Friday, March 29, 2024
Homeតារាខ្មែរបញ្ញា សិទ្ធ ភ័យព្រលឹងសាន ស្រីឡៃ មកលេង  រត់ទៅស្រោចទឹក

បញ្ញា សិទ្ធ ភ័យព្រលឹងសាន ស្រីឡៃ មកលេង  រត់ទៅស្រោចទឹក

ភ្នំពេញ ៖ តារាចម្រៀងបញ្ញា សិទ្ធ ដែលទើបនឹងទទួលរងការចោទប្រកាន់ថា ជាជនទី៣ បណ្តាលឱ្យតារាចម្រៀង សាន ស្រីឡៃ ត្រូវប្តីបាញ់សម្លាប់យ៉ាងព្រៃផ្សៃនោះ បានអះអាងថា ព្រលឹងរបស់សាន ស្រីឡៃ បានមកលេងជាមួយខ្លួន តាមរយៈការបញ្ចោញសំឡេងជាសត្វឆ្មាយំក្នុងរថយន្តផង និងការមកពន្យល់សប្តិប្រលែងលេងជាមួយខ្លួនផង។ ដោយសារតែរឿងរ៉ាវមិនល្អ ចេះកើតមានឡើងផ្ទួនៗបែបនេះ រហូតដល់សូម្បីព្រលឹងសាន ស្រីឡៃ ក៏មកលេងជាមួយខ្លួនទៀតនោះ ទើបបញ្ញា សិទ្ធ បានរត់ទៅវត្ត ដើម្បីឱ្យព្រះសង្ឃជួយស្រោចទឹករំដោះគ្រោះ និងលើករាសីឡើងវិញ។

កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀង បញ្ញា សិទ្ធ បានធ្វើដំណើរទៅកាន់វត្តប្រាសាទ ដែលមានទីតាំងនៅក្បែរភ្នំបាសិត ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌសែនសុខ ដើម្បីសុំឱ្យព្រះសង្ឃជួយស្រោចទឹករំដោះគ្រោះ និងលើករាសីឡើងវិញ។ ក្រោយពីស្រោចទឹករំដោះគ្រោះរួច លោកបញ្ញា សិទ្ធ ក៏បានបង្ហោះសារថា “សូមឱ្យគ្រោះចង្រៃរលាយបាត់ចាប់ពីថ្ងៃនេះតទៅ សូមឱ្យអ្វីៗទាំងអស់នឹងប្រសើរឡើង អំពើល្អ គឺមិនចេះសាបសូន្យ។ អរគុណពុកម៉ែ បងប្អូនទាំងអស់ ដែលបានផ្តល់កំលាំងចិត្តដល់ក្មេងម្នាក់នេះ…”។

លោកបញ្ញា សិទ្ធ និងសាន ស្រីឡៃ (កាលនៅរស់)

ដោយឡែក នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកនាង លី ម៉ារីណា និងអ្នកនាងម៉ៅ ស៊ីណាត លោកបញ្ញា សិទ្ធ បានរំលឹកពីថ្ងៃកើតហេតុ មុនការបាញ់សម្លាប់តារាចម្រៀងសាន ស្រីឡៃ ថា “នៅថ្ងៃកើតហេតុហ្នឹង ពួកខ្ញុំថា ណាត់គ្នាទៅមើលកុននៅផ្សារទំនើបអ៊ីអន ដោយក្នុងនោះ មានខ្ញុំ ស្រីឡៃ និងមិត្តភក្តិម្នាក់ទៀត ដែលជាតារាចម្រៀងដូចគ្នា ពេលហ្នឹង គាត់ទើបចេញពីថតសំឡេងនៅហង្សមាសវិញ  គាត់ថាទៅម៉ាស្សាមុខនៅវីតាឡុងហ្គា សិន ហើយចាំល្ងាច ចាំតេរកគ្នា ស្រាប់តែមិនបានប៉ុន្មានផង ក៏កើតរឿងបែបនេះតែម្តង…”។

លោកបញ្ញា សិទ្ធ បន្តថា “អនុស្សាវរីយ៍ដែលពួកយើងមានជាមួយគ្នា បំភ្លេចមិនបាន ដូចជានៅកន្លែងច្រៀង គាត់ថា បងហា៎ ខ្ញុំចង់ទិញឡាន អូឌី ជិះណាស់បង ខ្ញុំក៏តបថា ចឹង អូនឯងសន្សំលុយទៅ អូនឯងច្រៀងខនសឺត មួយរដូវខនសឺត គាត់ក៏ថា ហ្នឹងហើយ ខ្ញុំកំពុងសន្សំលុយជិតបានហើយ គេចង់ជិះឡាន អូឌី ណាស់ ចង់ដូឡាន RX ហ្នឹងចោលណាស់ តែខ្ញុំដឹងថា ឡានហ្នឹងស្រីឡៃ បង់រំលោះនៅឡើយ  តែនាងបានលាក់មួយទៀត ស្រីឡៃ ចង់ចេះរាំ គាត់ថាឃើញបងសិទ្ធ ឯងរាំស្អាតណាស់ ជួយបង្ហាត់ខ្ញុំតិចមក អ្នកនាងពេជ្រ សោភា ក៏គាត់និយាយ ដេវីត ក៏គាត់និយាយ គឺគាត់ខំប្រឹងប្រែងមែនទែនក្នុងសិល្បៈ…”។

លោកបញ្ញា  សិទ្ធ បានបញ្ជាក់ឡើងវិញពីទំនាក់ទំងរវាងខ្លួន និងតារាចម្រៀងសាន ស្រីឡៃ ថា “ខ្ញុំបាទចង់បញ្ជាក់ជាថ្មីម្តងទៀតថា រវាងខ្ញុំនិងស្រីឡៃ គឺគ្មានអ្វីក្រៅពីបងប្អូន និងមិត្តភក្តិនោះទេ គឺមិនអាចស្រលាញ់បានទេ ដោយសារខ្ញុំក៏ដឹងដែរថា គាត់មានស្វាមី ខ្ញុំក៏ដឹងដែរថា គាត់មានកូន ហើយខ្ញុំក៏ដឹងខ្លួនខ្ញុំដែរ ថា ខ្ញុំជាអ្នកណាគេ ដល់ថ្នាក់ព្រឹកមិញសង្សារខ្ញុំគាត់ខលមកពីស្រុកក្រៅ គាត់នៅប្រទេសអូស្ត្រាលី គាត់ខលមកសួរខ្ញុំថា ម៉េចហើយ ឃើញអត់ គាត់ប្រាប់អត់ជឿទេ ថ្ងៃក្រោយកុំថតរូបបង្ហោះចឹងទៀត ព្រោះយើងជាសិល្បករ ហើយសុំឱ្យខ្លួនយើង ដឹងខ្លួនយើងជាអ្នកណាទៅ មិនបាច់ចាំទៅប្រាប់គេ ឱ្យសព្វគ្រប់នោះទេ… យ៉ាងណាខ្ញុំសូមសំណូមពរបងប្អូនដែលគិតខុស ដែលមើលឃើញសារព័ត៌មាន សូមកុំវាយតម្លៃទៅលើត្រឹមតែរូបថតប៉ុន្មាន សូមដឹងដំណឹងឱ្យបានច្បាស់សិន មុននឹងថា ស្តីជេរ ដោយប្រើពាក្យធ្ងន់ៗ ទាំងមិនទាន់ដឹងរឿង សូមបងប្អូនបើកចិត្តឱ្យទូលាយ និងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងវាយតម្លៃលើអ្វីមួយ…”។

ដោយឡែក ទាក់ទងទៅនឹងការអះអាងថា ព្រលឹងរបស់តារាចម្រៀងសាន ស្រីឡៃ បានមកលេងជាមួយខ្លួនវិញនោះ លោកបញ្ញា សិទ្ធ បានរៀបរាប់ប្រាប់ថា “ពេលដែលខ្ញុំទៅអុជធូប ពេលនោះ អ្នកសិល្បៈយើងបានទៅអុជធូបអីអស់ហើយ ប៉ុន្តែខ្ញុំមិនទាន់បានទៅ ព្រោះរវល់ រហូតដល់ម៉ោង៥ល្ងាច ទើបខ្ញុំបានទៅដល់វត្ត ជួបម៉ាក់គាត់ និងប្អូនស្រីគាត់ នៅក្នុងវត្តស្ងាត់មែនទែន មានបងប្រុសកៅ សីហា គាត់នៅប្រចាំការទីនោះ ហើយពេលខ្ញុំអុជធូបអីហើយ ខ្ញុំក៏អង្គុយយំនៅជិតក្តារមឈូស ស្រីឡៃ ខ្ញុំនិយាយ ក្នុងអារម្មណ៍ខ្ញុំថា ខ្ញុំសោកស្តាយ សូមឱ្យប្អូនទៅកាន់សុគតិភព ហើយកុំឱ្យដូចជាតិនេះទៀត កុំឱ្យបារម្ភពីរឿងអីផ្សេងទៀត បន្ទាប់មក ខ្ញុំក៏ចេញឡានមកវិញ ប្រហែលជាម៉ោង៦កន្លះ ទៅម៉ោង៧យប់ ជាមួយនឹងមិត្តភក្តិខ្ញុំម្នាក់ទៀត លុះចេញមកពីវត្តបានប្រមាណ៥នាទី ខ្ញុំក៏ឮសំឡេងឆ្មាស្រែកនៅក្នុងឡានខ្ញុំ ស្រែកម៉េវៗ ខ្លាំងទៅៗ ខ្ញុំស្មានតែសំឡេងទូរស័ព្ទ ក៏ចុចទូរស័ព្ទមើល តែអត់ឃើញអីទេ ខ្ញុំមើលម៉ាញ៉េ ក៏អត់មានដែរ ខ្ញុំក៏សួរមិត្តភក្តិខ្ញុំ មានឮសំឡេងអីអត់? គាត់ក៏ថា ឮសំឡេងឆ្មា ទើបស្មានថាឆ្មានៅក្រោមកៅអី ក៏ឈប់ឡានមើលកាយរកមើលក្នុងខោអាវអីទាំងអស់ និងថែមទាំងទៅបើកម៉ាស៊ីនឡានមើលទៀត តែអ្វីក៏មិនឃើញ ប៉ុន្តែបាត់សំឡេងឆ្មានោះ លុះពេលខ្ញុំបើកឡានបន្តទៀត ក៏ឮសំឡេងឆ្មាស្រែកទៀត ឮញាប់ទៅៗ ខ្លាំងទៅៗក្នុងត្រចៀកយើង នេះគឺជារឿងពិត បងប្អូនទាំងអស់គ្នា បើខ្ញុំនិយាយកុហក ខ្ញុំធានា ដាក់ក្បាលខ្ញុំ ខ្ញុំគិតថា ប្អូនស្រីឡៃ មកលេង ព្រោះពេលធ្វើការជាមួយគ្នា ស្រីឡៃ ចូលចិត្តលេងសើចធ្វើសំឡេងសត្វនេះសត្វនោះ ចំណែកមិត្តភក្តិរបស់ខ្ញុំម្នាក់ទៀត មានអារម្មណ៍ថា ព្រឺរោម បន្ទាប់មកខ្ញុំក៏និយាយថា ស្រីឡៃ អូនចង់ប្រាប់អីបង អូនទៅពន្យល់សប្តិបងទៅ អូនទៅវត្តវិញទៅណា តែប៉ុណ្ណឹងគឺបាត់ឈឹងរហូត ខ្ញុំបើកឡានមកទៀត ដោយគ្មានឮអ្វីទៀតឡើយ ខ្ញុំថារឿងនេះ មិនមែនជាការយកមកលេងសើច យកគេស្លាប់ទៅហើយ មកលេងសើចបានទេ លុះមកដល់ព្រឹកបន្ទាប់នៅម៉ោងប្រមាណ៦កន្លះព្រឹក ខ្ញុំក៏ខលទៅរកលោកងួន ចាន់ដេវីត ដើម្បីទៅចូលរួមពិធីបូជាសពស្រីឡៃ នៅម៉ោង៩ព្រឹក ហើយខ្ញុំក៏ទៅដល់វត្តម៉ោង៨ លុះបូជាសពរួច ពេលថ្ងៃខ្ញុំអស់កម្លាំងមែនទែន នៅម៉ោងប្រហែល១២ថ្ងៃត្រង់ ខ្ញុំគេង ក៏ស្រាប់តែយល់សប្តិឃើញស្រីឡៃ មកលេងជាមួយខ្ញុំតែម្តង ដោយមកប្រលែងលេងទាញជើង ដាស់ខ្ញុំឱ្យភ្ញាក់ លុះខ្ញុំភ្ញាក់ឡើង ខ្ញុំគិតថាខ្ញុំយល់សប្តិ តែមួយសន្ទុះ២ដង ទើបខ្ញុំគិតថា ស្រីឡៃ ប្រហែលជាមកលេងខ្ញុំតែម្តង…”។

លោកបញ្ញា សិទ្ធ និងអ្នកនាងលី​ ម៉ារីណា

យោងតាមការអះអាងរបស់តារាចម្រៀង បញ្ញា សិទ្ធ មួយរយៈនេះ លោកហាក់កើតមានរឿងរ៉ាវមិនល្អផ្ទួនៗតែម្តង ក្នុងនោះ លោកកំពុងពិបាកចិត្តពីរឿងម្តាយឈឺមិនទាន់ត្រឡប់មកពីពេទ្យនៅប្រទេសថៃ នៅឡើយ ស្រាប់តែមកជួបរឿងស្រីឡៃ ត្រូវប្តីបាញ់សម្លាប់ទៀត ហើយរឿងកាន់តែធំបំផុតនោះ គឺនៅសុខៗ ស្រាប់តែមានគេមកចោទប្រកាន់ថា លោកគឺជាមនុស្សទី៣ ដែលចូលទៅជ្រៀតជ្រែកស្នេហ៍គេ ធ្វើឱ្យប្តីប្រពន្ធគេ មានបញ្ហារហូតក្លាយជាអំពើឃាតករដ៏ឃោរឃៅ ទាំងដោយសាមីខ្លួនលោកមិនបានដឹងរឿងអ្វីសោះ ស្រាប់តែគេពឹងលើរូបថត២-៣សន្លឹក មកចោទប្រកាន់លោកថា ជាអ្នកនាំហេតុទៅវិញ ហើយចុងក្រោយនេះ សូម្បីតែព្រលឹងរបស់ស្រីឡៃ ក៏បានមកលេងជាមួយលោកទៀតផង ហេតុនេះ លោកចាំបាច់ត្រូវស្រោចទឹករំដោះគ្រោះ និងលើករាសីចេញទើបបាន…៕

RELATED ARTICLES