ភ្នំពេញ ៖ បុរសម្នាក់ បានទៅជួបជុំផឹកស៊ីជាមួយមិត្តភក្តិ រហូតដល់ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូត្រឡប់មកផ្ទះវិញតែម្នាក់ឯង តែដោយសារទៅមុខលែងរួច ក៏ឈប់ម៉ូតូ ប្រះដេកតាមផ្លូវ ស្រាប់តែបើកភ្នែកឡើង ចោរលួចម៉ូតូបាត់ ប៉ុន្តែបុរសនេះនិយាយទាំងមិនទាន់ស្វាងស្រវឹងថា «បងផឹក បងដឹង បងស្រវឹង ដេកតាមផ្លូវ ចោរលួចម៉ូតូបាត់ ប្រពន្ធ អូនកុំខឹង!» ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តាញផ្លូវបេតុងខាងក្រោយផ្សារឯករាជ្យ១ ត្រង់ចំណុចដីឡូត៍ ១កន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះស្រេង ចាន់តានា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបុរីឡុងនី ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមការបញ្ជាក់ពីបុរសរងគ្រោះខាងលើ នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាកហុង ប៊ីត ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HT-8096 ចេញពីផ្ទះ ទៅជួបជុំជាមួយមិត្តភក្តិ ផឹកស៊ីនៅក្នុងហាងកែវព្រឹល ១កន្លែង។ លុះក្រោយពីផឹកស៊ីស្រវឹង គាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ តែដោយសារស្រវឹងខ្លាំងពេក ទៅ មុខលែងរួច ខ្លាចមានបញ្ហាតាមផ្លូវ នាំឱ្យមានគ្រោះថ្នាក់ ទើបគាត់បានសម្រេចចិត្តឈប់ម៉ូតូ ប្រះដេកនៅតាមផ្លូវ នៅកើតហេតុ ដោយដេកក្បែរម៉ូតូតែម្តង។

បុរសខាងលី បានបញ្ជាក់ថា លុះក្រោយមក មានជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ យកទៅបាត់ ទាំងដែលសោម៉ូតូនៅក្នុងហោប៉ៅខោរបស់គាត់។ លុះពេលគាត់បើកភ្នែកឡើង ស្រាប់តែស្រឡាំងកាំង មិនឃើញម៉ូតូ ក៏ដើរចេញពីកន្លែងដែលបាត់ម៉ូតូ សំដៅមកផ្លូវវេងស្រេង រួចហើយបានប្រាប់ឱ្យពលរដ្ឋជួយទំនាក់ទំនងទៅសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង។
បុរសខាងលើ បានបញ្ជាក់ថា គាត់មិនស្តាយទេម៉ូតូដែលចោរលួចនោះ តែគ្រាន់ចង់ផ្តាំថា បងចោរលួចម៉ូតូគេបានគ្រាន់ តែប្រយ័ត្នគេទាន់ ចាប់បាន គេវ៉ៃ កុំថាគេអាក្រក់ ហើយអ្វីដែលគាត់ខ្លាចនោះ គឺខ្លាចប្រពន្ធអត់ជឿថា ចោរលួចម៉ូតូ ចោទថាលក់ម៉ូតូ ឬចាញ់ល្បែងអស់។ បុរសបាត់ម៉ូតូ បាននិយាយទាំងស្រវឹងថា «បងផឹក បងដឹង បងស្រវឹង ដេកតាមផ្លូវ ចោរលួចម៉ូតូបាត់ ប្រពន្ធ អូនកុំខឹងប្តី»។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ សាកសួរជនរងគ្រោះ រួចដឹកបុរសរងគ្រោះ ទៅចង្អុលបង្ហាញកន្លែងកើតហេតុ ដែលបាត់ម៉ូតូ។ បន្ទាប់មកក៏នាំបុរសរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕