Friday, April 26, 2024
Homeព័ត៌មានជាតិលោក​ព្រាប កុល អាណិត​អនុ​ប្រធាន រដ្ឋ​សភា ខំ​បំពេញ​ការ​ងារ រហូត​គ្មាន​ពេល សម្រាក

លោក​ព្រាប កុល អាណិត​អនុ​ប្រធាន រដ្ឋ​សភា ខំ​បំពេញ​ការ​ងារ រហូត​គ្មាន​ពេល សម្រាក

ភ្នំពេញ ៖ ប្រធានអង្គការតម្លាភាពកម្ពុជា និងជាអ្នកតាមដានសង្គម លោកព្រាប កុល បាន សម្តែងក្តីអាណិតចំពោះអនុប្រធានទី២ នៃរដ្ឋ- សភាលោកងួន ញ៉ិល បន្ទាប់ពីអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បានចែករំលែកតៗគ្នា នូវរូបភាពរបស់លោក ក្នុងសម័យប្រជុំរដ្ឋសភា ដោយ បានលើកឡើងថា លោកខំបំពេញការងារជូន ជាតិ រវល់ពេក រហូតគ្មានពេលសម្រាកគ្រប់-គ្រាន់។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ អមជាមួយរូបភាពនោះថា “ឃើញ គេបង្ហោះរូបថតនេះ ពេញហ្វេសប៊ុក ធ្វើឱ្យខ្ញុំ អាណិតឯកឧត្តមអនុប្រធានរដ្ឋសភាណាស់។ ទោះជាមានវ័យចំណាស់ នឿយហត់យ៉ាងណា ក៏នៅតស៊ូបំពេញការងារដែរ។ ពិតជាមានឆន្ទៈ ខ្ពង់ខ្ពស់មែន។ មិនគួរណាគ្មានបញ្ញវ័ន្តក្មេងៗដែល មានបញ្ញានិងថាមពល ទៅជំនួសគាត់ ដើម្បីឱ្យ គាត់បានសម្រាកសោះ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកព្រាប កុល បានបញ្ជាក់ប្រាប់ “នគរធំ” ថា ក្នុងនាមជាមន្ត្រីសង្គមស៊ីវិល និងជាអ្នក តាមដានសង្គមមួយរូប លោកចង់ឃើញបរិបទ សង្គមមានការប្រែប្រួល គឺចង់ឃើញឥស្សរជន នយោបាយវ័យចំណាស់ គួរតែមានតែការកំណត់ អាយុចូលនិវត្ត និងផ្ទេរតួនាទីការងារបម្រើជាតិ ទៅឱ្យមុនុស្សជំនាន់ក្រោយបន្តវេន ដើម្បីមាន ពេលសម្រាកគ្រប់គ្រាន់ និងផ្តោតសំខាន់តែទៅ លើសុខភាព ព្រោះការសម្រានលក់នៅកន្លែង ធ្វើការ ឬស្ថាប័នជាតិដ៏ធំអស់ឥស្សរជននយោ-បាយបែបនេះ វាជាទិដ្ឋភាពសង្គមមួយគួរឱ្យឆ្លុះ បញ្ចាំងផងដែរ។

លោកព្រាប កុល មានប្រសាសន៍ថា “បាទ! មិនមានអីទេ ជាទូទៅ កាលណាយើងឃើញមន្ត្រី វ័យចំណាស់ ហើយគាត់ធ្វើការងារនឿយហត់ ហើយរហូតដល់ទៅកេងលក់លើកៅអីប្រជុំពេញ អង្គនៅសភាអ៊ីចឹង យើងមានការអាណិតជា មនោសញ្ចោតនាមួយ ដែលថាគាត់ខំប្រឹងធ្វើការងារមិនបានសម្រាក រហូតដល់គេងលក់លើ កៅអី យើងនិយាយជាការពិតអ៊ីចឹង។ បញ្ហា នេះ ប៉ះពាល់ឬក៏មិនប៉ះពាល់ អាហ្នឹងជាការ យល់ឃើញរបស់សាធារណជនទេ ព្រោះថត បង្ហោះអី ខ្ញុំឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុកហ្នឹង ៣ទៅ៤ថ្ងៃហ្នឹង ឃើញច្រើន ហើយវា ជាការឆ្លុះបញ្ចាំងមួយដែរ ដែលទី១ ឥស្សរជន នយោបាយមានវ័យចំណាស់នៅក្នុងការបំពេញ មុខងារនេះច្រើន ហើយបើសិនជាការងារច្រើន ហើយនឿយហាត់អ៊ីចឹងទៅ យើងក៏គិតថា គួរ គិតពីការផ្ទេរមុខងារ ដើម្បីឱ្យអ្នកជំនាន់ក្រោយ មានថាមពល មានប្រាជ្ញាអីដែរ ដែលអាចបំពេញ មុខងារជំនួសគាត់ទៅ ក៏ជាការល្អដែរ”។

លោកព្រាប កុល មានប្រសាសន៍បន្តថា “ខ្ញុំគិតឃើញអ៊ីចេះ! ខ្ញុំថា នៅក្នុងសង្គមមួយ បើសិនជាមន្ត្រីចំណាស់រៀបចូលនិវត្តហ្នឹង គាត់ គួរតែគិតគូរសម្រាកចូលនិវត្តទៅ កុំមានទម្លាប់ ធ្វើការនៅក្នុងមុខតំណែង រហូតដល់ឈឺធ្ងន់ សម្រាកក៏នៅក្នុងផ្ទះហើយ នៅតែកាន់មុខ-តំណែង ឬក៏កាន់មុខតំណែងរហូតដល់មរណៈ នោះ ខ្ញុំឃើញទម្លាប់អ៊ីចឹង មានច្រើនដែរ ពីមុន មក។ អ៊ីចឹងទម្លាប់ល្អ គួរតែពេលដល់វ័យមួយ ថា គ្រប់អាយុចូលនិវត្ត ហើយគាត់ទទួលស្គាល់ កម្លាំងថាមពលគាត់ចុះខ្សោយ ប្រាជ្ញាការចងចាំ សមត្ថភាពក្នុងការគិតអី មានការថយចុះ គាត់ ដឹងខ្លួនគាត់ៗគួរតែសុំចូលនិវត្តទៅ ឬក៏ចូលនិវត្ត ទៅហើយមន្ត្រីក្រោយទៀត ដែលមានសមត្ថភាពសមរម្យ មានថាមពលខ្លាំង គួរតែលើក ទឹកចិត្តឱ្យគាត់ទទួលតំណែងជំនួសនេះជាទម្លាប់ ល្អបំផុត នៅក្នុងការដឹកនាំប្រទេស ឬក៏ក្នុងរដ្ឋ- បាលគ្រប់គ្រងប្រទេសនីមួយៗ។ ខ្ញុំចង់ឱ្យមាន ការកំណត់ឆ្នាំចូលនិវត្តសម្រាប់មន្ត្រីនយោបាយ ដែរ មែនទែនទៅ មិនមែនចាំតែមន្ត្រីរាជការ ទេ មន្ត្រីក្របខ័ណ្ឌនយោបាយក៏គួរគិតអំពីអាយុ ចូលនិវត្ត ហើយមានលក្ខខណ្ឌទៅលើសុខភាព ទៅលើកម្លាំងថាមពល។ បើយើងអត់កំណត់ទេ ដូចកន្លងមក យើងឃើញអ្នកនយោបាយខ្លះ គាត់ឈឺធ្ងន់រហូតដល់សម្រាក ធ្វើការមិនកើត ជាច្រើនឆ្នាំ ក៏នៅតែមានមុខតំណែង ហើយមាន អ្នកខ្លះកាន់មុខតំណែងរហូតដល់មរណភាពតែ ម្តងក៏មាន។ អ៊ីចឹងទម្លាប់ ហ្នឹងមិនជាល្អទេ បើ សិនជាយើងកែទម្លាប់ហ្នឹងទៅ ក៏ល្អសម្រាប់ ប្រទេសជាតិដែរ”។

ការលើកឡើងរបស់លោកព្រាប កុល បានធ្វើឡើងស្របពេលដែល អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ ចំៗលើលោកងួន ញិល អនុប្រធានទី២ រដ្ឋសភា ថាបានសម្រាន្តលង់លក់ ខណៈសភាប្រជុំពេញ អង្គ ជជែកពីច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧។

កាលពីថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋសភាបាន បើកសម័យប្រជុំសភាពេញអង្គ ដោយមានវត្តមានតំណាងរាស្ត្របក្សសង្គ្រោះ៣៩រូប និងគណ- បក្សប្រជាជនកម្ពុជា៦៧រូប ដើម្បីពិភាក្សា និង អនុម័តលើសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ គ្រប់គ្រងឆ្នាំ២០១៧។ ក្រោយបញ្ចប់ការប្រជុំ នោះមក រូបភាពមួយសន្លឹករបស់អនុប្រធានទី២ នៃរដ្ឋសភា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកតៗគ្នា បង្ហាញថា លោកបានសម្រាន្ត លង់លក់លើកៅអី នៅខាងឆ្វេងដៃសម្តេចហេង សំរិន ប្រធានរដ្ឋសភា ខណៈសភាកំពុងប្រជុំ ពេញអង្គ។

អ្នកនាំពាក្យនៃអគ្គលេខាធិការរដ្ឋសភា លោកឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់អ្នក សារព័ត៌មានថា លោកទទួលស្គាល់ថា អនុ-ប្រធានទី២រដ្ឋសភា ពិតជាបានសម្រាន្តលក់ នៅពេលសភាកំពុងប្រជុំពេញអង្គ តែលោក ស្នើទៅអ្នករិះគន់កុំនិយាយអាក្រក់លើមន្ត្រីជាន់- ខ្ពស់រដ្ឋសភាជ្រុលពេក ព្រោះប្រទេសដទៃក៏ មានមន្ត្រីជាន់ខ្ពស់រដ្ឋសភា សម្រាន្តក្នុងម៉ោង ធ្វើការដែរ។

លោកឡេង ប៉េងឡុង បញ្ជាក់ថា បើ តំណាងរាស្ត្រ ឬសមាជិកសភារូបណាក៏ដោយ ដែលប្រព្រឹត្តល្មើសនឹងសេចក្តីសម្រេចរបស់រដ្ឋសភា នឹងត្រូវដាក់វិន័យ។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចថ្មីរបស់រដ្ឋសភា មិនបានចែងដាក់វិន័យ ចំពោះអ្នកសម្រាន្តលក់ក្នុងពេលប្រជុំសភានោះ ទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ មិនទាចទាក់ទងសុំ មតិយោបល់ បញ្ជាក់បំភ្លឺឆ្លើយតបពីលោកងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា ដោយផ្ទាល់បាន ទេ កាលពិម្សិលមិញ។ ប៉ុន្តែលោកងួន ញ៉ិល បានបកស្រាយអំពីករណីត្រូវបានគេបង្ហោះផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក នូវរថយន្តរបស់ លោកម៉ាកឡិចស៊ីស LX570 ពណ៌ស ពាក់ ស្លាកលេខ រដ្ឋ ៣៤ ២-២២២២ ដែលបើក បញ្ច្រាសផ្លូវចរាចរណ៍។

លោកងួន ញ៉ិល បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “កាលពីថ្ងៃម្សិលមិញ ក្នុងគណនី Facebook របស់ក្មួយប្រុសឈ្មោះ Sovath Chhay-Andy  បាន Postរថយន្តរបស់ខ្ញុំបើកបរបញ្ច្រាសទិស ចរាចរណ៍។ ចំពោះបញ្ហានេះ ខ្ញុំបញ្ជាក់ជូនថា ខ្ញុំមានកិច្ចការចាំបាច់ក្នុងដំណើរទៅជួបសម្តេច វិបុលសេនាភក្តី សាយ ឈុំ ដើម្បីរាយការណ៍ ជូនអំពីមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ វេលាម៉ោង៨ព្រឹក នៅវិមានព្រឹទ្ធសភា។ ដោយសារការកកស្ទះចរាចរណ៍ចំនួន ៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រា ទៅច្បារអំពៅ ១កន្លែង ១កន្លែងទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខណ្ឌច្បារអំពៅ និង មួយកន្លែងទៀតចាប់តាំងពីសណ្ឋាគារតាយ ម៉េង រហូតដល់ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំឱ្យលើស ម៉ោងកំណត់១០នាទី ដូច្នេះអង្គរក្សក្រសួងមហាផ្ទៃ ដែលការពារខ្ញុំនៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគមន៍សម្រួលទៅ នគរបាលចរាចរខណ្ឌច្បារអំពៅ និងបន្តទាក់ទង ទៅនគរបាលចរាចរ ដែលមានភារកិច្ចសម្រួល ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបាន ចេញរួចពីកន្លែងកកស្ទះ ដោយសារនគរបាល ចរាចរអន្តរាគមន៍។ យោងតាមច្បាប់ចរាចរណ៍ ផ្លូវគោក មាត្រា៦ អំពីបញ្ហាសិទ្ធិអាទិភាព ចំណុច ទី៣ បានចែងថា “សញ្ញាបញ្ជារបស់ភ្នាក់ងារ ចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញា ចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរា-ចរណ៍ទាំងឡាយ”។ ដូច្នេះក្នុងនាមខ្ញុំជាថ្នាក់-ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នក ពិភាក្សានិងអនុម័តច្បាប់នោះ ខ្ញុំមិនបំពានច្បាប់ ចរាចរណ៍នេះទេ”៕

RELATED ARTICLES