Saturday, April 27, 2024
Homeព័ត៌មានជាតិខឹងប្តី នាំកូនស្រីរត់ទៅនៅផ្ទះជួល ប្តីតាមរកឃើញយកកូនទៅរៀន ប្រពន្ធមិនព្រមឲ្យ​​

ខឹងប្តី នាំកូនស្រីរត់ទៅនៅផ្ទះជួល ប្តីតាមរកឃើញយកកូនទៅរៀន ប្រពន្ធមិនព្រមឲ្យ​​

ភ្នំពេញ ៖ ​បុរសជនជាតិកូរ៉េម្នាក់ ខឹងប្រពន្ធនាំកូនរត់ទៅរស់នៅផ្ទះជួល បានតាមរកឃើញ សុំយកកូនស្រីទៅរៀនវិញ ប្រពន្ធមិនព្រមឲ្ យបានដណ្តើមគ្នាចុះឡើង បង្កឲ្យមានការឈ្លោះប្រកែកគ្នា ផ្អើល​ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ​ខែមករា​ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បុរសជាជនជាតិកូរ៉េ មានឈ្មោះ SHIN DONG BAEK ​ អាយុ៥១ឆ្នាំ ​ស្នាក់នៅផ្លូវ៩០៧​ផ្ទះលេខ288B សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំណែកឯប្រពន្ធមានឈ្មោះ ជួង បុប្ផា ​ អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានកូនស្រីតូចម្នាក់ អាយុ៤ឆ្នាំ អត់ចេះនិយាយភាសាខ្មែរទេ ។

បើតាមប្រភពព័ត៌មានពីបងប្រុសបង្កើតរបស់ស្រ្តីជាប្រពន្ធ រៀបរាប់ប្រាប់ឲ្យដឹងថា ​ប្អូនស្រីរបស់​គាត់បានស្រលាញ់បុរសជនជាតិកូរ៉េ​ តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ននេះ សរុប​ពេល១០ឆ្នាំមកហើយ បន្សល់ទុកចំណងដៃកូនស្រីម្នាក់ អាយុ៤ឆ្នាំ ។ មិនដឹងថាមូលហេតុអ្វី ពិតប្រាកដទេ ប្តីប្រពន្ធនេះបានគាត់ឈ្លោះប្រកែកគ្នា​ ហើយប្រពន្ធបានរត់ចេញពីផ្ទះ ដោយនាំកូនស្រីទៅជួលផ្ទះ​ រស់នៅជាមួយម្តាយមីង​ រយៈពេលជិត២០ថ្ងៃមកហើយ ។

ប្រភពដដែលបន្តទៀតថា ក្រោយពីប្រពន្ធនាំកូនស្រីចេញទៅរស់នៅផ្ទះជួលបាត់ បុរសជា ជនជាតិកូរ៉េ បានហៅថ្លៃបងប្រុសរបស់ប្រពន្ធ ទៅរស់នៅជាមួយ ដើម្បីជួយស្រាវជ្រាវរកប្រពន្ធកូនរបស់គាត់ទៅរស់នៅឯណា លុះដឹងថា ប្រពន្ធបាននាំកូនទៅរស់នៅផ្ទះជួល នៅចំណុចខាងលើ បុរសជនជាតិកូរ៉េ បានឲ្យបងថ្លៃប្រុសជូនទៅដល់បន្ទប់ជួលរបស់ប្រពន្ធ ហើយបានចូលទៅ​សុំប្រពន្ធយកកូនស្រីអាយុ៤ឆ្នាំ ដើម្បីយកទៅឲ្យនៅរៀនសូត្រ តែប្រពន្ធមិនព្រមឲ្យ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា ដោយសាច់ញាតិខាងប្រពន្ធ បានដណ្តើមយកកូនស្រីទៅដាក់ក្នុងបន្ទប់បិទទ្វារ ។

ហេតុការណ៍ប្រទាញប្រទង់គ្នាដណ្តើមកូនខាងលើនេះ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចនិងមេភូមិ ចុះទៅជួយអន្តរាគមន៍ និងប្រាប់ឲ្យព្រឹកថ្ងៃទី១៨ ខែមករា ទៅដោះស្រាយគ្នានៅសាលាសង្កាត់ទួលសង្កែ ទើបជនជាតិកូរ៉េ បានយល់ព្រមត្រឡប់ទៅវិញ ៕​

RELATED ARTICLES