Friday, April 26, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់

សមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ រួមទាំងម៉ូតូមួយគ្រឿង​ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ ដឹកនាំដោយលោកហោ វាសនា អភិបាលរងខណ្ឌសែនសុខ តំណាងលោកប៉ឹល កុសល អភិបាលខណ្ឌសែនសុខ លោក គួក សុខហួ អធិការរងខណ្ឌ តំណាងលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត។

លោកហោ វាសនា អភិបាលរងខណ្ឌ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ ដែលដឹកនាំដោយលោកប៉ឹល កុសល ជាប្រធាន បានដាក់បទបញ្ជាអោយដាក់គោលដៅត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។

លោកបន្តថា​ ក្នុងការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើ កម្លាំងគណៈបញ្ជាការខណ្ឌបានធ្វើការឃាត់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ បន្ទាប់ពីនាំខ្លួនយកទៅធ្វើតេសទឹកនោមនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងដកហូតម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CM-២២១៨។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះ ទី១ ឈ្មោះ ស្រី គា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ ឈុន ម៉េងហោ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ស្នាក់នៅបន្ទប់ជួលភូមិទឹកថ្លា សង្កត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិព្រែកព្រះអង្គ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ខណៈពេលដែលកម្លាំងចម្រុះកំពុងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យ​ច្បាប់ចរាចរណ៍ ស្រាប់តែ​មានយុវជនពីរនាក់ជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GG-៩៩៦៤ ជិះមកចូលក្នុងគោលដៅ ក៏ត្រូវកម្លាំងគណៈបញ្ជាការខណ្ឌបម្រុងនិងកាក់ ធ្វើការឆែកឆេរ បែរជាយុវជនពីរនាក់នោះព្យាយាមបើកបត់ត្រឡប់ក្រោយ រត់គេចខ្លួន​ដួលតែម្នាក់ឯង បណ្តាលឲ្យយុវជនជាអ្នកបើកម៉ូ​តូរងរបួសសន្លប់ស្តូកស្តឹង និងអ្នករួមដំណើរពីក្រោយរងរបួសស្រាល។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី​ ដោយឡែកយុវជនរងគ្រោះដែលជិះរត់គេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនរស្មី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកត្រឡប់ទៅវិញនៅពេលក្រោយ៕

RELATED ARTICLES