ជម្លោះពាក្យសម្តី រវាងលោកប៉ូលិសសក្តិ២ និងបុរសម្នាក់ លោកប៉ូសិសខឹងដកកាំភ្លើងបាញ់១គ្រាប់

ភ្នំពេញ ៖ ​​បុរសម្នាក់ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ពាក់សក្តិ២ ខឹងបុរសម្នាក់ទៀតដែលអង្គុយផឹកស៊ីក្បែរគ្នា ហើយទើបតែចេញពីពន្ធនាគារបាន១ខែ ​​បានទាស់សម្តីគ្នាដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ សំណាងល្អរងរបួសស្រាល ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវរ៉ារទេះភ្លើង កែងផ្លូវR6 ស្ថិតនៅក្នុងក្រុម១៣ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនបង្កមានឈ្មោះនួន សីកុង ភេទប្រុស អាយុ៥០ឆ្នាំ ​មុខរបរជាមន្ត្រីនគរបាលនៅក្រសួង មហាផ្ទៃ ឋានន្តរសក្តិអនុសេនីយ៍ទោ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះវិញមានឈ្មោះ សោម ពិសាល អាយុ៣១ឆ្នាំ ​មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់ទើបតែចេញពីពន្ធនាគារព្រៃស បាន១ខែជាប់ចោទពីបទលួចមានស្ថានទម្ថន់ទោស រយៈពេល៤ឆ្នាំ លុះ​ថ្ងៃកើតហេតុគាត់កំពុងតែផឹកស៊ីតាមចិញ្ចើមផ្លូវជាមួយអ្នកភូមិ៤ទៅ៥នាក់ ហើយជនបង្កវិញគាត់ក៏ផឹកនៅក្បែរគ្នាដែរ ខណៈពេលផឹកស៊ី​ស្រវឹងស្រាស្រឿងៗ ខាងជនបង្កបានបោះ​ពាក្យ​ថា ពួកអាចេញពីគុកប្រយ័ត្នតែឈ្លើយ​​អញបាញ់បាក់ជើង ភ្លាមៗនោះដែរ ជនរងគ្រោះខឹងបានដើរទៅសួរថា ម៉េចបានជាបងឯងថាឲ្យខ្ញុំអញ្ចឹង រួចហើយជនរងគ្រោះបានច្រានជនបង្កដួលអុកគូទ ធ្វើឲ្យជនបង្កខឹងដកកាំភ្លើងខ្លីម៉ាករ៉ូឡូ បាញ់សំដៅជនរងគ្រោះ សំណាងល្អបាញ់អត់ត្រូវ គ្រាន់តែខ្ទាតដុំថ្មចំភ្លៅខាងឆ្វេងរងរបួសស្រាល ។

ជនរងគ្រោះបានបន្តទៀតថា ចាប់តាំងពីគាត់ចេញពីពន្ធធនាគារ មកមិនដែលបានរករឿងអ្នក​ណាទេ ។

ចំណែកជនបង្កជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃវិញ បានរៀបរាប់ឲ្យដឹងថា មុនពេលដែលកើតហេតុគាត់ក៏អង្គុយផឹកនៅជិតជនរងគ្រោះដែរ ​ពេលកើតហេតុ​បុរសខាងលើ
ស្រវឹងស្រា ហើយមកច្រានគាត់ឲ្យដួលទាំងមិនដឹងមូលហេតុ ធ្វើឲ្យគាត់ខឹងដក​កាំភ្លើងខ្លីម៉ាករ៉ូឡូ យកមកបាញ់ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ មិនមានបំណងបាញ់សំដៅទៅជនរងគ្រោះនោះទេ។

ក្រោយពេលកើតហេតុភាគីខាងរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី ​។ ចំណែកជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន​បញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕