Thursday, April 25, 2024
Homeព័ត៌មានជាតិខួប៤​ឆ្នាំ ការ​សោយ​ទីវង្គត​ព្រះ​បរម​រតន កោដ្ឋ កម្ពុជា រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ថ្ងៃ​នេះ

ខួប៤​ឆ្នាំ ការ​សោយ​ទីវង្គត​ព្រះ​បរម​រតន កោដ្ឋ កម្ពុជា រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ថ្ងៃ​នេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះ ក្នុងឱកាសខួប៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា នៅមណ្ឌបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិត នៅខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ ព្រម ទាំងណែនាំឱ្យរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្នុងក្រមខ័ណ្ឌ ទូទាំងប្រទេស រួមទាំងនៅតាមស្ថានទូតខ្មែរ នៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូត្រ នៅវេលាម៉ោង៧ យប់ ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ  ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”។

samdach1

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី ខេត្ត និងប្រជារាស្ត្រ ខ្មែរទូទាំងប្រទេស នឹងប្រារឰពិធីគោរព ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និង ព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ព្រះកាយពលព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យ ជាតិ បុរណភាពទឹកដី ផ្សះផ្សា ជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍ដល់គ្រប់វិស័យ គណៈកម្មការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បាន ដាក់ចេញនូវផែនការណែនាំអំពីការរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋដូច  តទៅ ៖

ក្រសួងព្រះបរមរាជវាំង ចាត់តាំង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” តាមប្រពៃណីសាសនា ប្រពៃណីជាតិ និងតាមការសព្វព្រះរាជហប្ញទ័យ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ ត្រូវរៀបចំកម្មវិធីជូនគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ អញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅព្រះបរមរូបព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌបសួនច្បារខាង កើតវិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៦។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជធានីភ្នំពេញ ចាត់តាំងគណៈប្រតិភូ ថ្វាយ កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាង កើតវិមានឯករាជ្យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ៧ៈ០០នារីព្រឹកតទៅ។

ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា “ព្រះបរមរតនកោដ្ឋ” បំភ្លឺភ្លើងពណ៌ និង តែងលម្អទង់ជាតិ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យ។ ចាត់តាំងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង រាជធានីភ្នំពេញ របស់ខ្លួន ដោយមានវត្តមាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក ក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមទៅនឹងព្រះរាជគុណូបក្ការៈដ៏ធំធេងរបស់ព្រះអង្គ ចំពោះជាតិ សាសនា និងប្រជារាស្ត្រ។

រាជធានីភ្នំពេញ និងគ្រប់ខេត្ត ត្រូវដាក់ តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណា “ព្រះបរមរតនកោដ្ឋ” បំភ្លឺភ្លើងពណ៌ និងតែងលម្អ ទង់ជាតិ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន សាលារៀន និង បំផុសប្រជារាស្ត្រឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានព្រមៗគ្នា។

រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមាន វត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការក្រោមឱវាទ និមន្តនិងចូលរួមឱ្យ បានស័ក្តិសម។

ក្រសួងធម្មការនិងសាសនា ណែនាំ   គ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម ព្រះពុទ្ធសាសនា និងពាហិរសាសនា រៀបចំឧទ្ទិស ថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” ទៅតាមប្រពៃណី សាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ដោយមានវត្តមានព្រះសង្ឃ បព្វជិត សីលវន្ត សីលវតី ឧបាសក ឧបាសិកា ប្រជារាស្ត្រ ចូលរួមឱ្យបានច្រើន និងដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ តែងលម្អទង់ជាតិ ទង់សាសនា បដា ពាក្យស្លោក។

ក្រសួងព័ត៌មាន ចាត់តាំងរៀបចំកម្មវិធីផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន អំពីព្រះរាជជីវប្រវត្តិ ព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតចំពោះជាតិ សាសនា និងប្រជារាស្ត្រ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ណែនាំគ្រប់ស្ថានអគ្គរាជទូត និងស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា  ប្រចាំនៅក្រៅប្រទេស ឱ្យប្រារឰពិធីគោរព ព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប៤ឆ្នាំ ឱ្យបានសមរម្យ។

ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវត្រៀមលក្ខណៈដោះស្រាយ ថវិកា សម្រាប់បម្រើការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឱ្យបានទាន់ ពេលវេលា។

king-1

ព្រះរាជជីវប្រវត្តិសង្ខេបព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ៖

ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ចាប់ ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូល សិក្សានៅសាលា បឋមសិក្សា FRANCOIS BAUDOIN និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សា នៅវិទ្យាល័យបារាំង សាសលូឡូបា នៅព្រៃនគរ (វៀតណាមខាងត្បូង)។ ដល់ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្ក បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ១៩៤៦ ព្រះអង្គ បានយាងទស្សនកិច្ចជាលើកដំបូងនៅប្រទេស បរាងាំ តបតាមការអញ្ជើញរបស់ប្រធានាធិបតី FELIX GOUIN និងឧត្តមសេនីយ៍ហ្សាល ឌឺហ្គោល។ នៅឆ្នាំ១៩៤៨ ព្រះអង្គបានបន្តការ សិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និង កងទ័ពរថពាសដែក នៅសូមៀរ ប្រទេសបារាំង។

ក្នុងឆ្នាំ១៩៤៧ ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គទទួលបានមហាជោគជ័យក្នុងការទាមទារឱ្យប្រទេសថៃ សងមក កម្ពុជា វិញដាច់ខាត នូវខេត្តខ្មែរ រួមមានបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង ដែល ក្នុងពេលមានសង្គ្រាមលោកលើកទី២ ប្រទេស  ថៃ បានយកពីកម្ពុជា។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម របស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួល មកវិញទាំងស្រុង នូវឯករាជ្យពីប្រទេសបារាំង និងត្រូវបានប្រជារាស្ត្រខ្មែរ ថ្វាយព្រះកិត្តិនាម ព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ”។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានដាក់រាជថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ជាព្រះរាជបិតា ហើយ ត្រូវបានព្រះរាជបិតា ប្រទាននូវព្រះគោរមងារជា “សម្តេចព្រះឧបយុវរាជនៃព្រះរាជាណាចក្រកម្ពុជា”។ លុះដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះអង្គបានបង្កើតចលនាសង្គមរាស្ត្រនិយម ដែល មានគណបក្សជាច្រើនចូលរួមក្នុងចលនានេះ។  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានទទួលមហាជោគជ័យក្នុងការបោះឆ្នោត សភាជាតិ ដោយទទួលបានការគាំទ្រពីប្រជារាស្ត្រខ្មែរច្រើនលើសលប់។ បន្ទាប់មកព្រះអង្គក៏ ទទួលព្រះរាជឋានៈជានាយករដ្ឋមន្ត្រី និងបាន បំពេញព្រះរាជបូជនីយកិច្ចដឹកនាំ ដើម្បីអភិវឌ្ឍន៍ ប្រទេសកម្ពុជា លើគ្រប់វិស័យ ជាពិសេសការ លើកស្ទ្ទយ្ទួនារីឱ្យមានសិទ្ធិស្មើភាពនឹងបុរសក្នុង ការងារ។ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ប្រទេសកម្ពុជា បានចូល ជាសមាជិកនៃអង្គការសហប្រជាជាតិ។

នៅខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈ ជានាយករដ្ឋមន្ត្រី ព្រះអង្គបានយាងទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិត ចិន និងបានជួបជាមួយថ្នាក់ដឹកនាំ ចិនជាច្រើន រួមមានលោកប្រធានាធិបតីម៉ៅសេទុង ហើយ ព្រះអង្គ ក៏បានឡាយព្រះហស្តលេខាលើសេចក្តី ប្រកាសរួមស្តីពីមិត្តភាពកម្ពុជាចិន។

នៅឆ្នាំ១៩៦០ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ទ្រង់បានយាងចូលទិវង្គត ពេលនោះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិកសភាខ្មែរ សម្រេចជា ឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីខែឧសភា ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មនយោបាយ ការទូត ដើម្បីទាមទារប្រាសាទព្រះវិហារ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិខ្មែរ ពីប្រទេស ថៃវិញ ដោយតុលាការក្រុងឡាអេ បានសម្រេច ប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានរៀបចំបដិសណ្ឋារកិច្ចទទួល លោកឧត្តមសេនីយ៍ ហ្សាល ឌឺហ្គោល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ នៅក្នុងសុន្ទរកថាថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិក លោកប្រធានាធិបតីបារាំង បានគាំទ្រ ព្រះរាជាណាចក្រកម្ពុជា ដែលបានការពារឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព សន្តិភាព នៃខ្លួន។

ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងឱកាសព្រះរាជពិធីបើកនិងបិទ ការប្រកួតកីឡា GANEFO អាស៊ីលើកទី១។ ក្រោយព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលប្រជារាស្ត្រខ្មែរ បានថ្វាយ ព្រះនាមព្រះអង្គជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ សមិទ្ធផលជាច្រើនត្រូវបានលេចត្រដែតឡើង រួមមាន វិមានឯករាជ្យ វិមានរដ្ឋចំការមន អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង អាកាសយានដ្ឋាន សៀមរាប អាកាសយាន ដ្ឋានបែកចាន ខេត្ត បាត់ដំបង ផ្លូវជាតិលេខ៤ ភ្នំពេញក្រុងព្រះសីហនុ ផ្លូវដែកក្រុងភ្នំពេញក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សណ្ឋាគារ ឯករាជ្យ ក្រុងព្រះសីហនុ សាល មហោស្រព ជាតិព្រះសុរាម្រឹត ភ្នំពេញ សាលសន្និសីទ ចតុមុខ ពហុកីឡដ្ឋានជាតិអូឡាំពិកភ្នំពេញ ស្ពានព្រះមុនីវង្សទី២ ស្ពានសង្គមរាស្ត្រនិយម ឆ្លងកាត់ទន្លេសាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទបច្ចេកទេស មហា វិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មហាវិទ្យាល័យគរុកោសល្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មហាវិទ្យាល័យសិល្បៈ ស្ថាបនា មហាវិទ្យាល័យសិល្បៈ និងមុខរបរ សាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ សាកល វិទ្យាល័យភូមិន្ទក្សេត្រសាស្ត្រ សាកលវិទ្យាល័យភូមិន្ទកំពង់ចាម សាកលវិទ្យាល័យភូមិន្ទ បាត់ដំបង សាកលវិទ្យាល័យភូមិន្ទតាកែវកំពត រោងភាពយន្តរដ្ឋ ស្ថានីយទូរទស្សន៍ ខេមរភូមិន្ទ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រោងចក្រ  ចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ រោងចក្រ ស្រាបៀរក្រុងព្រះសីហនុ រោងចក្រ ព្រះនរោត្តម ដំឡើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ រោងចក្រស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ រោងចក្រវាយនភណ្ឌខេត្តកំពង់ចាម រោងចក្រវាយនភ័ណ្ឌខេត្តបាត់ដំបង រោងចក្របាវក្រចៅដូនទាវ ខេត្តបាត់ដំបង រោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត រោងចក្រកែវ ជើងឯក រាជធានីភ្នំពេញ រោងចក្រក្តារបន្ទះដីឥដ្ឋខេត្តកណ្តាល រោងចក្រក្រដាសឆ្លូង ខេត្តក្រចេះ រោងចក្រ ជីហ្វូសស្វាតទូកមាស ខេត្តកំពត រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្តាល រោងចក្រត្រីខប្រអប់  ខេត្តកោះកុង រោងចក្រផលិតជ័រកៅស៊ូជប់ ខេត្ត កំពង់ចាម រោងចក្រវារីអគ្គិសនីគិរីរម្យ ខេត្ត កំពង់ស្ពឺ និងសមិទ្ធផលនានាជាច្រើនទៀត នៅ តាមបណ្តាស្រុកខេត្តក្រុង ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយ ផ្លូវថ្នល់ ស្ពានជាដើម៘

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង ពេលដែលព្រះអង្គកំពុងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការនៅសហភាពសូវៀត ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបាន ទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់ មួយ នៅភ្នំពេញ គឺជារដ្ឋប្រហារយោធា ដែល មានលន់ នល់ ជាមេខ្លោង។ របបសាធារណរដ្ឋ ខ្មែររបស់លន់ នល់ ត្រូវបានបង្កើតឡើងនៅ ខែតុលា ឆ្នាំ១៩៧០។ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ១៩៧០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គជាប្រធានចលនាតស៊ូកម្ពុជា “រណសិរ្សរួបរួមជាតិកម្ពុជា “(FUNC) ព្រម ជាមួយនោះ ក៏មានបង្កើតនូវរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា (GRUNK)។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិ នៃរណសិរ្សរួបរួមជាតិ ដណ្តើមបានជ័យជម្នះទាំងស្រុងនៅកម្ពុជា ហើយរបប “កម្ពុជា ប្រជាធិបតេយ្យ” ក៏ត្រូវបានបង្កើតឡើង ដោយ មានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសព្វព្រះរាជហប្ញទ័យលាលែងមុខងារជាព្រះប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងត្រូវបានពួកខ្មែរក្រហម ឃុំឃាំង ព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសី ព្រមទាំង ធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។

ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ ជាប្រធានចលានតស៊ូជាតិកម្ពុជា (CNR)។ ចាប់ពីឆ្នាំ១៩៨៧ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបានខិតខំអស់ពី កម្លាំងព្រះកាយពល ដើម្បីបង្រួបបង្រួមភាគី ជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយ នយោបាយសមស្រប បញ្ចប់ជម្លោះនៅកម្ពុជា។  ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តមហ៊ុន សែន (សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) និងគណៈប្រតិភូ នៃរដ្ឋកម្ពុជា ក្រាបថ្វាយបង្គំគាល់ ជាបន្តបន្ទាប់ នៅប្រទេសបារាំង ដូចជា ៖

ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបលើកទី១ នៅ Fere-ren Tardenois

ពីថ្ងៃទី២០២១ ខែមិថុនា ឆ្នាំ១៩៩១ ជំនួបលើកិទី២ នៅ Saint Germain-en-Laye

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានទទួលពីមេដឹកនាំកម្ពុជា ទាំង៤ភាគី ដើម្បី ប្រកាសជាឧឡារិកនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ កម្ពុជាហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាសន្ននូវការបាញ់គ្នានៅក្នុងប្រទេសកម្ពុជា ទាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា “អាវុធ”  ពីបណ្តាប្រទេសដទៃ ដល់កងទ័ពកម្ពុជា ទាំង៤ ភាគី។ ទីក្រុងភ្នំពេញ ត្រូវបានជ្រើសដោយក្រុម ប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីស្នាក់ការ ផ្លូវការអចិន្ត្រៃយ៍ និងលេខាធិការដ្ឋានរបស់ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។ នៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានយាងចាកចេញពីប្រធានចលនាតស៊ូជាតិ កម្ពុជា (CRN)  ដើម្បីដាក់ព្រះកាយព្រះអង្គ នៅពីលើភាគី និងទស្សនៈនយោបាយកម្ពុជា នានា។ ព្រះអង្គត្រូវបានសមាជិកទាំង១១រូប នៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជាជ្រើសតាំង ជាឯកច្ឆន ជាប្រធាន “អព្យាក្រឹត” នៃក្រុមប្រឹក្សានេះ។ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្ត លេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះ កម្ពុជាជាមួយ សមាជិកនៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា ១១រូបទៀត  ជាមួយតំណាង រដ្ឋាភិបាល១៨ ប្រទេស និងជាមួយលោកអគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ ប្រកបដោយជោគជ័យនិងសុវត្ថិភាព ហើយ ព្រះអង្គត្រូវបានផ្តល់ព្រះឋានៈជាផ្លូវការ និង ជាលាយលក្ខណ៍អក្សរថា ជាព្រះប្រមុខរដ្ឋពេញ លក្ខណៈច្បាប់នៃប្រទេសកម្ពុជាទាំងមូល រហូត ដល់មានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ នៅកម្ពុជា នាឆ្នាំ១៩៩៣។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសជាផ្លូវការនូវរដ្ឋធម្មនុញ្ញថ្មីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលសភាធម្មនុញ្ញ កម្ពុជា បានអនុម័ត។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទ្ទីញមហាជនមួយ ត្រូវបាន រៀបចំឡើងដោយមានមហាជនយ៉ាងច្រើនកុះករ ចូលរួម ដើម្បីសម្តែងមនោសញ្ចោតនាអបអរសាទរ គាំទ្រ ស្វាគមន៍ចំពោះរដ្ឋធម្មនុញ្ញថ្មី និង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តម ជាទីបំផុត ក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ តាំងពីដើមរហូតមក។ ព្រះអង្គបានធ្វើឱ្យចេញ ជារូបរាងរដ្ឋាភិបាលចម្រុះដែលមានសហនាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៣ ជាពិសេសព្រះអង្គ បានបំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចុះ ហត្ថលេខាលើសេចក្ត្តីប្រកាសរួមអំពីគោលការណ៍ ប្រតិបត្តិការដែលបានសម្រេចក្នុងកិច្ចប្រជូំកំពូល ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នាថ្ងៃទី១២១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។

ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជកិច្ច ព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម របស់អង្គសម្តេចឪ។ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាទីសក្ការ ជាព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គតែងតែប្រកាន់ ខ្ជាប់នូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមចំពោះប្រជានុរាស្ត្រ ជា កូន ចៅ ចៅទួតរបស់ព្រះអង្គនៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជាដោយមិនប្រកាន់ ជាតិកំណើតជំនឿ សាសនា ឬពណ៌ សម្បុរអ្វី ទាំងអស់៕

ដោយ ៖ ដារិទ្ធ

 

RELATED ARTICLES