Wednesday, May 8, 2024
Homeព័ត៌មានជាតិព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ លើក​ទី១ ចាប់​ផ្តើម​ពី​ថ្ងៃទី​២៥ តុលា

ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ លើក​ទី១ ចាប់​ផ្តើម​ពី​ថ្ងៃទី​២៥ តុលា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ព្រឹត្តការណ៍នៃការប្រកួត កីឡាជាតិលើកទី១ ដែលជាព្រឹត្តិការណ៍កីឡា យ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យ ដឹង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ថា “សូមចូលរួមទស្សនាដោយសេរី និងគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងខេត្ត កំពង់ចាម ដោយមានកីឡា ១៥ប្រភេទ ត្រូវ ជា១៨៩វិញ្ញាសា និងកីឡាករ ២៦៣៧នាក់ មកពី២៥ រាជធានីខេត្ត និងក្រសួង២ គឺក្រសួង ការពារជាតិ និងក្រសួងមហាផ្ទៃ ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ។

ពិធីបើកការប្រកួតផ្លូវការ ធ្វើឡើងនៅ ថ្ងៃទី២៨ ខែតុលា និងពិធីបិទធ្វើឡើងនៅថ្ងៃទី ០៥ ខែវិច្ឆិកា ដោយទទួលបានការផ្តល់កិត្តិយស ចូលរួមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពិធីបើកនិងបិទការប្រកួតកីឡាជាតិលើក ទី១នេះ មានការបង្ហាញទស្សនីយភាពវប្បធម៌  និងកីឡាក្បាច់គុណបុរាណខ្មែរ ការបំពាក់ភ្លើង  ពណ៌ អមដោយភ្លេងស្តង់ដារអន្តរជាតិ ការបាញ់ កាំជ្រួចតាមក្បួនខ្នាតគ្រប់ប្រភេទ រួមតាំងពិធី រត់យកភ្លើងអាទិទេព ឬភ្លើងគប់មកកាន់ពហុកីឡដ្ឋានជាតិ ដោយអតីតកីឡាករកីឡាការិនីឆ្នើមៗ ធ្លាប់ដណ្តើមបានមេដាយលើឆាក អន្តរជាតិ”។

យោងតាមសាររបស់លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជា ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា ជាតិលើកទី១ ឆ្នាំ២០១៦ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា ៖

“-ប្រតិភូកីឡាក្រសួង និងរាជធានីខេត្ត ជាទីស្នេហា

កីឡាករ កីឡាការិនី ជាទីរាប់អាន

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុនាមជាគណៈកម្មការរៀបចំការប្រកួត ខ្ញុំ សូមសម្តែងនូវការអបអរសាទរ និងស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះប្រតិភូកីឡា ក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ និងប្រតិភូកីឡា ទាំង២៥ រាជធានីខេត្ត ដែលត្រូវមកចូលរួម ការប្រកួត “កីឡាជាតិលើកទី១” សម្រាប់ឆ្នាំ ២០១៦។ ព្រឹត្តិការណ៍ “កីឡាជាតិលើកទី១” គឺជាព្រឹត្តិការណ៍កីឡាយ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា រហូត ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

ការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា គឺជាអាទិភាពមួយនៃអាទិភាពនានា ដែលមាន ចែងក្នុង “យុទ្ធសាស្ត្រចតុកោណដំណាក់កាល ទីបី” នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មាន ការតាំងចិត្តយ៉ាងមុះមុតជាទីបំផុត ដើម្បីធ្វើឱ្យ សម្រេចនូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកាអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ដោយបាន ខិតខំធ្វើការកែទម្រង់គ្រប់រូបភាពទាំងក្នុងក្របខណ្ឌបច្ចេកទេស និងគោលនយោបាយ ដើម្បី ធ្វើឱ្យសិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សាធារណជនមានជំនឿទុកចិត្ត និងចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យវិស័យ នេះមានការអភិវឌ្ឍ។

ដោយអនុលោមទៅតាមគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍអប់រំកាយ និងកីឡា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុង ធ្វើការកែទម្រង់ស៊ីជម្រៅអនុវិស័យអប់រំកាយ និងកីឡានេះយ៉ាងផុសផុល។ ការត្រៀមលក្ខណៈ ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ គឺជា កត្តាកំណត់មួយ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការកែទម្រង់វិស័យនេះ ដោយ បានកំណត់ចំណុចអាទិភាពចំនួន០៣ ក្នុងការ ពន្លឿនការអភិវឌ្ឍកីឡា ត្រៀមលក្ខណៈឆ្ពោះ ទៅឆ្នាំ២០២៣ គឺ “ការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា” “ការបណ្តុះបណ្តាលធនធាន មនុស្ស” និង “ការកែទម្រង់ការប្រកួតកីឡា គ្រប់ប្រភេទ”។

ផ្អែកតាមការសម្រេចចិត្ត និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការ “ប្រកួតកីឡាជាតិ” ចាប់ពីឆ្នាំ២០១៦នេះតទៅ ២ឆ្នាំម្តងឱ្យបាន បួនដង រហូតដល់ឆ្នាំ២០២៣ ដើម្បីជំរុញគុណ ផលកីឡា និងទទួលបាននូវបទពិសោធន៍គ្រប់ គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាធំៗនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមជូនពរឱ្យប្រតិភូកីឡាទាំងអស់ សូម មានសុវត្ថិភាពនិងទទួលបានជោគជ័យក្នុងការ ប្រកួត “កីឡាជាតិលើកទី១” នេះ”។

ដោយឡែក យោងតាមសាររបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាពិក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា ៖

“-ប្រតិភូកីឡារាជធានីខេត្ត ក្រសួង ជា ទីស្នេហា

កីឡាករ កីឡាការិនី ទាំងអស់ ជាទីរាប់ អាន

ក្នុងនាមក្រសួងទេសចរណ៍ និងក្នុងនាម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខ្ញុំសូម សម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាង កក់ក្តៅ ចំពោះវត្តមានប្រតិភូកីឡាមកពីរាជធានីខេត្ត ទាំង២៥ និងមកពីក្រសួងចំនួន០២ និងកីឡាករកីឡាការិនីទាំងអស់ ក្នុងការចូល រួមការប្រកួតកីឡាជាតិលើកទី១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និង ខេត្តកំពង់ចាម។ ការប្រកួតនេះ គឺជាព្រឹត្តិការណ៍ កីឡាដ៏ធំ និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស កម្ពុជាយើង។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា វិស័យកីឡាកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនខ្លាំង ទាំងធនធាន មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ ការសម្រេច ចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើជា ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ខាងមុខ គឺជាមោទនភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល ហើយ ការផ្តួចផ្តើមឱ្យមានការប្រកួតកីឡាជាតិកម្ពុជា នេះឡើង គឺជាចលករដ៏ខ្លាំងមួយផងដែរ ក្នុង ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកីឡា និង ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃភាពជាម្ចាស់ផ្ទះ និងការត្រៀមលក្ខណៈ ឆ្ពោះទៅកាន់កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការសម្រេចចិត្តរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យមាន ការប្រកួតកីឡាជាតិលើកដំបូងបំផុតនេះឡើង និងបន្តរៀបចំរៀងរាល់០២ឆ្នាំម្តង ហើយខ្ញុំ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ កីឡានេះ នឹងជួយជំរុញសន្ទុះនៃការស្រលាញ់ គាំទ្រ ចូលរួម និងលើកកម្ពស់គុណភាពនៃកីឡា កម្ពុជា ក៏ដូចជាចូលរួមលើកកម្ពស់វិស័យកីឡា ទេសចរណ៍ និងចលនាទេសចរណ៍ក្នុងស្រុក តាម រយៈព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ឱ្យកាន់ តែរីកចម្រើនថែមទៀតផងដែរ។

ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ សូមយកចិត្តទុកដាក់ហាត់ សម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងបង្កើន ចំណេះ និងបទពិសោធជំនាញរៀងៗខ្លួន ឈាន ឆ្ពោះទៅទទួលបានជ័យលាភី។ សូមចងចាំថា ការគោរពវិន័យខ្លួនឯង ការតាំងចិត្តខ្ពស់ និង ការឧស្សាហ៍ព្យាយាម គឺជាកត្តាកំណត់ ដើម្បី ឆ្ពោះទៅរកភាពជោគជ័យ។

ខ្ញុំសូមជូនពរឱ្យប្រតិភូ កីឡាករ និងកីឡាការិនីទាំងអស់ ប្រកបដោយសុខសុវត្ថិភាព ក្នុង ការធ្វើដំណើរទៅមក និងទទួលបានជោគជ័យ ក្នុងចូលរួមកីឡាជាតិលើកទី១នេះ”។

គួររំព្ញកថា ក្រុមហ៊ុនខ្មែរប៊្រូវើរី លីមីតធីត ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បាន សម្រេចចុះអនុស្សរណៈយោគយល់គ្នាជាមួយ នឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាល ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ដោយសម្រេចឧបត្ថម្ភធំនៅក្នុងការប្រកួតកីឡា ជាតិ ចំនួន៤លើកធំៗ គិតចាប់តាំងពីឆ្នាំ២០១៦ នេះ រហូតដល់ឆ្នាំ២០២២។ ក្នុងនោះការប្រកួត កីឡាជាតិលើកទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែតុលា រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ចំណែកការប្រកួតកីឡាជាតិ លើក ទី២ នឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៨ លើកទី ៣នៅឆ្នាំ២០២០ និងលើកទី៤ប្រព្រឹត្តទៅនៅ ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនស្រាបៀរ កម្ពុជា ជាអ្នកឧបត្ថម្ភធំ ព្រឹត្តិការណ៍កីឡាជាតិ នាពេលខាងមុខនេះ ក៏ទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនចំនួន២ផ្សេងទៀតផងដែរ ក្នុងនោះ មានក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងក្រុមហ៊ុនទូរស័ព្ទ Smart Axiata៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES