ស្វាយរៀង ៖ ក្រុមឈ្មួញ និងអាជីវករ ដែលនាំទំនិញចេញទៅស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មួយរយៈចុងក្រោយនេះ ការដឹកជញ្ជូនទំនិញ រួមមាន ស្ករ-ស និងធ្យូង តាមរថយន្ត ត្រាក់ទ័រ និងរ៉ឺម៉ក ចេញទៅស្រុកយួន និងដឹកទំនិញពីស្រុកយួន ចូលមកកម្ពុជាវិញ តាមច្រករបៀងក្រសាំងជ្រំ កំពុងកើតឡើងយ៉ាងគំហុក ដោយពួកគាត់ត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធ ទើបអាចដឹកទំនិញចេញចូលបាន មិនអាចរំលងមន្ត្រីត្រីងៀតឆ្លៀតពងទាំងនោះបានទេ ព្រោះមន្ត្រីយើង «ចេញក៏ដឹង ចូលក៏ដឹង» តែបើហុចលុយគឺ «ចេញក៏បាន ចូលក៏បាន»។
ក្រុមឈ្មួញ និងអាជីករ បានខ្សឹបថា ពួកគាត់ត្រូវបង់លុយតាមការកំណត់របស់មន្ត្រីជំនាញពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចនៅច្រករបៀង ទើបអាចដឹកជញ្ជូនធ្យូង និងស្ករ-ស ចេញទៅស្រុកយួន តាមច្រក របៀងក្រសាំងជ្រំ បានយ៉ាងរលូន។
ក្រុមឈ្មួញ និងអាជីវករ បានខ្សឹបទៀតថា ពួកគាត់តែងឈប់រថយន្ត ត្រាក់ទ័រ និងរ៉ឺម៉កដឹកជញ្ជូនស្ករ-ស ដឹកជញ្ជូនធ្យូង ដើម្បីបង់លុយឱ្យសមត្ថកិច្ច នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជិតច្រករបៀងក្រសាំងជ្រំ) ដោយមិនអាចរំលងបានទេ។ ក្នុងមួយថ្ងៃ មានរថយន្តត្រាក់ទ័រ និងរ៉ឺម៉ក ដឹកជញ្ជូនស្ករ-ស និងធ្យូង ទៅស្រុកយួន រាប់សិបគ្រឿង ដូច្នេះសមត្ថកិច្ចនៅផ្ទះមួយកន្លែងនោះ ប្រមូលលុយបានមិនតិចឡើយ ហើយក៏មានឈ្មួញនាំចូលទំនិញពីស្រុកយួន តាមច្រករបៀងក្រសាំងជ្រំ នោះដែរ ហេតុនេះនាយប៉ុស្តិ៍នគរបាលច្រករបៀងក្រសាំងជ្រំ គឺជាអ្នកមានសិទ្ធិមានអំណាចធំធេងជាងគេ ក្នុងការអនុញ្ញាតឱ្យឈ្មួញដឹកជញ្ជូនស្ករ-ស និងធ្យូង ទៅស្រុកយួន ឬដឹកទំនិញចូលពីស្រុកយួន មកវិញ។
ក្រុមឈ្មួញ និងអាជីករទាំងនោះ បានខ្សឹបឲ្យឮថា ប្រសិនបើគ្មានការបើកដៃពីនាយប៉ុស្តិ៍នគរបាលច្រកព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមឈ្មួញ មិនអាចដឹកជញ្ជូនស្ករ-ស និងធ្យូង ចេញទៅស្រុកយួន តាមច្រក របៀងក្រសាំងជ្រំ បានឡើយ។ ដូច្នេះហើយទើបពួកគាត់សូមខ្សឹបឱ្យឮដល់លោកស្នងការនគរបាល និងលោក អភិបាលខេត្តស្វាយរៀង មេត្តាជួយពិនិត្យករណីនេះផង ព្រោះពេលនេះ ឈ្មួញកំពុងនាំចេញស្ករ-ស និងធ្យូង តាមច្រករបៀង ក្រសាំងជ្រំ ដែលអាចជាឱកាសនៃការកិបកេងរកផលប្រយោជន៍ពីមន្ត្រីឆ្លៀតឱកាស៕