បក្សប្រឆាំង ស្នើឱ្យដោះលែងលោកកឹម សុខា ជាបន្ទាន់

លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សមត្ថកិច្ចចាប់ខ្លួនពីក្នុងភូមិគ្រឹះទាំងកណ្តាលយប់

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ  (បក្សប្រឆាំង) បានចេញសេចក្តីថ្លែងការណ៍ថ្កោល ទោស និងស្នើឱ្យដោះលែងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនេះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ក្រោយពេលដែលលោក កឹម សុខា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ លេខពិសេស ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជាក់ថា “គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីវេលាម៉ោង០០ៈ៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនលោកកឹម សុខា ដោយតក់ក្រហល់នេះ គឺធ្វើឡើងដោយហេតុផលនយោបាយ និងជាទង្វើរំលោភបំពានច្បាប់ និងរដ្ឋធម្មនុញ្ញ ដោយ សារថា ការចាប់ខ្លួននេះ ធ្វើឡើងទាំងកណ្តាលអធ្រាត្រ និងក្នុងខណៈដែលលោកកឹម សុខា គឺជាអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិសភា។

គណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យអាជ្ញាធរ មានសមត្ថកិច្ច ដោះលែងលោកកឹម សុខា ជាបន្ទាន់ និងឥតលក្ខខណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយធ្វើអន្តរាគមន៍ ដើម្បីឱ្យមានការដោះលែងលោកកឹម សុខា និងបញ្ឈប់ការ គំរាមកំហែងគាបសង្កត់តាមគ្រប់រូបភាព មក លើគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់តទៅទៀត។

ជាថ្មីម្តងទៀត គណបក្សសង្គ្រោះជាតិ សូម ប្រកាសជាឱឡារិកថា គណបក្សធ្វើសកម្មភាព នយោបាយ និងមានគោលនយោបាយប្រកាន់ ខ្ជាប់នូវគោលការណ៍អហិង្សា ដោះស្រាយបញ្ហាជាតិ ដោយសន្តិវិធី ខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មិនយកខ្មែរណាធ្វើជាសត្រូវ គោរពគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត”។

គួរបញ្ជាក់ថា លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅផ្ទះ របស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមបទចោទជាជនក្បត់ជាតិ ដែលស្តាប់បញ្ជាបរទេស ដើម្បីធ្វើផែនការផ្តួលរំលំរដ្ឋាភិបាល ដោយយោងទៅលើសារនយោបាយរបស់លោកកឹម សុខា ដែលបានថ្លែងកាលពីឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលី ដែលនៅក្នុងវីដេអូឃ្លីបនោះ ត្រូវបានផ្សាយដោយបណ្តាញ CBN (Cambodian Broadcasting Network)។

ក្នុងវីដេអូនោះ លោកកឹម សុខា បានរៀបរាប់ពីការតស៊ូរយៈពេលជាង២០ឆ្នាំរបស់លោក ប្រឆាំងនឹងរបបដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាស់លាស់ និងជាការសន្សំការតស៊ូជាយូរណាស់ មកហើយ ហើយថា ការដែលពលរដ្ឋក្រោកឡើងប្រឆាំងរបបដឹកនាំរបស់សម្តេចហ៊ុន សែន ក្រោយការបោះឆ្នោតនោះ គឺកើតឡើងដោយសារយុទ្ធសាស្ត្រច្បាស់លាស់របស់អ្នកប្រឆាំង ដោយមានអ្នកជំនាញ និងសាស្ត្រាចារ្យពីប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក ជួយ ផ្តល់យោបល់។

លោកកឹម សុខា គឺជាប្រធានគណបក្ស ទី៣ ដែលត្រូវបានរដ្ឋាភិបាលបញ្ជាឱ្យអាជ្ញាធរ ចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធពីបទ “ផលិតគ្រឿងញៀន” និងលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ពាក់ព័ន្ធពីបទ “ប្រមាថ កងទ័ពជាតិ និងប្រមាថព្រះមហាក្សត្រ”។

ក្រោយឃាត់ខ្លួនលោកកឹម សុខា មកដល់ ពេលនេះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងស្រុក បានរក្សាភាពស្ងប់ស្ងាត់ ខណៈដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចាត់ទុក ស្ថានការណ៍នយោបាយពេលនេះអាក្រក់ខ្លាំង។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ មានប្រសាសន៍ខ្លីជាមួយអ្នកកាសែត នៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ថា ការចាប់ខ្លួនលោកកឹម សុខា ពេលនេះ ធ្វើឱ្យស្ថានការណ៍ប្រទេសជាតិ កាន់តែធ្ងន់ខ្លាំង ប៉ុន្តែជំហរ របស់គណបក្ស សុំឱ្យមានការបោះឆ្នោតត្រឹម ត្រូវ និងយុត្តិធម៌។

ជាមួយគ្នានោះដែរ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានលើក ឡើងថា ការឃាត់ខ្លួន និងចោទប្រកាន់មកលើ លោកកឹម សុខា គឺគ្មានមូលដ្ឋានច្បាស់លាស់។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ថា “ការចោទប្រកាន់គ្មានមូលដ្ឋាន មកលើលោកកឹម សុខា ខ្ញុំបានស្គាល់លោកកឹម សុខា ហើយបានតាមដានសកម្មភាពនយោ- បាយរបស់លោក អស់រយៈពេល២៥ឆ្នាំមកហើយ។ ខ្ញុំអាចបញ្ជាក់ថា ការដែលរដ្ឋអំណាច ប្រើប្រាស់សេចក្តីថ្លែងការណ៍របស់លោកកឹម សុខា នៅចំពោះមុខអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មួយក្រុម នៅប្រទេសអូស្ត្រាលី ក្នុងខែ វិច្ឆិកា ២០១៣ ដើម្បីចោទប្រកាន់លោក ពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេស គឺជា លេស ដើម្បីកម្ចាត់ក្បាលម៉ាស៊ីនគណបក្ស ប្រឆាំង មិនដល់មួយឆ្នាំផង មុនការបោះឆ្នោតជាតិ ដែលគ្រោងរៀបចំឡើងនៅខែកក្កដា ២០១៨។

ខ្ញុំអាចនិយាយបានថា ការចោទប្រកាន់ ពីបទ “ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីបង្កើតឱ្យមានប្រទូសរ៉ាយ និងផ្តួលរំលំ រដ្ឋាភិបាល” ការចោទប្រកាន់បែបនេះ គ្មាន មូលដ្ឋានទាល់តែសោះ ពីព្រោះខ្ញុំបានធ្វើជា ប្រធានគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃបង្កើត គណបក្សនេះ ក្នុងខែមេសា ២០១៣ រហូតដល់ ថ្ងៃលាលែងរបស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧។ ខ្ញុំ អាចបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក្រោម ការដឹកនាំរបស់ខ្ញុំ មិនដែលនឹកឃើញ ហើយ មិនដែលធ្វើសកម្មភាពអ្វីមួយ ដែលអាចយក ជាមូលដ្ឋាន ដើម្បីធ្វើការចោទប្រកាន់ខាងលើ នេះ”។

លោកសម រង្ស៊ី បានសរសេរបន្តថា “តើជា “អំពើក្បត់ជាតិ”ឬ ការដែលយើងគ្រាន់តែ ចង់ឱ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ ហើយព្យាយាមសម្រេចគោលដៅនេះ ដោយអហិង្សា និងសន្តិវិធី តាមរូបភាពការដួល រលំជញ្ជាំងទីក្រុងប៊ែរឡាំង នៅឆ្នាំ១៩៨៩ និង ការដួលរលំអំណាចផ្តាច់ការជាច្រើនក្នុងពិភពលោក ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០?

តើជា “ការឃុបឃិតជាមួយបរទេស” ឬ ការដែលយើងស្វែងរកសាមគ្គីភាពពីអ្នកប្រជា- ធិបតេយ្យទាំងអស់ក្នុងពិភពលោក ដែលមានជំនឿលើគុណតម្លៃជាសកល ចំពោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស?

តើជា “អំពើក្បត់ជាតិ និងការឃុបឃិត ជាមួយបរទេស” ឬការដែលខ្ញុំបានទទួលនៅ គេហដ្ឋានរបស់ខ្ញុំ នៅទីក្រុងភ្នំពេញ ក្នុងខែធ្នូ ២០១៤ លោក Rajmohan Gandhi ដែលជាចៅបង្កើតរបស់លោក Mahatma Gandhi អមដំណើរដោយលោក Dinesh Patnaik ដែលជាឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា ប្រចាំប្រទេសកម្ពុជា ដើម្បីស្នើសុំដំបូន្មាន ស្តីពីរបៀបដោះស្រាយវិវាទដោយសន្តិវិធី តាមការប្រៀនប្រដៅរបស់លោក Mahatma Gandhi?

តើជា “អំពើក្បត់ជាតិ និងការឃុបឃិត ជាមួយបរទេស” ឬការដែលគណបក្សសង្គ្រោះជាតិ បានរៀបចំនៅទីស្នាក់ការរបស់ខ្លួន នៅ ទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៣-២០១៤ សិក្ខាសាលាលំហាត់ ស្តីពីរបៀបតស៊ូដោយសន្តិវិធី ដែលគ្រូបង្ហាត់ជាអ្នកជំនាញឥណ្ឌា និងជាសកម្មជនសិទ្ធិមនុស្សម្នាក់ ឈ្មោះ Raju Bhagwat?”។

ដោយឡែក អង្គការ សមាគម សង្គមស៊ីវិល សហគមន៍អន្តរជាតិមួយចំនួន ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការឃាត់ខ្លួនលោកកឹម សុខា ពីបទក្បត់ជាតិនេះផងដែរ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចេញសេចក្តីថ្លែង ការណ៍ថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយ ចាត់ទុកថា ករណីចាប់ខ្លួនលោកកឹម សុខា ជា ការរំលោភរដ្ឋធម្មនុញ្ញ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកមែន ណាត ជា ប្រធាន បានបញ្ជាក់ថា “ដោយផ្អែកលើមូលដ្ឋាន ច្បាប់ រដ្ឋាភិបាលកម្ពុជា របស់លោកហ៊ុន សែន បានធ្វើសច្ចាប្រណិធាន និងប្តេជ្ញាយ៉ាងមុតមាំ ថា គោរពខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងគោរពអនុសញ្ញា កតិកាសញ្ញា សន្ធិសញ្ញា និង ព្រមព្រៀងរបស់អង្គការសហប្រជាតិ អ.ស.ប (UN) ហើយនិងអង្គការអន្តរជាតិនានា ដែលជាមាគ៌ារបស់កម្ពុជា ធានាឱ្យបានចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរសិទ្ធិមនុស្ស និងនីតិរដ្ឋពេញលេញ។

ដោយកត់សម្គាល់ឃើញថា រដ្ឋាភិបាល សព្វថ្ងៃបាននិងកំពុងដឹកនាំប្រទេសជាតិ ដើរ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និង ប្រាសចាកខ្លឹមសាររដ្ឋធម្មនុញ្ញរបស់កម្ពុជាទាំងស្រុង ជំនួសដោយយន្តការអន់ថយ ព្រៃផ្សៃ និងផ្តាច់ការ ដែលជាការរំលោភសិទ្ធិមនុស្ស យ៉ាងគឃ្លើន បង្ក្រាបអ្នកប្រឆាំង និងបំបិទ សេរីភាពសារព័ត៌មានឯករាជ្យ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនលោកកឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងសមាជិកសភា នៅ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០០ៈ៣៥នាទី ក្រោមបទចោទថា “ក្បត់ជាតិ” ខណៈពេលលោកកឹម សុខា និងគណបក្សរបស់ លោក ឈ្នះឆ្នោតជាមេឃុំ ចៅសង្កាត់ ជាង៥០០ កៅអី ខែមិថុនា ឆ្នាំ២០១៧ ហើយរំពឹងថា នឹង ឈ្នះនាំមុខក្នុងការបោះឆ្នោត ឆ្នាំ២០១៨។ ការចាប់ខ្លួនលោកកឹម សុខា ធ្វើឡើងដោយខុស នីតិវិធីរដ្ឋបាល (ម៉ោងរដ្ឋបាល) គ្មានដីកាចាប់ ខ្លួន ដែលជាការចាប់ខ្លួនតាមការបញ្ជា តាម ទំនើងចិត្តរបស់ហ៊ុន សែន ហើយការចាប់ខ្លួន នេះ បានរំលោភយ៉ាងធ្ងន់ នូវរដ្ឋធម្មនុញ្ញមាត្រា ៨០ ស្តីពីអភ័យឯកសិទ្ធិរបស់សមាជិកសភា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវ ដល់រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវដោះលែង លោកកឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដើម្បីធានាប្រក្រតីភាពឡើងវិញ នូវរបបប្រជាធិបតេយ្យ សេរី ពុហបក្ស ផ្តល់ឱកាស និង ផ្តល់សិទ្ធិស្មើគ្នាឱ្យគណបក្សប្រឆាំង ចូលរួម ប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នាពេល ខាងមុខ ដោយសេរី យុត្តិធម៌ អាចទទួលយកបាន។ ករណីផ្ទុយពីនេះ មានន័យថា រដ្ឋាភិបាល ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ក្តោបក្តាប់អំណាច របៀបផ្តាច់ការ ដែលពលរដ្ឋកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត។

សូមរដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ នូវបទចោទប្រកាន់នានា ទៅលើលោកកឹម សុខា និងត្រូវដោះលែងអ្នកទោសមនសិការ ជាច្រើនរូបទៀត ដែលកំពុងជាប់ឃុំឃាំងយ៉ាង អយុត្តិធម៌។ សូមរដ្ឋាភិបាល បើកសិទ្ធិទូលំទូលាយឡើងវិញ នូវសេរីភាពសារព័ត៌មាន និងស្ថាប័នសង្គមស៊ីវិលឯករាជ្យ ដែលទទួលរងការចោទប្រកាន់ និងបង្ក្រាបថ្មីៗនេះ ដើម្បីធានា គិតឡើងវិញអំពីផលប្រយោជន៍ជាតិ និងពលរដ្ឋ ជាធំ”។

ចំណែកអង្គការវេទិកាអាស៊ាន ស្តីពីសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ (FORUM ASIA) ក៏បានចូលរួមអំពាវនាវឱ្យដោះលែងលោកកឹម សុខា ដោយថា ការចាប់ខ្លួននេះ ធ្វើឡើង ដោយគ្មានដីកាពីតុលាការ។

ដោយឡែក ក្រសួងការបរទេសអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍កត់សម្គាល់ ពីក្តីបារម្ភ យ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោកកឹម សុខា ដែលជាមេដឹកនាំគណបក្សនយោបាយប្រឆាំង  ពីបទចោទមួយចំនួន ដែលមើលទៅហាក់ដូច ជាមាននិន្នាការនយោបាយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មានខ្លឹមសារថា “ទង្វើ របស់រដ្ឋាភិបាលកម្ពុជា កើតឡើងក្រោយពីមានជំហានថ្មីៗប្រកបដោយក្តីកង្វល់។ ក្នុងនោះគឺ ការបំបិទសិទ្ធិសេរីភាព ចំពោះប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលឯករាជ្យ ដែលមិនធ្លាប់ កើតមានពីមុន។ វិធានការទាំងនេះ គឺធ្វើឱ្យ មានការអន្តរាយដល់ដំណើរការជឿនលឿន របស់កម្ពុជា ក្នុងទសវត្សរ៍ថ្មីៗ ហើយធ្វើឱ្យមាន ការលើកឡើងជាសំណួរ អំពីសមត្ថភាពរបស់ រដ្ឋាភិបាល ក្នុងការរៀបចំការបោះឆ្នោតជាតិ ឆ្នាំ ២០១៨ ប្រកបដោយការជឿជាក់ ដែលអាចបង្កើតលទ្ធផលបោះឆ្នោតមួយដែលស្របតាម ច្បាប់គតិយុត្ត និងប្រជាធិបតេយ្យបាន”។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ជាមួយគ្នានេះ សមាជិកសភាសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ក៏បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ប្រជាជនកម្ពុជា ត្រូវឆ្លងកាត់ ព្យុះបោកបក់ដ៏ខ្លាំងមួយទៀត ហើយជាមួយ នឹងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដោយរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ លោកបន្តថា ចលនាប្រឆាំងនឹងប្រជាធិបតេយ្យ បែបនេះ គឺនៅតែជាមធ្យោបាយវាយប្រហារ សេរីភាពនយោបាយ។ ដូច្នេះ លោកនឹងបន្តការ តស៊ូមតិលើរឿងនេះ តាមរយៈក្រសួងការបរទេសអាមេរិក សេតវិមាន និងតាមរយៈ អង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងនេះ និងធានាឱ្យបាននូវសិទ្ធិសម្រេច ចិត្តផ្នែកនយោបាយ មិនឱ្យសិទ្ធិនេះ ត្រូវបាន កាត់ផ្តាច់ពីប្រជាពលរដ្ឋកម្ពុជានោះឡើយ។

ចំពោះសហភាពអឺរ៉ុប ក៏បានចេញសេចក្តី ថ្លែងការណ៍រិះគន់ថា ការចាប់ខ្លួនមេដឹកនាំបក្ស ប្រឆាំង លោកកឹម សុខា បានធ្វើឡើង ដោយ រំលោភលើអភ័យឯកសិទ្ធិសភា និងគូសបញ្ជាក់ ពីកំណើនកម្តៅនយោបាយ ប្រកបដោយគ្រោះថ្នាក់។ ដូច្នេះសហភាពអឺរ៉ុប រំពឹងថា អាជ្ញាធរ កម្ពុជា នឹងដោះលែងលោកកឹម សុខា ជាបន្ទាន់ ខណៈដែលលោកនៅមានអភ័យឯកសិទ្ធិសភា។

សេចក្តីថ្លៃងការណ៍ របស់សហភាពអឺរ៉ុប ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានខ្លឹមសារ ថា “ដំណើរការប្រជាធិបតេយ្យ ដែលគួរឱ្យ ជឿជាក់បាន ចំពោះការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នាពេលខាងមុខ ក្នុងខែកក្កដា ឆ្នាំ ២០១៨ នោះ ចាំបាច់ត្រូវមានបរិយាកាសដែល គណបក្សនយោបាយនានា អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មាន អាចអនុវត្តតួនាទីរបស់ គេរៀងខ្លួនតាមច្បាប់ ដោយគ្មានការភ័យខ្លាច គ្មានការគំរាមកំហែង ឬរឹតត្បិតតាមអំពើចិត្ត ឡើយ។ សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជួយដល់កម្ពុជា ក្នុងកិច្ចប្រឹងប្រែងនេះ។ យើងក៏រំពឹងថា អាជ្ញាធរកម្ពុជា គោរពសិទ្ធិទទួល បានដំណើរការផ្លូវច្បាប់របស់ពលរដ្ឋកម្ពុជា ទាំងអស់ ហើយនិងប្រតិបត្តិការរបស់អង្គការ នានាក្នុងប្រទេសកម្ពុជា ផងដែរ។ ដោយសារ អភ័យឯកសិទ្ធិសភារបស់លោកកឹម សុខា យើង សង្ឃឹមថា អាជ្ញាធរនឹងដោះលែងលោកកឹម សុខា ជាបន្ទាន់”។

គួរបញ្ជាក់ថា លោកកឹម សុខា និងអង្គរក្សរបស់លោក ចំនួន៨នាក់ ត្រូវបានចាប់ខ្លួន កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយលោកកឹម សុខា ត្រូវបានចោទពីបទ “ក្បត់ជាតិ” ហើយត្រូវ បានបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុង នៅខេត្ត ត្បូងឃ្មុំ។ ចំណែកអង្គរក្សរបស់លោកកឹម សុខា ៨នាក់ ត្រូវបានដោះលែងវិញ នៅម៉ោងប្រមាណ ៤រសៀលថ្ងៃដដែល ដោយមានមេធាវី និង ជំនួយការលោកកឹម សុខា ជាអ្នកធានា។

អង្គរក្សទាំង៨នាក់ របស់លោកកឹម សុខា ជាមួយមេធាវីនិងជំនួយការលោកកឹម សុខា

អង្គរក្សម្នាក់ ក្នុងចំណោមអង្គរក្សទាំង៨ នាក់របស់លោកកឹម សុខា បានរៀបរាប់ប្រាប់ អ្នកសារព័ត៌មាន អំពីសកម្មភាពនៅពេលសមត្ថកិច្ចមកឡោមព័ទ្ធផ្ទះ ចាប់ខ្លួនលោកកឹម សុខា និងពួកគេជាអង្គរក្សទាំង៨នាក់នោះថា មុន សម្រុកចូលផ្ទះ នគរបាលបានហៅអ្នកផ្ទះឱ្យ បើកទ្វារ ដោយមានកងកម្លាំងជាច្រើនបានឡោម ព័ទ្ធពីខាងក្រៅ អារមេកាំភ្លើងភ្ជង់ឱ្យបើកទ្វារ។ លុះស្រែកសម្លុតឱ្យបើកទ្វារជាច្រើនលើក ទើប លោកកឹម សុខា អនុញ្ញាតឱ្យបើកទ្វារ ហើយ ចាប់វ៉ៃខ្នោះ ឱ្យពួកគេអង្គុយផ្តុំគ្នាមួយកន្លែង។ ចំណែកលោកកឹម សុខា ក៏ត្រូវចាប់វ៉ៃខ្នោះភ្លាមៗ ដែរ រួចក៏នាំដាក់ឡាន ចេញទៅស្នងការដ្ឋាន នគរបាលរាជធានីទាំងអស់គ្នា។ ប៉ុន្តែពួកគេជា អង្គរក្សទាំង៨នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីសមត្ថកិច្ចសួរប្រវត្តិរូប និងប្រវត្តិការងារ ព្រម ទាំងពិនិត្យទឹកនោមរកសារធាតុគ្រឿងញៀន ហើយអត់មានទាំងអស់ និងអាវុធក៏គ្មាន។

តាមប្រភពមន្ត្រីគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៧ ភរិយាលោកកឹម សុខា បានធ្វើដំណើរ ទៅកាន់ពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ សុំចូលជួបលោកកឹម សុខា តែមិនត្រូវបាន អនុញ្ញាតឱ្យចូលទេ។ ប៉ុន្តែក្រុមមេធាវីរបស់ លោកកឹម សុខា ចំនួន៥នាក់ រួមមាន លោកសំ សុគង់, លោកចាន់ ចេន, លោក ហែម សុជាតិ, លោកផែង ហេង និងលោកស្រីម៉េង សុភារី ត្រូវបានអនុញ្ញាតឱ្យចូលជួបលោកកឹម សុខា  នៅក្នុងពន្ធនាគារត្រពាំងផ្លុង នាថ្ងៃដដែលនោះ។

លោកមេធាវី សំ សុគង់ បានឱ្យដឹងនៅ ថ្ងៃនោះថា  ក្រុមធាវី បានជួបលោកកឹម សុខា  តែបានត្រឹមតែសួរសុខទុក្ខ និងសួរពាក់ព័ន្ធផ្លូវ ច្បាប់ខ្លះប៉ុណ្ណោះ ព្រោះស្ថិតនៅដំណាក់កាល ឃាត់ខ្លួន ហើយនៅរសៀលថ្ងៃដដែល ជា ដំណាក់កាលសួរចម្លើយ ក្រុមមេធាវីក៏មានវត្តមានជាមួយលោកកឹម សុខា ដែរ នៅពេល ព្រះរាជអាជ្ញាសួរចម្លើយ។

លោកមេធាវី សំ សុគង់ បានឱ្យដឹងបន្ថែម ថា ស្ថានភាពសុខភាពលោកកឹម សុខា មិនសូវ ល្អប៉ុន្មានទេ ដោយសារនៅមុនពេលត្រូវឃាត់ ខ្លួន លោកមានជំងឺ ហើយត្រូវលេបថ្នាំជាប្រចាំ។ លុះពេលត្រូវឃាត់ខ្លួន លោកកឹម សុខា ត្រូវ ខកខានលេបថ្នាំ។ ម៉្យាងទៀតលោកកឹម សុខា ហាក់មានសម្ពាធផ្លូវចិត្ត ដោយសារមិនបានជួប ក្រុមគ្រួសារនិងអ្នកគាំទ្រ ព្រមទាំងគិតពីគណបក្ស ខណៈការបោះឆ្នោតឆ្នាំ២០១៨ ក៏កាន់តែ កៀកមកដល់៕

 កុលបុត្រ