Saturday, April 20, 2024
Homeតារាខ្មែរបញ្ញា សិទ្ធ ភ័យខ្លួន គេចោទលួចទាក់ទងស្នេហ៍សាន ស្រីឡៃ

បញ្ញា សិទ្ធ ភ័យខ្លួន គេចោទលួចទាក់ទងស្នេហ៍សាន ស្រីឡៃ

ភ្នំពេញ ៖ ឃាតកម្មបាញ់សម្លាប់តារាចម្រៀង សាន ស្រីឡៃ យ៉ាងសាហាវឃោរឃៅ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្បែរស្ថានីយទូរទស្សន៍អប្សរា បានបង្កឱ្យមហាជនមានការភ្ញាក់ផ្អើល និងរន្ធត់ចិត្តយ៉ាងខ្លាំង ស្របជាមួយនេះ ក៏ស្រាប់តែមានព័ត៌មានបែកធ្លាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ទៅលើតារាចម្រៀង បញ្ញា សិទ្ធ ថាជាជនទី៣ មានទំនាក់ទំនងស្នេហាជាមួយសាន ស្រីឡៃ ទើបឈានដល់ការកើតមានករណីបាញ់សម្លាប់សាន ស្រីឡៃ បែបនេះ។

ក្រោយពីតារាចម្រៀង សាន ស្រីឡៃ ត្រូវបានប្តីបាញ់សម្លាប់រួចមក ស្រាប់តែគេឃើញមានការបង្ហោះរូបភាពកៀកកើយយ៉ាងជិតស្និទ្ធរវាងតារាចម្រៀង សាន ស្រីឡៃ និងលោកបញ្ញា សិទ្ធ ព្រមទាំងមានសារឆ្លើយឆ្លងគ្នាមួយចំនួនទៀតផង រហូតធ្វើឱ្យក្រុមអ្នកប្រើប្រាស់ហ្វេសប៊ុក ចោទប្រកាន់ថា បញ្ញា សិទ្ធ គឺជាជនទី៣ លួចទាក់ទងស្នេហាជាមួយសាន ស្រីឡៃ ទើបធ្វើឱ្យប្តីនាងទ្រាំលែងបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតទាំង២នាក់បែបនេះ។

ភ្លាមៗ ក្រោយព័ត៌មានខាងលើ ត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀង បញ្ញា សិទ្ធ បានចេញមុខប្រតិកម្មខ្លាំងៗចំពោះការចោទប្រកាន់ខាងលើ ដោយបានធ្វើការ  Live Video​បកស្រាយនូវរាល់មន្ទិលទាំងឡាយ ទាក់ទងនឹងរូបភាពកៀកកើយ និងសារឆ្លើយឆ្លងរបស់ខ្លួន។

តាមរយ Video Live រយៈពេល៩នាទី និង០៦វិនាទី តារាចម្រៀងបញ្ញា សិទ្ធ បានរៀបរាប់ថា “ខ្ញុំសូមធ្វើការបកស្រាយទាក់ទងទៅនឹងប្អូនស្រីឡៃ ជាដំបូង ខ្ញុំបាទបញ្ញា សិទ្ធ សូមអនុញ្ញាតគោរព និងជំរាបសួរដល់ពុកម៉ែ បងប្អូនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ហើយជាពិសេសសូមគោរពដល់បងៗសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ ខ្ញុំចង់និយាយទាក់ទងទៅនឹងរឿងបណ្តាសារព័ត៌មានដែលចុះផ្សាយខ្ញុំផ្ទាល់ ហើយជាពិសេស ខ្ញុំឃើញពុកម៉ែបងប្អូនជាច្រើន ដែលស៊ែររូបខ្ញុំនៅក្នុងហ្វេសប៊ុក ស៊ែរទាំង​ Acount ខ្ញុំ ស៊ែរទាំងអាខោនប្អូនស្រីឡៃ ខ្ញុំចង់និយាយថា សម្រាប់បងៗសារព័ត៌មានទាំងអស់ ដែលចុះផ្សាយរូបខ្ញុំ ដែលថា មានទំនាក់ទំនងស្នេហាជាមួយប្អូនស្រីឡៃ ខ្ញុំចង់ជំរាបជូនថា អ្នកទាំងអស់គ្នា ក៏ដូចជាបណ្តាសារព័ត៌មាន មានដឹងរឿងខ្ញុំច្បាស់អត់? ដែលថាខ្ញុំនឹងទាក់ទងជាមួយប្អូនស្រីឡៃ មានដឹងច្បាស់អត់ ហើយជាពិសេសអ្នកដែលស៊ែរ អ្នកដែលខមិន ទៅនឹងរូបខ្ញុំ ជេរខ្ញុំ ថាឱ្យខ្ញុំ ខ្ញុំសួរថាដឹងច្បាស់អត់ ដំបូងឡើយ ខ្ញុំអត់ចង់ឡាយហ្វេសប៊ុកទេ ព្រោះអីពេលនេះខ្ញុំកំពុងតែកាន់ទុក្ខ និងពិបាកចិត្ត ដែលខ្ញុំបាត់បង់មិត្តភក្តិដ៏ស្និទ្ធស្នាលម្នាក់គឺសពរបស់ប្អូនស្រីឡៃ គឺឥឡូវនេះកំពុងធ្វើពិធីបុណ្យសព គឺខ្ញុំអត់ចង់ឡាយហ្វេសប៊ុក និយាយរឿងហ្នឹងទេ ប៉ុន្តែខ្ញុំឃើញបណ្តាសារព័ត៌មាន ខ្ញុំឃើញបងប្អូនស៊ែរកាន់តែច្រើនទៅៗ កាន់តែធ្វើឱ្យរឿងហ្នឹងកាន់តែក្តៅគគុក គឺខ្ញុំពិបាកចិត្ត ក្នុងនាមខ្ញុំជាសិល្បករម្នាក់ ហើយនឹងប្អូនស្រីឡៃ ដែលជាអ្នកបម្រើការងារជាមួយគ្នានៅក្នុងក្លឹបរាត្រី ដែលជាតារាចម្រៀងច្រៀងជាមួយគ្នា និងមានតារាចម្រៀងជាច្រើនទៀត ដែលខ្ញុំជាមួយនឹងគាត់រាប់អានគ្នាស្និទ្ធស្នាលដូចជាបងប្អូនបង្កើតអីចឹង ម៉ាក់គាត់ក៏ដឹង ទាំងប្អូនស្រីគាត់ក៏ដឹង មិត្តភក្តិជាច្រើនទៀតរបស់ខ្ញុំ នៅក្នុងវិស័យសិល្បៈក៏ដឹងដែរ អីចឹងខ្ញុំសូមឱ្យបណ្តាសារព័ត៌មានសូមចុះផ្សាយឡើងវិញ សូមសរសេរឡើងវិញ វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្អូនស្រីឡៃ ដែលគាត់បានទទួលមរណភាពហើយនោះ ហេតុអីបានមិនផ្តល់កិត្តិយសឱ្យគាត់អីចឹង? មិនមែនខ្ញុំថតរូបបង្ហោះក្នុងហ្វេសប៊ុកជាមួយគាត់ស្និទ្ធស្នាលរបៀបហ្នឹងទេ គឺមានច្រើនទៀត មានអ្នកច្រើនទៀតដែលគាត់ផូស ហេតុអីមិនយកមកចុះផ្សាយទៅ? មួយទៀតខ្ញុំចង់បញ្ជាក់រឿងមួយទៀត ខ្ញុំផូសរូបជាមួយគាត់ហ្នឹង គ្រាន់តែផូសលើហ្វេសប៊ុកជាមួយនឹងគាត់ ហើយខ្ញុំថតលេងជាមួយនឹងគាត់ហ្នឹង គឺចង់និយាយថា ផូសតាំងពីយូរយាណាស់មកហើយ មិនមែនទើបតែផូសឥឡូវទេ ហេតុអីពីពេលនោះ មិននាំគ្នាយករឿងហ្នឹងមកថាឱ្យស្រីឡៃ មកថាឱ្យខ្ញុំទៅ ថាលួចទាក់ទងគ្នា មានស្នេហាគ្នា មិននាំគ្នាថាទៅ? ចុះហេតុអីពេលប្អូនស្រីឡៃ ទទួលមរណភាពហើយ បាននាំគ្នាមកថា ខ្ញុំសូមបណ្តាសារព័ត៌មានទាំងអស់ ខ្ញុំសូមបងប្អូនទាំងអស់ ដែលសរសេរ ដែលស៊ែរ ដែលជេរ សូមអ្នកទាំងអស់គ្នាយល់ដឹងផង សូមអ្នកទាំងអស់ គ្នាគួរឱ្យប្អូនស្រីឡៃ លាចាកលោកទៅដោយស្ងប់ផងចុះ កុំឱ្យគាត់ទទួលមរណភាពហើយ ខូចកេរ្តិ៍ឈ្មោះគាត់ទៀត ហើយទី២ គឺវាអាចនឹងប៉ះពាល់ដល់ខ្ញុំ នឹងមានបញ្ហាដល់ខ្ញុំ ប្រសិនបើស្រីឡៃ គាត់នៅរស់ មានរឿងហ្នឹងកើតឡើង គាត់អាចបកស្រាយបាន ចុះឥឡូវគាត់ទទួលមរណភាពហើយ តើអ្នកណាគេអ្នកបកស្រាយរឿងហ្នឹងបាន? ខ្ញុំសួរចុះបងប្អូនខាងប្រុស គេមានដឹងថាខ្ញុំរាប់អានគ្នាទេ ចុះបើឃើញសារព័ត៌មាន ឃើញបងប្អូនស៊ែររហូតហ្នឹង គេមិនយល់ច្រឡំថាខ្ញុំនេះ មានលួចទំនាក់ទំនងស្នេហាជាមួយគ្នា  ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាជួយស៊ែរ វីដេអូមួយនេះ ខ្ញុំសូមបណ្តាសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយសូមឱ្យតេមកសួរខ្ញុំសិន សូមឱ្យខ្ញុំនេះបានបកស្រាយខ្លះ កុំឱ្យឃើញសារព័ត៌មានចុះរូបប៉ុន្មានសន្លឹក យកមកចុះផ្សាយ យកមកថាឱ្យខ្ញុំ ចុះបើសិនជាខាងប្រុសគេមិនដឹង បងប្អូនគេនោះ មិនធ្វើឱ្យខ្ញុំនេះមានបញ្ហា មានគ្រោះថ្នាក់អីទៅ តើបងប្អូនគិតយ៉ាងម៉េច? អ្នកណាទទួលខុសត្រូវ ឥឡូវសូមបងប្អូនជួយគិតមើលទៅ តើធ្វើចឹងអយុត្តិធម៌ទេ មានអ្នកស៊ែរ អ្នកជេរនៅក្នុងហ្វេសប៊ុកច្រើនណាស់ ខ្ញុំអត់ចង់ឆ្លើយតបទេ ដោយសារខ្ញុំកំពុងពិបាកចិត្ត ចូលរួមកាន់ទុក្ខសពរបស់ប្អូនស្រីឡៃ ចឹងថ្ងៃនេះខ្ញុំចង់បកស្រាយប៉ុណ្ណឹង ចង់និយាយប្រាប់បងប្អូន និងសារព័ត៌មាន សូមឱ្យសាន ស្រីឡៃ ទៅឱ្យបានសុខចុះ កុំមើលងាយគាត់ មិនមែនរឿងដែលគាត់មកទាក់ទងជាមួយខ្ញុំ បណ្តាលឱ្យស្វាមីរបស់គាត់បាញ់សម្លាប់នោះទេ មិនមែនរឿងហ្នឹងទេ គឺរឿងអីផ្សេងទៀតដែលបងប្អូនមិនដឹង ធម្មតាចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ បងប្អូនមិនដឹងទេ រឿងស៊ីជម្រៅរបស់គាត់ជាមួយនឹងស្វាមីគាត់ ចឹងកុំយល់ច្រឡំទៀត ថាខ្ញុំលួចទាក់ទងជាមួយសាន ស្រីឡៃ សុំបញ្ឈប់ការស៊ែរបែបនេះទៀត…”។

គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ សព្វថ្ងៃជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានបុរសជាស្វាមី ផ្ទុះភ្លើងប្រចណ្ឌបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ចំណែកខ្មាន់កាំភ្លើងជាប្តី បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង ចំសៀតផ្កា ១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធគួរឱ្យរន្ធត់ បន្សល់ទុកនូវកូនប្រុសតូចៗ២នាក់ រស់នៅកំព្រាឯកា គ្មានទីពឹង៕

RELATED ARTICLES