នី មុនីនាថ ត្រូវខ្មោចនាងនាថ លងមួយយប់ទល់ភ្លឺ (មានវីដេអូ)

នី មុនីនាថ ឆក់បានតំណែងតួឯករឿង ”នាងនាថបាត់ដំបង” ប៉ះជាមួយតួឯកប្រុស លោកញ៉ែម សុគន្ធ ដោយបានធ្វើពិធីក្រុងពលីកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ អ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះ គឺនី មុនីនាថ បានប្រាប់ត្រង់ថា ខ្មោចនាងនាថ បានមកលងនាងមួយយប់ទល់ភ្លឺមុនថ្ងៃក្រុងពលីនេះ ធ្វើឲ្យនាងហើមភ្នែក រកតែដេកពួនមិនបានឡើយ។

neath1
នី មុនីនាថ ថ្លែងថា ”ខ្ញុំនិយាយទៅមិនដឹងថា បងប្អូនជឿឬអត់ទេ តែយប់មិញ (០៦ធ្នូ) គាត់ (នាងនាថ) មកលងខ្ញុំមួយយប់ទល់ភ្លឺ អីចឹងហើយបានជាខ្ញុំហើមភ្នែកអស់ហ្នឹង។ នាងនាថ គាត់មិនបានបន្លាចខ្ញុំអីទេ គឺគ្រាន់តែមកគស់កំប៉ុងមិនឲ្យយើងដេកលក់ទេ ហើយយប់មិញ ខ្ញុំលេបថ្នាំងងុយដេកមួយគ្រាប់ តែបានត្រឹមធ្មេចបានបន្តិចហ្នឹង។ នេះជាលើកទីមួយហើយសម្រាប់ខ្ញុំដែលឃើញខ្មោចមកលង ហើយខ្ញុំជឿថា ខ្មោចពិតជាមានមែន តែខ្ញុំពីមុនមិនដែលឃើញទេ។ ថ្វីត្បិតតែមុនថតគាត់មកលងមែន តែខ្ញុំមិនខ្លាចទេ គឺនៅតែបន្តថតឲ្យចប់ ហើយខ្ញុំសប្បាយចិត្តដែលបានសម្ដែងរឿងដ៏ល្បីពីមុននេះ ជាពិសេសគឺបានជួប Idol ខ្ញុំ គឺបងញ៉ែម សុគន្ធ ហើយបានសម្ដែងជាមួយគាត់ជាលើកទីមួយផងដែរ។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងមានការគាំទ្រជាមិនខាន ព្រោះជារឿងខ្មោចបែបកំប្លែង ដែលមានតារាកំប្លែងជាច្រើនចូលរួមសម្ដែងផងដែរ”។

neath2

តាមអ្នកដឹកនាំផលិតរឿងភាគប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា រឿងនេះប្លង់ភាគច្រើន គឺថតនៅបាត់ដំបង និងប្លង់ខ្លះក៏មាននៅភ្នំពេញ ផងដែរ។ ការជ្រើសរើសតួឯកនី មុនីនាថ និងលោកញ៉ែម សុគន្ធ ចាប់ដៃគ្នា គឺសាកសមបំផុតសម្រាប់ភាពយន្ដភាគដ៏ល្បីនេះ។
លោកញ៉ែម សុគន្ធ ប្រាប់ថា ”ខ្ញុំមានកាសប្បាយចិត្តដែលបានសម្ដែងជាលើកដំបូងជាមួយប្អូនស្រីនី មុនីនាថ ដែលគាត់មានទេពកោសល្យល្អពីធម្មជាតិ សម្ដែងដោយមិនប្រឹងទេ ហើយខ្ញុំគិតថាពួកយើងនឹងធ្វើការជាមួយគ្នាបានយ៉ាងល្អ។ នៅក្នុងរឿងនេះខ្ញុំលេងតួឈ្មោះឌីម៉ា ហើយនិយាយត្រង់ទៅ កន្លងមកខ្ញុំមិនដែលមានខ្មោចលងទេ តែខ្ញុំជឿថាខ្មោចប្រាកដជាមានមែន តែខ្ញុំមិនចង់ឃើញទេ”។

neath
រឿង ”នាងនាថបាត់ដំបង” មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន ដែលធ្វើឲ្យទស្សនិកជនដែលតាមដានរឿងភាគរបស់ប៉ុស្ដិ៍លេខ៥ កាន់តែជក់ចិត្តដិតអារម្មណ៏ថែមទៀតជាមិនខាន ព្រោះអ្នកដឹកនាំជាក្រុមការងាររបស់ប៉ុស្ដិ៏លេខ៥ ដែលមានខ្មែរនិងថៃសហការគ្នាផលិតរឿងនេះឡើង ដោយចំណាយថវិកាអស់ជាច្រើន ហើយភាពយន្ដនេះគ្រោងដាក់បញ្ចាំងនៅឆ្នាំ២០១៧ ខាងមុននេះហើយ។

neath3
លោកសុផាឆៃវីរៈ ភុឆុង អគ្គនាយកប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា ”ខ្ញុំរីករាយណាស់ដែលប៉ុស្ដិ៍លេខ៥ បានផលិតរឿង ”នាងនាថបាត់ដំបង” នេះឡើងដែលជាការនិពន្ធនិងដឹកនាំដោយលោកសាយុន ហើយមានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន។ រឿងនេះជារឿងខ្មោចបែបកំប្លែង បង្ហាញពីគុណធម៌ ទង្វើល្អដល់ទស្សនិកជន។ ខ្ញុំសូមឲ្យជូនពរឲ្យតារាៗទាំងអស់ដែលសម្ដែងរឿងនេះឲ្យជោគជ័យ និងសំណាងល្អគ្រប់គ្នា ហើយប៉ុស្ដិ៍លេខ៥ តែងតែព្យាយាមជ្រើសរើសតួថ្មីៗ និងបណ្ដុះបណ្ដាលជានិច្ច”៕

https://youtu.be/-5KVGjHKkkw