនកោដ្ឋដែលព្រះអង្គធ្លាប់បានមានព្រះរាជបន្ទូល កាលទ្រង់នៅមានព្រះជន្មពិសេសអំពី ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ ដាស់ ស្មារតីខ្មែរទាំងអស់ឱ្យរួបរួមគ្នាជាធ្លុងមួយហើយ ព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ ត្រូវ បានឆ្លាក់ជាប់នឹងផ្ទាំងថ្មម៉ាបដ៏ធំ តាំងនៅលើ សួនច្បារមុខព្រះបរមរាជវាំងទុកឱ្យ សម្រាប់ ប្រជារាស្ត្រខ្មែរចងចាំទៀតផង។

ព្រះរាជឱង្ការ ដែលជាព្រះរាជបណ្តាំព្រះបរមរតនកោដ្ឋ ក្នុងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៦២ មានខ្លឹមសារ ថា “ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វី ឱ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យ ជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំង ឡាយដទៃទៀត។ អាវុធសំខាន់ជាងគេ សម្រាប់ កសាងនិងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខារដ៏ស្តួចស្តើង គួរឱ្យ វេទនារបស់កងទ័ពយើងនោះទេ។ អាវុធនោះ គឺការរួបរួមចងជាប់គ្នាជាធ្លុងមួយនៃយើងនេះ ឯង។ ខ្ញុំជឿជាក់ថា ការរួបរួមរបស់យើងជា ធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឱ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែល មាននៅមុខយើងនេះ បានផុតស្រឡះដោយ ជ័យមង្គល”។

ដោយឡែកព្រះរាជបណ្តាំរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គមានព្រះរាជបន្ទូល កាល ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ មានខ្លឹមសារ ទាំងស្រុងថា “សូមបងប្អូន ប្រជារាស្ត្រ កូនចៅ ចៅទួត ចៅលួត សាមគ្គីជាធ្លុងមួយ រួមរស់ ជាមួយគ្នាពួតដៃគ្នា កសាងជាតិ ដើម្បីកម្ពុជា ប្រាសចាកជាដាច់ខាតពីភាពទន់ខ្សោយ ឈាន ទៅកាន់ភាពរុងរឿងក្នុងពិភពលោក។ ទាំងនេះ បង្ហាញពិភពលោកថា កម្ពុជារួបរួមគ្នាល្អណាស់ ក្នុងសន្តិភាព ឯករាជ្យ កសាងជាតិគ្មានឈប់ឈរ”។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៦ គឺជាខួបគម្រប់៤ឆ្នាំ នៃការយាងសោយ ព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល ទ្រង់បានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១២ នៅឯទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសគម្រប់ខួប៤ឆ្នាំ នៃការយាង  សោយព្រះទិវង្គតព្រះបរមរតនកោដ្ឋ មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ថ្នាក់ដឹកនាំរដ្ឋសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា មន្ត្រីតាមបណ្តាក្រសួងស្ថាប័ន អង្គការជាតិ និងអន្តរជាតិផ្សេងៗ បានអញ្ជើញ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ជាបន្តបន្ទាប់ នាព្រះមណ្ឌបព្រះបរមរូប នាសួន ច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ។

ពេញមួយព្រះជន្ម ព្រះបរមរតនកោដ្ឋ ព្រះអង្គបានបូជានិងបំពេញនូវព្រះរាជកិច្ចដ៏ឧត្តម ជាទីបំផុត ក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ តាំងពីដើមរហូតមក និងបាននាំមកនូវសុខសន្តិភាព ដល់ប្រទេសជាតិទាំងមូល។ ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ចងចាំគ្មាន ថ្ងៃបំភ្លេចបានឡើយចំពោះស្នាព្រះហស្តរបស់  ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យ ជូនជាតិ និងធ្វើឱ្យកម្ពុជា បានងើបមុខមាត់រីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃ។

ក្នុងឱកាសព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គ្រប់៤ឆ្នាំនេះ សារព័ត៌មាន “នគរធំ” ក៏ដូចជាប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមក្រាបអភិវន្ទ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទូទាំងចក្រវាល ប្រោសប្រទានព្រះពរជ័យសិរីមង្គលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ទ្រង់ បានយាងគង់ប្រថាប់សោយព្រះបរមសុខក្នុង ព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES