Friday, March 29, 2024
Homeព័ត៌មានជាតិលួចឆ្កឹះសោបន្ទប់គេហើយ ឆ្លើយសារភាពយ៉ាងឡូយថែមទៀត

លួចឆ្កឹះសោបន្ទប់គេហើយ ឆ្លើយសារភាពយ៉ាងឡូយថែមទៀត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទោះជាខ្លួនមានរបរការងារធ្វើជាអ្នករត់តុក្នុងក្លឹបពេល យប់ លុយចាយមិនគ្រប់ ពេលថ្ងៃចេញដើរប្រតិបត្តិការឆ្កឹះសោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ះចំថ្ងៃស៊យ ឆ្កឹះបានហើយ ម្ចាស់មកទាន់ស្រែកផ្អើលអ្នកជិតខាងដេញចាប់ខ្លួនបាន ដឹកប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់បន្ទប់ ឈ្មោះ សា សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៤ ជាន់ទី២ កន្លែងកើតហេតុ មានស្រុកកំណើតភូមិព្រែកគ្រោះ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុក្នុងក្លឹបខ្វាន់ ពេលយប់ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា បន្ទប់ជួលខាងលើគាត់ស្នាក់នៅតែ២នាក់ប្តីប្រពន្ធទេ ហើយជនសង្ស័យក៏មិនដែលស្គាល់មុខដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ ពេលចេញមកហូបបាយ ស្រាប់តែឃើញទ្វារបន្ទប់ចំហ មេសោបាក់របូត ហើយជនសង្ស័យនៅក្នុងបន្ទប់ គាត់បានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យរត់ចុះ ត្រូវបានប្រជាពលរដ្ឋជួយដេញចាប់បាន ដឹកយកទៅប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ ។

តាមសម្តីជនសង្ស័យវិញ បានឆ្លើយសារភាពយ៉ាងឡូយថា ខ្លួនចូលមកបន្ទប់គេ អាងតែបន្ទប់អ្នកស្គាល់ ទើបហ៊ានគាស់សោចូលបែបនេះ ។ តែទោះជាយ៉ាងណាក្តី ពុំមានអ្នកណាម្នាក់នៅផ្ទះជួលខាងលើ ស្គាល់ជនសង្ស័យម្នាក់នេះទេ ។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES