Saturday, April 27, 2024
Homeព័ត៌មានជាតិក្រសួង​រ៉ែ និង​ថាម​ពល បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ចេញ

ក្រសួង​រ៉ែ និង​ថាម​ពល បំភ្លឺ​អំពី​ការ​នាំ​ខ្សាច់​ចេញ

ភ្នំពេញ ៖ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន៤៧ បានចេញលិខិតចំហមួយកាល ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បំភ្លឺ អំពីការនាំខ្សាច់ចេញ នោះមក នៅថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រសួងរ៉ែ និងថាមពល បាន ចេញលិខិតចំហ ឆ្លើយបំភ្លឺតាមសំណូមពរ។

លិខិតចំហរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ស្តីពីការ បំភ្លឺអំពីការនាំខ្សាច់ចេញនោះ បានជម្រាបជូន ក្រុមអង្គការសង្គមស៊ីវិលទាំង៤៧នោះថា “ក្រសួង រ៉ែ និងថាមពល សូមស្វាគមន៍ និងថ្លែងអំណរ គុណចំពោះអង្គការសង្គមស៊ីវិល ដែលបានធ្វើ លិខិតចំហជូនមកក្រសួង ដើម្បីស្នើសុំការបំភ្លឺ អំពីការនាំខ្សាច់ចេញ ដែលបង្ហាញអំពីសុច្ឆន្ទៈ របស់អង្គការសង្គមស៊ីវិល ក្នុងការសហការជាមួយ រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យ រ៉ែ ប្រកបដោយការទទួលខុសត្រូវ។

soul-sean2

ក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូន ក្រសួងរ៉ែ និងថាមពល បានដឹកនាំនិង គ្រប់គ្រងវិស័យរ៉ែនិងថាមពល ប្រកបដោយថាម ភាព និងបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ ការកែទម្រង់នៅលើផ្នែកខ្លះ ក្នុងក្របខ័ណ្ឌវិស័យ ទាំងមូល ដែលនៅខ្វះចន្លោះ ឬមិនទាន់មានការ អភិវឌ្ឍពេញលេញ។ លទ្ធផលជាក់ស្តែងក្នុង ការអនុវត្តការកែទម្រង់នេះ គឺយើងបានបំបាត់ បានទាំងស្រុងនូវអាជីវកម្មខ្សាច់អនាធិបតេយ្យ តាមដងទន្លេ និងសមុទ្រ និងប្រមូលបានចំណូល សួយសាររ៉ែ ពីអាជីវកម្មខ្សាច់ ជាង៧លានដុល្លារ អាមេរិក គិតពីខែមិថុនា ឆ្នាំ២០១៥ មកដល់ បច្ចុប្បន្ននេះ។ ដោយឡែក ចំណូលរ៉ែទូទៅផ្សេង ទៀត ក៏មានការកើនឡើងយ៉ាងខ្លាំង ធៀបទៅ នឹងបណ្តាឆ្នាំកន្លងទៅ។

ទោះបីយ៉ាងណាក៏ដោយ ការគ្រប់គ្រង ការធ្វើអាជីវកម្មរ៉ែខ្សាច់ ប្រកបដោយការទទួល- ខុសត្រូវ ក៏នៅជួបនឹងបញ្ហាប្រឈមមួយចំនួននៅ ឡើយ។ ការចូលរួមផ្តល់មតិយោបល់របស់ អង្គការសង្គមស៊ីវិល ចំពោះការងារនេះ មាន សារប្រយោជន៍យ៉ាងខ្លាំង ក្នុងការជំរុញកំណែ- ទម្រង់ និងការកែលម្អភិបាលកិច្ចលើវិស័យនេះ ឱ្យកាន់តែប្រសើរ”។

លិខិតចំហរបស់ក្រសួងរ៉ែ និងថាមពល បានបន្តថា “ចំពោះសំណួរនានារបស់អង្គការ- សង្គមស៊ីវិល ពាក់ព័ន្ធនឹងបញ្ហាតួលេខដែលបាន ពីប្រភពប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្ម របស់ អង្គការសហប្រជាជាតិ និងរបស់នាយកដ្ឋាន ស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរី ក្រសួង កំពុងធ្វើការពិនិត្យលម្អិតឡើងវិញ ដោយយក ចិត្តទុកដាក់។ ភាពខុសគ្នានៃតួលេខអំពីរបាយ-ការណ៍នាំចេញ និងរបាយការណ៍នាំចូលរបស់ ប្រទេសណាមួយ ពីប្រព័ន្ធទិន្នន័យស្ថិតិពាណិជ្ជកម្ម របស់អង្គការសហប្រជាជាតិ ជាករណីទូទៅ និង មានលក្ខណៈសាកល ដោយមូលហេតុបច្ចេក ទេសនៃរបបរាយការណ៍តាមគោលការណ៍ស្មគ្រ័- ចិត្តរបស់ប្រទេសនីមួយៗ។ ទោះយ៉ាងណាក៏ ដោយ ក៏អាចមានកត្តាផ្សេងៗទៀតផងដែរ ដែល អាចនាំឱ្យមានភាពខុសគ្នានៃគម្លាតតួលេខនេះ។ ក្រសួងរ៉ែ និងថាមពល នឹងធ្វើការសិក្សាស្រាវជ្រាវ អង្កេតបន្ថែមលើករណីខាងលើនេះ។ ទន្ទឹមនេះ ក្រសួងស្នើសុំកិច្ចសហការពីអង្គការសង្គមស៊ីវិល នានា ដើម្បីជួយក្រសួងក្នុងការផ្តល់ទិន្នន័យបន្ថែម ដែលអាចមាន ដើម្បីធ្វើឱ្យការសិក្សាស្រាវជ្រាវ របស់ក្រសួង ទទួលបាននូវលទ្ធផលល្អប្រសើរ និងកំណត់បានមូលហេតុពិតប្រាកដពីភាពខុស- គ្នារវាងទិន្នន័យទាំងពីរ។ ក្រសួងរ៉ែ និងថាមពល នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរក ឃើញអំពីភាពមិនប្រក្រតី នៅក្នុងការនាំខ្សាច់ ចេញ។

ក្រសួងរ៉ែ និងថាមពល សូមបញ្ជាក់ជូនថា ក្រសួងមានភារកិច្ចអនុញ្ញាតឱ្យធ្វើការនាំខ្សាច់ ចេញ ដោយមាននីតិវិធីនិងបែបបទត្រឹមត្រូវ ច្បាស់លាស់ និងធ្វើការប្រមូលនូវសួយសារ ពីការនាំចេញនោះ ទៅតាមបរិមាណដែលបាន នាំចេញ។ រីឯការលក់ខ្សាច់ គឺមិនមែនជាភារកិច្ច របស់ក្រសួងនោះឡើយ គឺជាកិច្ចការធុរកិច្ច រវាងអ្នកកាន់អាជ្ញាប័ណ្ណ និងអ្នកទិញ។

ទន្ទឹមនេះ ក្រសួងរ៉ែ និងថាមពល សូម បញ្ជាក់សាជាថ្មីថា គ្រប់ការផ្តល់អាជ្ញាប័ណ្ណធ្វើ អាជីវកម្មខ្សាច់ សុទ្ធតែបានបំពេញបែបបទ និង ឯកសារបច្ចេកទេសត្រឹមត្រូវ ជាពិសេស គឺឯកសារ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្រសួងស្វាគមន៍ និងអញ្ជើញគ្រប់អង្គការសង្គម ស៊ីវិល ដែលមានបំណងចង់ពិនិត្យនូវឯកសារ ខាងលើ មកធ្វើការពិនិត្យសិក្សានៅការិយាល័យ បច្ចេកទេសនៃអគ្គនាយកដ្ឋានធនធានរ៉ែ រៀង រាល់ម៉ោងធ្វើការ ដោយសូមធ្វើការជូនដំណឹង ជាមុន  ដើម្បីក្រសួងរៀបចំសហការផ្តល់ជូនក្នុង ការពិនិត្យ។

ចំពោះវិធានការរឹតបន្តឹងការនាំខ្សាច់ចេញ ទៅក្រៅប្រទេស ក្រសួងរ៉ែ និងថាមពល បាន ចាត់វិធានការរួចហើយ តាមរយៈលិខិតលេខ ១៧៥៦ រថ.រស ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ គឺបានផ្អាកជាបណ្តោះអាសន្ននូវការផ្តល់អាជ្ញាប័ណ្ណ ថ្មី និងការនាំចេញខ្សាច់របស់ក្រុមហ៊ុន ដោយ តម្រូវឱ្យក្រុមហ៊ុនផ្តល់នូវឯកសារចាំបាច់ផ្សេងៗ ដើម្បីពង្រឹងបន្ថែមប្រសិទ្ធភាពនៃការត្រួតពិនិត្យ អាជីវកម្ម និងការនាំចេញខ្សាច់។

ទន្ទឹមនឹងនេះ ដើម្បីឱ្យវិធានការទាំងអស់ របស់ក្រសួងកាន់តែមានប្រសិទ្ធភាព សូមអង្គការ សង្គមស៊ីវិលទាំងអស់ បន្តជួយសហការផ្តល់ ព័ត៌មានដល់ក្រសួង ពីភាពមិនប្រក្រតីផ្សេងៗ របស់ក្រុមហ៊ុននីមួយៗ ក្នុងការធ្វើអាជីវកម្មខ្សាច់ តាមតំបន់ដែនអាជ្ញាប័ណ្ណដែលក្រសួងបាន ផ្តល់។ ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយអង្គការ សង្គមស៊ីវិល ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី ត្រួតពិនិត្យបន្ថែមលើវឌ្ឍនភាពនៃការអនុវត្ត វិធានការទាំងអស់ខាងលើ។

ក្រសួងនៅតែប្រកាន់ជំហរ និងឆន្ទៈសហការ ជាមួយួអង្គការសង្គមស៊ីវិល នៅក្នុងដំណើរការ អភិវឌ្ឍ និងអភិរក្សធនធានធម្មជាតិរបស់ប្រទេស កម្ពុជា និងក្នុងការបន្តដំណើរឆ្ពោះទៅការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព”៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES