ភ្នំពេញ ៖ តារាចម្រៀង ពេជ្រ សោភា ត្រូវបានពិធីការិនី កែវ ចាន់និមល ជំរុញឲ្យបើកបេះដូង តែនាងបានឆ្លើយ តបវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា មូលហេតុដែលនាងមិនហ៊ានបើកបេះដូង ព្រោះខ្លាចបើកភ្លាម គេបោកភ្លែត ។ វាចាបែបនេះរបស់សោភា បានន័យថានាងហាក់ខ្លាចរអារឿងស្នេហា មិនចង់ចាប់ផ្ដើមសាជាថ្មី ក្រោយធ្លាប់ឈឺផ្សាបេះដូង ហើយដំបៅនោះនៅតែមិនទាន់ជា រហូតមកដល់សព្វថ្ងៃ ។ ប៉ុន្ដែការដាស់តឿនរបស់អ្នកនាង និមល ជាការក្រើនរំលឹកដល់សោភា ថានាងមានវ័យ៤១ឆ្នាំ ទៅហើយ គឺល្មមដល់ពេលបើកបេះដូងរកគួស្រករដូចគេ ដើម្បីមានកូនបន្ដពូជ ។

តារាចម្រៀងល្បីឈ្មោះពេជ្រ សោភា និងលោកឆឹម សក្កដា
មានការកត់សម្គាល់ថា អំឡុងពេលដែលពេជ្រ សោភា ភ័យខ្លាចបើកបេះដូងភ្លាម មានប្រុសចូលមកបោកភ្លែតនេះ លោកឆឹម សក្កដា ឯណោះវិញ នៅថ្ងៃតែមួយនេះ លោកខឹងខ្លួនឯង យប់ខ្លះដេកមិនលក់ទល់ភ្លឺ ព្រោះកើតជំងឺបាក់ទឹកចិត្ត (depression) កាន់តែធ្ងន់ តម្រូវឲ្យលេបថ្នាំជារៀងរាល់ថ្ងៃ។ អ្វីដែលទាំង Fan របស់ពេជ្រ សោភា និងឆឹម សក្កដា ស្រឡាំងកាំងនោះ លោកថា បានយល់សុបិនឃើញខ្លួនឯងស្លាប់ ខំតែអរ ព្រោះគិតថា ខ្លួនឯងអស់កម្មពៀរ ប៉ុន្ដែភ្ញាក់ដឹងខ្លួនវិញ នៅរស់ មានតែខកចិត្ត។
លោកឆឹម សក្កដា ដែលប្ដូរ Profile ហ្វេសបុក ទៅជាពណ៌ខ្មៅងងឹត ប្រៀបដូចជាមនុស្សកំពុងតែកាន់ទុក្ខនោះ ថ្លែងថា «ធ្លាប់យល់សប្ដិឃើញខ្លួនឯងស្លាប់ អរអើយអរ គិតថាអស់កម្មពៀរហើយ! ដឹងខ្លួនឡើង សេដដដែល»។

ទាំងតារាសម្ដែងរួមអាជីព និងអ្នកដឹកនាំរឿងមួយចំនួន បានលើកទឹកចិត្តលោកសក្កដា ជាបន្ដបន្ទាប់ ថាកុំឲ្យអស់សង្ឃឹមក្នុងជីវិត កុំគិតខ្លី និងកុំចុះចាញ់ជំងឺ depression ជាដើម ស្រាប់តែលោកសក្កដា បន្ថែមថា «ជីវិតខ្ញុំមានន័យណាស់ មានន័យឆ្អែតគ្រប់គ្រាន់ ដោយមិនបាច់មានជីវិតលើផែនដី ជាតិក្រោយទៀតឡើយ» ។
ពេជ្រ សោភា គ្មានប្រតិកម្មអ្វីទាំងអស់ ទាក់ទងជំងឺរបស់គូដណ្ដឹងនាង លោកឆឹម សក្កដា ដែលវិវត្តិកាន់តែធ្ងន់ទៅៗ ដោយនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថា រាល់រឿងរ៉ាវរបស់លោកសក្កដា គឺនាងមិនបានដឹងអ្វីទាំងអស់ ។ យ៉ាងណា ទាំងសោភា និងលោកសក្កដា មិនធ្លាប់ប្រកាសថា ពួកគេបែកបាក់គ្នាទេ តាំងពីអ្នកទាំងពីរថាបានភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បើទោះជាពេលនេះ មិត្តរួមអាជីព ចាប់ផ្ដើមជំរុញឲ្យសោភា បើកបេះដូង ដូចការបញ្ជាក់ថាតារាចម្រៀងរូបនេះ គ្មានពាក់ព័ន្ធជាមួយលោកសក្កដា ក្ដី ប៉ុន្ដែមានពេលខ្លះ ពួកគេនៅតែបង្ហាញមុខរួមគ្នាដែរ ។

ពេជ្រ សោភា បានចាកចេញពីហង្សមាស ជាង១ឆ្នាំហើយ ដែលពេលនេះ នាងផលិតបទចម្រៀងដោយខ្លួនឯង ខណៈដែលលោកសក្កដា មិនដែលឃើញចេញបទថ្មី នៅថោន ។ ប្រភពថា លោកសក្កដា ចង់ធ្វើអត្តឃាត បញ្ចប់ជីវិតជាច្រើនលើកច្រើនសាមកហើយ តែបានអ្នករួមអាជីពឃាត់ ។ ប៉ុន្ដែសោភា ដែលជាគូដណ្ដឹងលោក បែរជាមិនដែលឃើញចេញសារជាសាធារណៈ លួងលោមលោកម្ដងណាទេ ហើយពេលសួររឿងលោកសក្កដា កំពុងតែមិនចង់រស់ នាងបែជាថា អត់ដឹងទៅវិញ ។ តាមព័តមានថា លោកសក្កដា ពិតជាពិបាកគេចផុតពីគ្រោះ ថ្នាក់ដល់ជីវិត ព្រោះតែជំងឺ depression នេះ ប្រសិនបើសោភា នៅតែគ្មានអន្ដរាគមន៍ផ្លូវចិត្ត។ ប៉ុន្តែលោកសក្កដា ថាអំឡុងពេលដែលលោកកំពុងតែមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរនេះ លោកអាចសម្ដែងភាពយន្ដជាតួកម្សត់ បាក់ទឹកចិត្ត ដល់កំពូលតែម្ដង ហើយគេជឿថា នឹងមានផលិតករបំពេញបំណងលោកជាមិនខាន ស្របពេលដែលដំណឹងរៀបការជាមួយសោភា លែងអាចទៅរួចហើយ ក្រោយលុបចោលកាលពីឆ្នាំ២០២៣ ៕
