Saturday, April 20, 2024
Homeព័ត៌មានជាតិមេបក្ស​មាន​អាសនៈ​នៅ​សភា ជួប​គ្នា ជា​ថ្មី នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ

មេបក្ស​មាន​អាសនៈ​នៅ​សភា ជួប​គ្នា ជា​ថ្មី នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ

ភ្នំពេញ ៖ រដ្ឋសភាបានសម្រេចបន្តសម័យ ប្រជុំលើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយ ចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយ ក្នុងឱកាសនោះ មជ្ឈដ្ឋានជាច្រើនជឿថា ថ្នាក់ដឹកនាំគណបក្សមានអាសនៈនៅរដ្ឋសភាទាំង ២ គឺកណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ អាចនឹងឆ្លៀតជួបចរចាគ្នាជាថ្មី លើបញ្ហាដែលនៅសេសសល់ បន្ទាប់ពីបានជួប គ្នាកន្លងមក ទទួលបានលទ្ធផលខ្លះៗរួចមក។

នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដ្ឋសភា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូល រួមពីតំណាងរាស្ត្រជាសមាជិក ទាំង២គណបក្ស ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈមួយ ចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលនៃ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅ ថ្ងៃនោះ បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈចំនួន២ រួមមាន ៖

១-អង្គប្រជុំអនុម័តបញ្ចូលរបៀបវារៈនៃ សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៧ នីតិ- កាលទី៥ នូវសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

២-អង្គប្រជុំបានអនុម័តកាលបរិច្ឆេទបន្ត សម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលា ម៉ោង៨ៈ០០នាទី ដោយមានរបៀបវារៈតែមួយ គឺការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា ៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៨២ មាត្រា ៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រ កម/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា បាន សរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេច ទាក់ទង នឹងការបើកសម័យប្រជុំពេញអង្គពិភក្សា និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នោះថា “ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាអាទិ៍ ផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងផ្លូវអាកាស ដែល បង្កើតជាប្រព័ន្ធដឹកជញ្ចូនប្រទាក់ក្រឡាគ្នាដ៏ មានសក្តានុពលក្នុងប្រទេស និងតំបន់ ហើយ បានរុញច្រានសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ឱ្យមានការរីកចម្រើនគួរជាទីមោទនៈ។

ទន្ទឹមនឹងនេះ ក៏មានការលេចចេញនូវ សកម្មភាពចរាចរណ៍មមាញឹកខ្លាំង បង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដោយសារ ការបើកបរលឿនហួសល្បឿនកំណត់ ក្រោម ឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព ជាដើម។

វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា ៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា ៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ កន្លងមក ខ្ញុំ មានសង្ឃឹមថា នឹងអាចជំរុញដល់ការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក កាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ លើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ នៅព្រះរាជាណាចក្រកម្ពុជាយើងឱ្យកាន់តែល្អប្រសើរជាលំដាប់”។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការរដ្ឋសភា មិនបញ្ជាក់ថា នឹងមានជំនួប រវាងប្រធានក្រុមមតិភាគច្រើននៅរដ្ឋសភា ដឹកនាំ ដោយសម្តេច ស ខេង និងប្រធានក្រុមភាគតិច នៅរដ្ឋសភា ដឹកនាំដោយលោកកឹម សុខា ក៏ ដូចជាជំនួបរវាងលោកកឹម សុខា និងសម្តេច ហ៊ុន សែន ក្នុងឋានៈជាគូសន្ទនា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នោះទេ។ ប៉ុន្តែតាមមជ្ឈដ្ឋាន តាមដានសង្គមមានជំនឿថា ថ្នាក់ដឹកនាំគណបក្ស ទាំង២ នឹងឆ្លៀតជួបគ្នា នៅក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភា នាពេលនោះ ដើម្បីពិភាក្សាគ្នាពី បញ្ហាដែលនៅសេសសល់ បន្ទាប់ពីបានជួបគ្នា ម្តងរួចមកហើយ ក្នុងសម័យប្រជុំរដ្ឋសភា កាល ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ និងជាអនុប្រធានក្រុមមតិភាគ តិច មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញបញ្ហា នេះបានទេ កាលពីម្សិលមិញ។ ប៉ុន្តែមុននេះ លោកយ៉ែម បុញ្ញឫទ្ធិ អនុប្រធានក្រុមតិភាគ តិច នៅរដ្ឋសភា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្រោយការអាក់ខានក្នុងការ ជួបគ្នា អស់រយៈពេលជាច្រើនខែ ក្រុមមតិភាគតិចនៅរដ្ឋសភា ដឹកនាំដោយលោកកឹម សុខា និងក្រុមមតិភាគច្រើន នៅរដ្ឋសភា ដឹកនាំដោយ សម្តេច ស ខេង នឹងត្រូវពិភាក្សាលើបញ្ហាដែល នៅសេសសល់នៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ។

នៅថ្ងៃដដែលនោះដែរ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញ សេចក្តីប្រកាសថា សម្តេចហេង សំរិន បាន សម្រេចមិនបញ្ជូនលិខិតរបស់លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង ជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែល ស្នើសុំអញ្ជើញសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកបំភ្លឺពាក់ព័ន្ធ ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី នោះ ទេ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “តាម រយៈលិខិតលេខ០២២រស. របគ១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមអេង ឆៃអ៊ាង ប្រធាន គណៈកម្មកាធិការទី១រដ្ឋសភា បានស្នើសុំអញ្ជើញ សម្តេចក្រឡាហោម ស ខេង មកបំភ្លឺគណៈកម្មការទី១រដ្ឋសភា ពាក់ព័ន្ធករណីឃាតកម្ម លើលោកកែម ឡី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចមិនបញ្ជូនលិខិត នេះទៅរាជរដ្ឋាភិបាល ដើម្បីអញ្ជើញសម្តេច ក្រឡាហោម មកបំភ្លឺទេ ដោយហេតុថាករណី លោកកែម ឡី នេះ បានធ្លាក់ទៅក្នុងសមត្ថកិច្ច តុលាការតាំងពីដំណាក់កាលដំបូល និងតាំងពី យូរណាស់មកហើយ។ ហើយទាំងរដ្ឋសភា និង ទាំងរាជរដ្ឋាភិបាលសុទ្ធតែពុំមានសិទ្ធិអ្វីជ្រៀត ជ្រែកចូលកិច្ចការរបស់តុលាការឡើយ”។

លោកអេង ឆៃអ៊ាង បានសម្តែងការភ្ញាក់ផ្អើលចំពោះការច្រាលចោលនេះ។ ប៉ុន្តែទោះមិន អាចកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាម ការស្នើសុំក៏ដោយ ក៏គណៈកម្មការនឹងបន្តកោះ ហៅរដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀតមកឆ្លើយបំភ្លឺ នាពេលខាងមុខ៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES