Friday, April 26, 2024
Homeបរិយាយអំបិល ជា​រស​​សម្ល

អំបិល ជា​រស​​សម្ល

សុភាសិតខ្មែរ១ថាអំបិលជារសសម្ល ស្រឡៃប៉ីអជារសតន្ត្រីមានលក្ខណៈជាឧបមានវិធីប្រៀបធៀបឧបករណ៍ភ្លេង និងអំបិល ទៅនឹងស្ថាប័នសង្គម។ អ្វីដែលគ្មានធាតុផ្សំជាមួយ ដូចជា គណបក្សនយោបាយ ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បើគ្មានអ្នករិះគន់កែលម្អ ច្បាស់ជាមិនអាចដើរស្របមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សបានឡើយ ដែល នគរធំសូមលើក រឿង អំបិល និងស្រឡៃប៉ីអមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

សុភាសិតខាងលើនេះ ចែកជា២ ដែលយើងសូមបកស្រាយតាមលំដាប់លំដោយ គឺ អំបិល ជារសសម្លសំដៅដល់សម្ល ១ឆ្នាំង ទោះជាមានម្ហូប បន្លែ គ្រឿងគ្រៅ ប៊ីចេង ស្ករស គ្រប់យ៉ាង បើសិនជាខ្វះអំបិលមួយមុខ នឹងក្លាយជា សម្លសាបមិនខានឡើយ។ មនុស្សយើង ទោះជាតិសាសន៍ណាក៏ត្រូវការអំបិល ដែលផ្តល់រសជាតិប្រៃ ដោយខានមិនបាន ផ្ទុយពីសត្វ គោ ក្របីស៊ីស្មៅ វាមិនត្រូវការអំបិលអ្វីទេ ប៉ុន្តែ សាច់របស់វា ដែលមនុស្សយកមកធ្វើម្ហូប ត្រូវតែបង់អំបិល ឬប្រឡាក់អំបិល ជាចាំបាច់។

ដោយឡែក ស្រឡៃប៉ីអ ជារសតន្ត្រីគឺសំដៅដល់វង់តន្ត្រីពិណពាទ្យ ត្រូវតែមានស្រឡៃ ឬប៉ីអ នាំមុខ ទើបបាន។ ស្រឡៃគឺជាគ្រឿងភ្លេងពពួកផ្លុំ ធ្វើដោយឈើខ្លឹមសាច់រឹងស្វិត រាងប៉ោងកណ្តាល មានរន្ធ៦ សម្រាប់ផ្លុំចេញជាបទនាំមុខ តន្ត្រីឯទៀត មានរនាត គងតូច គងធំ សម្ភោរ និងស្គរធំ។ រីឯប៉ីអក៏ជាគ្រឿងភ្លេងពពួកផ្លុំដូចគ្នា គេអាចយកធាងល្ហុង ឬ ដើមបបុស មកធ្វើក៏បាន ដោយមានអណ្តាតផ្លុំចេញជាបែបបទតន្ត្រី កំដរវង់ភ្លេងពិណពាទ្យ ឬផ្លុំទោលតែឯង សម្រាប់ក្មេង ឃ្វាលគោ។ ស្រឡៃ និងប៉ីអ ឮសូរង៉ែ!ៗ ផ្សំច្រឡំនឹងសំឡេង ទូង! ទូង! ណុង! ណុង! ប៉ុក! ប៉ាក់! របស់ស្គរធំ គងតូចធំ រនាត សម្ភោរ ជំរុញភ្លេងពិណពាទ្យ ឱ្យពីរោះអណ្តែតអណ្តូង ស្រមើស្រមៃដល់បុគ្គលដែលស្លាប់ ព្រោះភ្លេងនេះសម្រាប់កំដរបុណ្យ សព ឬរបាំបុរាណ។

បើយករឿងអំបិល ស្រឡៃ ប៉ីអ មកប្រៀបធៀបនឹងមនុស្សយើង ឃើញថា ស្ថាប័នរដ្ឋសភា រដ្ឋាភិបាល ឬគណបក្ស នយោបាយ ដែលដើរតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស បើគ្មានអ្នករិះគន់កែលម្អ ច្បាស់ជាស្ថាប័ននោះសាប គ្មានរសជាតិមិនខានឡើយ។ បច្ចុប្បន្ន រដ្ឋសភាពហុបក្ស តែងតែមានពហិការ ឆ្នោតស្រប ឆ្នោតប្រឆាំង និងឆ្នោត អនុបវាទ ក្នុងពេលអនុម័តច្បាប់ម្តងៗ។ ជាងនេះទៀត ក៏មានអ្នកតវ៉ារឿងដីធ្លី លើកគ្នាមកដល់ខ្លោងទ្វារវិមានរដ្ឋសភា ទាមទារនូវអ្វីដែល ពួកគាត់ជឿជាក់ថា មានតែរដ្ឋសភា ទេ ដែលអាចជួយសម្រាលទុក្ខពួកគាត់បាន។ ដូច្នេះ រាល់បាតុភាពទាំងអស់នេះ ចូល ក្នុង អំបិលជារសសម្ល ស្រឡៃប៉ីអជារសតន្ត្រីនេះឯង។

រីឯរាជរដ្ឋាភិបាល ក៏មានធាតុផ្សំដូចគ្នា ដូចជាទទួលការរិះគន់ពីបក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន ជាពិសេស បាន អំបិល និងស្រឡៃប៉ីអពីលោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ លោកពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា និង លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងលោកព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាជាដើម។

ដោយឡែក គណបក្សសង្គ្រោះជាតិ ក៏មាន អំបិល ស្រឡៃប៉ីអកំដរវង់ភ្លេងពិណពាទ្យដូចគ្នា តាមរយៈការឆ្លើយឆ្លងក្នុងរង្វង់គណបក្ស។ ជាក់ស្តែង កញ្ញាកឹម មនោវិទ្យា បានសរសេរក្នុងហ្វេសប៊ុករបស់នាង មានន័យរិះគន់លោកសម រង្ស៊ី ថា អស់រយៈពេល១ឆ្នាំមកហើយ គឺនៅពេលនេះ លោកសម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការនិរទេសខ្លួន និងមាន ហេតុផលស្របច្បាប់ក្នុងការស្ថិតនៅបរទេសបន្តទៀត។ រដ្ឋាភិបាលខ្មែរ នឹងហៅស្ថានភាពនេះថាជាការឈ្នះឈ្នះ គឺសម រង្ស៊ី ក៏ឈ្នះ គណបក្សប្រជាជនកម្ពុជា ក៏ឈ្នះ

ដូច្នេះយើងឃើញថា នៅក្នុងសង្គមមួយ ដែលរដ្ឋធម្មនុញ្ញ តម្រូវឱ្យដើរតាមគន្លងប្រជាធិបតេយ្យសេរី ពហុបក្ស អាច ប្រៀបបាននឹងសម្ល១ឆ្នាំង ឬភ្លេងពិណពាទ្យ១វង់។ សម្ល ត្រូវការបង់អំបិលជាចាំបាច់ ឯវង់ភ្លេងពិណពាទ្យ ត្រូវការស្រឡៃ ប៉ីអ មិនអាចខ្វះបានឡើយ សំដៅដល់បដិបក្ខមតិដើរទន្ទឹមនឹងសំយោគមតិឬមតិផ្ទុយនិងមតិស្របនេះឯង។ រាជរដ្ឋាភិបាល គួរតែអរគុណលោកសួន សេរីរដ្ឋា លោកពេជ្រ ស្រស់ លោករស់ សារ៉ុម ដែលពួកគាត់ជួយធ្វើអំបិលបង់សម្ល ឱ្យបក្ស កាន់អំណាច ហើយទំនងជារដ្ឋាភិបាលស្គាល់គុណនេះដែរ បានជាមិនដែលប្តឹងផ្តល់អី ទោះបីលោកមេបក្សអំណាចខ្មែរ ពន្លះ ធ្ងន់ៗបន្តិចក្តី។ ទោះយ៉ាងណា អំបិលរបស់លោកសួន សេរីរដ្ឋា លោកពេជ្រ ស្រស់ លោករស់ សារ៉ុម ជាដើម ទំនងជាមិន សូវប្រៃដូចអំបិល ដែលលោកសម រង្ស៊ី និងលោកកឹម សុខា យកមកបង់សម្លឱ្យបក្សកាន់អំណាចនោះទេ គឺអំបិលពួកលោក ប្រៃលេបមិនរួចតម្រូវឱ្យរដ្ឋាភិបាលប្រើធម៌ក្តៅ លែងឱ្យចូលស្រុក និងរុញឱ្យខ្ទបក្នុងទីស្នាក់ការគណបក្ស។ បើវិភាគឱ្យ ដិតដល់ទៅ ការរិះគន់កែលម្អ គួរធ្វើឱ្យដូចស្រឡៃ ប៉ីអ បានហើយ ព្រោះថា ឧបករណ៍ផ្លុំនឹងមាត់នេះ ទោះមិនពីរោះ ឬថា មានសំឡេងស្គរធំ និងភ្លេងឯទៀតឮរងំសន្ធប់គ្របពីលើ ក៏មិនអាចអត់បាន។ មានន័យថា ការរិះគន់ត្រូវធ្វើឱ្យល្មមៗបាន ហើយ កុំធ្ងន់ពេក ដោយចេញតែសំឡេងង៉ែ!ៗ រួចឈប់បង្អង់ដកខ្យល់ ទុកឱកាសឱ្យស្គរធំ គងតូច គងធំ រនាត សម្ភោរ ពន្លែង ឱ្យអស់ដៃចុះ។

សម្រាប់ប្រទេសកាន់លទ្ធិកុម្មុយនិស្ត ដូចចិន រុស្ស៊ី វៀតណាម កូរ៉េខាងជើង ជាដើម គេមិនត្រូវការអំបិល ស្រឡៃ ប៉ីអ អ្វីទេ ហើយបើមានអ្នកបង់អំបិល ផ្លុំស្រឡៃ ប៉ីអ ច្បាស់ជាជាប់គុកច្រវាក់មិនខាន។ របបកុម្មុយនិស្ត គេធីបអ្នកប្រឆាំង អ្នកតវ៉ា គ្មានសេរីភាពសារព័ត៌មានរិះគន់ស្ថាបនានោះទេ តែគេបើកឱ្យសរសេរលើកសរសើរមេដឹកនាំបក្ស មេដឹកនាំស្ថាប័ននានា។ ចាត់ទុកជាសំណាងរបស់កម្ពុជា ដែលចុងភៅស្លសាប មានគេជួយថែមអំបិលឱ្យ ធ្វើឱ្យសម្លម្ជូរសាច់គោមានឱជារសឈ្ងុយឆ្ងាញ់ ឯវង់ភ្លេងពិណពាទ្យ ភ្លេចស្រឡៃ ឯផ្ទះ ក៏មានគេយកស្រឡៃ ប៉ីអ ទៅជួយផ្លុំកំដរ។ ទោះជាអ្នកក្រៅវង់ភ្លេង ជួយផ្លុំ មិនសូវពីរោះ ក៏ចាត់ទុកជាសំណាងសម្រាប់វង់ភ្លេង ដែលមានអ្នកជួយបង្គ្រប់ទឹក ឱ្យមានធាតុផ្សំសមស្របទៅតាមប្រពៃណី ទំនៀមទម្លាប់នៃការប្រគំតន្ត្រី។

សរុបទៅអំបិលជារសសម្ល ស្រឡៃប៉ីអជារសតន្ត្រីគឺជាមរតកសាសន៍បង្កប់ខ្លឹមសារប្រៀបធៀបល្អណាស់ សម្រាប់ អ្នកនយោបាយយកទៅអនុវត្ត។ នៅលើលោក លើសង្គម លើប្រទេសនីមួយៗ គ្មានស្ថាប័ន ឬបុគ្គលណាចេះសព្វមុខជំនាញ តែម្នាក់ឯង ដូចព្រះអាទិទេពនោះទេ ចាំបាច់ត្រូវតែមានទីប្រឹក្សាផ្តល់យោបល់ អ្នករិះគន់ស្ថាបនា មិនអាចអត់បានឡើយ។ អ្នកដឹកនាំដូចប៉ុល ពត ដែលគេរិះគន់មិនបាននោះ ជាលទ្ធផលបានត្រឹមដួលរលំប៉ុណ្ណោះ មិនខុសពីសម្លសាប ដែលគ្មានអ្នកហូប ឬភ្លេងពិណពាទ្យ អត់ស្រឡៃនាំមុខ គ្មានអ្នកស្តាប់។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ កុំទាត់ចោលការរិះគន់ ព្រោះថាការរិះគន់ស្ថាបនា ជាអាហារបណ្ឌិត

RELATED ARTICLES