Friday, March 29, 2024
Homeព័ត៌មានជាតិប៉ូលិសឃាត់ឡានបិទកញ្ចក់ខ្មៅ ស្រាប់តែម្ចាស់ស្រីចុះពីឡាន ដៀលប៉ូលិសបែកថ្នាំ ថែមទាំងហាមសារព័ត៌មានថតរូប

ប៉ូលិសឃាត់ឡានបិទកញ្ចក់ខ្មៅ ស្រាប់តែម្ចាស់ស្រីចុះពីឡាន ដៀលប៉ូលិសបែកថ្នាំ ថែមទាំងហាមសារព័ត៌មានថតរូប

ភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បិទកញ្ចក់ស្កុតខ្មៅជុំវិញខុសប្រក្រតី បានចរាចរណ៍លើដងផ្លូវសហព័ន្ធរុស្សី ត្រូវបាននគរបាលចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ ឃាត់ដើម្បីធ្វើការអប់រំ និងជំរុញឲ្យម្ចាស់យានយន្តបកចេញវិញ តែបែរជាអ្នកបើកបរដែលជាស្រីក្មេងម្នាក់រូបស្រស់ស្អាត ចុះមកដៀលប៉ូលិស សុទ្ធតែប៉ូលិសបែកថ្នាំ ឃាត់ឡានមិនចេះមើលទៅវិញ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុបផ្សារសិុនជូរី ជិតក្រុមហ៊ុនស្រាបៀរអង្គរ កែងផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តមួយគ្រឿងខាងលើម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AL-6268 បើកបរដោយនារីវ័យក្មេងម្នាក់ មុខមាត់ស្រស់សោភា តែសម្តីហាក់បីដូចជាអន់បន្តិច រថយន្តរបស់នារីខាងលើក្បានបិទកញ្ចក់ស្កុតខ្មៅ មិនដឹងថាជាកូនស្រីអស់លោកណាទេ ទើបសម្តីចេញមក អួតអាងតែរឿងខ្សែ ។

តាមប្រភពនៅកន្លែងកើតហេតុបានស្តែងឲ្យឃើញថា ក្រោយពីនគរបាលឃាត់រថយន្តកញ្ចក់បិទខ្មៅ ដើម្បីធ្វើការអប់រំ និងជំរុញឲ្យម្ចាស់បកចេញ ជាយុទ្ធសាស្រ្តរបស់អភិបាលរាជធានី និងស្នងការរាជធានី គោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម តែផ្ទុយទៅវិញ បែរជាម្ចាស់រថយន្តព្រូសខាងលើ ចុះមករករឿង ចោទសម្តីធ្ងន់ៗទៅលើប៉ូលិសខណ្ឌពោធិ៍សែនជ័យ បែកថ្នាំទៅវិញ ឃាត់ឡានអត់ចេះមើល ឪពុករបស់នាងជាអ្នកឲ្យបិទកញ្ចក់បែបនេះ ធ្វើឲ្យប៉ូលិសពិបាកក្នុងការអនុវត្តន៍ច្បាប់ ព្រោះអាងខ្សែអាងខ្នង។

ហេតុការណ៍ខាងលើ ដោយសារប៉ូលិសអនុវត្តន៍ច្បាប់ គ្រាន់តែធ្វើការអប់រំម្ចាស់យានយន្ត ពាក់ព័ន្ធទៅនឹងការបិទកញ្ចក់ខ្មៅខុសគោលការណ៍បច្ចេកទេស បែរជានារីវ័យក្មេងម្ចាស់រថយន្តខាងលើ ឡាំប៉ារករឿងសមត្ថកិច្ច ពេលអ្នកសារព័ត៌មានឃើញ បានចុះទៅថតរូបភាព ក៏នាងថាស្តី ហាមទាំងអ្នកសារព័ត៌មានទៀត។

តាមមន្រ្តីនគរបាលប្រចាំគោលដៅខាងលើបានឲ្យដឹងថា គាត់អនុវត្តន៍ទៅតាមច្បាប់ តាមបញ្ជារបស់មេកើយទេ ហើយគោលការណ៍នេះ លោកអភិបាលរាជធានី ស្នងការរាជធានី ជាយុទ្ធសាស្រ្តផែនការហាមឃាត់ ដើម្បីធ្វើការអប់រំពន្យល់ណែនាំដល់ម្ចាស់យានយន្ត មិនបានដល់ថ្នាក់ពិន័យផ្លូវច្បាប់ឡើយ ហើយចំពោះរថយន្តរបស់នារីខាងលើ ក្រោយពីទទួលបញ្ជាពីថ្នាក់លើអនុញាតិឲ្យបន្តដំណើរទៀត នេះជារឿងថ្នាក់លើ គាត់ជាមន្រ្តី មិនហ៊ានតវ៉ាជាមួយបញ្ជាឡើយ។

រថយន្តនារីខាងលើ ក្រោយពីមានអន្តរាគមន៍ពីថ្នាក់លើ ប៉ូលីសមិនបានប្រាប់ថាថ្នាក់ណាដែរ តែបើពលរដ្ឋឃើញហេតុការណ៍ថា សង្ស័យឪគាត់មេប៉ូលីសធំហើយ បានកូនប៉ូលិសមិនហ៊ាន បានត្រឹមរង់ចាំតែទទួលខុស ហើយអនុញាតិឲ្យរថយន្តខាងលើបើកចាកចេញទៅបាត់ ។

នារីជាម្ចាស់រថយន្តខាងលើ អ្នកសារព័ត៌មានសុំការបំភ្លឺមិនបានឡើយ ហើយរករឿងក្នុងការថតរូបភាពទៀតផង៕

RELATED ARTICLES