Wednesday, April 24, 2024
Homeព័ត៌មានជាតិបំប្លែង​ផែន​ទី លោក​សម រង្ស៊ី គាំ​ទ្រ សម្តេច​ហ៊ុន សែន សុំ​អន្ត​រាគមន៍​ពី​បារាំង

បំប្លែង​ផែន​ទី លោក​សម រង្ស៊ី គាំ​ទ្រ សម្តេច​ហ៊ុន សែន សុំ​អន្ត​រាគមន៍​ពី​បារាំង

ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បានបញ្ជាក់ពីគោលជំហររបស់ លោក ចំពោះបញ្ហាព្រំដែនកម្ពុជា-វៀតណាម  និងបញ្ហាផែនទី ដោយលោកបានគាំទ្រគំនិត របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានឯកភាពជាមួយនាយករដ្ឋមន្ត្រីវៀតណាម សរសេរលិខិត រួមគ្នា ស្នើទៅប្រធានាធិបតីបារាំង ជួយផ្តល់ អ្នកឯកទេសមកបំប្លែង ផែនទីកម្ពុជា ពីប្រព័ន្ធ បោន ខ្នាត១លើ១០០ពាន់ មកប្រព័ន្ធ UTM ខ្នាត១លើ៥០ពាន់វិញ ដើម្បីងាយស្រួលក្នុង ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេស- ប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា “បញ្ហាបូរណភាពទឹកដី គឺជាបញ្ហា កំណត់ព្រំដែន ទាំងដែនដីគោក និងដែនដីទឹក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌។ បញ្ហានេះ ឈាន មកដល់ដំណាក់កាលមួយថ្មី ដែលតម្រូវឱ្យជនជាតិខ្មែរ អ្នកស្នេហាជាតិទាំងអស់ ចូលរួមធ្វើការនិងតស៊ូជាមួយគ្នា ដើម្បីរកដំណោះស្រាយ ឱ្យបានត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ មានទាំងច្បាប់ជាតិ (ជាពិសេស រដ្ឋធម្មនុញ្ញ) ទាំងច្បាប់អន្តរជាតិ (ជាពិសេស កិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១)។ ដំណោះស្រាយ ត្រឹមត្រូវចំពោះបញ្ហានេះ តម្រូវឱ្យគូវិវាទ (ជាពិសេស ប្រទេសកម្ពុជា និងប្រទេសវៀតណាម) ស្វែងរកផែនទីត្រឹមត្រូវ ធ្វើជាមូលដ្ឋាន បច្ចេកទេសច្បាស់លាស់ ក្នុងការកំណត់ព្រំដែន ដែលគ្មាននរណាអាចប្រកែកបាន។

samrainsy

ចំពោះបញ្ហាផែនទីនេះ ខ្ញុំសូមធ្វើការកត់សម្គាល់ ហើយមានយោបល់ដូចតទៅ ៖

១-រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា២ ចែងថា ៖ “បូរណភាពទឹកដី របស់ ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបាន  ដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០០០០ ធ្វើនៅចន្លោះ ឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩”។

២-ដើម្បីកំណត់បន្ទាត់ព្រំដែន នៅលើ ដែនដី និងដែនទឹកជាក់ស្តែង ឱ្យបានកាន់តែ ច្បាស់លាស់ថែមទៀត យើងត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដែលមិនទាន់មានកាលពីជាង ៦០ឆ្នាំមុន នៅពេលដែលរដ្ឋបាលអាណានិគមនិយមបារាំង បានរៀបចំផែនទីដូចបញ្ជាក់ខាងលើ ទុកឱ្យយើងប្រើប្រាស់មកដល់សព្វថ្ងៃ។

៣-ប្រទេសបារាំងសព្វថ្ងៃ អាចផ្តល់ជំនួយ បច្ចេកទេស ដែលភាគីពាក់ព័ន្ធទាំងអស់អាច ជឿទុកចិត្តបាន ពីព្រោះប្រទេសបារាំងសព្វថ្ងៃ ប្រកាន់ជំហរអព្យាក្រឹត ហើយក៏មានជំនាញ ឯកសារប្រវត្តិសាស្ត្រ បទពិសោធន៍ និងធនធាន គ្រប់គ្រាន់ ដើម្បីជួយដោះស្រាយបញ្ហាកំណត់ បន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេស វៀតណាម ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌។

៤-ភាគីពាក់ព័ន្ធទាំងអស់ អាចស្នើរដ្ឋា- ភិបាលប្រទេសបារាំងសព្វថ្ងៃ ឱ្យជួយផ្តល់ផែនទី បន្ថែមដែលមានផែនទីដូចចែងក្នុងរដ្ឋធម្មនុញ្ញ  នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋាន។ ផែនទី បន្ថែមនោះ អាចផ្តល់ការងាយស្រួលក្នុងុការ ប្រើប្រាស់ និងការអនុវត្តផែនទីជាមូលដ្ឋាន ក្នុងការកំណត់បន្ទាត់ព្រំដែន លើដែនដី និង ដែនទឹកជាក់ស្តែង។ ផែនទីបន្ថែម ដែលអាច តម្រូវឱ្យអ្នកបច្ចេកទេសបារាំង មកពិនិត្យមើល ស្ថានការណ៍ជាក់ស្តែងបច្ចុប្បន្ននៅមូលដ្ឋាន មាន លក្ខណៈពិសេស ២យ៉ាងដ៏សំខាន់ដូចតទៅ ៖

ក-មានការពង្រីកខ្នាតពី ១/១០០០០០ (គឺ ១ សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើនឹង ១ គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) ទៅ ១/៥០. ០០០) គឺ ២សង់ទីម៉ែត្រ លើផែនទីក្រដាស ស្មើ នឹង១គីឡូម៉ែត្រ លើផែនដីជាក់ស្តែង) មានន័យ ថា ផែនទី ១/៥០០០០ លម្អិតជាង២ដង ហើយ ក៏ច្បាស់ជាង២ដង ប្រៀបធៀបទៅនឹងផែនទី ១/១០០០០០ ដោយគ្មានប្រែប្រួលអ្វីដែលជា លក្ខណៈមូលដ្ឋានឡើយ។

ខ-មានការបំប្លែង (Conversion) ពីប្រព័ន្ធ បច្ចេកទេស Bonne (ដែលគេឈប់ប្រើប្រាស់ ហើយសព្វថ្ងៃ) មកប្រព័ន្ធបច្ចេកទេស UTM (ដែលគេប្រើប្រាស់ជាសកល នាពេលបច្ចុប្បន្ន)។ បំប្លែងមកប្រព័ន្ធ UTM នេះ នឹងនាំមកនូវការ ងាយស្រួលក្នុងការប្រៀបធៀបជាមួយនឹងផែនទី ដែលបានយកមកប្រើប្រាស់មកដល់សព្វថ្ងៃ ដើម្បី ឱ្យឃើញថា ផែនទីណាខុស ផែនទីណាត្រូវ។

៥-យើងអាចជឿទុកចិត្តលើផែនទីរៀបចំ ដោយប្រទេសបារាំង ដែលមានគោលជំហរ អព្យាក្រឹត ជាជាងផែនទីដែលរៀបចំដោយ ប្រទេសវៀតណាម ដែលមានផលប្រយោជន៍ ផ្ទុយពីផលប្រយោជន៍ប្រទេសកម្ពុជា ក្នុងការ កំណត់ព្រំដែនរវាងប្រទេសទាំង២។

៦-ក្នុងកាលៈទេសៈបច្ចុប្បន្ន ជំនួយបច្ចេកទេស និងអព្យាក្រឹត ពីប្រទេសបារាំង មិនអាច ធ្វើឱ្យប្រទេសកម្ពុជា ទទួលការបង់ខាតអ្វីទេ។ ផ្ទុយទៅវិញ អន្តរាគមន៍ពីប្រទេសបារាំង នឹង ធ្វើឱ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍ពីបញ្ហា ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ឱ្យប្រទេស កម្ពុជា។

៧-ត្រូវផ្តល់យុត្តិធម៌ឱ្យអ្នកស្នេហាជាតិ ដូចជាលោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ និងលោកតំណាងរាស្ត្រអ៊ុំ សំអាន ដែលពួកគាត់បានលើកពីបញ្ហាផែនទីនេះ ដើម្បីជួយការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជា។ មិន គួរចាប់ពួកគាត់ដាក់គុកសោះ តែគួរតែយកពួក- គាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ ប្រទេសជាតិរបស់យើងទាំងអស់គ្នា”។

ទោះជាយ៉ាងណា លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានប្រឆាំងចំពោះ ការបំប្លែងខ្នាតផែនទី ពីបោន មក UTM នេះ ហើយលោកបានរិះគន់លោកសម រង្ស៊ី ចំពោះ ការគាំទ្រការសម្រេចរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះបញ្ហានេះ។

លោកសួន សេរីរដ្ឋា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោកថា “នេះជានយោបាយ បល់បាយរបស់អ្នកនយោបាយថោកទាប ដែល ធ្វើនយោបាយ ដើម្បីបង្គ្រប់បំពេញសព្វបែបយ៉ាង ឱ្យហ៊ុន សែន ដែលរួមមាន ៖ បង្គ្រប់កិច្ចបោះឆ្នោត បង្គ្រប់ទឹកចូលសភា ហើយឥឡូវបង្គ្រប់ទិស ជួយដូរ ខ្នាតផែនទីថែមទៀត។

នយោបាយបល់បាយ ឆ្លេឆ្លា និងចរិត នយោបាយអំពិលអំពែក របស់សម រង្ស៊ី គឺធ្វើ ដើម្បីតែចិញ្ចឹមជីវិតនយោបាយរបស់ខ្លួន ខ្លាច  គណបក្សរបស់ខ្លួនរលាយ តែមិនដែលគិតខ្លាច ប្រទេសជាតិរលាយទេ។ ចុងក្រោយនេះ បន្ទាប់- ពីអង្វរលន់តួសុំហ៊ុន សែន ចូលស្រុក ក្រោម លេសម្តាយក្មេកស្លាប់នោះរួចហើយ ពេលនេះ សុខចិត្តគាំទ្រហ៊ុន សែន ដើម្បីដូរខ្នាតផែនទី ប្រទេសថែមទៀត ដោយមិនចេះខ្មាសអៀន។

សូមបងប្អូនពលរដ្ឋខ្មែរ យុវជនខ្មែរ អ្នក- ស្នេហាជាតិ ល្មមភ្ញាក់ខ្លួនហើយ ! កុំបន្តចាញ់- បោកពួកមេដឹកនាំស្នេហាចោរ តទៅទៀត។ ២៥ ឆ្នាំហើយ តាំងពីក្រោយមានកិច្ចព្រមព្រៀង សន្តិភាព ២៣ តុលា ១៩៩១ មក គឺពួកចោរ និងពួកស្នេហាចោរ ដែលសង្គ្រោះចោរ ធ្វើនយោ- បាយស៊ីបាយជាមួយគ្នាទេ។ ដូច្នោះហើយបាន ជាយើងអ្នកស្នេហាជាតិពិតប្រាកដ ស្លាប់គរជើង ឈាមក្លាយជាស្ទឹង ឆ្អឹងក្លាយជាភ្នំ ហើយនៅ- តែមិនអាចរំដោះទុក្ខពលរដ្ឋ និងមិនអាចរំដោះ- ជាតិបាន”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជំនួបប្រជុំទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម នៅ ខេត្តសៀមរាប នាឱកាសកិច្ចប្រជុំកំពូលកម្ពុជា -ឡាវ-វៀតណាម (CLV) សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ឯកភាពជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម សរសេរលិខិតរួមគ្នា ស្នើទៅលោកប្រធានាធិបតីបារាំង សុំផ្តល់អ្នកឯកទេសមកធ្វើការ បំប្លែង ឬផ្ទេរផែនទីកម្ពុជា ពីប្រព័ន្ធបោន ខ្នាត ១លើ១០០ពាន់ មកប្រព័ន្ធ UTM ខ្នាត១លើ ៥០ពាន់វិញ ដើម្បីងាយស្រួលក្នុងការបោះបង្កេល្គាព្រំដែនរវាងប្រទេសទាំង២ កម្ពុជា- វៀតណាម។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាក់បន្ថែមពីមូលហេតុនៃការសម្រេចស្នើសុំ ទៅបារាំង ឱ្យជួយផ្ទេរផែនទីពីខ្នាតបោន ១លើ ១០០ ពាន់ មកខ្នាត UTM ១លើ៥០ពាន់នេះ ឆ្លើយតបទៅម្ចាស់គណនីហ្វេសប៊ុកមួយថា  “យើងប្រើផែនទីបោន ខ្នាត១/១០០ ០០០ នេះ ជាទីដើមដែលរដ្ឋធម្មនញ្ញ ទទួលស្គាល់។ ខ្នាត ១/១០០ ០០០ គឺលំបាករកចំណុចដើម្បីបោះ បង្គោលព្រំដែន ព្រោះតែវាតូចពេក។ ដូចនេះ ត្រូវប្តូរមកផែនទីទូំ ខ្នាត១/៥០០ ០០០ វិញ ទើបងាយស្រួលវាស់វែង និងរកចំណុច ដើម្បីបោះបង្គោលព្រំដែន។ ដើម្បីធានាភាព ត្រឹមត្រូវ ទើបភាគីកម្ពុជា និងភាគីវៀតណាម ឯកភាពគ្នាសរសេរលិខិតរួមគ្នា សុំជំនាញការ បារាំង មកជួយផ្ទេរផែនទីនេះ។ អ៊ំបានសុំប្រធានាធិបតីបារាំង គាត់យល់ព្រមហើយ តែតម្រូវ ឱ្យមានការស្នើដោយកម្ពុជា និងវៀតណាម រួម គ្នា ទើបបារាំងជូនមកបាន ដូចនេះទើបអ៊ំចរចា ជាមួយថ្នាក់ដឹកនាំវៀតណាម ធ្វើលិខិតរួមគ្នា ជូនទៅប្រធានាធិបតីបារាំង។ គោលដៅសំខាន់ គឺការផ្ទេរផែនទីនេះមិនឱ្យលម្អៀង ដើម្បីធានា ដល់ការបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ។  អ៊ំចង់ប្រាប់ក្មួយបន្ថែមលើបញ្ហាផែនទី បើផែនទី ខ្នាតកាន់តែធំ កាន់តែពិបាករកចំណុច ដូចនេះ ហើយបានខាងកងទ័ព គេផលិតផែនទីសម្រាប់ ថ្នាក់បញ្ជាការ តាមកម្រិត។ ថ្នាក់យោធភូមិភាគ ប្រើខ្នាត១/៥០ ០០០ ថ្នាក់កងពល ខ្នាត១/២៥ ០០០ រហូតមានប្រើខ្នាត១/១០ ០០០ ដើម្បី ងាយស្រួលរកចំណុចឈរជើងរបស់កងទ័ព ឬ វាយកាំភ្លើងធំ៘

សម្រាប់សុរិយោដី ដែលត្រូវធ្វើប្លង់ដី កាន់តែត្រូវការផែនទីខ្នាតធំ ដើម្បីចៀសវាង ចេញប្លងដីជាន់គ្នា នាំដល់ទំនាស់ព្រំដីរវាងគ្រួសារ មួយ ជាមួយគ្រួសារមួយទៀត។ អ្នកគូរប្លង់អគារ ឬផ្ទះ កាន់តែត្រូវការពង្រីកផែនទីឱ្យកាន់តែធំ ទើបពួកគាត់ងាយស្រួលនឹងអាចធ្វើបាន។ ការ ពន្យល់របស់អ៊ំ អាចក្មួយយល់ពីភាពហ្មត់ចត់លើ កិច្ចការព្រំដែន ជាមួយប្រទេសជិតខាង”៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES