Friday, March 29, 2024
Homeតារាខ្មែរមាស សុខសោភា សង្ឃឹមល្បីបទ "ឧត្តមស្វាមី"

មាស សុខសោភា សង្ឃឹមល្បីបទ “ឧត្តមស្វាមី”

“ឧត្តមស្វាមី” ជាចំណងជើងបទចម្រៀងមួយ ដែលនិយាយពីជីវិតស្រ្តី ជាភរិយា ទទួលបាន សុភមង្គល ភក្តីភាព ភាពស្មោះត្រង់ពីស្វាមី ធ្វើឲ្យនារីជាភរិយារំភើបចិត្តជាមួយក្រុមគ្រួសារដ៏រីករាយ ដើម្បីកសាងវាសនា អនាគត ទៅថ្ងៃមុខ។

untitled-1

បទចម្រៀង “ឧត្តមស្វាមី” ជាប្រភេទបទ Original Song ដែលធ្វើឲ្យអ្នកស្តាប់ មានក្តីរំភើប ជាមួយវីរៈភាព និងទឹកចិត្ត សណ្តោសប្រណី ការយោគយល់ អធ្យាស្រ័យឲ្យគ្នា រវាងស្វាមីនិងភរិយា។

15207952_1380264272004445_789262737_n

ជួបជាមួយអ្នកនិពន្ធទំនុកច្រៀង កញ្ញាច័ន្ទ មល្លិកា អ្នកនិពន្ធប្រចាំនៅផលិតកម្មទីក្រុងភាពយន្តថោន និងជាអ្នកនិពន្ធទំនុកចម្រៀង បទ “ឧត្តមស្វាមី” នេះ ក៏បានរៀបរាប់ឲ្យដឹងដែរថា ជាការពិតទៅ បទ “ឧត្តមស្វាមី” គឺជាបទមួយឆ្លុះបញ្ចាំងពីសង្គមគ្រួសារបច្ចុប្បន្ន ហើយភាគច្រើនកន្លងមក ការនិពន្ធមានតែបទបែកបាក់។

15224619_1380264292004443_44081245_o
កញ្ញាច័ន្ទ មល្លិកា ពេលកំពុងនិពន្ធបទចម្រៀង “ឧត្តមស្វាមី”

ការនិពន្ធបទនេះឡើងគឺចង់សំដៅទៅលើសុភមង្គលនៅក្នុងក្រុមគ្រួសារ ដែលជាសុភមង្គលមួយដ៏មានតម្លៃបំផុត សម្រាប់មនុស្សជាតិ ក៏ដូចជាបុគ្គលនីមួយៗ ដែលបានបង្កើតគ្រួសារ បង្កើតមនោសញ្ចេតនានៃក្តីស្រលាញ់ ដោយសុភមង្គលនេះ គឺផ្តើមឡើងពីយើងទាំងអស់គ្នា លើសពីនេះទៅទៀត គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។ ហើយគោលបំណងមួយទៀត ក៏ចង់ចូលរួមកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារផងដែរ។

កញ្ញាច័ន្ទ មល្លិកា បន្ថែមថា “យើងស្តាប់នូវបទចម្រៀងនេះ ឬក៏មើល MV បទនេះ ហើយបញ្ចូលអារម្មណ៍ទៅក្នុងចម្រៀងមួយនេះ ពេលនោះយើងគួរមានអារម្មណ៍គិត ពីផ្ទះរបស់យើង គ្មានអ្វីដែលមានសុភមង្គលជាងផ្ទះរបស់យើងទេ ដោយមានការផ្តល់កំលាំងចិត្តពីកូនក្តីពីប្រពន្ធក្តី ជាពិសេសក្នុងនាមជាស្វាមី ក្នុងបទនេះ ដែលស្រ្តីជាភរិយាមានក្តីរំភើប

ចំពោះភក្តីភាពរបស់ស្វាមី មានកាតព្វកិច្ច ទំនួលខុសត្រូវខ្ពស់។ បទនេះផងដែរ គឺបានសម្រង់ចេញពីគ្រួសារមួយ ដែលក្នុងនាមជាអ្នកនិពន្ធផ្ទាល់ បានជួបទិដ្ឋភាពក្រុមគ្រួសារមួយនេះ គឺល្អ សូម្បីតែពាក្យពេចន៍ បង្រៀនកូន ក្នុងការនិយាយស្តី ពិរោះពិសា ហើយប្តីប្រពន្ធក៏មិនដែលមានភាពរកាំរកូស ពោរពេញដោយការយោគយល់ និងយល់ចិត្តគ្នា។

ងាកមកអ្នកនិពន្ធបទភ្លេង បទ “ឧត្តមស្វាមី” លោកដា ភ្លេង បានឲ្ដឹងថា បទ “ឧត្តមស្វាមី” ជាបទដែលបង្កើតឡើងដោយខ្លួនឯង ទាំងសាច់ភ្លេង ទាំងទំនុកភ្លេង ទំនុកច្រៀង និងមីឡូឌី ដែលអាចនិយាយបានថា ជាបទ Original Song។

15239363_1380264285337777_1816122710_n
លោកដា ភ្លេង

បទនេះចង់និយាយពីជីវិតគូស្នេហ៍ធ្លាប់តស៊ូបង្កើតបានជាគ្រួសារមួយ មានសុភមង្គល។

លោក ដា ភ្លេង បន្តថាចំពោះបទភ្លេង គឺមាន ណោត កម្សត់ និងណោត សប្បាយ មានណោត រំភើប ណោត កន្រ្តាក់អារម្មណ៍ ហើយសម្រាប់បទនេះ គឺប្រើរូបារម្មណ៍សប្បាយរីករាយ ជាមួយនឹងអ្វីដែលគេទទួលបាន អ្វីដែលគេបង្កើត រួមជាមួយការស្ញប់ស្ញែងជាមួយមនុស្សដែលយើងស្រលាញ់។

រីឯ កញ្ញាមាស សុខសោភា ជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាអ្នកចម្រៀងប្រចាំផលិតកម្មទីក្រុង ភាពយន្តថោន ហើយក៏ជាអ្នកច្រៀង បទ “ឧត្តមស្វាមី” នេះ បានឲ្យដឹងថា “ខ្ញុំពិតជាស្រលាញ់បទនេះមែនទែន ដោយសារអត្ថន័យខុសប្លែកពីបទចម្រៀងដែលនាងខ្ញុំច្រៀងកន្លងមក។ និយាយទៅជាប្រភេទបទ ស្នេហាដូចគ្នា

ប៉ុន្តែបទស្នេហាដែលធ្លាប់ច្រៀងពីមុនៗមក គឺអត់ទាក់ទងទៅហ្នឹង ភក្តីភាព ដែលភរិយាមានទៅអោយស្វាមីចំៗ អញ្ចឹងទេ គឺមានលក្ខណៈបែប យុវវ័យ និងន័យរួមទាំងអស់តែម្តង”។

15226412_1380264282004444_377903820_n
កញ្ញា មាស សុខសោភា

កញ្ញា មាស សុខសោភា ឲ្យដឹងទៀតថា សម្រាប់អត្ថន័យបទចម្រៀងនេះ គឺទូលំទូលាយ ចំពោះអ្នកដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ ជាយូរឆ្នាំ គាត់នឹងស្រលាញ់នូវបទចម្រៀងនេះ។ ក្នុងការដាក់អារម្មណ៍ច្រៀងបទនេះ

ផលលំបាក របស់កញ្ញាមាស សុខសោភា គឺនៅត្រង់ចំណុច ដែលកញ្ញាមិនទាន់ មានស្វាមី និងមិនទាន់មានកូន គឺមនោសញ្ចេតនាមួយនេះ កញ្ញាមិនធ្លាប់ឆ្លងកាត់ ដូច្នេះទើបធ្វើឲ្យចំណាយពេលជាច្រើនថ្ងៃ ក្នុងការច្រៀងបទនេះ សំឡេងបាន ប៉ុន្តែអារម្មណ៍ដាក់មិនទាន់ដល់។ នេះជាការបញ្ជាក់របស់ កញ្ញា មាស សុខសោភា។

ចំណែកអ្នកដឹកនាំសម្តែង បទចម្រៀង “ឧត្តមស្វាមី” លោក ប៊ុន រតនា ហៅសេម ដែលបានផ្តល់បទសម្ភាសន៍ពីក្រៅប្រទេស ដែលពេលនេះ លោកកំពុងសិក្សាជំនាញថតកុននៅក្រៅប្រទេស មកនោះថា បទចម្រៀង “ឧត្តមស្វាមី” ជាប្រភេទជីវិតពិត ដែលខុសពីបទ “ពុកខ្ញុំជាប៉ូលិសចរាចរណ៍” ត្រង់ថា មានឈុតឆាកគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ជាច្រើន ប៉ុន្តែបទ “ឧត្តមស្វាមី” មិនមានទេឈុតឆាកបែបហ្នឹង។ ផ្ទុយទៅវិញ គឺមានឈុតឆាកដែលកើតមាននៅក្នុងសង្គមបច្ចុប្បន្ន ជារឿងសំខាន់មួយ របស់ស្វាមី ដែលមានកាតព្វកិច្ចចំពោះភរិយា ដោយត្រូវគិតពីអនាគត ក្រុមគ្រួសារត្រូវមានផែនការបែបណាខ្លះ ក្នុងគ្រួសារ និងមានទំនួលខុសត្រូវ អ្វីខ្លះ ចំពោះភរិយា និងគ្រួសារ។

15226418_1380264268671112_458159806_n
មាស សុខសោភា និងលោកប៊ុន រតនា

លោកប៊ុន រតនា ហៅសេម បានបន្តថា បទនេះបានរៀបរាប់ពីកាតព្វកិច្ចរបស់ ស្វាមី ព្រោះថាពាក្យ ឧត្តមស្វាមី មិនមែនគ្រាន់តែរកលុយមកផ្គត់ផ្គង់គ្រួសារនោះទេ អញ្ចឹងវាមានរឿងរ៉ាវច្រើនទៀត ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គល។

ទាក់ទងនឹងបទនេះ ចង់បង្ហាញទៅស្វាមីគ្រប់រូបមានការទំនួលខុសត្រូវខ្ពស់ ចំពោះភរិយា និងគ្រួសារ និយាយរួមទៅ គឺចង់លើកពីតួនាទី ភារកិច្ច ជាពិសេសពាក្យថា ឧត្តមស្វាមី នេះមានន័យបែបណា។ បើតាមវចនានុក្រុម សម្តេច ជួន ណាត បានបកស្រាយថា ឧត្តមស្វាមី គឺជាស្វាមី ដ៏ល្អថ្លៃថ្លា ខ្ពស់ខ្ពស់។

លោកបន្ថែមថា បទ “ឧត្តមស្វាមី” គឺដកស្រង់ចេញពីសាច់រឿងពិត យកមកធ្វើ និងទាក់ទងការផលិតនោះទៀត យើងត្រូវស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ហើយចំណុចពិបាករបស់ខ្ញុំ គឺខ្ញុំមិនទាន់មានភរិយា ដូច្នេះខ្ញុំមិនដឹងថា តួនាទីជាឧត្តមស្វាមី វាយ៉ាងណា។ សម្រាប់បទនេះ ក៏ជារឿងមួយដែលពិបាកសម្រាប់ខ្ញុំ ធម្មតាយើងចង់បង្ហាញសាច់រឿង ដែលជាក់ស្តែងទៅទស្សនិកជន អ្នកដឹកនាំត្រូវតែដឹងច្បាស់ពីអារម្មណ៍ ក្នុងសាច់រឿងនោះ។

លោក សេម បន្តថា ចំពោះតួអង្គដែលបានចូលរួមសម្តែងក្នុងបទនេះមាន តួសម្តែងពីក្មេង លោក អ៊ុន សុធា និង កញ្ញា នៅ សូនីតា រហូតវ័យចំណាស់ ចូលរួមសម្តែងពីតារាជើងចាស់ អ្នកនាង អម្ពរ ទេវី និងលោកគ្រូ វុធ។

សូមបញ្ជាក់ថា នេះជាស្នាដៃថ្មីមួយទៀត របស់ផលិតកម្មថោន ដែលនិយាយពីជីវិតប្តីប្រពន្ធ និងជាបទភ្លេង Original Song ស្នាដៃកូនខ្មែរ ខិតខំសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ទាំងអ្នកនិពន្ធទំនុកច្រៀង មានកញ្ញាច័ន្ទ មល្លិកា អ្នកនិពន្ធទំនុកភ្លេង មានលោក ដា ភ្លេង អ្នកដឹកនាំថត មាន លោក ប៊ុន រតនា ហៅ សេម និងអ្នកច្រៀង កញ្ញា មាស  សុខសោភា៕

RELATED ARTICLES