Saturday, April 27, 2024
Homeតារាខ្មែរមាស សុខសោភា ខកចិត្តមិនអាចយកខេមរៈ សិរីមន្ត ចូលថោន ខណៈបរាជ័យចាប់ដៃលោកព្រាប សុវត្ថិ

មាស សុខសោភា ខកចិត្តមិនអាចយកខេមរៈ សិរីមន្ត ចូលថោន ខណៈបរាជ័យចាប់ដៃលោកព្រាប សុវត្ថិ

តារាចម្រៀងថោន មាស សុខសោភា ដែលក្រាញននៀលមិនព្រមចូលផលិតកម្មរស្មីហង្សមាស នោះ គឺជាអ្នកស្និទ្ធស្នាលជាមួយខេមរៈ សិរីមន្ត ដែរ ទើបលេចឮថា នាងបានព្យាយាមហៅលោកសិរីមន្ត ទៅចូលថោន មុនពេលដែលអតីតតារាចម្រៀងសាន់ដេ រូបនេះ ទៅចូលហង្សមាស តែសោភា ហាក់ចាញ់ប្រៀបឱក សុគន្ធកញ្ញា ដែលជាអ្នកជិតដិតជាមួយសិរីមន្ត ខ្លាំងជាង ទើបធ្វើឱ្យសោភា មានការខកចិត្តជាលើកទី២ បន្ទាប់ពីកន្លងមក បរាជ័យក្នុងការចាប់ដៃគូជាមួយព្រាប សុវត្ថិ…។

មាស សុខសោភា

 

កាលពីឆ្នាំមុន តារាចម្រៀងល្បីឈ្មោះជាងគេរបស់ផលិតកម្មថោន មាស សុខសោភា ស្ទើរតែបានច្រៀងជាដៃគូជាមួយលោកព្រាប សុវត្ថិ ទៅហើយ នៅផលិតកម្មថោន តែត្រូវបានហង្សមាស ចរចាយកតារាល្បីរបស់ខ្លួនទៅវិញ បន្ទាប់ពីមានការលេចឮថា ព្រាប សុវត្ថិ បានចុះកុងត្រាស្ងាត់ៗជាមួយថោន ដោយសារតែមានការអន់ចិត្តជាមួយហង្សមាស។

មាស សុខសោភា ដែលស្តាយមិនបានច្រៀងឆ្លងឆ្លើយជាមួយព្រាប សុវត្ថិ នោះក៏នៅតែបន្តជ្រកកោននៅផលិតកម្មថោន ដដែល គឺមិនព្រមទៅចូលរួម​ជាមួយហង្សមាស ជាដាច់ខាត ទោះជាទ្រនំធំនោះ ព្យាយាមអូសទាញនាងជាច្រើនលើកច្រើនសាក្តី។ ការនៅបន្តផ្ញើខ្លួនជាមួយថោន របស់អ្នកចម្រៀងល្បីឈ្មោះ មាស សុខសោភា នេះហើយ ធ្វើឱ្យតារាមានទឹកដមសំនៀងផ្អែមរូបនេះ នៅតែមិនទាន់អាចរកដៃគូតារាចម្រៀងប្រុសណានៅថោន ដែលមានសមត្ថភាពស័ក្តិសមក្នុងការច្រៀងឆ្លងឆ្លើយជាមួយនាងដដែល រហូតមកដល់ពេលនេះ ទើបលេចឮថា មុននេះ សុខសោភា ដែលជាអ្នកស្និទ្ធស្នាលម្នាក់ជាមួយតារាចម្រៀងខេមរៈ សិរីមន្ត នោះ បានព្យាយាមអូសទាញអតីតតារាសាន់ដេ រូបនេះ ឱ្យទៅចូលរួមទ្រនំថោន ដែរ ដើម្បីជាការច្រៀងដៃគូជាមួយនាង តែរឿងអូសលោកសិរីមន្ត ចូលថោន នេះ ត្រូវបានបរាជ័យទាំងស្រុង ព្រោះថា សិរីមន្ត ជិតដិតជាមួយសុគន្ធកញ្ញា ខ្លាំងជាងសោភា ទើបនៅទីបំផុត ខេមរៈ សិរីមន្ត បានស្ពាយបង្វេចចេញពីសាន់ដេ ទៅផ្ញើខ្លួនជាមួយសុគន្ធកញ្ញា នៅហង្សមាស។

ប្រភពបានឱ្យដឹងថា មាស សុខសោភា មានការស្រពោនចិត្ត ព្រោះតែខកចិត្តផ្ទួនៗ ដោយពីមុនមិនបានចាប់ដៃគូជាមួយព្រាប សុវត្ថិ ហើយពេលនេះក៏របូត សិរីមន្ត ទៅហង្សមាស ចាប់ដៃគូជាមួយសុគន្ធកញ្ញា ទៀត ទើបចុងក្រោយនេះ សុខសោភា នៅតែតែលតោលមិនទាន់រកដៃគូតារាចម្រៀងប្រុសណាដែលមានសមត្ថភាពប្រហាក់ប្រហែលនាងច្រៀងក្រោមដំបូលជាមួយគ្នាឡើយ។

លោកករុណា ពេជ្រ អ្នកចាត់ការទូទៅផលិតកម្មថោន បានឱ្យដឹងថា លោកមិនដែលចង់អូសទាញតារាចម្រៀងរបស់ផលិតកម្មណាម្នាក់ ដែលមិនទាន់ដាច់ស្រេចពីផលិតកម្មចាស់របស់គេឡើយ តែបើតារាមានសមត្ថភាព គឺថោន បើកទ្វារស្វាគមន៍ជានិច្ចតែម្តង។

លោកខេមរៈ សិរីមន្ត

តារាចម្រៀងដែលក្លាយទៅជាអ្នកគ្រប់គ្រងផលិតកម្មថោន រូបនេះអះអាងថា “រឿងមាស សុខសោភា ចង់ច្រៀងជាមួយលោកខេមរៈ សិរីមន្ត នោះ ខ្ញុំមិនបានដឹងទេ ហើយថោន ក៏មិនដែលចរចាអូសទាញសិរីមន្ត ពីសាន់ដេ មុនពេលដែលគាត់ទៅចូលហង្សមាស ដែរ។ ប៉ុន្តែរឿងសុខសោភា និងសីរីមន្ត មានការរាប់អានគ្នាជាមួយលោកសិរីមន្ត នោះ គឺរឿងធម្មតាទេ ជាអ្នកសិល្បៈដូចគ្នា សូម្បីតែខ្ញុំនិងលោកសិរីមន្ត ក៏មានការរាប់អានគ្នាជាធម្មតា ជាអ្នករួមអាជីពដែរ គ្មានបញ្ហាអីទេ។ និយាយទៅ ទម្លាប់ថោន គឺមិនដែលចង់អូសទាញតារាពីផលិតកម្មណាមកចូលយើងនោះទេ តែបើតារាណាគាត់មានសមត្ថភាព ហើយចប់កុងត្រាជាមួយផលិតកម្មចាស់អី ចង់មកយើង គឺថោន ស្វាគមន៍ជានិច្ច។ ខ្ញុំក៏មិនដែលដឹងថា មាស សុខសោភា ចង់ច្រៀងជាមួយសិរីមន្ត នោះទេ គឺមិនដឹងមែន ព្រោះអីនៅថោន ក៏មានតារាប្រុសច្រើនដែរ អីចឹងប្រហែលជាគ្រាន់តែជាការរាប់អានគ្នាអីហ្នឹងមើលទៅ ហើយមុនពេលសិរីមន្ត ទៅចូលហង្សមាស នោះ ថោន ក៏មិនដែលបានអូសទាញគាត់មកយើងនោះដែរ។ គ្រាន់តែថា ថោន សូមស្វាគមន៍តារាដែលមានសមត្ថភាពល្អៗ ចង់ចូលរួមជាមួយយើង ដោយគ្មានការពាក់ព័ន្ធកុងត្រាជាមួយផលិតកម្មចាស់នោះ”។

លោកព្រាប សុវត្ថិ និងមាស សុខសោភា

មាស សុខសោភា ធ្លាប់ចាប់ដៃគូច្រៀងជាមួយលោកករុណា ពេជ្រ ជាច្រើនបទផងដែរ នៅពេលដែលនាងចូលផលិតកម្មថោន ដំបូង។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ សុខសោភា មិនដែលច្រៀងជាមួយលោកពេជ្រ ទៀតឡើយ បន្ទាប់ពីមានព័ត៌មានថា អ្នកទាំង2មានបញ្ហាទំនាស់ជាមួយគ្នា ដោយសោភា បានងាកទៅចាប់ដៃច្រៀងម្តងម្កាល ជាមួយលោកខេម វិញ តែរហូតដល់ចុងឆ្នាំ2017នេះ តារាស្រីល្បីជាងគេនៅថោន រូបនេះ នៅតែមិនទាន់អាចរកដៃគូណាពិតប្រាកដក្នុងការច្រៀងឆ្លងឆ្លើយ និងចាប់ដៃគូជាប្រចាំនៅឡើយ ក្រោយពេលដែលលេចឮថា លោកព្រាប សុវត្ថិ ជិតដើរចេញពីហង្សមាស ទៅហើយ តែចុងក្រោយត្រូវផលិតកម្មធំនេះ ចរចាយកទៅវិញនោះ។

ប្រភពបានឱ្យដឹងថា មាស សុខសោភា សង្ឃឹមថា នឹងបានចាប់ដៃគូថ្មីជាមួយខេមរៈ សិរីមន្ត តែចុងក្រោយលោកសិរីមន្ត បានទៅចូលហង្សមាស ធ្វើឱ្យនាងស្រងាកចិត្តតែម្តង ព្រោះតែខកចិត្តផ្ទួនៗ មិនអាចរកដៃគូណាខ្លាំងប្រហាក់ប្រហែលនាងក្នុងការច្រៀងជាដៃគូប្រចាំបាន។

មាស សុខសោភា កាន់តែក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្មថោន តាំងពីសុគន្ធ និសា ចូលទៅផលិតកម្មរស្មីហង្សមាស វិញ ដោយថោន ថែមទាំងផ្តល់សិទ្ធិឱ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax បន្ថែមទៀតផង ដើម្បីឱ្យនាងមានទីផ្សារកាន់តែខ្លាំងថែមទៀត៕

RELATED ARTICLES