ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្តដឹកខ្សាច់ កំពុងបើកបរសុខៗ ងងុយដេក ងោក១ភាំង ធ្វើឱ្យរថយន្តរេចង្កូតឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ ក្រឡាប់ចាក់ខ្សាច់ចោលពេញផ្លូវ សំណាងល្អពុំបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

រថយន្តដែលក្រឡាប់ ជាប្រភេទរថយន្តបែន ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌បៃតង ទ្រុងពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 3D-4316 ជារថយន្តដឹកខ្សាច់ របស់ក្រុមហ៊ុនដឹកជញ្ជូន MG បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់ ១គ្រឿង ខាងលើ ធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើង មកត្បូង លុះពេលធ្វើដំណើរជិតដល់វិទ្យាស្ថានបច្ចេក ទេស ហៅសាលាកូរ៉េ រថយន្តខាងលើ បានរេចង្កូតទៅឆ្វេងដៃ ឡើងសួនច្បារ បុករះកូនឈើ ដោយសាតែកង់ម្ខាង នៅលើសួន ជាហេតុធ្វើឱ្យរថយន្តផ្អៀងហើយកាច់ដាច់ទ្រុង ក្រឡាប់ចាក់ខ្សាច់ចោលទៅស្តាំដៃ តែយ៉ាងណា ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ។

តាមសម្តីអ្នកបើកបររថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានធ្វើដំណើរទៅដឹកខ្សាច់នៅដេប៉ូគីឡូម៉ែត្រលេខ៩ គោលបំណងយកទៅចាក់នៅខេត្តកំពង់ស្ពឺ តែនៅពេលធ្វើដំណើរតាមផ្លូវ ងងុយដេក ងោកមួយភាំង រថយន្តបានរេចង្កូតឡើងសួនច្បារ ក្រឡាប់តែម្តង។

បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើ នគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ជួយសម្រួលចរាច រណ៍ រួចទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោក ចុះមកវាស់វែង បញ្ជូនទៅកាន់ការិយាល័យ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕
