Thursday, March 28, 2024
Homeបរិយាយបំណុល​អ្នក​ក្រ​ឮ​ខ្ទរ​ខ្ទារ

បំណុល​អ្នក​ក្រ​ឮ​ខ្ទរ​ខ្ទារ

សុភាសិតឥណ្ឌា ១ឃ្លា ចែងថា “បំណុលអ្នកក្រធ្វើឱ្យឮខ្ទរខ្ទារណាស់” ពុំសូវមានអ្នកសិក្សាស្រាវជ្រាវណាលើកយកមក ធ្វើអត្ថាធិប្បាយនោះឡើយ ប៉ុន្តែបើយើងពិចារណាឱ្យស៊ីជម្រៅទៅ ជាមរតកសាសន៍សម្រាប់ទូន្មានអ្នកក្រតែម្តង។ សូម្បីតែ ប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ដែលខ្ចីបុលលុយបរទេសមកប្រើក៏ឮខ្ទរខ្ទារដែរ បើសិនជាមានការកាច់កុងគ្នាផ្នែកនយោបាយ រវាងបក្សប្រឆាំង និងរដ្ឋាភិបាល ដែល “នគរធំ” សូមលើក “បំណុលអ្នកក្រឮខ្ទរខ្ទារ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ បណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ថា “ប្រទេសកម្ពុជា ជំពាក់បំណុលបរទេស ជិត១ម៉ឺនលានដុល្លារ (៩ ៣១៨លានដុល្លារ) គិតត្រឹមឆ្នាំ២០១៥។ បើគិតពីចំនួន ពលរដ្ឋកម្ពុជា ១៥លាននាក់ គឺម្នាក់ៗត្រូវជំពាក់បំណុលបរទេសជាង៦០០ដុល្លារ”។ ភ្លាមៗនោះដែរ លោកសុន ឆ័យ តំណាង- រាស្ត្របក្សប្រឆាំង ជាពិសេស លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានបន្ទរថែមពីរឿងបំណុលនេះថា “ការជំពាក់ បំណុលបរទេសជិត១ម៉ឺនលានដុល្លារ ធ្វើឱ្យកម្ពុជា បាត់រូបភាពមួយគឺការទុកចិត្តពីអ្នកវិនិយោគបរទេស ព្រោះថា ប្រទេស តូចមួយមានបំណុលបរទេសច្រើនបែបនេះ ពិតជាគ្មានទ្រព្យធនអ្វីដើម្បីសងបំណុលគេទេ”។ ជាបន្តបន្ទាប់គ្នានេះដែរ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ដូចជាលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន ឆ្លើយបកវិញថា អ្នកលើករឿងបំណុលមកផ្សព្វផ្សាយនេះជា “ពួកទុច្ចរិត” មិនសិក្សាឱ្យច្បាស់លាស់ មានចេតនាមួលបង្កាច់ ខុសពីការពិត។ ទន្ទឹមនោះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា “គិតត្រឹមដំណាច់ ឆ្នាំ២០១៥ កម្ពុជា មានបំណុលសាធារណៈក្រៅប្រទេស ឬបំណុលរដ្ឋក្រៅប្រទេសតែចំនួន៥,៦ប៊ីលានដុល្លារអាមេរិក”។

ការបញ្ចោញរបាយការណ៍របស់ធនាគារពិភពលោក និងការឆ្លើយឆ្លងរបស់មន្ត្រីរាជរដ្ឋាភិបាល និងបក្សប្រឆាំង ឡើង សង្កៀរត្រចៀកបែបនេះ បង្ហាញថា អាចដើរស្របនឹងសុភាសិតឥណ្ឌា “បំណុលអ្នកក្រធ្វើឱ្យឮខ្ទរខ្ទារណាស់” នោះហើយ។ “នគរធំ” មិនបានដឹងការពិតដល់កម្រិតណានោះទេ ចាំតែសរសេរតាមទិន្នន័យចេញពីប្រភពផ្សេងៗប៉ុណ្ណោះ ព្រោះរឿង “បំណុល មិនធម្មតាទេ” សូម្បីតែបំណុលឯកជន ក៏មានកវីនិពន្ធបុរាណាចារ្យផ្តែផ្តាំថា “កូនអើយបំណុល ចងការជឿបុល មួយឡើង ជាពីរ…” ជាមរតកសាសន៍របស់លោកតាភិរម្យង៉ុយ ផ្តែផ្តាំកូនចៅឱ្យប្រយ័ត្នរឿងបំណុល។

ហេតុអ្វីបានជា “បំណុលអ្នកក្រ ឮខ្ទរខ្ទារ”? សំណួរនេះ យើងសូមឆ្លើយជារឿងជាក់ស្តែងវិញ ខណៈដែលកម្មការិនីដ៏ក្រីក្រ ម្នាក់ ជំពាក់លុយអ្នកជិតខាង៥ម៉ឺនរៀល អត់អីសង ក៏ត្រូវម្ចាស់បំណុលតាមទារព្រឹក-ល្ងាច។ លុះទារយូៗទៅក៏ផ្ទុះជម្លោះ ម្ចាស់បំណុលខឹងសម្បាក៏ទាញដំបងវាយកូនបំណុលបែកក្បាល និងត្រូវកូនបំណុលប្តឹងទារជំងឺចិត្ត១ពាន់ដុល្លារ ប្រឈមនឹង ការជាប់គុកទៀត។ ហេតុការណ៍នេះត្រូវបានកាសែតយកទៅចុះផ្សាយ បានដឹងខ្ទរខ្ទារដល់បរទេស មានដើមចមពីបំណុល ៥ម៉ឺនរៀល ស្មើនឹងជាង១០ដុល្លារ។ បានន័យថា “បំណុលអ្នកក្រឮបានឆ្ងាយណាស់” ផ្ទុយពីអ្នកមានដែលជំពាក់បំណុលគេ ស្ងាត់ឈឹង មិនងាយបែកខ្ចរខ្ចាយទៅណាទេ ដូចករណីឧកញ៉ាខ្លះ “ធ្វើនំអត់ម្សៅ” ខ្ចីលុយធនាគារទៅដេញថ្លៃជួសជុលផ្លូវ ឬ ដងវិថីក្នុងរាជធានី តម្រូវឱ្យរថយន្តឆ្លងកាត់ត្រូវបង់លុយ។ ឧកញ៉ាខ្លះទៀត ខ្ចីបុលធនាគារទៅសង់ផ្ទះល្វែង ឬទិញដីធ្លីទុកលក់ យកចំណេញ ដែលការខ្ចីនោះ គេលាក់ស្ងាត់ឈឹង ប៉ុន្តែ គេអាចដឹងបានដោយសារបុគ្គលិកធនាគារធ្វើឱ្យធ្លាយចេញទៅក្រៅ។

បើជារឿងប្រទេសជាតិវិញ ប្រទេសក្រីក្រជំពាក់លុយបរទេសឮខ្ទរខ្ទារណាស់ ដូចកម្ពុជា ដែលធ្លាយចេញរឿងបំណុល នេះ កំពុងឮរន្ទឺទៅដល់ក្រៅប្រទេស។ គួរយល់ថា ប្រទេសក្រីក្រ ក៏ដូចប្រទេសអ្នកមាន ចៀសមិនផុតពីករណីរដ្ឋាភិបាលខ្ចីលុយ គេមកកសាងហេដ្ឋារចនាសម្ព័ន្ធ សូម្បីរដ្ឋាភិបាលអាមេរិក ក៏ខ្ចីលុយមហាសេដ្ឋីគេមកប្រើប្រាស់ដែរ តែគេបង្វិលសងចុងការ វិញតាមកិច្ចសន្យា មិនឱ្យឮខ្ទរខ្ទារនោះឡើយ។ រវាងម្ចាស់បំណុលនិងកូនបំណុល ក៏មានការយោគយល់គ្នា ទុកមុខមាត់ឱ្យ គ្នា ពោលគឺម្ចាស់បំណុលនៅតែស្ងៀម ដើម្បីទុកកិត្តិយសជូនប្រធានាធិបតី។ បើយើងមិនភ្លេចទេនោះ ប្រទេសជប៉ុន ទើប នឹងសងបំណុលគេរួច ក្រោយពេលជាប់បំណុលវ័ណ្ឌកដោយសារចាញ់សង្គ្រាមលោកលើកទី២។ នាឆ្នាំ១៩៤៥ រយៈពេល១ ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមបញ្ជាប្រធានាធិបតីហាររី ទ្រូម៉ាន់ (Harry Truman) ឱ្យទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាកាសាគី ជប៉ុនបានដាក់លិខិតយល់ព្រមចុះចាញ់សង្គ្រាម ខណៈដែលព្រះចៅអធិរាជហ៊ីរ៉ូហ៊ីតូ (Hirohito) សម្រេចព្រះទ័យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ សង្គ្រាមលោកលើកទី២ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ សាធារណៈ អស់ប្រមាណជាង២៣ ម៉ឺនលានដុល្លារអាមេរិក តម្រូវឱ្យជប៉ុនជាអ្នកចាញ់សង្គ្រាម សងគេមួយចំណែកធំ គឺត្រូវ សងគេចង់លៀនភ្នែក។ អ្នកសងបំណុល ពុំមែនជាមេទ័ព ឬនាយទាហានធ្លាប់វាយលុកចូលមួយចំហៀងទ្វីបអាស៊ីនោះទេ តែ ប្រជាជនជប៉ុន ជាអ្នកសង។ ទោះយ៉ាងណា ដោយសារជប៉ុនមាននាយករដ្ឋមន្ត្រីខ្លាំងឡើងកាន់តំណែងជាបន្តបន្ទាប់នោះ បាន ជំរុញប្រទេសគេឱ្យក្លាយជាប្រទេសឧស្សាហកម្ម ប្រើកម្លាំងកម្មករផលិតរថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក លក់សង បំណុលបានរួចយ៉ាងឆាប់រហ័ស ដែលករណីនេះ មតិអន្តរជាតិលើកឡើងថា បំណុលសង្គ្រាមធ្ងន់កបែបនេះ បើក្រៅពីប្រជាជន ជប៉ុន ប្រហែលជាសងគេមិនរួចទេ។

“បំណុលសង្គ្រាម” និង “បំណុលអភិវឌ្ឍន៍” មិនដូចគ្នាទេ ពោលគឺបំណុលសង្គ្រាម ត្រូវតែសងគេចៀសមិនរួច ប៉ុន្តែ ការខ្ចី បុលលុយបរទេសមកអភិវឌ្ឍ បើរដ្ឋាភិបាលយល់ថា មិនអាចរែកពុន ឬគ្មានលទ្ធភាពសងគេបាន អាចមិនខ្ចីគេក៏បានដែរ។ សម្រាប់ប្រទេសក្រីក្រដូចកម្ពុជា កុំថាដល់ទៅជិត១ម៉ឺនលានដុល្លារ ដូចរបាយការណ៍ធនាគារពិភពលោក ទោះជាត្រឹម៥,៦ ប៊ីលានដុល្លារ ក៏ជាបំណុលមិនធម្មតាទេ។ ខណៈដែលកម្ពុជា រៀបចំការបោះឆ្នោត នាឆ្នាំ២០១៧-២០១៨ ខាងមុខ បក្ស ប្រឆាំង ចាំមើលតែឱកាសចន្លោះប្រហោងនេះ ក៏ពន្លះរដ្ឋាភិបាលពីរឿងបំណុល ដោយបំភ័យក្មេងស្រករក្រោយថា ឱ្យតែ កើតប្រិចមក មានបំណុលជាប់ខ្លួន ៦៦៧ដុល្លារទៅហើយ។ ដូច្នេះកាលបើអ្នកនយោបាយប្រឆាំង បំភ័យក្មេងៗបែបនេះ លុះត្រាតែរដ្ឋាភិបាល “អេះឱ្យចំរមាស់” ពោលគឺបកស្រាយពន្យល់យ៉ាងណាឱ្យប្រជាពលរដ្ឋស្តាប់បាន និងយល់ច្បាស់ពីរឿង អនាគត “តើអ្នកណាជាអ្នកសងបំណុល?” ឬថា “ហ៊ានធានាមិនឱ្យក្មេងស្រករក្រោយសងគេទេ” ទើបរាស្ត្របានស្ងប់ចិត្ត។

ដោយឡែកបក្សប្រឆាំង “បើខ្លាចបំណុល ហេតុអ្វីបានជាចង់ឈ្នះឆ្នោត? ធម្មតាអ្នកឈ្នះឆ្នោតបានកាន់អំណាច ត្រូវរ៉ាប់រង បំណុល តពីរដ្ឋាភិបាលចាស់ តើត្រូវដោះស្រាយយ៉ាងណាឱ្យអស់បំណុល? ឬមួយយកពន្ធដីស្រែ? ពន្ធខ្លួន? (បង់កាត) និងពន្ធ ផ្សេងៗទៀត ដូចនៅប្រទេសគេ? នៅស្រុកអាមេរិក ស្រុកបារាំង ស្អីក៏ជាប់ពន្ធដែរ តែនៅកម្ពុជា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គ្មានគម្រោងយកពន្ធដីស្រែចម្ការពីកសិករនោះទេ សូម្បីតែស្ត្រី លក់ដូរបន្លែ ត្រី ក្តាម ខ្យង ដាក់កញ្ច្រែង ក៏មានការលើកលែងការបង់ភាស៊ី។ អ៊ីចឹងបើរដ្ឋាភិបាលក្រោយ ក្រៅពីគណបក្ស ប្រជាជនកម្ពុជា ចង់ផាត់បំណុលបរទេសឱ្យបានឆាប់ តាមរយៈការយកពន្ធដីស្រែនោះ អាចធ្វើឱ្យមានភាពរំជើបរំជួល”។ បើដឹងថា រាជរដ្ឋាភិបាលចាស់ជំពាក់បំណុលបរទេសដែរ លុះត្រាតែរដ្ឋាភិបាលក្រោយ “ហ៊ានទទួលថ្មបាក់” ទើបសង្ឃឹម ឈ្នះឆ្នោត។ របៀបផាត់បំណុលបរទេស បើដូចពីសម័យព្រេងនាយ ជួនកាលត្រូវកាត់ទឹកដីសងគេក៏មាន ជួនកាលទៀត មាន ការបញ្ជូនទាសករទៅបម្រើគេ តាមវិធី “លក់ដូរមនុស្ស” ប៉ុន្តែ ការសងបំណុលសម័យនេះ បើរដ្ឋាភិបាលក្រោយចេះអង្វរ លួងលោមឱ្យគេលុបបំណុល ទើបចំណងវ័ណ្ឌកនោះត្រូវស្រាយរួច។

សរុបទៅ “បំណុលអ្នកក្រឮខ្ទរខ្ទារ” គឺមកពីប្រទេសយើងក្រ ខ្ចីលុយគេមកអភិវឌ្ឍន៍ ធ្វើឱ្យលេចធ្លាយព័ត៌មាននេះឯង។ ជំពាក់បរទេសជាង៥ពាន់លានដុល្លារនោះ មិនបានស្មើទ្រព្យសម្បត្តិមហាសេដ្ឋីអាមេរិក ឬព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ល្បីល្បាញផង សូម្បីលោកដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក មានទ្រព្យសម្បត្តិជាង៣ពាន់លានដុល្លារ។ ធម្មតា អ្នកក្រខ្ចីលុយគេ លាក់មិនជិតទេ តែអ្នកមានខ្ចីលុយធនាគារ លាក់ជិតឈឹង ដែលជាទឡ្ហីករណ៍បង្ហាញពីខ្លឹមសារសុភាសិត ឥណ្ឌា “បំណុលអ្នកក្រធ្វើឱ្យឮខ្ទរខ្ទារណាស់” នេះឯង៕

ដោយ ៖  អាចារ្យថាំ

RELATED ARTICLES