Thursday, March 28, 2024
Homeព័ត៌មានជាតិរូបសម្រស់ស្រស់ស្អាត តែគួរឲ្យស្តាយនាងត្រូវ... ពេលនេះគ្រួសារសុំសម្ភារៈមកបញ្ចុះជាមួយសព

រូបសម្រស់ស្រស់ស្អាត តែគួរឲ្យស្តាយនាងត្រូវ… ពេលនេះគ្រួសារសុំសម្ភារៈមកបញ្ចុះជាមួយសព

ខេត្តរតនគិរី ៖ ក្រុមគ្រួសារនារីរងគ្រោះដែលត្រូវជនដៃដល់ជាឃាតករចិត្តឃោរឃៅ រំលោភសេពសន្ថវៈសម្លាប់យ៉ាងសាហាវព្រៃផ្សៃ និងបានប្លុងសពចោលនៅក្នុងព្រៃចម្ការដំឡូងមួយកន្លែង នៅចំណុចភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ បានស្នើសុំឱ្យលោកព្រះរាជអាជ្ញា ប្រគល់សម្ភារៈផ្ទល្ទា់ខ្លួន ដើម្បីយកមកបញ្ចុះជាមួយសពនារីរងគ្រោះ។

លោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ បានដឹកនាំព្រះរាជអាជ្ញារង លោកឧត្តមសេនីត្រីផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ព្រមទាំងនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះទៅពិនិត្យកន្លែងកើតហេតុ និងនាំយកថវិការផ្ទាល់ខ្លួន ចំនួន១លាន ៤សែន ២ម៉ឺនរៀល ទៅចូលបុណ្យសពនារីរងគ្រោះផងដែរ។

នៅចំពោះមុខលោកព្រះរាជអាជ្ញា ឪពុកម្តាយសពនារីរងគ្រោះ បានអង្វរយ៉ាងទទូច សុំឱ្យលោកព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធម៌ឱ្យកូនស្រីគាត់ និងរកជនដៃដល់យកមកផ្តន្ទាទោសឱ្យខាងតែបាន ដើម្បីឱ្យវិញ្ញាណក្ខន្ធកូនស្រីពួកគាត់បានទៅកាន់សុគតិភពដោយស្ងប់ចិត្តផង។ ទន្ទឹមនឹងនេះ ឪពុកម្តាយសពក៏បានស្នើសុំដល់លោកព្រះរាជអាជ្ញា ប្រគល់សម្ភារៈផ្ទាល់ខ្លួនទាំងអស់របស់កូនស្រីគាត់ មកបញ្ចុះជាមួយសព តាមទំនៀមទម្លាប់ប្រពៃណីជនជាតិដើមភាគតិច លើកលែងតែម៉ូតូ និងទូរស័ព្ទ។

ជាការឆ្លើយតប លោកព្រះរាជអាជ្ញា បានថ្លែងបញ្ជាក់នៅចំពោះមុខឪពុកម្តាយនារីរងគ្រោះថា ក្រុមសមត្ថកិច្ចជំនាញ និងតុលាការ ប្តេជ្ញាចិត្តថា នឹងស្រាវជ្រាវវែកមុខរកឃាតករ ដើម្បីចាប់ចាប់ខ្លួនយកមកផ្តន្ទាទោសឱ្យទាល់តែបាន។ ជាមួយនេះ លោកព្រះរាជអាជ្ញាក៏បានពិភាក្សាភ្លាមៗជាមួយលោកស្នងការរង ដើម្បីសម្រួលសម្ភារៈផ្ទាល់ខ្លួនរបស់នារីរងគ្រោះ ដូចជាខោ កាបូបស្ពាយ ព្រមទាំងសៀវភៅ និងឯកសារផ្សេងៗទៀត ប្រគល់ឱ្យឪពកម្តាយសពផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មរំលោភសេពសន្ថវៈសម្លាប់យ៉ាងសាហាវព្រៃផ្សៃមួយបានកើតឡើងនៅចំណុចក្បែររោងចម្ការដំឡូងមីមួយកន្លែង ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ដោយនារីវ័យក្មេងជាសិស្សសាលាម្នាក់ ត្រូវបានឃាតករដៃឆៅមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេច និងសម្លាប់យ៉ាងព្រៃផ្សៃបំបិទមាត់ រួចប្លុងសពអាក្រាតកាយចោលនៅក្នុងព្រៃចម្ការដំឡូង រហូតដល់សពមានសភាពហើមរលួយ ទើបមានអ្នកភូមិប្រទះឃើញ និងផ្អើលឆោឡោឡើង។

សពនារីរងគ្រោះខាងលើ មានឈ្មោះកេល លាភ អាយុ១៨ឆ្នាំ ជាជនជាតិទំពួន និងជាសិស្សរៀននៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើក្បែរសាលា ដោយទទួលបានការឧបត្ថម្ភពីអង្គការអាយដាល សង្គ្រោះជនជាតិដើមភាគតិចក្រីក្រ។

តាមសម្តីបុរសឈ្មោះខាំ ឡាកេល ត្រូវជាឪពុកបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ត្រូវបានអង្គការអាយដាល ជួយឧបត្ថម្ភទំនុកបម្រុងឱ្យរៀនសូត្រ ដោយថែមទាំងបានចេញថ្លៃជួលផ្ទះឱ្យស្នាក់នៅជិតសាលារៀនទៀតផង ហើយនៅថ្ងៃសម្រាក ទើបកូនស្រីត្រឡប់មកលេងផ្ទះ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ដោយសារតែចំថ្ងៃអាទិត្យ ប៉ុន្តែមិនឃើញកូនស្រីវិលមកលេងផ្ទះ ទើបគាត់នឹកឆ្ងល់ក៏ទូរស័ព្ទទៅកូនស្រី តែមិនចូលសោះ ពេលនោះគាត់ជាឪពុកនឹកគិតថា ប្រហែលកូនស្រីជាប់រវល់រៀនហើយ ទើបមិនមកផ្ទះ និងថែមទាំងបិទទូរស័ព្ទបែបនេះ ហើយក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។

ប្រភពដដែលបានបន្តថា រហូតដល់ព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានអ្នកច្រូតសណ្តែកម្នាក់ បានប្រទះឃើញម៉ូតូកូនស្រីរបស់គាត់ ហើយក៏ថតរូបផ្ញើមកឱ្យគាត់មើល ទើបគាត់ដឹងថា ពិតជាម៉ូតូរបស់កូនស្រីមែន។ បន្ទាប់មក ក៏នាំគ្នាតាមរកមើល ស្រាប់តែប្រទះឃើញសពកូនស្រីដេកស្លាប់ទាំងអាក្រាតកាយ នៅចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែង ប្រទះឃើញម៉ូតូនោះ ស្ថិតនៅក្នុងចម្ការដំឡូងកើតហេតុខាងលើតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ កម្លាំងប៉ុស្តិ៍ គ្រូពេទ្យខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ក្នុងអំពើឃាតកម្មរំលោភសេពសន្ថវៈសម្លាប់ប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីវែកមុខជនដៃដល់ជាឃាតករ នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES