Thursday, April 18, 2024
Homeព័ត៌មានជាតិព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បញ្ចប់​ថ្ងៃ​នេះ

ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បញ្ចប់​ថ្ងៃ​នេះ

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដែលបាន ប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ចូលរួមដង្ហែដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងមានវត្តមានមហាជនខ្មែរចូលរួមកម្សាន្ត សប្បាយយ៉ាងច្រើនកុះកររាប់លាននាក់នោះ នឹងបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះហើយ។

king-water-12

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័ហ្វេសប៊ុកផ្លូវការ របស់សម្តេច កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ពិធីប្រណាំងទូកង នៅមុខព្រះបរមរាជវាំង គឺពិតជាល្អមើលជក់ចិត្តមែន! សូមជនរួម- ជាតិបានសប្បាយរីករាយ នៅក្នុងថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ!”។

សម្តេចហ៊ុន សែន បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកទៀតថា “នៅថ្ងៃដំបូងនៃ ពិធីបុណ្យអុំទូក កាលពីម្សិលមិញ គឺបានប្រព្រឹត្ត ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ យ៉ាងអធិកអធមក្រៃលែង។ កន្លែងកម្សាន្តមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ និងទេសចរ បរទេសអាចចូលរួមកម្សាន្តសប្បាយបាន គឺ នៅតាមបណ្តោយមាត់ទន្លេ មុខព្រះបរមរាជវាំង មុខវត្តបទុមវតី និងនៅកោះពេជ្រជាដើម…”។

king-water-15

យោងតាមការប៉ាន់ប្រមាណពីអាជ្ញាធរ មានសមត្ថកិច្ច នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យ អុំទូក មានប្រជាពលរដ្ឋចូលរួមប្រមាណពី៦០ ទៅ៧០ម៉ឺននាក់ និងកើតមានបទល្មើសលួច ចំនួន៣ករណី ក្នុងនោះ សមត្ថកិច្ចបង្ក្រាបបាន ចំនួន២ករណី និងចាប់ខ្លួនជនសង្ស័យ ចំនួន២ នាក់។ ជាមួយនេះ មានករណីក្មេងវង្វេងម្តាយ ២នាក់ ត្រូវបានប្រកាស និងប្រគល់ឱ្យអាណាព្យាបាលវិញ។ ចំណែកទូកប្រណាំងបានលិចចំនួន ២ទូក និងត្រូវបានសង្គ្រោះទាន់ពេល។ ដោយ ឡែកភ្នាក់ងារសុខាភិបាល បានជួយសង្គ្រោះ អ្នកមានសុខភាពខ្សោយ ចំនួន៤នាក់។

king-water-6

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៦ នេះ បានចាប់ផ្តើមពីថ្ងៃទី១៣ ខែវិច្ឆិកា នេះ នឹងបិទបញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ដោយមានទូកងចូលរួមប្រណាំង សរុបចំនួន ២៥៩ទូក (ទូកពិសេស៧៦) ក្នុងនោះទូកអុំ១៧០ (ទូកនារី១ទូក) ទូកចែវ២៦ (ទូកនារី២ទូក) និងទូកខ្នាតអន្តរជាតិ៦៣ទូក។ ចំណែកកីឡាករ ចំណុះទូក មានចំនួនសរុប១៤៦៣០នាក់ (នារី ១៦០នាក់)។ រីឯកីឡាករចំណុះទូកត្រៀម មានចំនួន៣១៦៣នាក់ (នារី៤៤នាក់)។ ដោយ ឡែក ប្រទីប មានចំនួន១៣ រួមមាន ១-ព្រះបរមរាជវាំង, ២-ព្រឹទ្ធសភា, ៣-រដ្ឋសភា, ៤- រាជរដ្ឋាភិបាល, ៥-ក្រសួងការពារជាតិ, ៦-ក្រសួងមហាផ្ទៃ, ៧-ក្រសួងឧស្សាហកម្ម និង សិប្បកម្ម, ៨-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ៩-ក្រសួងយុត្តិធម៌, ១០-ក្រសួងពាណិជ្ជកម្ម, ១១-ក្រសួងទេសចរណ៍, ១២-ក្រសួងរ៉ែ និង ថាមពល និង១៣-រាជធានីភ្នំពេញ។

king-water-4

លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប៉ាន់ប្រមាណថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៦នេះ នៅរាជធានីភ្នំពេញ នឹងមានមហាជនចូលរួមប្រមាណ ២លាននាក់ មកពីបណ្តាខេត្តនានា ដោយសារ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកចម្រើន មធ្យោបាយធ្វើដំណើរសម្បូរបែប ប្រព័ន្ធគមនាគមន៍ ត្រូវបានជួសជុលតភ្ជាប់ពីជនបទមក កាន់រាជធានីភ្នំពេញ មានសភាពល្អស្អាត។ មួយ វិញទៀត ដោយសារស្ថិរភាពនយោបាយ មាន ភាពល្អប្រសើរ ទើបធ្វើឱ្យប្រជាពលរដ្ឋមាន ឱកាសបានចូលមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យ ប្រពៃណីជាតិដ៏ធំមួយនេះយ៉ាងសប្បាយរីករាយ៕

ដោយ ៖ ដារិទ្ធ

king-water-5

king-water-14

king-water-13

king-water-16

RELATED ARTICLES