Friday, April 26, 2024
Homeព័ត៌មានជាតិបញ្ហា​ទំនប់​វារី​អគ្គិសនី​ឡាវ ក្រុម​យុវ​ជន ការ​ពារ​បរិស្ថាន​ត្រៀម​ដាក់​លិខិត​ជូន​សម្តេច ហ៊ុន សែន

បញ្ហា​ទំនប់​វារី​អគ្គិសនី​ឡាវ ក្រុម​យុវ​ជន ការ​ពារ​បរិស្ថាន​ត្រៀម​ដាក់​លិខិត​ជូន​សម្តេច ហ៊ុន សែន

ភ្នំពេញ  ក្រុមយុវជនកម្ពុជាការពារបរិស្ថាន បានសម្តែងការមិនសប្បាយចិត្តនឹងប្រសាសន៍ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងនៅក្នុងជំនួប ទ្វេភាគីជាមួយរដ្ឋាភិបាលឡាវថា ទំនប់វារីអគ្គិសនីដនសាហុង មិនមានផលប៉ះពាល់អ្វីនោះ ទេ ហើយពេលនេះ ឡាវកំពុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីនោះហើយ។ ជាមួយគ្នានេះ តំណាងក្រុមយុវជនកម្ពុជាការពារបរិស្ថានបាន អះអាងថា ពួកគេកំពុងត្រៀមសរសេរលិខិតដាក់ ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពាក់ព័ន្ធនឹង បញ្ហាទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវនេះ ផងដែរ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនី ដនសាហុង ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅ សណ្ឋាគារអប្សរាផាលេស ក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា ក្រោយពីភាគី កម្ពុជា បានពិនិត្យស្ថានភាពនៅទីនោះរួចហើយ គឺមិនមានបញ្ហាលើគម្រោងអភិវឌ្ឍឡើយ។ ចំពោះការព្រួយបារម្ភរបស់កម្ពុជា អំពីកង្វះ ខាតទឹក ឬចលនា រស់រានរបស់ត្រី ក៏មិនមាន ការប៉ះពាល់ដែរ។ សម្តេចក៏បានថ្លែងអំណរគុណ ដល់ភាគីឡាវ ដែលបានសន្យាលក់អគ្គិសនីមក ឱ្យបណ្តាខេត្តរបស់កម្ពុជា ដែលជាប់ព្រំដែន ជាមួយតំបន់វារីអគ្គិសនីនេះ ក្នុងតម្លៃថោក ហើយខណៈពេលនេះ ឡាវចាប់ផ្តើមដំណើរ ការសាងសង់គម្រោងវារីអគ្គិសនីដនសាហុង នេះហើយ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង នគរធំជាមួយលោកជុំ ហួត តំណាងយុវជន កម្ពុជាការពារបរិស្ថាន ជុំវិញបញ្ហាទំនប់វារី អគ្គិសនីដនសាហុង របស់ឡាវ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ 

នគរធំ ៖ ជម្រាបសួរលោកជុំ ហួត! មូលហេតុអ្វីខ្លះដែលលោកមិនយល់ស្របទៅនឹង ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទាក់ទងនឹងទំនប់វារីអគ្គិសនីដនសាហុង?

លោកជុំ ហួត ៖ បាទ! ចំពោះក្នុងនាម ពួកខ្ញុំជាសកម្មជនការពារបរិស្ថាន ហើយក៏ដូច ជាពួកខ្ញុំកំពុងធ្វើការយ៉ាងសកម្មជាមួយនឹងខាង ទំនប់ដនសាហុង ខ្ញុំគិតថា នេះជាការមួយដែល យើងមានការព្រួយបារម្ភមែនទែន ពីព្រោះពី មុនមក សម្តេចនាយករដ្ឋមន្ត្រី គាត់តែងតែ ប្រឆាំង ឬជំទាស់ជាមួយទំនប់ដនសាហុង ជាមួយ ឡាវ ជានិច្ច ហើយក្នុងនោះ សម្តេចក៏បានសហការជាមួយថៃ វៀតណាម ផងដែរ ដើម្បីជំទាស់ ទំនប់ដនសាហុងហ្នឹង កន្លងមក។ ប៉ុន្តែស្រាប់តែ ថ្មីៗនេះ ខ្ញុំបានដឹងព័ត៌មានម្សិលម៉្ងៃ គឺសម្តេច ប្រកាសពេលជួបជាមួយឡាវថា ទំនប់នោះ មិន មានប៉ះពាល់ដល់កម្ពុជាទេ ទាំងត្រី ទាំងទឹក។ នេះហើយជាការព្រួយបារម្ភមែនទែន ខ្ញុំគិតថា ដោយសារតែមិនដឹងថាហេតុផលអីទេ តែចំពោះ ខ្ញុំវិញ ខ្ញុំថា បើសិនជាសម្តេចពីមុនមក ដែល គាត់តែងជំទាស់ទំនប់ហ្នឹង អ៊ីចឹងខ្ញុំគិតថា សម្តេច គួរតែទៅជួបសហគមន៍ផ្ទាល់នៅសហគមន៍ ព្រះមង្គល ដែលនៅជិតដនសាហុង នៅជិតឡាវ ហ្នឹង ទៅមើលទៅ តើផលប៉ះពាល់អីខ្លះ? ឱ្យ ជាក់ស្តែង ទី១។ ទី២ គាត់គួរតែអញ្ជើញសហគមន៍ទាំងអស់ហ្នឹង ដែលគាត់កំពុងតែរងគ្រោះ នោះ យកមកពិភាក្សា ពិគ្រោះយោបល់ តើ អារម្មណ៍គាត់យ៉ាងម៉េចដែរ? មួយទៀត កំពុងតែចោទទៅលើអង្គការ NGOs មួយចំនួន ដែល តែងតែជំទាស់ជាមួយនឹងទំនប់ហ្នឹង ជាពិសេស ពួកខ្ញុំជាសកម្មជនបរិស្ថាន អង្គការមួយចំនួន ដែលគាត់រកឃើញផលប៉ះពាល់ឆ្លងដែន ទាំង ក្នុងស្រុកនិងក្រៅស្រុក។ ហ្នឹងបញ្ហាទី១ ទី២ ទៀត ដោយសារតែសម្តេច ប៉ុន្មានខែមុន គាត់  បានទៅទស្សកិច្ចចិន ហើយក្នុងនោះគាត់មាន កិច្ចព្រមព្រៀងជាមួយចិនជាច្រើន ហើយក្នុង នោះ ក៏មានទំនប់វារីអគ្គិសនីផងដែរ ដែលគ្រោង នឹងសាងសង់លើទន្លេមេគង្គ នៅប្រទេសកម្ពុជា យើង។ ហេតុផលហ្នឹងហើយ ដែលសម្តេចបាន មកគាំទ្រទំនប់ដនសាហុងវិញ ដោយសារតែ បើសិនគាត់មិនគាំទ្រដនសាហុងទេ មានន័យ ថា គាត់ប្រឆាំងទំនប់ដែលគាត់មានគម្រោង សាងសង់ ព្រោះគាត់បានសន្យាជាមួយចិន ការ សាងសង់ទំនប់វារីអគ្គិសនីនៅក្នុងដងទន្លេមេគង្គ នៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងបើសិនជា សម្តេចប្រឆាំង ជំទាស់នឹងទំនប់ដនសាហុង មានន័យថា គាត់ត្រូវជំទាស់នឹងទំនប់ខ្លួនឯង ដែល គ្រោងសាងសង់ដែរ។ អានេះតាមដែលយើង ពិភាក្សាមើលទៅឃើញ។

នគរធំ ៖ អ៊ីចឹងផ្ទុយពីការពិតយ៉ាងណា ចំពោះស្ថានភាពនៅតំបន់វារីអគ្គិសនីនោះ?

លោកជុំ ហួត ៖ វាផ្ទុយពីការពិតជាច្រើន ដោយសារតែបច្ចុប្បន្ននេះ ខែតុលា គឺបានបាក់ ច្រាំងទន្លេ ដោយសារតែខាងឡាវ បានបិទ ច្រាំងទន្លេ៣ទៅ៤ច្រក ដែលផ្លូវទឹកមិនអាច ហូរចូលកម្ពុជាបាន ហើយសហគមន៍ព្រះមង្គល ហ្នឹង បាក់ច្រាំងទន្លេ ១២ម៉ែត្រជាង អាហ្នឹង ផ្ទុយពីការពិតទី១។ ទី២ ផ្ទុយពីការពិតយ៉ាង ម៉េច? ឥឡូវនេះ សហគមន៍នៅព្រះមង្គលហ្នឹង ដែលគាត់ពឹងទៅលើទេសចរណ៍ ដែលពីមុនមក អាកន្លែងបាក់ច្រាំងទន្លេងហ្នឹង គឺគាត់សាងសង់ ផ្ទះជាទេសចរណ៍ តែឥឡូវនេះ ច្រាំងទន្លេបាន លេបត្របាក់នូវទេសចរណ៍នេះ គាត់បាត់ចំណូល។ ទី៣ទៀត ត្រីមានការថយចុះមែនទែន ពីមុន មក យើងនិយាយ១គ្រួសារ  យើងនិយាយពី មនុស្សម្នាក់ ដែលរស់នៅក្នុងតំបន់ហ្នឹង គឺរក ចំណូលបាន៥ដុល្លារ ក្នុង១ព្រឹក។ មុនទៅរៀន គាត់ទៅដាក់បង្កៃ ឬមួយស្ទូចសិន គាត់ទៅលក់ នៅផ្សារ បាន១ម៉ឺន ខ្ញុំផ្ទាល់ជាអ្នកទិញគាត់។ ហ្នឹងមនុស្សម្នាក់ អ៊ីចឹង១គ្រួសារ គាត់រកចំណូល បានប៉ុន្មាន? បើសិនគាត់មានមនុស្សច្រើននាក់ គាត់រកចំណូលបានច្រើន ជួនកាល២០ដុល្លារ។ សហគមន៍ហ្នឹងផ្ទាល់ នៅពេលដែលល្ងាចឡើង ម៉ោង៥ គាត់ទៅដាក់មងដាក់អី ព្រឹកឡើង គាត់លើកវិញ ហើយគាត់បាន២០ដុល្លារ ទៅ ៣០ដុល្លារ។ តែឥឡូវនេះ ថយចុះមែនទែន ដោយសារតែយើងអត់មានច្រកចេញចូលរវាង ទឹកនិងត្រី ផ្លូវទឹកតែមួយ ដនសាហុងហ្នឹង ផ្លូវទឹក បិទអស់ហើយ អ៊ីចឹងត្រីមិនអាចផ្លាស់ទីបាន ទៀតទេ។ អ៊ីចឹងអ្វីដែលសម្តេចនិយាយថា ត្រី មិនប៉ះពាល់ដល់ចរន្តទឹក គឺផ្ទុយនឹងការពិត។ មួយទៀត ផ្ទុយពីការពិត គឺបរិមាណទឹកមាន ការថយចុះ នៅពេលដល់ខែវស្សា គឺទឹកនឹងរីង ស្ទើរតែទាំងស្រុង ដោយសារទំនប់ហ្នឹងវាបិទ អាខាងលើ អ៊ីចឹងវាមិនអាចហូរចូលចេញ ចូល ដូចមុនបានទេ អ៊ីចឹងវាប៉ះពាល់ផ្លូវទឹក។ អ៊ីចឹង អ្វីដែលសម្តេចមានប្រសាសន៍ គឺផ្ទុយពីការពិត តែម្តង ។

នគរធំ ៖ តើលោកអាចបញ្ជាក់បានទេ សហគមន៍ដែលរងគ្រោះនៅតំបន់ទំនប់វារីអគ្គិសនី នោះ មានចំនួនប៉ុន្មានពិតប្រាកដ?

លោកជុំ ហួត ៖ បច្ចុប្បន្ននេះ វាមាន៤ ប្រទេស ប៉ុន្តែយើងនិយាយជាក់ស្តែង និយាយ អត់ប្រយោល និយាយផ្ទាល់ គឺប៉ះពាល់ទៅដល់ ប្រជាជននៅឡាវ ប្រជាជនកម្ពុជាយើង ដែល រស់នៅតំបន់ហ្នឹង ប៉ុន្មានពាន់គ្រួសារ ដែលកំពុងតែប៉ះពាល់។ ឡាវខ្លួនឯងផ្ទាល់ តំបន់ដែល កំពុងតែនេសាទក្នុង១ឆ្នាំ ទទួលបានប៉ុន្មានលាន ដុល្លារ ឥឡូវនេះ គឺអត់មានទេ ហើយជម្លៀស ពួកគាត់ចេញឱ្យឆ្ងាយ ហើយតំបន់ហ្នឹងជាតំបន់ ហាមឃាត់។ មកកម្ពុជាយើង នៅពេលដែល តំបន់ឡាវ គេហាមឃាត់ហើយ ឡាវអត់ហ៊ាន នេសាទនៅហ្នឹងទេ គាត់នេសាទលួចឆ្លងដែន នៅកម្ពុជា។ អ៊ីចឹងកាលណាលួចឆ្លងដែននៅ ប្រទេសកម្ពុជាយើង ត្រីក៏ថយចុះដែរ ដោយសារតែយើងអត់មានការផ្លាស់ទី។ អ៊ីចឹងខ្ញុំ ចង់និយាយថា ប៉ះពាល់ទាំង២ប្រទេស ឡាវ និង កម្ពុជា ហើយជាពិសេស ប្រជាជនដែលរស់នៅ តំបន់ហ្នឹង និងនៅជាប់តំបន់ហ្នឹង។

នគរធំ ៖ ចំពោះអង្គការសង្គមស៊ីវិល ដែល ធ្វើការលើបញ្ហានេះ មានប្រតិកម្មយ៉ាងណា?

លោកជុំ ហួត ៖ វាដូចជាការបំបាក់ទឹកចិត្តដល់ក្រុមយុវជន ក៏ដូចជាអង្គការសង្គមស៊ីវិល ជាពិសេស NGOs ដែលគាត់ធ្វើការនៅទំនប់ វារីអគ្គិសនីហ្នឹង នៅលើដងទន្លេមេគង្គ មានការ ពិបាកចិត្តមែនទែន ដោយសារតែពួកគាត់ហ្នឹង ជាអ្នករកទិន្នន័យឃើញនឹងផលប៉ះពាល់ជាក់ ស្តែង។ អ៊ីចឹងទៅ NGOs មួយចំនួន គាត់មាន ប្រតិកម្មខ្លាំងចំពោះបញ្ហាហ្នឹង ហើយអាចចោទ ជាសំណួរ ហើយក៏អាចចោទជាអ្វីមួយដល់ NGOs ថា NGOs  ហ្នឹងជាមេបះបោរ ឬមួយជាមេបញ្ហា។ នេះទី១ NGOs  មួយចំនួន គាត់កំពុងមានការ ព្រួយបារម្ភ។ ទី២ NGOs មួយចំនួន កំពុងបាក់ ស្មារតី បាក់ទឹកចិត្តពីបញ្ហាហ្នឹង យើងអត់ដឹង ម៉េចទៀត យើងកំពុងតែធ្វើការជាមួយគាត់ ថាតើយើងគួរតែផ្តល់ចម្លើយដល់សម្តេច យ៉ាង ម៉េច? ហើយយើងគួរតែសរសេរលិខិតមួយ ទៅ ដល់សម្តេចយ៉ាងម៉េច ក្នុងនាម ណអឿស ក៏ដូចជា ក្នុងនាមយើងជាយុវជន?

នគរធំ ៖ ក្នុងន័យនេះ បានសេចក្តីថា ក្រុម សកម្មជនការពារបរិស្ថាននៅតែបន្តសកម្មភាព តស៊ូមតិលើការងារនេះឬយ៉ាងណា?

លោកជុំ ហួត ៖ បាទ! យើងរកផលប៉ះពាល់ជាក់ស្តែងបង្ហាញសម្តេចតែម្តង ព្រោះ សម្តេចអត់បានធ្វើកិច្ចការហ្នឹងទេ។ អ៊ីចឹង យើង បង្ហាញជាក់ស្តែងតែម្តង ឱ្យសម្តេចឃើញ។ យើង នឹងសរសេរលិខិតមួយឆ្លើយតបទៅសម្តេចអ្វីដែល សម្តេចបានគាំទ្រទំនប់ដនសាហុង។ ពួកយើង មានភ័ស្តុតាងជាច្រើន ដែលសម្តេចតែងបាន ជំទាស់ទំនប់ហ្នឹង យើងមានលិខិតដែលសម្តេច បានសរសេរផ្ទាល់ទៅឡាវ ជាមួយកម្ពុជា ថៃ វៀតណាម ពីឆ្នាំ២០១៣ ២០១៤២០១៥។ យើងមានភ័ស្តុតាងត្រឹមត្រូវពេលដែលសម្តេច ជំទាស់ពីទំនប់នោះ ហើយសម្តេចក៏បានសហការជាមួយ NGOs មួយចំនួន ពីមុនមកដែរ ក្នុងការជំទាស់ទំនប់ហ្នឹង។ អ៊ីចឹងនេះជាភ័ស្តុតាងមួយចំនួន ដែលសម្តេចធ្វើកន្លងមក អ៊ីចឹង សម្តេចមិនអាចលុបភ័ស្តុតាងធ្វើពីមុនមកបាន ទេ។ ហេតុផលហ្នឹងហើយ បានជា NGOs ហ៊ាន ធ្វើកិច្ចការនៅទំនប់ដនសាហុងហ្នឹង ដោយសារ តែមានសម្តេចជួយគាំទ្រពួកគាត់។ អាហ្នឹងហេតុ ផល ដែលយើងនឹងឆ្លើយតបសម្តេចដែលសម្តេច គាំទ្រទំនប់ដនសាហុង។

នគរធំ ៖ ជាចុងក្រោយ តើលោកមានអ្វី បញ្ជាក់បន្ថែមលើបញ្ហានេះ?

លោកជុំ ហួត  បាទ! ទី១ ដែលពួកខ្ញុំ មានការព្រួយបារម្ភហ្នឹង គឺប៉ះពាល់ទៅដល់ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ហ្នឹង។ ដូច្នេះ សូមមេត្តាសម្តេចគិតគូរឡើងវិញ ហើយបើ សម្តេចមិនបានចុះទៅតំបន់ហ្នឹងផ្ទាល់ទេ សម្តេច អាចប្រមូលព័ត៌មានជាច្រើនពីពួកខ្ញុំជាយុវជន ហើយជាមួយអង្គការ NGOs មួយចំនួន តើ យ៉ាងម៉េច? កុំគិតថា សម្តេចគាំទ្រទំនប់ហ្នឹង ទើបអាចសាងសង់ទំនប់ខ្មែរយើងបាន។ អ៊ីចឹង សុំមេត្តាគិតគូរដល់ប្រជាជនយើងដែលរស់តាម តំបន់ហ្នឹងផង ដែលកំពុងរងគ្រោះផង។ អាណិត ពួកគាត់ណាស់ ពួកគាត់កំពុងតែវេទនាមែនទែន ពីមុនជីវភាពគាត់ធូរធារ លុះទំនប់ហ្នឹង សាងសង់ឡើង សូម្បីតែឡាវ ក៏វេទនាខ្មែររស់តាម តំបន់ហ្នឹង ការនេសាទក៏ថយចុះ ទឹកដែលមាន ជាតិគីមីនៅតំបន់ហ្នឹង ក៏គាត់មានការរមាស់មាន ការក្អួតចង្អោរ។ ឥឡូវនេះ ជាក់ស្តែង គាត់ប្រើ ទឹកសុទ្ធទេ។ ពីមុន គាត់យកទឹកទន្លេហ្នឹងដាំ ឥឡូវគាត់ប្រើទឹកសុទ្ធ។ អ៊ីចឹង១ថ្ងៃ គាត់ចំណាយ លុយអស់ប៉ុន្មាន? អ៊ីចឹងទទូចហើយទទូចទៀត សុំសម្តេចមេត្តាពិចារណាឡើងវិញ ហើយសុំ មេត្តាសិក្សាស្រាវជ្រាវច្បាស់លាស់ ហើយសង្ឃឹម ថា សម្តេចនឹងមានការជំទាស់ឡើងវិញ។ មួយ ទៀត ខ្ញុំសំណូមពរដល់អង្គការ NGOs មួយ ចំនួន សុំមេត្តាកុំបាក់ទឹកចិត្ត ស្មារតីចំពោះបញ្ហា ហ្នឹង សុំមេត្តាខិតខំបន្តទៀត ហើយបន្តជាមួយ ពួកខ្ញុំជាយុវជនទៀត។ មួយទៀត សូមសហគមន៍ផ្ទាល់ ដែលកំពុងជួបការលំបាកហ្នឹង សូម មេត្តាសហការជាសំឡេងមួយ ដើម្បីផ្ញើសារ ទៅដល់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យ គាត់ដឹងពីទុក្ខលំបាកពួកគាត់៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES