ថន លក្ខិណា ឡើងផ្ទះវីឡាតម្លៃ២០មុឺនដុល្លារ នៅព្រែកលៀប កាលពីយប់មិញ

វីឡាដ៏ស្កឹមស្កៃរបស់ពិធីការិនី CTN ថន លក្ខិណា បានសម្ពោធជាផ្លូវការ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានតារាល្បីៗជាច្រើននាក់ទៅចូលរួមអបអរសាទរ ក្នុងនោះក៏មានលោកឧកញ៉ាតូនី, ឧកញ៉ាឃ្លោក, ឯកឧត្តមលឹម គង់​ និងកុយ ស៊ីឌឿន ជាដើម ក៏បានទៅចូលរួមដែរ។

វីឡារបស់ថន លក្ខិណា ដែលកម្រមានតារាណាអាចមានលទ្ធភាពក្លាយទៅជាម្ចាស់កម្មសិទ្ធវានោះ មានទីតាំងនៅបុរីប៉េងហួត សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ទល់មុខសាលាកសិកម្មព្រែកលៀប ត្រូវបានអ្នកសិល្បៈជាច្រើនបានស្ញប់ស្ញែងថា លក្ខិណា ពិតជាមិនធម្មតាមែន ព្រោះនៅក្មេងអាយុទើបជាង២០ឆ្នាំសោះ មានទ្រព្យដល់ម្លឹងទៅហើយ។ ប៉ុន្ដែទន្ទឹមនឹងនេះក៍មានការខ្សឹបខ្សៀវជាច្រើនទាំងក្នុងនិងក្រៅសិល្បៈ ដោយលើកជាចម្ងល់ថា តើថន លក្ខិណា អាចរកប្រាក់ចំណូលបានប៉ុន្មាន ក្នុង១ខែ បានជាមានលុយទិញវីឡាជាង២០ម៉ឺនដុល្លារ មិនចាញ់ជំទាវៗបែបនេះ? អ្នកខ្លះទៀតបាននាំគ្នានិយាយថា ឲ្យតែស្រីស្អាត ជាតារាល្បី បើចង់បានលុយ ឡាន និងវីឡា ហាក់មិនសូវពិបាកឡើយ ហើយនៅពេលសួរពីប្រភពប្រាក់ចំណូល ពួកគេនិយាយហាក់ដូចជាណាត់គ្នាអីចឹង គឺនិយាយខ្លីថាជាទឹកប្រាក់ដែលខំរកបានមកដោយកំលាំងញើសឈាមរបស់ពួកគេសុទ្ធសាធ…។

ថន លក្ខិណា មិនព្រមផ្ដល់សម្ភាសន៍ដល់អ្នកកាសែត៥នាក់ ដែលរង់ចាំនាងនៅមុខវីឡាថ្មីនោះឡើយ ព្រោះនាងថា ជាប់រវល់ តែអ្នកស្និទ្ធនាងបានបង្ហើបឲ្យដឹងថា លក្ខិណា ខ្ជិលបកស្រាយរឿងគេសួរថា បានលុយមកពីណាទិញវីឡានោះ។ ប៉ុន្ដែអ្នកម្ដាយនាងបាននិយាយជំនួសថា ”វីឡាហ្នឹងបានធ្វើពិធីសូត្រមន្ដម្ដងហើយ មុននឹងចូលមករស់នៅ ហើយទើបធ្វើពិធីឡើងនៅថ្ងៃនេះ។ ផ្ទះនេះកាលទិញមានតម្លៃ១៨៥.០០០ដុល្លារ តែឥឡូវឡើងថ្លៃ ហើយបូកនិងការទិញបញ្ចូលសម្ភារៈគ្រឿងសង្ហារឹមទៀត គឺសរុបជាង២០ម៉ឺនដុល្លារឯណោះ។ ផ្ទះកូនខ្ញុំនេះ គឺទិញផ្ដាច់តែម្ដង មិនមែនបង់រំលស់ទេ”។

ចំណែកបងស្រីថន លក្ខិណា អ្នកនាងថន តារា ដែលមានស្វាមីជាអ្នកមានខ្សែអ្នកធំជនជាតិថៃ នោះ បានឲ្យដឹងថា ”ខ្ញុំសប្បាយចិត្តណាស់ដែលឃើញប្អូនស្រីខ្ញុំរីកចម្រើន មានផ្ទះនៅល្អនេះ ហើយមុនថ្ងៃឡើងផ្ទះនេះ ខ្ញុំបានទិញគ្រឿងសម្ភារៈគ្រឿងសង្ហារឹមមួយចំនួនពីថៃ មកឲ្យប្អូនដែរ ព្រោះគ្នាចេះតែតេទៅចង់បានរបស់ល្អៗដាក់ផ្ទះ។ ចំពោះរឿងគេថា តារាៗយើងមានគេឧបត្ថម្ភទិញផ្ទះឲ្យ មិនពិបាកអី អាហ្នឹងខ្ញុំអត់ដឹងទេ ព្រោះអីជារឿងឯកជនរបស់គេ ខ្ញុំជាបងមែន តែក៏មិនដឹងរឿងសាមីខ្លួនគេដែរ ចំណុចនេះគឺខ្ញុំសូមមិននិយាយតែម្ដង។ តែផ្ទះនេះក៏មានលុយរបស់ខ្ញុំខ្លះដែរ តែខ្ញុំសូមមិននិយាយថាប៉ុន្មានទេ”។

ដោយឡែកតារាសម្ដែងលី ម៉ារីណា,  អែន ជី, សុន ច័ន្ទធីតា, វ៉ាន់ នីឡា ជាដើម ដែលបានទៅចូលរួមកម្មវិធីឡើងផ្ទះថន លក្ខិណា នោះដែរ បានបង្ហាញអារម្មណ៍ស្របគ្នាថា ពួកគេស្រលាញ់ផ្ទះវីឡាដូចលក្ខិណា ដែរ តែតារាទាំងនោះបែរជានិយាយថា មិនសូវសង្ឃឹមពីប្រាក់ចំណូលសិល្បៈរបស់ពួកគេដែលមានលទ្ធភាពទិញវីឡាស្កឹមស្កៃនោះបានឡើយ។

ក្រៅពីថន លក្ខិណា តារាស្រីវ័យក្មេងដែលកំពុងរស់នៅវីឡាស្កឹមស្កៃដែរ មានដូចជា ទេព បូព្រឹក្ស, បេប៊ី (ជុំ រចនាពេជ្រ), មាន​ សូនីតា ជាដើម ដែលមិនត្រឹមតែរស់នៅវីឡាដ៏ប្រណីត មិនចាញ់តារាហូលីវូដនោះទេ តែស្រីស្អាតទាំងនេះថែមទាំងផ្លាស់ប្ដូរថយន្ដទំនើបៗជាបន្ដរបន្ទាប់ ហាក់ដូចជាមិនខ្វល់រឿងប្រាក់ឡើយ ខណៈដែលពេជ្រ សូលីកា ដែលបានវីឡាស្កឹមស្កៃតម្លៃជាង១លានដុល្លារ នៅក្បែរវិទ្យាល័យឥន្រ្ទទេវីនោះ គឺដូចក្ដីស្រមៃអីចឹង ព្រោះក្រោយប្រេះឆាស្នេហ៍ជាមួយលោកផ្កាយ២ ត្រូវប្អូនផ្កាយ៤នោះរឹបអូសយកវិញអស់ រួមទាំងរថយន្ដ Lexus Ls 460 តម្លៃ១១ម៉ឺនដុល្លារផងដែរ។

គេកត់សម្គាល់ថា ពេលនេះ ថន លក្ខិណា មានផ្ទះ២ផ្សេងគ្នា គឺនៅម្ដុំដេអិន  ដែលទិញពីឆ្នាំមុន និងផ្ទះវីឡាថ្មីទើបសម្ពោធនេះ សរុបនាងមានទ្រព្យមិនក្រោម៤០ម៉ឺនដុល្លារឡើយ។ តែលក្ខិណា មិនដែលមិនហ៊ានបង្ហាញម្ចាស់ចិត្តពិតទេ ក្រៅតែបណ្ដើរកីឡាបាល់ទាត់ កែវ សុខផេង នោះ ស្របពេលដែលធ្លាប់មានព័ត៌មានដ៏រសើបថា តារាបានកែបបូរមាត់ឲ្យតូចស្ដើងរូបនេះ មានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់តាមស្នេហ៍ជាច្រើនឆ្នាំ៕

ថន លក្ខិណា ឡើងវីឡាថ្មីតម្លៃជាង២០ម៉ឺនដុល្លា នៅព្រែកលាភ

Posted by Angkorthom Magazine on Wednesday, 27 September 2017