Friday, April 26, 2024
Homeព័ត៌មានជាតិក្រសួង​​កសិកម្ម បញ្ជាក់​​ថា គ្មាន​​អង្ករ ប្លា​ស្ទិក​​នៅ​​កម្ពុជា

ក្រសួង​​កសិកម្ម បញ្ជាក់​​ថា គ្មាន​​អង្ករ ប្លា​ស្ទិក​​នៅ​​កម្ពុជា

ភ្នំពេញ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យដឹងថា នៅក្នុង ប្រទេសកម្ពុជាមិនមានអង្ករប្លាស្ទិក ដូចអ្វីដែល បណ្តាញព័ត៌មានសង្គម ពិសេសប្រព័ន្ធព័ត៌មាន ហ្វេសប៊ុកបានលើកឡើងថា វត្តមានអង្ករប្លាស្ទិក នៅលើទីផ្សារនាំឱ្យប៉ះពាល់ដល់តម្លៃអង្ករកម្ពុជា ទាំងលើទីផ្សារជាតិ និងអន្តរជាតិនោះឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មានខ្លឹមសារ ទាំងស្រុងថាកន្លងមកនៅតាមបណ្តាញព័ត៌មានសង្គម ពិសេសប្រព័ន្ធព័ត៌មានហ្វេសប៊ុក បានបង្ហាញពីវត្តមាននៃអង្ករប្លាស្ទិកនៅលើទីផ្សារ ដែលនាំឱ្យប៉ះពាល់ដល់តម្លៃអង្ករកម្ពុជា ទាំងលើទីផ្សារជាតិ និងអន្តរជាតិ។ ករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដោយ បានបញ្ជូនសំណាកគំរូអង្ករដែលសង្ស័យថា ជា អង្ករប្លាស្ទិកមកវិភាគនៅមន្ទីរពិសោធន៍ជាតិ កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីវិភាគ និងកំណត់អត្តសញ្ញាណអង្ករនោះ។ មន្ទីរពិសោធន៍ ជាតិកសិកម្មបានធ្វើការវិភាគសំណាក គំរូអង្ករ តាមបច្ចេកទេសដូចខាងក្រោម 

ការវិភាគលក្ខណៈរូប តាមរយៈការ វាស់ដង់ស៊ីតេអង្ករ និងការវាស់ដង់ស៊ីតេម្សៅ អង្ករ។

ការវិភាគលក្ខណៈគីមី ដើម្បីស្រាវជ្រាវ រកកម្រិតប្រូតេអ៊ីននៅក្នុងអង្ករ។

ការរំលាយអង្ករ ដោយប្រើប្រាស់អាស៊ីត ខ្លាំង (Nitric Digestion)

យោងតាមលទ្ធផលពិសោធន៍ខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូម ជម្រាបជូនជាព័ត៌មានថា គំរូអង្ករដែលប្រគល់ ឱ្យដោយសហព័ន្ធស្រូវអង្ករកម្ពុជា ពុំមានវត្តមានប្លាស្ទិកនៅក្នុងអង្ករនោះឡើយ។ ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ ដោយឡែក ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធនឹងវត្តមានអង្ករប្លាស្ទិកនៅទីកន្លែងណា នោះ សូមមេត្តាផ្តល់ព័ត៌មានដល់ក្រុមការងារ/ មន្ត្រីបង្គោល (ការផ្ទុះរាលដាលជំងឺកើតថ្មីនៃ ការពុលចំណីអាហារ) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមត្ថកិច្ចជំនាញ ដែលនៅជិតបំផុត ដើម្បីមានវិធានការទាន់ ពេលវេលា ឬតាមរយៈប្រព័ន្ធទូរស័ព្ទ (៨៥៥) ២៣ ២១៣ ១០៧, (៨៥៥)៧៨ ៦៧៣ ២២៥, (៨៥៥)១២ ២២២ ២៦១។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរដែនដីព្រមទាំង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អាជីវករ និងសាធារណជនទាំងអស់ នឹងចូលរួមតាមសេចក្តីប្រកាស ព័ត៌មាននេះ ក្នុងស្មារតីសហប្រតិបត្តិការខ្ពស់”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES