Thursday, April 25, 2024
Homeតារាខ្មែរផាន វីរ៉ាទី ធ្វើខួបគម្រប់២២ឆ្នាំ

ផាន វីរ៉ាទី ធ្វើខួបគម្រប់២២ឆ្នាំ

ផាន វីរ៉ាទី ហៅរ៉ាប៊ី អតីតពិធីការិនីប៉ុស្តិ៍ហង្សមាស ត្រៀមចំណាយលុយពាន់ដុល្លារ ដើម្បីរៀបចំកម្មវិធីខួបកំណើតធំ នៅហាង V-Friend បឹងត្របែក ដែលមានភ្ញៀវរាប់រយនាក់ចូលរួម។ នេះជាលើកទី២ហើយ សម្រាប់ស្រីស្អាតរូបនេះ ដែលបានធ្វើខួបធំ តែនាងអះអាងថា មិនមានអ្នកណាឧបត្ថម្ភឡើយ ព្រោះមិនត្រូវការឡើយ នាំតែជាប់ពាក់ព័ន្ធរញ៉េរញ៉ៃ ដោះដៃមិនរួច។
ក្នុងជំនួបជាមួយ ស្រីស្អាតផាន វីរ៉ាទី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ តារាថោនរូបនេះ អះអាងថា ភ្ញៀវដែលត្រូវបានអញ្ជើញមានជាង១០០នាក់ តែអ្នកសិល្បៈដែលជិតដិតមានខ្ទង់តែជាង២០នាក់ប៉ុណ្ណោះ។

dsc_0950
កញ្ញារ៉ាប៊ី ឱ្យដឹងថា “កាលពី៣ឆ្នាំមុន ខ្ញុំបានធ្វើខួបធំម្តងដែរ ក្រោយមក ក៏បានធ្វើជាប្រចាំដែរ តែលក្ខណៈតូច។ ដោយឡែក នៅឆ្នាំនេះវិញ គឺខ្ញុំបានធ្វើធំគួរសម ដោយហៅអ្នកចូលរួមជាង១០០នាក់ ក្នុងនោះភ្ញៀវភាគច្រើនជាអ្នករកស៊ីកូរ៉េ ជប៉ុន អីហ្នឹង ព្រោះពីមុនខ្ញុំធ្វើការនៅក្រុមហ៊ុនជប៉ុន។ ដោយឡែកតារាសិល្បៈវិញ ខ្ញុំហៅតែអ្នកជិតដិតខ្លាំងទេ គឺប្រហែលជាជាង២០នាក់ប៉ុណ្ណោះ ភាគច្រើនជាតារា និងក្រុមការងាររបស់ថោន។ ខួបឆ្នាំនេះគឺគម្រប់២២ឆ្នាំហើយ ខ្ញុំរៀបចំឡើងដើម្បីជួបជុំមិត្តភក្តិ ហើយមិនបាច់សង្ស័យទេ គ្មានអ្នកណាឧបត្តម្ភទេ ព្រោះអីត្រឹមខួបកំណើតអស់តិចតួច តើចាំបាច់គេជួយធ្វើអី? ថ្មីៗនេះ ខ្ញុំបានចេញច្រៀងតាមការ ប្រគំតន្ត្រីធំៗបានខ្លះៗដែរ អ៊ីចឹងត្រឹមខួបប៉ុណ្ណឹង ខ្ញុំមានសមត្ថភាពអាចធ្វើដោយខ្លួនឯងបាន”។
ផាន វីរ៉ាទី ធ្លាប់ច្រៀងនៅផលិតកម្មជប៉ុន មួយអំឡុងពេលនាងជាពិធីការិនីនៅប៉ុស្តិ៍ហង្សមាស តែក្រោយមកក៏ដើរចេញពីទ្រនំទាំង២ ហើយចូលជ្រកនៅថោន ដោយពេលនេះ ស្រីស្អាតរូបនេះ មានភាពលេចធ្លោគួរសមនៅថោន ដោយត្រូវបានចាត់ទុកថា បានតំណែងលេខ២ បន្ទាប់ពីនាងមាស សុខសោភា ហើយថ្មីៗនេះ នាងថែមទាំងអភិវឌ្ឍខ្លួនទៅជាអ្នកនិពន្ធបទចម្រៀងដូចពេជ្រ សោភា ទៀតផង ដូចជា បទ “ដើរវាយ”។

dsc_5889
តារាចម្រៀងថោន រូបនេះថ្លែងទៀតថា “ខ្ញុំអាចសរសេរបទចម្រៀង ដោយខ្លួនឯងបាន ដោយពេលខ្លះបើអារម្មណ៍ល្អ គឺសរសេរតែកន្លះម៉ោងទេ តែបើអារម្មណ៍មិនល្អ សរសេរ៣ថ្ងៃក៏មិនកើតដែរ។ ពេលនេះ បទចម្រៀងខ្ញុំមានច្រើនជាបទញាក់ជាងបទស្លូវ ព្រោះកម្មវិធីប្រគំតន្ត្រីភាគច្រើន គេតម្រូវបទញាក់ជាងបទស្លូវ ហើយដោយសារតែខ្ញុំមានការក្បាច់រាំ និងការស្លៀកពាក់បាន គ្រាន់បើដែរ ទើបមានគេចាប់អារម្មណ៍លើយើងហ្នឹង! តែខ្ញុំគិតថា ឥឡូវយើងមិនទាន់ធ្វើបានល្អដូច ការគិតចង់បានទេ តែមានភាពរលូនច្រើនហើយ”។
ក្រៅពីកំពុងមានយីអ៊ុនល្អ ទាំងក្បាច់រាំយ៉ាង រស់រវើក ជាមួយការលេងសម្រស់គួរឱ្យក្នាញ់នោះ ផាន វីរ៉ាទី ក៏ត្រូវបានផលិតកម្មថោន ផ្តល់ឱកាសឱ្យនាងបានធ្វើជាតួឯកនៅថោន ដែរ គឺរឿង “អ្នកបម្រើ០០៧” តែតាមព័ត៌មានថា រឿងនេះ បានថតចប់យូរហើយ តែបែរជានៅជាប់គាំង បញ្ចាំងមិនកើតទៅវិញ ទើបធ្វើឱ្យរ៉ាប៊ី ខកចិត្ត ជាខ្លាំង។
ផាន វីរ៉ាទី ថ្លែងថា “តាមដឹងរឿងហ្នឹងគង់តែដាក់បញ្ចាំងទេ តែថោន អាចថតរឿងឱ្យច្រើន ហើយដាក់បញ្ចាំងតៗគ្នាតែម្តង។ តាមពិតតាំងពីខ្ញុំថតចប់រឿង “ក្តាមប្រៃ ស្ពៃជ្រក់” មក មានផលិតកម្មច្រើនដែរ បានទាក់ទងខ្ញុំឱ្យថតរឿង តែខ្ញុំមិនអាចថតបានទេ ព្រោះតែថោន គាត់មិនឱ្យថតឱ្យខាងក្រៅឡើយ ដោយសារខ្ញុំជាប់កុងត្រាឱ្យថោន”។

dsc_8996
ផាន វីរ៉ាទី មានប្រុសទាំងក្នុងនិងក្រៅប្រទេសតាមស្រលាញ់ ពិសេស ពេលនាងច្រៀងនៅផលិតកម្មជប៉ុននោះ មានប្រុសម្នាក់ តាមស្អិតគ្រប់ជំហានទៀតផង។ ប៉ុន្តែ រ៉ាប៊ី មិនដែលហ៊ានសារភាព និងលាតត្រដាងថា នាងមានម្ចាស់ចិត្តឡើយ គឺលាក់ជិតតែម្តង។
រ៉ាប៊ី និយាយលាយឡំសំណើចថា “យើងជាអ្នកសិល្បៈអ៊ីចឹង ពិបាកណាស់បង បើបង្ហាញសង្សារអីហ្នឹង។ តាមពិត ពីមុនខ្ញុំក៏ធ្លាប់ មានសង្សារដែរ តែឥឡូវអត់ទាន់ចង់បង្ហាញអីទេ។ កន្លងមកខ្ញុំក៏មាន អ្នកតាមរំខានដែរ តែថ្មីៗហ្នឹង ខ្ញុំដូរលេខទូរស័ព្ទចោល ហើយទម្លាប់ខ្ញុំ គឺលេខដែលខ្ញុំមិនស្គាល់ ខ្ញុំមិនលើកទេ! តាមពិតទៅ គេស្រលាញ់ យើងហ្នឹង ញ៉ែអីហ្នឹង បើយើងមិនរវីរវល់ជាមួយគេ មិនចង់បានរបស់គេ ក៏គេមិនហ៊ានដែរ។ និយាយត្រង់ទៅ រាល់ថ្ងៃខ្ញុំធ្វើការងារសិល្បៈហ្នឹង ដើម្បីក្រុមគ្រួសារខ្ញុំ មិនមែនដើម្បីប្រុសទេ!៕ ហ៊ឹម វិចិត្រ

RELATED ARTICLES