Saturday, April 27, 2024
Homeបរិយាយព្រះ​គោ និង​​មនោ​​ម័យ

ព្រះ​គោ និង​​មនោ​​ម័យ

ខណៈដែលស្ថានការណ៍នយោបាយមានភាពប្រទាញប្រទង់រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ក៏មានមតិពីរបានលេច ឡើងក្នុងមជ្ឈដ្ឋានមហាជន ជាពិសេស ក្នុងចំណោមមន្ត្រីចូលនិវត្តន៍ញៀនកាហ្វេខ្មៅ ដែលមាននិន្នាការខុសគ្នា។ មតិមួយថា គណបក្សទាំង២ ដែលមានអាសនៈក្នុងរដ្ឋសភា ប្រៀបបាន “ព្រះគោ និងមនោម័យ” ឯមតិទីពីរថា ជារឿង “សេះទឹមនិង គោ ចាក់ហ៊ោលាន់ៗ” ដែល “នគរធំ” ក្តាប់បាន ក៏យកមតិទាំងពីរមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

មតិទី១ ថា បក្សទាំង២ ប្រៀបបាន “ព្រះគោ និងមនោម័យ” គឺជាការប្រៀបធៀបផ្តល់តម្លៃខ្ពស់ដល់គណបក្សប្រជាជន កម្ពុជា ស្មើនឹង “ព្រះគោ” រីឯគណបក្សសង្គ្រោះជាតិ ស្មើនឹង “សេះមនោម័យ”។ “ព្រះគោ” ពុំមែនជាសត្វធម្មតានោះឡើយ ដោយមាន២ប្រភេទ គឺព្រះគោទី១ ជាជំនិះរបស់ព្រះឥសូរ ឈ្មោះ “នន្ទិ” ដែលមានចែងក្នុងគម្ពីរព្រហ្មញ្ញសាសនា សិវនិយម។ ព្រះគោ នន្ទិ ខ្លាំងពូកែណាស់ បើព្រះឥសូរ ឬព្រះសិវៈ ចង់យាងទៅណាក៏បានព្រះគោនេះ ហោះនាំទៅដល់មួយរំពេច។

មានសេចក្តីតំណាលថា កាលនោះមានបុរសម្នាក់បានចូលទៅក្នុងព្រះវិហារ ថ្វាយបង្គំព្រះសិវៈប្បដិមា ដោយមិនបាននឹក នាឱនវន្ទារូបសំណាកព្រះគោ ក៏ត្រូវបារមីព្រះគោ ដាក់បណ្តាសាឱ្យបុរសនោះឈរជើងម្ខាងតែមួយកន្លែង។ បងប្អូនបុរស នោះយល់ហេតុមិនស្រួល ក៏នាំគ្នាយកតង្វាយ មានស្មៅខ្ចី និងទឹកជ្រោះថ្លា ទៅថ្វាយរូបសំណាកព្រះគោសុំខមាទោស ស្រាប់តែ គោថ្មក្លាយជាគោពិតៗ ដើរទៅលិទ្ធជើងជនរងគ្រោះ អាចដើររួចដូចធម្មតាវិញ បន្ទាប់មក ព្រះគោ ក៏ក្លាយជារូបថ្មដូចដើម…។

នៅប្រាសាទបាយ៉ង់កោរ ខេត្តតាកែវ កសាងតាំងពីសតវត្សទី៧នោះ ស្ថាបត្យករខ្មែរ បានកសាងប្រាសាទតូចមួយទៀត ទល់មុខគ្នា ចម្ងាយប្រហែល៣០០ម៉ែត្រ ហៅប្រាសាទព្រះគោ ឬប្រាសាទក្រោលគោ ឧទ្ទិសថ្វាយដល់ព្រះគោនន្ទិ នេះឯង។ ចំណែកព្រះគោ នៅក្នុងរឿង “ព្រះគោ ព្រះកែវ” ដែលជាបងព្រះកែវ ក៏មានប្ញទ្ធិបារមីអាចហោះហើរដើរលើអាកាស ចេះ និយាយភាសាមនុស្ស ចេះទស្សន៍ទាយ ចេះជបចំណីអាហារ និងប្រាសាទមាសឱ្យប្អូន។ រឿង “ព្រះគោ ព្រះកែវ” ជះឥទ្ធិពល យ៉ាងខ្លាំងក្នុងសង្គមខ្មែរ រហូតដល់មានគោឈ្មោលសម្បុរខ្មៅខ្លះកើតក្រោយ ចេះលិទ្ធព្យាបាលជំងឺ ក៏ត្រូវអ្នកស្រុកជឿថា ជាព្រះគោ ចាប់ជាតិ។ ករណីមន្ត្រីចូលនិវត្តន៍ខ្លះថា បក្សកាន់អំណាច ប្រៀបបាននឹងព្រះគោ នោះ គឺជាទស្សនៈមួយស្តែង ចេញតាមរយៈ “ឧបមានវិធី” ផ្តល់តម្លៃខ្ពស់ដល់ឥស្សរជននយោបាយក្នុងបក្ស។

ដោយឡែក ការប្រៀបធៀបបក្សប្រឆាំង ទៅនឹង “មនោម័យ” នោះយើងសូមពន្យល់លម្អិតដូចខាងក្រោម។ មនោម័យ មានន័យថា ជាសត្វសេះមានប្ញទ្ធិបារមីខុសពីសេះទាំងពួង អាចហៅថា សេះសិន្ធព ឬអស្សតរ ពាជី អាជានេយ្យ ក៏បាន។ នៅក្នុងគម្ពីរពុទ្ធសាសនាមហាយាន បានតំណាលពីព្រះពោធិសត្វលោកេស្វរៈ បានប្រែកាឡាជាសេះមនោម័យ ឈ្មោះ “ពលា- ហកៈ” ហោះទៅស្រោចស្រង់ពួកពាណិជ្ជរាប់រយនាក់ដែលធ្លាយសំពៅលិចកណ្តាលសមុទ្រ ហើយបានហែលទៅទើរជាប់លើ កោះជាលំនៅយក្ខិនី ត្រូវយក្ខិនីចាប់ស៊ីម្តងមួយៗ។ ពេលនោះ សេះពលាហកៈ បានហោះទៅបញ្ជិះជនរងគ្រោះទាំងនោះ មក កាន់ជម្ពូទ្វីប រួចផុតពីកណ្តាប់ដៃយក្ខិនីដោយសុវត្ថិភាព។ រូបភាពសេះពលាហកៈ ត្រូវបានស្ថាបត្យករខ្មែរ យកទៅសិតជារូប សេះថ្ម មានមនុស្សតោងកន្ទុយ នៅពីមុខប្រាសាទនាគព័ន្ធ នាតំបន់អង្គរ ជាភ័ស្តុតាងស្រាប់។ ដោយឡែក “សេះកណ្ឋកៈ” ដែលបានបញ្ជិះព្រះសិទ្ធាថ៌ ឆ្លងកាត់នគរ៣ ចេញទៅសាងព្រះផ្នួស រហូតបានត្រាស់ដឹងជាព្រះពុទ្ធ នោះក៏ជាសេះមិនធម្មតា ដែលពុទ្ធបរិស័ទបានជ្រាបជាទូទៅ។ ដូច្នេះការប្រៀបធៀបបក្សកាន់អំណាច ដូចព្រះគោ ឯបក្សប្រឆាំង ដូចសេះមនោម័យ ដូចរៀបរាប់ខាងលើ គឺមកពីចេតនាចង់លើកស្ទួយកិត្តិយសគណបក្សដែលមានអាសនៈក្នុងរដ្ឋសភានេះឯង ព្រោះបើគណបក្ស ខ្សោយ មិនអាចជាប់ឆ្នោតបានឡើយ។

ដោយឡែក មតិទី២ដែលថា “សេះទឹមនិងគោ ចាក់ហ៊ោលាន់ៗ” គឺសំដៅដល់ការបន្តុះបង្អាប់គណបក្សទាំង២ ដែល កំពុងរងការរិះគន់ធ្ងន់ៗពីគណបក្សទើបបង្កើតថ្មី។ នៅក្នុងច្បាប់បណ្តាំក្រមង៉ុយ មានល្បះមួយសរសេរថា “កាន់ចិត្តសីហលោ សេះទឹមនិងគោ ចាក់ហ៊ោលាន់ៗ រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់ ចាក់កាប់ជាប់គុក”។ សំណេររបស់មហា កវីឯកនេះ ឆ្លុះឱ្យឃើញអតីតកាល សម័យកម្ពុជានៅក្រោមអាណានិគមបារាំង ដែលកាលនោះប្រជាពលរដ្ឋខ្មែរ ចូលចិត្ត លេង “កីឡាប្រណាំងរទេះ”។ ឱ្យតែច្រូតកាត់បោកបែនទុកដាក់ផលស្រូវរួចរាល់ ប្រជាពលរដ្ឋនៅតំបន់ខ្លះតែងស្កាត់ជួបគ្នា លេងកីឡាប្រណាំងរទេះ ភ្នាល់មាសប្រាក់ ដោយជ្រើសគោឈ្មោលលឿនៗមកទឹមរទេះសាឡី ឬរទេះលន ដែលជារទេះ ខ្នាតតូចសម្រាប់ប្រណាំង។ គោខ្លះលឿនដូចសេះ មិនអាចរកគូទឹមជាមួយវាបាន ក៏ត្រូវគណៈកម្មការប្រណាំង ឱ្យយកសេះ មកច្រកគាវទឹមជាមួយ ដោយមានភាគីម្ខាងទៀតក៏ទឹមគោនិងសេះដូចគ្នា។ អ្នកបរទេះប្រណាំង សុទ្ធតែមានភាពអង់អាចប្រើ ជន្លួញចាក់សេះនិងគោគ្មានមេត្តាឱ្យបោលតាមផ្លូវប្រណាំង ដណ្តើមយកជ័យជម្នះ ដោយមានទស្សនិកជនស្រែកហ៊ោកញ្ជ្រៀវ ទះដៃ កងរំពង។ អ្នកឈ្នះក៏បានប្រាក់ពេញថង់ ឯអ្នកចាញ់ក៏សល់តែគូទខោ ប៉ុន្តែ សត្វប្រណាំងនោះ មានស្នាមជន្លួញពេញ ខ្លួនគួរឱ្យសង្វេគ។

បើយកករណីនេះមកប្រៀបធៀបនឹងនយោបាយ គឺអ្នកបន្តុះបង្អាប់នោះបានចាត់ទុកគណបក្សប្រជាជនកម្ពុជា ដូចគោ ឯគណបក្សសង្គ្រោះជាតិ ដូចសេះដែលកំពុងអូសរទេះប្រណាំង ឬធ្វើការចូលគ្នាក្នុងរដ្ឋសភានេះឯង។ ឯអ្នកចាក់នឹងជន្លួញ សំដៅ ដល់អ្នករិះគន់នោះឯង។ ការរិះគន់ធ្ងន់ៗនោះឈឺជាងចាក់នឹងជន្លួញទៅទៀត ដូចករណីលោកសួន សេរីរដ្ឋា រិះគន់កន្លងមក បាន យកពាក្យ “អាយ៉ងយួន”, “ជនផ្តាច់ការ”, “ជំពាក់បំណុលបរទេសជិត១ម៉ឺនលានដុល្លារ” ជាដើម មកចាក់បក្សកាន់អំណាច ឱ្យស្ទុះ។ លោកមេបក្សអំណាចខ្មែរ ក៏បានរិះគន់បក្សសង្គ្រោះជាតិ ដោយពន្លះលោកសម រង្ស៊ី លោកកឹម សុខា “ស៊ីឈ្នួល ចាញ់៤អាណត្តិ” និងកត្តាផ្សេងៗទៀត ឈឺជាងចាក់នឹងជន្លួញទៅទៀត។ ទោះបីជាមានគេចាក់យ៉ាងណាក៏បក្សទាំងពីរនេះ មិនទាន់មានប្រតិកម្មធ្ងន់ៗតបវិញទៅអ្នកចាក់នោះឡើយ ឬថាមកពីគោនិងសេះមានស្បែកស្វិត ចាក់មិនឈឺ ទើបគ្មានប្រតិកម្ម ឬការប្តឹងផ្តល់។

រួចមកហើយយើងឃើញថា មន្ត្រីចូលនិវត្តន៍ដែលមាននិន្នាការនយោបាយខុសគ្នានោះ ពួកគាត់សុទ្ធតែជាអ្នកចេះដឹង អាចវិភាគពិចារណារឿងសង្គមនិងនយោបាយ មិនចាញ់អ្នកនយោបាយនោះឡើយ។ នៅក្នុងអក្សរសិល្ប៍បុរាណខ្មែរ ក៏ដូច អក្សរសិល្ប៍បរទេស តែងតែយកសត្វជាតំណាងមនុស្ស ដូចជា ខ្លា តំណាងជនកាចសាហាវ, ក្រពើ តំណាងមនុស្សរមិលគុណ, ស្វា ជាតំណាងចោរ, ដំរី តំណាងមនុស្សខ្លាំងតែល្ងង់, ទន្សាយ តំណាងបណ្ឌិតជាដើម។ ដូច្នេះ អ្នកនយោបាយគ្រប់និន្នាការ មិនអាចអាក់អន់ស្រពន់ចិត្តបានឡើយ បើមានមហាជនប្រៀបធៀបទៅនឹង “ព្រះគោ និងមនោម័យ” ឬ “សេះទឹមនិងគោ ចាក់ ហ៊ោលាន់ៗ” នោះ។ “នគរធំ” គ្រាន់តែជាអ្នកនាំព័ត៌មានតាមតុកាហ្វេ មកបរិយាយតែប៉ុណ្ណោះ គ្មានចេតនាបន្ទាបបន្ថោក អ្នកនយោបាយនោះទេ ប៉ុន្តែក៏មានទស្សនៈថា ការដែលមន្ត្រីចូលនិវត្តន៍មួយចំនួន ប្រៀបធៀបបក្សកាន់កំណាច ដូច “ព្រះ គោ” រីឯបក្សប្រឆាំង ដូច “សេះមនោម័យ” សុទ្ធតែមានប្ញទ្ធិខ្លាំងពូកែ ហោះហើរដើរលើអាកាសបាននោះ ល្មមទទួលយក បាន ប៉ុន្តែការប្រៀបធៀប “សេះទឹមនិងគោ” មានអ្នកចាក់នឹងជន្លួញនោះ ដូចជាជ្រុលបន្តិច។

សរុបទៅ មតិ២យ៉ាង ជាពិសេស “ព្រះគោ និងមនោម័យ” ចាត់ទុកជាមតិយោបល់ល្អណាស់ ដោយហេតុថា ព្រះគោ (បក្សកាន់អំណាច) ចេះជបម្អូបអាហារ ប្រាសាទមាសឱ្យប្អូន មិនខុសពីការអភិវឌ្ឍពីបាតដៃទទេ រហូតកើតបានសមិទ្ធផល សម្បូររុងរឿងដូចសព្វថ្ងៃ។ រីឯសេះពលាហកៈ ដែលអាចសង្គ្រោះមនុស្សធ្លាយសំពៅ ឱ្យផុតពីសេចក្តីស្លាប់នោះ ហាក់បង្ហាញ ពីសកម្មភាពបក្សប្រឆាំង ដែលព្យាយាមការពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរី ពហុបក្ស នេះឯង”៕

ដោយ ៖ អាចារ្យថាំ

 

 

RELATED ARTICLES