Friday, April 26, 2024
Homeព័ត៌មានជាតិប្តី​ស្រវឹង​ទាញ​កំសៀវ​ទឹកវ៉ៃ​ប្រពន្ធរយះ​ក្បាល

ប្តី​ស្រវឹង​ទាញ​កំសៀវ​ទឹកវ៉ៃ​ប្រពន្ធរយះ​ក្បាល

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់ ក្រោយ ពីផឹកស្រាស្រវឹង ធ្លាក់ភ្នែកត្រឡប់មកដល់ផ្ទះ វិញ ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រួចក៏ផ្ទុះកំហឹងទាញកំសៀវទឹកវាយក្បាលប្រពន្ធ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល។

ជនបង្កហេតុជាប្តី ដែលទាញកំសៀវវាយ ប្រពន្ធរយះក្បាលនោះ ឈ្មោះមឿង នាង អាយុ ៤៥ឆ្នាំ មុខរបរចាងហ្វាងកាសែតអន្តរាគមន៍។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះផាន់ សុខលី អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធខាងលើ នេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនបង្កហេតុ) គឺជា មនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ ហើយឱ្យ តែស្រវឹងម្តងៗ តែងឡូឡា រករឿងឈ្លោះប្រកែក និងវាយដំគាត់ជាប្រពន្ធមិនសូវខានឡើយ ធ្វើ ឱ្យជីវិតរស់នៅជួបតែរឿងរកាំរកូស រកសេចក្តីសុខ សុភមង្គលមិនឃើញសោះឡើយ។

ស្ត្រីរងគ្រាះជាប្រពន្ធ បានបន្តថា នៅមុន ពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ប្តីនេះទើបនឹងត្រឡប់ មកពីផឹកស្រាស្រវឹងជោក លុះមកដល់ផ្ទះ ក៏ ប្រើឱ្យគាត់បើកភ្លើង តែគាត់មិនព្រមបើក ទើបធ្វើឱ្យប្តីនេះច្រឡោតខឹង ក៏បង្ករឿងឈ្លោះ ប្រកែកជាមួយគាត់ បន្ទាប់មក ប្តីកំណាចនោះ បានស្ទុះទៅទាញកំសៀវទឹកមកវាយគាត់ចំក្បាល ចំហៀងខាងឆ្វេង បណ្តាលឱ្យបែកក្បាលហូរ ឈាមស្រោចខ្លួន និងសន្លប់ស្តូកស្តឹងនៅនឹង កន្លែង។

ក្រោយកើតមានអំពើហិង្សាក្នុងគ្រួសារ នេះ បងប្អូននិងអ្នកជិតខាងបានចូលមកជួយ អន្តរាគមន៍ និងបានដឹកបញ្ជូនស្ត្រីរងគ្រោះជា ប្រពន្ធទៅកាន់មណ្ឌលសុខភាពឃុំព្រែកតាកូវ ដើម្បីព្យាបាលរបួសនិងត្រូវក្រុមគ្រូពេទ្យដេរ មុខរបួសចំនួន៦ថ្នេរ។

បន្ទាប់មក នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះជាប្រពន្ធ ទ្រាំនឹងទង្វើប្តីកំណាចលែងបានតទៅទៀត ក៏ ដាច់ចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ព្រែកតាកូវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនបុរសជាប្តីយកទៅ ចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បាន ឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពី ស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួន ជនដៃដល់ជាប្តីនាំយកមកសាកសួរតាមនីតិវិធី ព្រមទាំងដកហូតបានវត្ថុតាងកំសៀវទឹកមួយ ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា ខ្លួនពិតជាបានវ៉ៃប្រពន្ធនឹង កំសៀវទឹក បណ្តាលឱ្យរយះក្បាលមែន មូលហេតុ ក៏ព្រោះតែខ្លួនផឹកស្រាស្រវឹងខ្លាំងពេក ម៉្យាងខឹងនឹងរឿងប្រើប្រពន្ធឱ្យទៅបើកភ្លើង តែប្រពន្ធមិនព្រម ទើបទាញកំសៀវទឹកវាយ ប្រពន្ធទុកជាការព្រមានតែម្តង។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី

RELATED ARTICLES