Friday, April 26, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ដឹកដៃនី រតនា ធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើលនៅសណ្ឋាគារសុខា

រ៉េត ស៊ូហ្សាណា ដឹកដៃនី រតនា ធ្វើឲ្យភ្ញៀវភ្ញាក់ផ្អើលនៅសណ្ឋាគារសុខា

ស្រីស្អាតធ្មេញច្រពើសសាច់សខ្ចីរបស់ផលិតកម្មរស្មីហង្សមាស ម្ចាស់បទ ”ឈប់” រ៉េត ស៊ូហ្សាណា បានធ្វើឲ្យភ្ញៀវជាច្រើនភ្ញាក់ផ្អើលពេលចូលរួមកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ (CBL Wedding Patner’s Day) រៀបចំនៅសណ្ឋាគារសុខាភ្នំពេញ កាលពីរាត្រីថ្ងៃទី២០ ខែតុលានោះ បានលើកទូរស័ព្ទដៃព្រោងព្រាតថតនាងនៅពេលដែលស្រីក្មេងរូបនេះបានច្រៀងបទល្បីៗរបស់ខ្លួន និងបញ្ចេញក្បាច់រាំយ៉ាងជក់ចិត្ត ដោយមានទាំងក្រុមរាំអមផ្ទាល់ខ្លួនទៀតផងដែរ។

រ៉េត ស៊ូហ្សាណា មិនមែនឡើងកញ្ជ្រោកលើឆាកតន្ដ្រីនោះតែម្នាក់ឯងឡើយ គឺនាងបានដឹកដៃបុរសសង្ហាពូកែរថ្នមសំឡេង នី រតនា ចូលរួមកម្មវិធីពិសេសនោះដែរ ហើយស្រីស្រស់ប្រុសសង្ហា១គូនេះ បានធ្វើឲ្យភ្ញៀវជាច្រើនបានរីករាយ តាមរយៈការច្រៀងបទល្បីៗរបស់ពួកគេទៅកាន់អ្នកគាំទ្ររៀងៗខ្លួន។

ក្រៅពីមានតារាយុវវ័យទាំង២ រ៉េត ស៊ូហ្សាណា និងនី រតនា កម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍នេះ ក៏មានពិធីការិនី VJ រស្មី និងលោកជា សុវណ្ណារិទ្ធ ជាអ្នកអត្ថាធិប្បាយផងដែរ។

អ្នកតំណាងក្រុមហ៊ុន CBL ដែលបានរៀបចំកម្មវិធីនេះឡើង បានឲ្យដឹងថា ការជប់លៀងនោះ គឺដើម្បីប្រកាសបើកនូវ Facebook Fan Page (Party and Celebration) របស់ក្រុមហ៊ុន CBL ជារួមនិងកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ឆ្នាំ២០១៧-២០១៨ រាល់ការជាវស្រាបៀរ Heineken , ABC , Tiger, Gold Grown Stout, សម្រាប់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ និងអ្នកណែនាំរោងការ។ កម្មវិធីពិសេសនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL និងអតិថិជនទាំងអស់ដែលជាវស្រាបៀររបស់ក្រុមហ៊ុន CBL ទាំងអស់ សម្រាប់រៀបចំទទួលភ្ញៀវក្នុងកម្មវិធីមង្គលការនៅទូទាំងប្រទេសកម្ពុជា។ អ្នកដែលបានអញ្ជើញចូលរួមកម្មវិធីនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ ដេប៉ូចែកចាយ និងភ្ញៀវកិត្តិយសជាច្រើនទៀត។ ចំពោះម្ចាស់អាពាហ៍ពិពាហ៍ដែលបានជាវស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL និងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសនៅរដូវកាលអាពាហ៍ពិពាហ៍ថ្មីនេះ សម្រាប់អ្នកណែនាំការក៏ទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តដ៍ច្រើនពីក្រុមហ៊ុន CBL ផងដែរ។ បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធនៅភ្នំពេញ ក្រុមហ៊ុន CBL ក៏បានរៀបចំកម្មវិធីនេះនៅខេត្តសំខាន់ផ្សេងៗទៀត មានដូចជា នៅខេត្តព្រះសីហនុ (ថ្ងៃទី២៣ ខែតុលា), ខេត្តកំពង់ចាម (ថ្ងៃទី២៦ ខែតុលា) និងខេត្តសៀមរាប (ថ្ងៃទី២៦ ខែតុលា) ឆ្នាំ២០១៧។

ក្រៅពីរ៉េត ស៊ូហ្សាណា និងនី រតនា ដែលបង្កភាពសប្បាយរីករាយនោះ គេឃើញមានស្រីស្អាតវ័យក្មេងជាង១០រូប ក៏បានលេចមុខក្នុងវេទិកានោះដែរ ដែលធ្វើឲ្យភ្ញៀវដែលចូលរួមកាន់តែចាប់អារម្មណ៍ថែមទៀត។

ក្រុមស្រីស្អាតបង្ហាញម៉ូដដែលបង្ហាញសម្រស់គួរឲ្យគយគន់នោះ មានដូចជា កញ្ញាស្រីតូច, ផួង, ចេគីម, រដ្ឋា , លីន, អានូ, យ៉ាដា, ហ្គិច, ដា, ចិន្ដា ជាដើម ដែលគ្រងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ចាំទទួលរាក់ទាក់ភ្ញៀវដែលចូលរួម ហើយធ្វើឲ្យភ្ញៀវជាច្រើនបានសុំពួកគេថតរូបជាមួយ។

តាមព័ត៌មានថា រ៉េត ស៊ូហ្សាណា និងនី រតនា ដែលច្រៀងមួយកម្មវិធី ពេលនេះតម្លៃខ្លួនតារាទាំង២ គឺមានភាពប្រហាក់ប្រហែលប្រដមប្រសងគ្នា គឺមិនក្រោម១ពាន់ដុល្លារឡើយ ទើបធ្វើឲ្យហ្សាណា អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ និងម្ចាស់ពាន រតនា នោះ អាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លាក្នុង១រដូវក្ដៅ។

រ៉េត ស៊ូហ្សាណា ត្រូវបានហង្សមាស លើកតម្កើងឲ្យធ្វើជាតួឯកក្នុងភាពយន្ដភាគដំបូងរបស់ខ្លួន គឺរឿង ”បិសាចគួរឲ្យស្រលាញ់” ប៉ះជាមួយតួឯកប្រុស លោក Step។ ចំណែលោកនី រតនា ឆក់បានតំណែងជាតួឯកលើកដំបូងរបស់ខ្លួននៅប៉ុស្ដិ៍ហង្សមាស គឺរឿង ”រាជបុត្រកង្កែប” ដែលប៉ះជាមួយតួឯកស្រី វី ឌីណែត ផងដែរ។

មហាជនបាននិយាយថា ទោះជារ៉េត ស៊ូហ្សាណា ធ្លាប់រងការរិះគន់ថា នាងជាតារាវ៉ៃឬកជាងគេ ហើយច្រៀងមិនសូវច្បាស់អក្ខរាវិរុទ្ធមែន តែមិនយូរទេ នាងព្រមទាំងនី រតនា នឹងក្លាយទៅជាតារាចម្រៀងសំខាន់របស់ហង្សមាស នាពេលអនាគត ព្រោះថា ព្រាប សុវត្ថិ, ពេជ្រ សោភា, ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើម មានវ័យកាន់តែច្រើនចង់ជ្រេអស់ទៅហើយ អីចឹងគឺរលកក្រោយនឹងច្រានរលកមុនជាមិនខាន៕

RELATED ARTICLES