Saturday, April 20, 2024
Homeខ្សឹបឲ្យឮខ្លាចបែកការ?

ខ្លាចបែកការ?

ប្រជាពលរដ្ឋរស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ជំនួញឈើនៅក្នុង មូលដ្ឋាន ដែលពួកគាត់រស់នៅខាងលើ បានកើតឡើងយ៉ាងគគ្រឹកគគ្រេង ពិសេសស្ថិតក្នុង តំបន់ដែនសមត្ថកិច្ចរបស់អង្គការឃ្លាំមើលធនធានធម្មជាតិ ចំនួន២ គឺអង្គការស៊ីអាយ និង វ៉ាយអេដ លុះពេលកម្លាំងជំនាញចុះបង្ក្រាប បែរជាមន្ត្រីរបស់អង្គការទាំង២ មិនឱ្យមាន ការថតចុះផ្សាយទៅវិញ ដែលពួកគាត់សង្ស័យ ថា អង្គការទាំង២នេះ ទំនងជាខ្លាចបែកការ រឿងប្រព្រឹត្តអំពើពុករលួយជាមួយក្រុមមេឈ្មួញឈើ។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ កម្លាំង សមត្ថកិច្ចចម្រុះ រួមនិងជំនាញរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ បានចុះធ្វើការបង្ក្រាបរថយន្តដឹកឈើ១គ្រឿង នៅចំណុចក្បែរស្នាក់ការអង្គការ ស៊ីអាយ និងវ៉ាយអេដ ស្ថិតក្នុងភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រថយន្តដឹកឈើដែលបង្ក្រាបបាននោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ចំណុះ៣តោន ពាក់ស្លាកលេខ ភ្នំពេញ 3A-7507 មិនស្គាល់ ម្ចាស់ឈើនោះទេ ព្រោះក្រោយពីកម្លាំងជំនាញ បង្ក្រាបបាន អ្នកពាក់ព័ន្ធបានរត់គេចខ្លួនបាត់ អស់ បន្សល់ទុកតែរថយន្ត និងឈើប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា រថយន្តដឹកឈើខាងលើ មានឈើចំនួន៨ដុំធំៗ ស្មើនឹង ៤ម៉ែត្រគូប ជាប្រភេទឈើម្រេញ (គ្រើល ម៉ៃតាប់) ហើយឈើទាំងនេះ ត្រូវបានគេលួច កាប់ចេញពីដែនសមត្ថកិច្ចគ្រប់គ្រងរបស់អង្គការវ៉ាយអេដ និងស៊ីអាយ ប៉ុន្តែក្រោយពីលើកឈើដាក់រថយន្ត ប្រុងដឹកចេញទៅហើយ បែរជាជាប់ផុង ទើបម្ចាស់បានរត់គេចខ្លួនបាត់ កុំ អីឈើទាំងនោះ ត្រូវធ្លាយទៅដល់ឃ្លាំងធំមួយ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បាត់ទៅហើយ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា ឈើ មួយរថយន្តដែលសមត្ថកិច្ចបង្ក្រាបបាននោះ សង្ស័យជាឈើរបស់មេឈ្មួញធំប្រចាំតំបន់ភ្នំ គិរីរម្យ ឈ្មោះហ្វីលីព និងឈ្មោះតូ ដែលក្រុមឈ្មួញឈើដុះស្លែរាប់សិបឆ្នាំណាស់មកហើយ  និងមានការសម្របសម្រួលពីអង្គការទាំង២ ខាងលើទៀតផង ទើបការរកស៊ីបានកាក់កប និងរលូនដល់សព្វថ្ងៃ។ ហើយនៅអំឡុងពេល ចុះបង្ក្រាបនោះ មានក្រុមអ្នកកាសែតបានចុះ ថតផ្តិតរូបភាពយកទៅផ្សព្វផ្សាយ ស្រាប់តែ ត្រូវមន្ត្រីរបស់អង្គការវ៉ាយអេដ ចេញមករារាំង មិនឱ្យក្រុមអ្នកកាសែតថតនោះឡើយ ដោយ មានបុរសម្នាក់អះអាងថា ក្រុមអង្គការរបស់ គេ បានចុះអនុស្សារណៈ (MOU) ជាមួយរាជរដ្ឋាភិបាលរួចរាល់អស់ហើយ មិនត្រូវការក្រុមអ្នកកាសែតទេ។ តាមពិតការចុះ (MOU) អីនោះ គឺដើម្បីទប់ស្កាត់ ការពាររក្សាព្រៃឈើ ឱ្យនៅគង់វង្ស ស្ថិតស្ថេរស្រស់បំព្រង ប៉ុន្តែចាប់ តាំងពីក្រុមអង្គការទាំង២ខាងលើ ចូលមក គ្រប់គ្រងព្រៃឈើក្នុងតំបន់ការពារ ឧទ្យានជាតិ គិរីរម្យ ត្រូវទទួលរងការបំផ្លាញសឹងតែរលាយ ហិនហោចទៅហើយ។

ប្រជាពលរដ្ឋបានខ្សឹបបន្ថែមទៀតថា ការដែលមន្ត្រីអង្គការខាងលើ រារាំងកុំឱ្យអ្នកកាសែត ថតចុះផ្សាយព័ត៌មាននោះ សង្ស័យថាទំនងជាខ្លាចថ្នាក់លើបានដឹងអំពីការឃុបឃិតគ្នាប្រព្រឹត្ត អំពើពុករលួយអ្វីមួយហើយ ឬមួយក៏ខ្លាចខ្មាស ប្រជាពលរដ្ឋ និងជំនាញរដ្ឋបាលព្រៃឈើ ដោយសារតែជំនាញបានចុះមកបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនកាន់កាប់នោះ។ យ៉ាងណាករណីនេះ ប្រជាពលរដ្ឋសូម ខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំ ពិសេសសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយពិនិត្យមើលទង្វើ របស់ក្រុមអង្គការស៊ីអាយ និងវ៉ាយអេដ នេះផង ព្រោះប្រសិនបើបណ្តែតបណ្តោយទៀត ព្រៃ ឈើនៅក្នុងតំបន់ការពារឧទ្យានជាតិគិរីរម្យ ច្បាស់ជារលាយអស់មិនខានឡើយ។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើ នេះ “នគរធំ” មិនដឹងថា មានការពិតកម្រិត ណានោះទេ ដោយសារមិនអាចទាក់ទងសុំការ បំភ្លឺពីខាងតំណាងអង្គការស៊ីអាយ និងវ៉ាយអេដ ក៏ដូចជាមន្ត្រីពាក់ព័ន្ធបានទេ កាលពីម្សិលម្សិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES