Friday, April 26, 2024
Homeព័ត៌មានជាតិលោក​​កឹម សុខា តុលា​ការ​​កំពូល​​ច្រាន ចោល​​បណ្តឹង​​សា​ទុក្ខ

លោក​​កឹម សុខា តុលា​ការ​​កំពូល​​ច្រាន ចោល​​បណ្តឹង​​សា​ទុក្ខ

ភ្នំពេញ ៖ តុលាការកំពូល បានសម្រេច សាលដីកា ច្រានចោលបណ្តឹងសាទុក្ខសំណុំរឿង ពាក់ព័ន្ធនឹងសំណុំរឿង “បដិសេធក្នុងការចូល ខ្លួន” ក្នុងនាមជាសាក្សីរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ដោយបញ្ជាក់ ថាសំណើនោះ មិនមានហេតុផលត្រឹមត្រូវ។

តុលាការកំពូល កាលពីព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ បានចេញដីកាប្រកាសបដិ- សេធសំណើរបស់ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ដែលស្នើសុំមោឃភាពនីតិវិធី ស៊ើប សួរសាលាឧទ្ធរណ៍ ដោយបន្តរក្សាសាលដីកា សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការ ដដែល។

តាមពិតទៅ តុលាការកំពូល បានបើក សវនាការ លើបណ្តឹងសាទុក្ខរបស់ក្រុមមេធាវី តាំងពីចុងខែតុលា ឆ្នាំ២០១៦ មកម៉្លេះ។ ប៉ុន្តែ តុលាការកំពូល មិនបានប្រកាសសាលដីកាភ្លាមៗ នោះទេ គឺទើបតែបានប្រកាសកាលពីថ្ងៃម្សិលមិញនេះឯង។

នៅព្រឹកថ្ងៃដដែលនោះដែរ សាលាឧទ្ធរណ៍ ក៏បានបើកសវនាការលើបណ្តឹងរបស់ក្រុមមេធាវី ការពារក្តីលោកកឹម សុខា ផងដែរ។ សវនាការនេះ ពុំមានវត្តមានរបស់លោកកឹម សុខា នោះទេ គឺ មានតែមេធាវីប្រាំរូប ដែលចូលរួមការពារក្តី។ ជាងនេះទៀត តំណាងអង្គការជាតិ និងអន្តរជាតិមួយចំនួន ក៏បានចូលរួមតាមដានសវនាការ ខាងលើនេះដែរ។

សូមញ្ជាក់ថា លោកកឹម សុខា បាននិង កំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្ស នៅ សង្កាត់ចាក់អង្រែលើ អស់រយៈពេលជាង៥ខែ មកហើយនោះ បន្ទាប់ពីរូបលោកត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “បដិសេធក្នុងការ ចូលខ្លួន” កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

លោកកឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសរួចហើយ កាលពី ខែកញ្ញា ឆ្នាំ២០១៦ ឱ្យជាប់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល។ បន្ត មកទៀត ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសលោកកឹម សុខា។

ប៉ុន្តែក្រុមមេធាវីការពារក្តីលោកកឹម សុខា បានដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ឱ្យពិនិត្យមើលនីតិវិធីនៃការស៊ើបសួររបស់ ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូង រាជធានីភ្នំពេញ ដោយយល់ថា ការចោទប្រកាន់ កូនក្តី (កឹម សុខា) ត្រូវបានធ្វើឡើងដោយ ខុសនីតិវិធីច្បាប់ ខណៈដែលកូនក្តីមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ។ ការដាក់ពាក្យបណ្តឹង នេះ បានធ្វើឡើងព្រោះតែមិនសុខចិត្តនឹងសេចក្តី សម្រេចរបស់សាលាឧទ្ធរណ៍។

លោកហែម សុជាតិ មេធាវីមួយរូប ក្នុង ចំណោមមេធាវីទាំងប្រាំរូបរបស់លោកកឹម សុខា បានអះអាងថា ការសម្រេចរបស់សាលាឧទ្ធរណ៍ មិនសមស្របទៅតាមផ្លូវច្បាប់នោះទេ។ ជាមួយ គ្នានេះ លោកក៏បានរិះគន់តុលាការថា មានភាព លម្អៀង ព្រោះតាមធម្មតា តុលាការជាន់ខ្ពស់ មិនដែលជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ ជាន់ទាបនោះទេ។ សរុបទៅលោកសង្កេតឃើញ ថា ក្នុងសំណុំរឿងដែលទាក់ទងនឹងអ្នកនយោបាយ តុលាការជាន់ទាប និងតុលាការជាន់ខ្ពស់ តែងសម្រេចសេចក្តីដូចគ្នា។

លោកហែម សុជាតិ បញ្ជាក់ថា នៅក្នុង សវនាការ ក្រុមមេធាវី បានលើកហេតុផល    ជាច្រើន ដើម្បីបញ្ជាក់ថា លោកកឹម សុខា មិន មានទោសកំហុសដូចការចោទប្រកាន់របស់ សាលាដំបូងរាជធានីភ្នំពេញ នោះទេ។ ប៉ុន្តែជា លទ្ធផល សាលាឧទ្ធរណ៍ នៅតែមិនទទួលយក ហេតុផលរបស់ក្រុមមេធាវីដដែល ហើយក៏ ចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ថាត្រឹមត្រូវទៅតាមគោលការណ៍ ច្បាប់ ជាហេតុធ្វើឱ្យក្រុមមេធាវី មានការសោកស្តាយ។

មេធាវីម្នាក់ទៀត របស់លោកកឹម សុខា លោកសំ សុគង់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ក្រោយដីកា សម្រេចរបស់សាលាឧទ្ធរណ៍ក្រុមមេធាវីនៅ មានរយៈពេល១ខែ ដើម្បីធ្វើបណ្តឹងសាទុក្ខទៅ តុលាការកំពូល។ ដូច្នេះទោះបីតុលាការកំពូល បានច្រានចោលបណ្តឹងសាទុក្ខ មុនអង្គសេចក្តី ក៏ដោយ ក៏ក្រុមមេធាវី នឹងរៀបចំដាក់បណ្តឹង សាទុក្ខទៅតុលាការជាន់ខ្ពស់មួយនេះ ដោយ ក្រុមមេធាវីមិនទាន់គិតដល់ថា កូនក្តីនឹងប្រឈម ជាប់ពន្ធនាគារ តាមសាលដីការបស់សាលា- ដំបូងរាជធានីភ្នំពេញ ឬយ៉ាងណាទេ? សំខាន់ ចំពោះមុខ គឺស្វែងរកដំណោះស្រាយឱ្យអស់ លទ្ធភាព ដើម្បីឱ្យកូនក្តីទទួលបានយុត្តិធម៌។

លោកសំ សុគង់ មានប្រសាសន៍ថា “បាទ!  ក្រុមមេធាវីចាត់ទុកថា សាលដីកាព្រឹកមិញនេះ មិនអាចទទួលយកបានទេ ហើយក្រុមមេធាវី នឹងរៀបចំបណ្តឹងសាទុក្ខ ប្តឹងទៅតុលាការកំពូល ដើម្បីឱ្យតុលាការកំពូលពិនិត្យសេចក្តីសម្រេច នេះឡើងវិញ ក្នុងពេលឆាប់ៗនេះ។ តាមពិត រឿងនៅកំពូល ជារឿងមួយយូរហើយ តាំងពី មុនអំឡុងខែ៩ ដែលយើងប្តឹងសុំមោឃភាព នីតិវិធីចំពោះការស៊ើបអង្កេត ឬការកោះហៅ ទៅលើឯកឧត្តមកឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា។ អ៊ីចឹងក្រុមមេធាវីបានដាក់ពាក្យបណ្តឹងមួយមកសភាស៊ើបសួរនៅសាលាឧទ្ធរណ៍ ហើយសភាស៊ើបសួរសាលាឧទ្ធរណ៍ហ្នឹង ក៏បាន សម្រេចច្រានបណ្តឹងរបស់មេធាវីចោល បានន័យ ថា យកជាបានការ។ អ៊ីចឹងក្រុមមេធាវី បាន ប្តឹងបណ្តឹងសាទុក្ខទៅតុលាការកំពូល ដើម្បីឱ្យ ពិនិត្យឡើងវិញ ហើយថ្ងៃនេះ គឺតុលាការកំពូល បានសម្រេចសាលដីកាដែរថា ច្រានបណ្តឹងក្រុម មេធាវីចោលទៀត។ ប៉ុន្តែខ្ញុំនៅមានសង្ឃឹម ដោយសាររឿងទៅមុនអង្គសេចក្តី វាខុសគ្នានឹង ពេលអង្គសេចក្តី ព្រោះមុនអង្គសេចក្តី យើងធ្វើ ក្នុងសវនាការ យើងជជែកគ្នាក្នុងផ្លូវច្បាប់ ហើយ រឿងអង្គសេចក្តី យើងពិភាក្សាទៅលើអង្គហេតុ  និងភ័ស្តុតាង ហើយយើងពិភាក្សាទៅលើច្បាប់ ផ្សេងៗ ដើម្បីរកមើលថា តើមានភ័ស្តុតាងដាក់ បន្ទុកឬអត់? បើអត់ទេ កូនក្តីរួចផុតពីបទចោទ”។

លោកសំ សុគង់ មានប្រសាសន៍បន្តថា “យើងអត់ទាន់គិតដល់ហ្នឹងទេ ព្រោះយើងនៅ មានសង្ឃឹម ហើយយើងចាំមើលលទ្ធផលនៅ តុលាការកំពូល យើងនឹងគិតរកវិធីសាស្ត្រយុទ្ធ- សាស្ត្រណាមួយ ដើម្បីទាញងាកឱ្យតុលាការ ឬ អនុវត្តច្បាប់ហ្នឹង ពិចារណាពីយន្តការផ្លូវច្បាប់ ជាជាងធ្វើអីខុសច្បាប់។ យើងនឹងដាក់នៅក្នុង កំណត់ច្បាប់ ដោយសារច្បាប់ផ្តល់សិទ្ធិឱ្យមេធាវី ការពារកូនក្តីហ្នឹង អាចដាក់ក្នុងរយៈពេល១ខែ  ចាប់ពីថ្ងៃប្រកាសសាលដីកា”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES