Friday, April 19, 2024
Homeនយោបាយបក្សកាន់​អំណាច រំលឹក​ខួប៧​មករា

បក្សកាន់​អំណាច រំលឹក​ខួប៧​មករា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានចូលរួមជាអធិបតី ក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី៣៨ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩៧មករា ២០១៧) ដែលប្រារឰធ្វើនៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នេះ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ថា “អបអរសារទរខួប៧មករា លើកទី៣៨ (៧ មករា ១៩៧៩៧មករា ២០១៧)។ ៧មករា គឺជាអាយុជីវិតទី២របស់ខ្ញុំ! ជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗ គ្នា ក្នុងថ្ងៃ៧មករា និងក្នុងឆ្នាំសាកលថ្មី ២០១៧!”

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ០៧ ខែមករា គណបក្សប្រជាជនកម្ពុជា តែង តែប្រារឰធ្វើមីទ្ទិញរំលឹកខួបទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាឱ្យរួចរស់ជីវិត ពីអំពើប្រល័យពូជសាសន៍របស់របបប៉ុល ពត។

យោងតាមសុន្ទរកថារបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែង ក្នុងពិធីមីទ្ទិញរំលឹកខួបលើកទី៣៨ នៃទិវា ជ័យជម្នះ៧មករា នោះ បានបញ្ជាក់ថា “ថ្ងៃនេះ ជាទិវាដ៏មហានក្ខត្តប្ញក្សដែលប្រជាជនកម្ពុជា យើងនៅទូទាំងប្រទេសបានចូលរួមយ៉ាងក្លៀវក្លា ប្រារឰខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវា ជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត សង្គ្រោះប្រជាជាតិឱ្យរស់ឡើង វិញ ហើយបានឋិតថេរគង់វង្ស និងរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។ ប្រជាជនកម្ពុជា ក៏ដូច មនុស្សជាតិនៅលើពិភពលោក ដែលស្រឡាញ់ សន្តិភាព សើរភាព និងយុត្តិធម៌ នៅតែចងចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ហើយគំរូវីរភាពនៃយុទ្ធជន៧មករា នៅតែភ្លឺចែងចាំ និង រស់រវើកជានិច្ច ក្នុងដួងចិត្តនៃប្រជាជនយើង គ្រប់ជំនាន់តរៀងទៅ។

យើងប្រារឰពិធីបុណ្យនៃជ័យជម្នះជា ប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនយុទ្ធនារី អ្នក ស្នេហាជាតិ ដ៏ច្រើនឥតគណនា ដែលបានក្រោក ឈរតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់ សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតប្រកប ដោយវីរភាពដ៏ខ្ពង់ខ្ពស់ក្នុងបុព្វហេតុសង្គ្រោះ ជាតិ និងសូមសម្តែងការគោរពដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រដ៏ធំធេង ចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ។ យើងទាំងអស់គ្នា ក៏សូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ របស់ជនរួមជាតិ ជាង៣លាននាក់ ដែលបាន បាត់បង់ជីវិតទៅយ៉ាងអយុត្តិធម៌បំផុត នៅ ក្រោមរបបប្រល័យពូជសាសន៍ និងសូមឧទ្ទិស បួងសួងឱ្យដួងព្រលឹងរបស់លោកអ្នកទាំង អស់នោះ បានទៅកាន់សុគិតិភពជារៀងដរាប ទៅ…”

សុន្ទរកថាដដែល បន្តថា “បច្ចុប្បន្ន ប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយក្តីសង្ឃឹមក្រោមពន្លឺនៃសន្តិភាព, សេរីភាព និងអភិវឌ្ឍន៍ ប៉ុន្តែសោកនាដកម្ម, ការឈឺចាប់ខ្លោចផ្សា និងការបាត់បង់យ៉ាង ធំធេងក្នុងសម័យអតីតកាលដ៏ខ្មៅងងឹតនៃ សង្គ្រាម និងរបបប្រល័យពូជសាសន៍ នៅតែ ដក់ជាប់ជានិច្ចក្នុងមនសិការរបស់មនុស្សគ្រប់ រូប មិនអាចបំភ្លេចបានឡើយ។ យើងទាំងអស់ គ្នាពីតជាចងចាំថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ដឹកនាំដោយលោកលន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ប្រទេស កម្ពុជា បានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម យ៉ាងសន្ធោសន្ធៅបំផុត ដែលបានបង្កមហាវិនាសកម្ម ពុំអាចនឹងពណ៌នាបានឡើយ។ ក្រោយ ថ្ងៃជ័យជម្នះលើពួកលន់ នល់ នាថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជា សង្ឃឹមថា នឹងបាន រស់នៅក្នុងសន្តិភាពវិញហើយ ប៉ុន្តែក្តីសង្ឃឹម នោះត្រូវរលាយបង់តែមួយប៉ប្រិចភ្នែក ក្រោម អំពើផ្តាច់ការនៃបនក្បត់ប៉ុល ពត ដែលបាន អនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏សាហាវ យង់ឃ្នងបំផុតចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពួកប៉ុល ពត បានបំផ្លាញសង្គមជាតិទាំងមូល ដែលទទួលរងការវិនាសដោយសារសង្គ្រាម ៥ឆ្នាំរួចមកហើយនោះ ឱ្យរលាយខ្ទេចខ្ទីទាំង ស្រុងដល់ប្ញសគល់។ ប្រជាជនកម្ពុជា ត្រូវពួក ឃាតករបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងទាំងស្រុង ក្លាយទៅជាទាសករ បាត់បង់អស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ហើយរង់ចាំតែ ពេលត្រូវពួកវាសម្លាប់ប៉ុណ្ណោះ។ របបប៉ុល ពត បានប្រែក្លាយកម្ពុជា ទៅជាវាលពិឃាតគួរឱ្យ រន្ធត់បំផុត ប្រជាជាតិទាំងមូលត្រូវជ្រមុជយ៉ាង ជ្រៅទៅក្នុងសមុទ្រឈាមនិងទឹកភ្នែក ដែល ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ ប្រជាជនដែលពុំទាន់ត្រូវបានសម្លាប់ មានតែ ការលើកដៃបួងសួងបន់ស្រន់ សូមឱ្យទេវតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយមកជួយសង្គ្រោះឱ្យ រួចផុតពីឋាននរកអវិចីនេះ។

នៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្មាភិបាល យុទ្ធជន យុទ្ធនារីស្នេហាជាតិដ៏ បរិសុទ្ធរបស់គណបក្សប្រជាជនកម្ពុជា ដែល នៅសល់ពីការកម្ចាត់នៃរបបប៉ុល ពត ហើយ បានផ្តាច់ខ្លួនចេញផុតពីរបបនេះ បានប្រមូលផ្តុំរួបរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា នាថ្ងៃ០២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំ ប្រជាជន ប្រយុទ្ធប្រឆាំងនឹងរបបប៉ុល ពត ដោយ ទទួលបានការជួយឧបត្ថម្ភដ៏ធំធេង និងមាន ប្រសិទ្ធភាពពីកងទ័ពស្ម័គ្រចិត្តវៀតណាម រហូត វាយផ្តួលរំលំរបបយង់ឃ្នងនេះឱ្យបរាជ័យនៅ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ៧ មករា បានសង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ ពេលវេលា, ប្រជាជនកម្ពុជា ដណ្តើមបានមក វិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្លាយជាម្ចាស់ លើជោគវាសនារបស់ខ្លួនពិតប្រាកដ កម្ពុជាបាន បិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយ បើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យសេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ ការ ពិតជាក់ស្តែងដូចបានលើកឡើងទាំងអស់នេះ គឺគ្មានជនណាឬមជ្ឈដ្ឋានណាអាចមកបដិសេធ ឬមួលបង្កាច់បានឡើយ “បើគ្មានរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជ សាសន៍ប៉ុល ពត បើគ្មានរបបប្រល័យពូជសាសន៍ ក៏គ្មានជ័យជម្នះ៧មករា, បើគ្មានជ័យជម្នះ៧ មករា គឺគ្មានអ្វីៗនៅថ្ងៃនេះឡើយ”។ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។ នេះ ជាសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជា យើងក្នុងជំនាន់នេះ ក៏ដូចជាជំនាន់តទៅមុខ ទៀត គប្បីយល់ដឹងច្បាស់លាស់ និងចងចាំជា រៀងរហូត។ យើងមិនមែនត្រូវរស់នៅក្នុង ស្រមោលនៃអតីតកាលឡើយ ប៉ុន្តែក្នុងជំហាន ទៅមុខឆ្ពោះទៅរកអនាគតដ៏រុងរឿង យើងចាំ បាច់ត្រូវយល់ពីប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ ត្រូវរៀនសូត្រអំពីមេរៀនជាប្រវត្តិសាស្ត្រទាំង ឡាយ ដើម្បីបន្តកសាងនិងការពារជាតិយើង តទៅមុខទៀត ឱ្យបានរុងរឿង ស្ថិតស្ថេរគង់វង្សដោយចៀសឱ្យផុតពីការកើតមានជាថ្មីនូវ សោកនាដកម្ម និងគ្រោះមហន្តរាយដូចដែល ប្រជាជាតិយើងធ្លាប់ឆ្លងកាត់ ហើយមិនធ្លាក់ ទៅក្នុងឧបាយកលរបស់សមាសភាពអាក្រក់ និងមជ្ឈដ្ឋានអគតិណាដែលចង់សម្រេចនូវ មហិច្ឆតារបស់ខ្លួននោះ”។

សុន្ទរកថា របស់ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា “រយៈពេល៣៨ឆ្នាំ កន្លងទៅនេះ គឺជា៣៨ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះរបស់យើង។ ស្មារតី៧មករា នៅ តែស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរ្តបស់ប្រជាជនកម្ពុជា ជាប្រទីបបំភ្លឺផ្លូវ ដែលបាននាំយើងឱ្យ ឈានពីជ័យជម្នះមួយទៅជ័យជម្នះមួយទៀត ឥតឈប់ឈរ។ ៧មករា គឺជាមោទនភាពដ៏ថ្លៃថ្លា បំផុតរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ៧មករា មានសត្រូវតែមួយប៉ុណ្ណោះ គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គឺមានតែអ្នកស្រលាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំង នឹង៧មករា។ ទោះបីជាមានក្រុមអ្នកនយោបាយ និងមជ្ឈដ្ឋានអគតិមួយចំនួន ព្យាយាម មួលបង្កាច់ឥតឈប់ឈរនូវអត្ថន័យជាប្រវត្តិសាស្ត្រនៃថ្ងៃ៧មករា យ៉ាងណាក្តី ក៏ពួកគេពុំ អាចធ្វើឱ្យសភាពការណ៍កម្ពុជាផ្លាស់ប្តូរបាន ឡើយ ព្រោះថា ៧មករា គឺជារបស់ប្រជាជន ហើយអ្វីៗដែលពួកគេបានធ្វើ គឺផ្ទុយពីឆន្ទៈនិង ផលប្រយោជន៍របស់ប្រជាជន។

ពេលនេះប្រជាជនយើងកំពុងឈានចូល ឆ្នាំ២០១៧ ប្រកបដោយសុទិដ្ឋិនិយម ជាមួយ នឹងក្តីសោមនស្សរីករាយក្រៃលែងចំពោះសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៦។ ខឿន ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង សន្តិភាព ត្រូវបានការពារគត់មត់, ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានភាពប្រសើរ ទោះបីមានការរំខានពីសកម្មភាពនយោបាយខ្លះក្តី។ ប្រការនេះបានធានានូវ ភាពអនុគ្រោះសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឱ្យសម្រេចបានផ្លែផ្កាថ្មីៗទៀត។

លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់ដោយ ដើរទន្ទឹមនឹងការពង្រីកនីតិរដ្ឋ។ បណ្តាគណបក្ស នយោបាយទាំងចាស់ ទាំងថ្មី និងបណ្តាអង្គការ សង្គមស៊ីវិល កំពុងធ្វើសកម្មភាពយ៉ាងសកម្ម និងចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការ គោរពសិទ្ធិមនុស្ស និងគោរពច្បាប់។ តាមរយៈ ការអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ, ច្បាប់ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត, ការបង្កើតគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងច្បាប់ថ្មីស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងធានា ឱ្យការបោះឆ្នោតលើកក្រោយកាន់តែមានភាព ល្អប្រសើរឡើង…”

សុន្ទរកថា បានបន្តទៀតថា “ជាមួយនឹង អំណរសាទរចំពោះសមិទ្ធផលទាំងឡាយដែល បានទទួលក្នុងឆ្នាំ២០១៦ និងប្រកាន់ខ្ជាប់នូវ ស្មារតី៧មករា ដ៏រុងរឿង យើងមានជំនឿមុតមាំថា យើងពិតជានឹងសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀត ក្នុងការបន្តដោះស្រាយរាល់បញ្ហា របស់ជាតិ លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹង នីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទោះបី ជាមានការលំបាកនឹងបញ្ហាប្រឈមជាច្រើន ទៀតក្តី។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា បន្តជ្រោងទង់មហាសាមគ្គីជាតិ ដើម្បីប្រមូល កម្លាំងជាតិទាំងមូលរួមគ្នាកសាងនិងការពារ មាតុភូមិ លុបបំបាត់ឱ្យបានទាំងស្រុងនូវទស្សនៈ រើសអើង “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី”។

ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាល់ សមិទ្ធផលរបស់សង្គមជាតិ ដែលសម្រេចបាន តាំងពីថ្ងៃ៧ មករា មកពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ រាំងស្កាត់រាល់សកម្មភាពប្រទូសរ៉ាយ ដែល ប៉ុនប៉ងនាំប្រទេសជាតិឱ្យធ្លាក់ក្នុងភាពច្របូកច្របល់។ បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយដើរទន្ទឹមនឹង ការពង្រឹងនីតិរដ្ឋ ធានាសមភាពនិងយុត្តិធម៌ សម្រាប់ប្រជាជនគ្រប់ៗរូប ហើយប្រឆាំងដាច់ ខាតរាល់សកម្មភាពប្រើប្រាស់ផ្លាកប្រជាធិបយេត្យ និងសិទ្ធិមនុស្សក្លែងក្លាយ ដើម្បីបោកប្រាស់ បង្កភាពវឹកវរក្នុងសង្គម។

បន្តជុំវិញកំណែទម្រង់គ្រប់វិស័យដែល បានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដោយការតាំងចិត្តខ្ពស់ឱ្យបានខ្លាំងក្លា និងពេញលេញ ដើម្បីលើកកម្ពស់អភិបាលកិច្ច ល្អរបស់ស្ថាប័ននៅគ្រប់ថ្នាក់គ្រប់ផ្នែក និងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គុណភាព និងមានការ ជឿទុកចិត្តពីប្រជាជន។

បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យធានា កំណើនក្នុងរង្វង់៧ភាគរយ នៅឆ្នាំ២០១៧ នេះ ទន្ទឹមនឹងការលើកកម្ពស់សមធម៌ក្នុងការទទួល បានផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ សំដៅធ្វើឱ្យ ជីវភាពប្រជាជនកាន់តែបានប្រសើរឡើងឥត ឈប់ឈរ ដែលជារបៀបវារៈដ៏សំខាន់នៃកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា បន្តអនុវត្ត ខ្ជាប់ខ្ជួននូវវប្បធម៌សន្ទនារវាងគណបក្សទាំង ពីរដែលមានអាសនៈក្នុងរដ្ឋសភា ដោយឈរ លើមូលដ្ឋានសេចក្តីថ្លែងការណ៍រួមរវាងគណបក្សទាំងពីរ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ហើយខិតខំដោះ ស្រាយនូវរាល់បញ្ហាដោយឈរលើស្មារតីបង្រួបបង្រួមជាតិ ឯកភាពជាតិ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ព្រមជាមួយនេះ គណបក្សប្រជាជនកម្ពុជា នឹងបង្កើន នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ នឹងបណ្តាគណបក្សនយោបាយ អង្គការនៃសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែល មានឧត្តមគតិស្របគ្នាក្នុងការអភិវឌ្ឍប្រទេស បម្រើផលប្រយោជន៍ប្រជាជន…”

RELATED ARTICLES