Friday, July 18, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ខួប២៧ឆ្នាំ អត់កាដូសង្សារ

តន់ ច័ន្ទសីម៉ា ខួប២៧ឆ្នាំ អត់កាដូសង្សារ

ភ្នំពេញ ៖ ស្រីស្រស់ តន់ ច័ន្ទសីម៉ា បានធ្វើខួបកំណើតគម្រប់២៧ឆ្នាំ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងស្ងៀមស្ងាត់ តែរហូតមកដល់ពេលនេះ Fan នៅតែផ្ញើសារជូនពរនាង ។

ដូចឆ្នាំមុនៗដែរ តន់ ច័ន្ទសីម៉ា មិនមានការជួបជុំទ្រង់ទ្រាយធំ ដោយធ្វើពិធីជប់លៀងនៅហាង ហៅតារារាប់រយនាក់មកផឹកស៊ីនៅថ្ងៃខួបកំណើតរបស់ខ្លួនទេ ហើយក៏មិនបញ្ចេញមុខសង្សារឲ្យកាដូ ឲ្យគេឃើញដូចតារាល្បីៗដទៃទៀតដែរ តែជាញឹកញាប់ នាងមានតែត្អូញអត់សង្សារ និងថាពិបាកចិត្ត ត្រូវម្ដាយបង្ខំឲ្យយកប្ដី។ ទោះជាយ៉ាងណា គេជឿថា នោះគ្រាន់តែជាការ Drama របស់ស្រីស្រស់ប៉ុណ្ណោះ ព្រោះល្បីនិងមានរូបសម្រស់ស្អាតដូច សីម៉ា ប៉ុណ្ណឹងដែរ រឿងអីរកសង្សារមួយធ្វើថ្នាំមិនបាន?

 តន់ ច័ន្ទសីម៉ា នៅតែជាតួអង្គសំខាន់របស់ Galaxy នៅឆ្នាំ២០២៥ ព្រោះតែព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម បន្ដធ្វើជាដៃគូរបស់នាងតទៅទៀត ដោយគ្មានជម្រើស ព្រោះថៅកែGalaxy អត់បានទិញតារាស្រីជើងខ្លាំងរូបណាយកមកប្រជែងនាងទេ ទោះជាមានតារាស្រី ពីរដួងទៀត ដែលរួមទ្រនំ មានសម្ថភាពមិនចាញ់ច័ន្ទសីម៉ា គឺហ៊ិន លីនដា និងសុខុម រចនា ក្ដី តែស្រីស្រស់ទាំងពីរដួងនេះ មិនមានឱកាសចាប់ដៃជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើយ ដែលបញ្ហានេះហើយ នាំឲ្យនាងសីម៉ា  នៅតែជាតួឯក។

យ៉ាងណា អតីតអ្នកស្មូតលេខ១ ប្រចាំខេត្តតាកែវ ក្លាយខ្លួនជាតារាចម្រៀងសម័យនេះ អាចនឹងមានភាពប្រែ ប្រួលកេរ្ដិ៍ឈ្មោះបានគ្រប់ពេល ប្រសិនបើថៅកែប្ដូរចិត្ត ហ៊ានទិញតារាល្បីស្រីល្បីរូបណាមកប្រជែង ហើយកាត់បន្ថយឲ្យនាងចាប់ដៃជាមួយតារាប្រុសទាំង៣ ខាងលើនេះ ចំពេលដែលនាងសីម៉ា នៅតែមិនព្រមទម្លាក់តម្លៃខ្លួនទៅតាមសំណូមពររបស់អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីមួយចំនួន ជាហេតុធ្វើឲ្យនាងបាត់មុខពីឆាកតន្រ្ដីតូចៗ និងតាមស្ទូឌីយោប៉ុស្ដិ៍ទូរទស្សន៍ សឹងតែទាំងស្រុង នាំឲ្យ Fan នាងខ្លះ ងាកទៅគាំទ្រតារាផ្សេងៗ ។

 តន់ ច័ន្ទសីម៉ា មិនធ្លាប់សន្យាទៅម្ដាយនាងថា អាយុប៉ុន្មាន ទើបបំពេញបំណងម្ដាយរឿងការប្ដីទេ គឺដូចគ្នាទៅនឹងសុខ ពិសី ត្រូវឪពុកជំរុញឲ្យការប្ដី ជាច្រើនឆ្នាំដែរ តែនាងពន្យារពេលរហូត ឥឡូវចូលវ័យ៣៥ឆ្នាំ ។ ប៉ុន្ដែបើពេលនេះ សីម៉ា មានអ្វីៗគ្រប់យ៉ាងដែលខ្លួនស្រមៃចង់បាន ដូចជា ផ្ទះ ឡាន និងភាពល្បីល្បាញ តែបែរជាអភ័ព្វសង្សារមែននោះ មានន័យថា មកពីរូបនាងជាមនុស្សរើសប្ដីពេកនោះឯង ព្រោះកាលពីចុងឆ្នាំ២០២៤ មានឯក ឧត្តមម្នាក់ឈ្មោះសេរីរតនា នោះ បានប្រកាសសារភាពស្នេហ៍នាងជាសាធារណៈ តែសីម៉ា បែជាមិនឆ្លើយតប ឬយកភ្នែកមើលប្រុសនោះទៅវិញ ។

ប្រភពបានឲ្យដឹងថា ការដែលសីម៉ា គ្មានអារម្មណ៍រំភើបប៉ុនក្រចកដៃ ពេលឮឯកឧត្តមតាមហ្វេសបុក សុំស្រ លាញ់នោះ ព្រោះតែមុននេះ ក៏មានលោកឧកញ៉ាពោះម៉ាយម្នាក់ តាមស្នេហ៍នាងយ៉ាងស្អិតដែរ តែក្រោយមក បុរសនោះបែរជាទៅយកប្រពន្ធអ្នកមេម៉ាយទ្រព្យស្ដុកទៅវិញ ។

មានការកត់សម្គាល់ថា តន់ ច័ន្ទសីម៉ា មិនសូវលេចធ្លោខ្លាំងដូចមុនទេ រយៈពេលចុងក្រោយនេះ ព្រោះអត់សូវសម្រុកចេញបទច្រើនដូចមុន តែថ្មីៗនេះ គេឃើញនាងចាប់ផ្ដើមថតបទប្រពៃណីខ្មែរ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ហើយប្រសិនបើមានបទផ្ទុះទៀតនោះ មានន័យថា នៅឆ្នាំ២០២៥ នេះ នៅតែមិនទាន់មានតារាស្រីរូបណាអាចផ្ដួលនាងបានដដែល ក្រោយនាងមានប្រៀបជាងគេ ក្នុងទីផ្សារចម្រៀងផ្នែកយុវវ័យ តាំងពីឆ្នាំ២០២០ ។          

ក្រៅពី តន់ ច័ន្ទសីម៉ា តារាដែលត្រូវឪពុកម្ដាយជំរុញឲ្យការប្ដី មានដូចជា សុខ ពិសី, អ៊ីវ៉ា, នី មុនីនាថ និងបេប៊ី ជាដើម ៕

RELATED ARTICLES