Friday, April 26, 2024
Homeបរិយាយខ្មោច​ស្រុក​ឱ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន

ខ្មោច​ស្រុក​ឱ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន

សុភាសិតខ្មែរ១ឃ្លាថា “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានមហាជន សូម្បី ប្រជាកសិករដែលមានកម្រិតវប្បធម៌ទាប ក៏ពួកគាត់យល់ខ្លឹមសារសុភាសិតនេះយ៉ាងច្បាស់។ ករណីសមគំនិតគ្នារកស៊ីបំផ្លាញ ជាតិ ឬផិតក្បត់ប្តីប្រពន្ធ បានត្រឹមនាំមកនូវផលវិបាកដល់សង្គម ដែល “នគរធំ” សូមលើករឿង “ខ្មោច” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ខ្មោចស្រុក” គឺជាអទិស្សមានកាយ ឬអសុរកាយមួយប្រភេទ ដែលមនុស្សមើល មិនឃើញ ដែលជំនឿបុរាណថា ជីដូនជីតា កុងម៉ា ដែលស្លាប់បានទៅចាប់ជាតិជាខ្មោច ព្រោះជាប់បាបកម្ម។ ខ្មោចស្រុក  នៅតែក្បែរមនុស្សយើងហ្នឹង ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ហៅថា “ខ្មោចជួរ” ឬ “ខ្មោចជំបួរ” ដែលចែកជា “ជួរខាងឪពុក” និង “ជួរខាងម្តាយ”។ ខ្មោច “ជួរខាងឪពុក” នៅតាមតំបន់ខ្លះមានឈ្មោះផ្សេងគ្នា ដូចជា ខ្មោចខ្ទោ, និមន្ត, កាច់ផ្កា, ព្រះវរ, កង- អាកាស, ខ្មៅបង, តីស្រាខ្លោច, កែ, ទូកវែង, ស្រីមាយា, តាសេង និងតាហ្លួង ជាដើម។ រីឯ ខ្មោច “ជួរខាងម្តាយ” មានដូចជា ខ្មោចបំណ, សំពោងសក់ធំ, តីសង្រេង, ក្រសាំងទាប, ជំទាវច័ន្ទ, ដូនគង់ និងតាសោម ជាដើម។ ខ្មោចជំបួរទាំង២ជួរនេះ នៅ រក្សាកូនចៅផៅសន្តានជានិច្ច បើកូនចៅណាមានទុក្ខធុរៈ ត្រូវបន់ស្រន់ ឬលៀងមេមត់អន្ទងហៅខ្មោចទាំងនោះមកសេពសោយ ក្រយាហារបូជា ជំងឺឧត្បាតនោះនឹងជាសះស្បើយទៅ។ តាមទំនៀមបុរាណ ត្រូវតែធ្វើ “ពិធីឡើងរោង” ជារៀងរាល់ឆ្នាំ ដើម្បីអញ្ជើញខ្មោចជីដូនជីតាទាំងនោះ មកជប់លៀងសប្បាយ និងប្រសិទ្ធពរជ័យដល់កូនចៅឱ្យបានសុខចម្រើនគ្រប់គ្នា។ ក្នុង ករណីធ្វេសប្រហែស មិនបាននឹកនាដល់ខ្មោចស្រុកទាំងនោះ ច្បាស់ជាខ្មោចដាក់បណ្តាសាឱ្យជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ដោយឡែក “ខ្មោចព្រៃ” សំដៅដល់អសុរកាយមិននៅក្នុងជួរជំបួរ ប៉ុន្តែមានលំនៅនិវេសនដ្ឋានតាមជ្រោះជ្រលងដងអូរ ព្រៃភ្នំក្រំថ្ម ដូចជា ព្រាយ បិសាច ម្រឹត្យូវ ម្រេញគង្វាល ជាដើម។ ខ្មោចព្រៃទាំងនេះ ប្រៀបបាននឹងចោរព្រៃ ដែលចាំស្ទាក់ ប្លន់អ្នកចូលព្រៃ ឬថាបើអ្នកចូលព្រៃធ្វេសប្រហែសមិនបានសែនព្រេនច្រូចស្រាសុំផ្លូវដើរទេនោះ ច្បាស់ជាម្រេញគង្វាល (បិសាច មានរូបរាងជាកូនក្មេងសម្រាប់ថែហ្វូងដំរីព្រៃ) ធ្វើឱ្យវង្វេងមិនខាន។ ជួនកាលក៏ត្រូវខ្មោចម្រឹត្យូវ (ខ្មោចកំបុតក្បាល) ចូលសណ្ឋិត ធ្វើឱ្យឡប់សតិ នាំទៅចងកសម្លាប់ខ្លួនក៏សឹងមាន។ ខ្មោចព្រៃខ្លះនៅតែក្បែរៗភូមិ ដូចជា ព្រាយកន្ទោងខៀវ ព្រាយសក់កណ្តាញ់ ជាដើម ក៏កាចណាស់ដែរ តែងយាយីមនុស្សឱ្យឈឺថ្កាត់ ដើម្បីទារសំណែន។ រីឯអ្នកតា អ្នកដូន ចាត់ទុកជាខ្មោចជាន់ខ្ពស់ ឬ ឋានៈស្មើនឹងអាជ្ញាធរដែនដី ត្រួតត្រាពីលើខ្មោចជួរជំបួរ និងខ្មោចព្រៃ មានតួនាទីគ្រប់គ្រងថែរក្សាមូលដ្ឋាន មិនខុសពីរចនាសម្ព័ន្ធ មន្ត្រីរាជការនោះទេ។

ហេតុអ្វីបានជាមានសុភាសិតថា “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន?” សំណួរនេះ មិនគួរឆ្ងល់ទេ បើពោលតាមន័យ ត្រង់ គឺមកពីខ្មោចខ្ទោ, តាសេង, តាហ្លួង រវល់តែផ្ទំលក់ ឬក៏ត្រូវខ្មោចព្រៃបេះផ្លែឈើទៅថ្វាយ ជាឱកាសឱ្យខ្មោចព្រៃ ចូល អុកឡុកក្នុងភូមិ យាយីគោក្របីឱ្យកើតជំងឺអំបល់ មនុស្សកើតជំងឺអាសន្នរោគជាដើម។

បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” គឺសំដៅដល់ស្ត្រីជាប្រពន្ធគេមួយ ចំនួន មានមារយាទអាក្រក់ ផិតក្បត់ប្តី ក៏បើកដៃឱ្យប្រុសសហាយទៅដេក។ លុះប្តីតាមទាន់ជាន់កែង នាងនោះប្រកែកថា ជារឿងចាប់រំលោភ តែបើតាមដានអង្កេតឱ្យហ្មត់ចត់ទៅ ចាប់រំលោភយ៉ាងម៉េចកើត បើនាងមិនបើកទ្វារបន្ទប់ឱ្យប្រុសចូល នោះ? យ៉ាងណាមិញ ក្រុមហ៊ុនមួយចំនួនកាប់បំផ្លាញព្រៃឈើ បើគ្មានការសមគំនិតពីអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ ក៏មិន អាចធ្វើកើតដែរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរកស៊ីឈើដ៏ធំមួយឈ្មោះ “ហុង សុភាព” ដែលមានទីតាំងនៅភូមិតេជសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថប្រមាណ២០០នាក់ ចុះបង្ក្រាប ដោយចាប់ខ្លួនប្រធានក្រុមហ៊ុន និងមនុស្សពាក់ព័ន្ធបញ្ជូនទៅតុលាការ។ សមត្ថកិច្ចបានរកឃើញឈើល្មើសច្បាប់ រាប់រយកំណាត់ ត្រូវក្រុមហ៊ុនចូលទៅកាប់ ធ្វើអាជីវកម្មនៅក្នុងរង្វង់ព្រៃអភិរក្សនៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ គួរយល់ថា បើយើងធ្វើដំណើរតាមរថយន្ត ចេញពី ផ្សារស្រអែម ឆ្ពោះទៅទិសខាងជើង សំដៅប្រាសាទព្រះវិហារ ដែលមានចម្ងាយជិត៣០គ.ម នឹងឃើញទិដ្ឋភាពព្រៃព្រឹក្សា ខៀវស្រងាត់គ្រប់រដូវ ជាពិសេសនៅរដូវដើមឆ្នាំ ស្លឹកឈើបានបញ្ចោញពណ៌បៃតងយ៉ាងត្រជាក់ភ្នែក។ ឈើទាំងនោះ មាន ដូចជា ផ្ចឹក, សុក្រំ, ខ្លុង, ត្បែង, ធ្នង់ និងព្រៃប្ញស្សី ជាលំនៅបក្សាបក្សី ម្រឹគីម្រឹគា សូម្បី ខ្លា ដំរី ឈ្លូស រមាំង ជ្រូកព្រៃ ក៏ រស់នៅច្រើនក្នុងតំបន់ព្រៃអភិរក្សនេះ។ ចុះរឿងអី! ពេលក្រុមហ៊ុនឈូសឆាយធ្វើផ្លូវចូលកាប់បំផ្លាញព្រៃធ្វើអាជីវកម្ម ដោយ ដឹកឈើតាមផ្លូវកៅស៊ូទាំងយប់ទាំងថ្ងៃ បែរជាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធមើលមិនឃើញ? ករណីអាងលេសថា ក្រុម- ហ៊ុនមានអាជ្ញាប័ណ្ណស្របច្បាប់នោះ មិនត្រឹមត្រូវទេ ព្រោះរាជរដ្ឋាភិបាល មានអនុញ្ញាតឱ្យក្រុមហ៊ុនកាប់ឈើក្នុងព្រៃរមណីយ- ដ្ឋានឯណា?

ត្រង់ហ្នឹងហើយដែលហៅថា “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” នោះ ដែលគេអាចសន្និដ្ឋានបានថា មកពីខ្មោច ព្រៃរកស៊ីឈើហ្នឹង ពូកែឱបដៃឱបជើងខ្មោចស្រុកជិះឡានទំនើប ទើបបានជាព្រៃឈើហិនហោចបែបនេះ។ រឿងព្រៃឈើ គួរតែអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត រួមគ្នាថែរក្សា ទើបសម បែរជាលេចឯព្រះសង្ឃ១ក្រុម ចុះទៅថែទាំទៅវិញ ដែលជា ហេតុនាំភាពអាប់ឱនកិត្តិយសដល់អាជ្ញាធរ។ ករណីព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម និងព្រះសង្ឃជាសហការី ចុះធ្វើការទាំងខឹងសម្បាបែបនោះ បើយោងតាមវិន័យសិក្ខាបទ គឺព្រះអង្គចៀស មិនផុតពីត្រូវអាបត្តិនោះទេ ប៉ុន្តែព្រះអង្គរៀនសូត្រចេះដឹងជ្រៅជ្រះរហូតដល់ប្រទេសឥណ្ឌា ច្បាស់ជា “ចេះច្បាប់មិនខ្លាច ក្តី ចេះវិន័យមិនខ្លាចអាបត្តិ” យកគំរូតាមព្រះអាចារ្យហែម ចៀវ និងព្រះអាចារ្យខៀវ ជុំ តែម្តង ដែលចេញមុខប្រឆាំង អាជ្ញាធរ មិនខ្លាចត្រូវអាបត្តិ។

ឥឡូវប្រធានក្រុមហ៊ុនរកស៊ីឈើ ត្រូវជាប់ទោសទណ្ឌ ក្រោមកណ្តាប់ដៃដែករបស់លោកមេប៉េអឹមលើផ្ទៃប្រទេស ក៏ គួរតែជម្រះបញ្ជី តាមដានគំនិតមារយាទអាជ្ញាធរដែនដី ចៅហ្វាយស្រុក ចៅហ្វាយខេត្ត មេព្រៃ មន្ត្រីបរិស្ថាន និងមន្ត្រី ពាក់ព័ន្ធខ្លះផង ព្រោះពួកលោកជា “ខ្មោចស្រុក” ហេតុអ្វីបណ្តែតបណ្តោយឱ្យ “ខ្មោចព្រៃ” ធ្វើសកម្មភាពបាន? តាមទម្លាប់ រៀងមក បើមានបញ្ហាអ្វីកើតឡើង អាជ្ញាធរតែងឆ្លើយដាក់គ្នាឱ្យរយោងដូចសម្លកំពឹស តាមយុទ្ធសាស្ត្រ “ចេះគេស្អប់ ឡប់ គេប្រើ ល្ងីល្ងើរួចខ្លួន” មានន័យថា បើថ្នាក់លើចុះបង្ក្រាបភាពអនាធិបតេយ្យក្នុងដែនដីរបស់ខ្លួន អស់លោកអាជ្ញាធរមាន សមត្ថកិច្ច ត្រូវតែធ្វើ “ល្ងីល្ងើ” ទើបរួចខ្លួនពីសំណាញ់ច្បាប់ ចំណែកព្រះតេជគុណប៊ុត ប៊ុនតិញ ដែល “ចេះ” បានត្រឹមគេ ស្អប់តែប៉ុណ្ណោះ។

មជ្ឈដ្ឋានមហាជនយល់ថា ការសមគំនិតគ្នារវាងក្រុមហ៊ុនដែលរកស៊ីហួសព្រំដែនកំណត់ក្នុងអាជ្ញាប័ណ្ណ ធ្វើឱ្យក្រុមហ៊ុន ឆាប់មានដូចឡើងកាំជណ្តើរ ខណៈដែលអាជ្ញាធរមូលដ្ឋាន ក៏បានសើមមាត់សើមករហូត។ ឧបមាថាខ្មោចព្រៃកាប់ផ្តួល ឈើបាន១០០០ដើម យ៉ាងហោចក៏គេបង្វែរប្រាក់លក់ឈើ៥០ដើម ឬ១០០ដើម បង់ឱ្យខ្មោចស្រុកដែរ។ កុំស្មានថា ក្រុមហ៊ុន លួចចូលកាប់ឈើហួសព្រំដែនកំណត់ក្នុងអាជ្ញាប័ណ្ណ ហើយអាជ្ញាធរ មេព្រៃ មន្ត្រីបរិស្ថាន មិនដឹងនោះ តែគេធ្វើមិនដឹង ព្រោះតែលាភសក្ការៈ។ បើនៅតែមានរឿង “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” បែបនេះ ច្បាស់ជាព្រៃឈើដែល នៅសល់ក្នុងដែនអភិរក្ស នឹងវិនាសបន្តិចម្តងៗ នៅសល់តែរូបថតទុកឱ្យមនុស្សស្រករក្រោយបានឃើញតែប៉ុណ្ណោះ។

សរុបទៅ “ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” មានន័យយ៉ាងនេះឯង។ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នឹង មិនទទួលបានជោគជ័យទេ បើសិនជាមន្ត្រីថ្នាក់ក្រោមសមគំនិតគ្នា មិនគោរពបទបញ្ជាថ្នាក់លើនោះ។ ហេតុនេះ ដើម្បីចូល រួមចំណែកទប់ស្កាត់ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ លុះត្រាតែ “ខ្មោចស្រុកឈប់ឱ្យដៃ ទើបខ្មោចព្រៃវាធ្វើអ្វី មិនកើត” និងត្រូវរួមគ្នាបោសសម្អាតខ្មោចព្រៃឱ្យអស់ ទើបធានាថាព្រៃឈើនឹងនៅគង់វង្ស លើកកិត្តិយស “កម្ពុជា ព្រះ- រាជាណាចក្រអច្ឆរិយ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES